លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសម្តែងការខកចិត្តនឹងតុលាការខេត្តកំពង់ស្ពឺដែលឃុំខ្លួនតំណាងប្រជាពលរដ្ឋចំនួនពីររូបនៅក្នុងជម្លោះដីធ្លីមួយ។
នៅក្នុងសារតាមហ្វេសប៊ុកដែលផ្សាយនៅយប់ថ្ងៃចថ័ន្ទនេះលោកនាយករដ្ឋមន្ត្រីបានស្នើសុំឱ្យដោះលែងអ្នកតំណាងនោះឱ្យនៅក្រៅឃុំវិញ។
ប្រតិកម្មរបស់លោកនាយករដ្ឋមន្ត្រីកើតមានឡើងបន្ទាប់ពីប្រជាពលរដ្ឋជិត៥០នាក់មកពីស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានដាក់ញត្តិមកកាន់រដ្ឋសភាកម្ពុជា នៅរសៀលថ្ងៃច័ន្ទនេះ ដើម្បីសុំអន្តរាគមន៍ ឲ្យដោះលែងតំណាងប្រជាជន២រូប គឺលោកស្រីអ៊ីត រំ និង លោកស្រី យូ រ៉នពីការឃុំខ្លួនក្នុងពន្ធនាគារក្នុងខេត្តកំពង់ស្ពឺ ព្រមទាំងស្នើសុំឲ្យមានការដោះស្រាយជម្លោះដីធ្លីនៅក្នុងសហគមន៍របស់ពួកគេផងដែរ។
លោកនាយករដ្ឋមន្ត្រីបានបន្ថែមថាលោកបានបញ្ជារទៅអភិបាលខេត្តឱ្យធ្វើការជាមួយតុលាការទាំងយប់ដើម្បីសុំធានាឱ្យមានការដោះលែងនោះ។
លោកបានបន្ថែមថា៖
«កូនប្រុសខ្ញុំ២នាក់ ហ៊ុន ម៉ានិតនិងហ៊ុន ម៉ានីកំពុងធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺដើម្បីជួយប្រជាពលរដ្ឋក្នុងរឿងនេះ។ សង្ឃឹមថាព្រះរាជអាជ្ញានឹងអនុញ្ញាតឱ្យប្រជាជនទាំងពីរនាក់បាននៅក្រៅឃុំ។
ប្រសិនបើមិនទុកចិត្តសុំអស់លោកឃុំកូនខ្ញុំទាំងពីរនាក់ជំនួសវិញចុះ»។
ប្រជាពលរដ្ឋដែលមកតវ៉ាអះអាងថា ស្ត្រីតំណាងសហគមន៍ទាំង២រូបត្រូវបានអាជ្ញាធរចាប់ឃុំខ្លួន ក្រោយពេលមានការកោះហៅអ្នកតំណាងទាំង២ឲ្យចូលខ្លួនបំភ្លឺករណីជម្លោះដីធ្លីនៅក្នុងសហគមន៍ពួកគេ។
ទំនាស់ដីធ្លីកើតមានចាប់តាំងពីឆ្នាំ២០១១មកនេះ ប្រជាពលរដ្ឋលើកឡើងថាអាជ្ញាធរមូលដ្ឋាន បានរំលោភយកដីរបស់ប្រជាជននៅភូមិថ្មី ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺចំនួនជាង១០០គ្រួសារ៕