ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

VOD ​នឹង​បើក​ដំណើរ​ការ​ផ្សាយ​ព័ត៌មាន​តាម​ប្រព័ន្ធ​សង្គម​ពី​សហរដ្ឋ​អាមេរិក​


រូប​ឯកសារ៖ ការិយាល័យ​វីអូឌី កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបិទ​ការផ្សាយ​ តាម​បញ្ជា​របស់​រដ្ឋាភិបាល។ (ស៊ុន ណារិន/វីអូអេ)
រូប​ឯកសារ៖ ការិយាល័យ​វីអូឌី កាល​ពី​ព្រឹក​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដែល​ជា​ថ្ងៃបិទ​ការផ្សាយ​ តាម​បញ្ជា​របស់​រដ្ឋាភិបាល។ (ស៊ុន ណារិន/វីអូអេ)

សារព័ត៌មាន​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី​ (VOD) នឹង​បើក​ដំណើរ​ការ​ផ្សាយ​ព័ត៌មាន​ឡើង​វិញ​ពី​រដ្ឋ​វ៉ាស៊ីនតោន (Washington State) ​ភាគ​ខាង​លិច​សហរដ្ឋ​អាមេរិក ក្រោម​ការ​គ្រប់​គ្រង​របស់​អតីត​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM)​ លោក ប៉ា ងួនទៀន ដែល​លោក​បាន​គេច​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាង​៥​ឆ្នាំ​មក​ហើយ ដោយសារ​រង​សម្ពាធ​ពី​អាជ្ញាធរ​កម្ពុជា ក្នុង​សំណុំ​រឿង​ប្រមូល​មូលនិធិ​សម្រាប់​បុណ្យ​សព​លោក​បណ្ឌិត កែម ឡី។

សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​លើ​ទំព័រ​ហេ្វស​ប៊ុក​វីអូឌី នាថ្ងៃ​ពុធ​នេះ​បាន​ឱ្យ​ដឹង​ថា​ វីអូឌី​នឹង​បើក​ដំណើរការ​ផ្សាយ​ឡើង​វិញ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក យូធូប​ (YouTube) និង​Tik Tok ចាប់​ពី​ថ្ងៃ​ទី​២ ខែ​តុលា ឆ្នាំ​២០២៣ ចាប់​ពី​ម៉ោង​៥:៣០​នាទី ដល់​ម៉ោង​៦​ល្ងាច​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា ជា​រៀង​រាល់​ថ្ងៃ។

លោក ប៉ា ងួន​ទៀន ស្ថាបនិក និង​ជា​អតីត​នាយក​ប្រតិបត្តិ​នៃ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) ដែល​បាន​គ្រប់​គ្រង​វីអូឌី ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ មូល​ហេតុ​ដែល​លោក​សម្រេច​ដំណើរ​ការ​ព័ត៌មាន​សំឡេង​ប្រជា​ធិបតេយ្យ​វីអូឌី​ឡើង​វិញ ដោយ​សារ​លោក​មើល​ឃើញ​ពី​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពិត និង​ឯករាជ្យ ក្រោយ​សារ​ព័ត៌មាន​មួយ​នេះ​បាន​ដើរ​តួ​នាទី​យ៉ាង​ដល់​ប្រជា​ពលរដ្ឋ​អស់​រយៈ​ពេល​២០​ឆ្នាំ​មក​ហើយ​នោះ។

លោក​បន្ត​ថា​ការ ​បើក​ដំណើរ​ព័ត៌មាន​វីអូឌី​ឡើង​វិញ ក៏​ជា​ចំណែក​ក្នុង​ការ​ចូល​រួម​លើក​ស្ទួយ​សេរី​ភាព​សារព័ត៌មាន ក៏​ដូច​ជា​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ផង​ដែរ។

លោក​ថ្លែង​ថា៖ «ទីបី​ហ្នឹង​គឺ​ផ្តល់​នូវ​ក្តី​សង្ឈឹម​ដល់​អ្នក​ដែល​គាំទ្រ​វីអូឌី និង​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​ចង់​បាន​វីអូឌី​ដំណើរ​ការ​ឡើង​វិញ អ៊ីចឹង​បាន​ជា​ខ្ញុំ​ហ្នឹង​គឺ​ខំ​ឱ្យ​អស់​លទ្ធ​ភាព​ពី​ការ​បំពេញ​បំណង​ប្រជា​ពលរដ្ឋ​ខ្មែរ​នូវ​រឿង​អស់​ទាំង​ហ្នឹង»។

លោក ប៉ា ងួន​ទៀន ក៏​បាន​បញ្ជាក់​ថា​ សហការី​នៅ​ក្រៅ​ប្រទេស​នឹង​ចូលរួម​ផ្សព្វផ្សាយ​ព័ត៌មាន ហើយ​វា​មិន​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​អ្នក​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​ឡើយ។

លោក​ថ្លែង​ថា៖ «ក្រុម​ការងារ​សុទ្ធ​តែ​ក្រុម​នៅ​ក្រៅ​ប្រទេស​ទាំង​អស់​ សូម្បី​ការងារ​នៅ​ក្រៅ​ប្រទេស​ខ្ញុំ​ជា​អ្នក​រៀប​ចំ​មិន​ឱ្យ​មាន​ការ​ទាក់​ទិន​ជាមួយ​អ្នក​នៅ​ខាង​ក្នុង​[កម្ពុជា]​ទេ​ គឺ​អ្នក​បំពេញ​ការងារ​សុទ្ធ​តែ​នៅ​ក្រៅ​ប្រទេស»។

ការ​ប្រកាស​បើក​ផ្សាយ​វីអូឌី​ឡើង​វិញ ក្រោយ​លោក ប៉ា ងួនទៀង បាន​លាលែង​ពី​តំណែង​ជា​នាយក​ប្រតិបត្តិ​អង្គការ​ CCIM នៅ​ចុង​ខែ​សីហា​ថ្មីៗ​នេះ ដែល​បាន​ដំណើរការ​អង្គការ ​CCIMតាំង​ពី​ឆ្នាំ​២០០៧។

ក្រោយ​មាន​ការ​ប្រកាស​បើក​ដំណើរ​ការ​ផ្សាយ​ឡើង​វិញ​របស់​សំឡេង​ប្រជាធិបតេយ្យ​វីអូឌី មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ(CCIM) ក៏​បាន​ចេញ​សេចក្តី​ប្រកាស​មួយ ដោយ​លើក​ឡើង​ថា ​CCIM ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ផ្សាយ​ឡើង​វិញ​របស់​វីអូឌី​នោះ​ទេ

អ្នកស្រី ឆន សុគន្ធា នាយិកា​ប្រតិបត្តិ​ថ្មី​នៃCCIM​ លើក​ឡើង​ថា​ វីអូឌី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពិត និង​ឯករាជ្យ ហើយ​អ្នក​ស្រី​ថា​ ការ​បើក​ដំណើរ​ការ​ឡើង​វិញ​នេះ​គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​ប៉ា ងួនទៀន​ ប៉ុណ្ណោះ ដែល​លោក​បាន​លា​លែង​តំណែង​ជា​នាយក​ប្រតិ្តបតិ្ត​តាំង​ពី​ចុង​ខែ​សីហា ហើយ​មជ្ឈ​មណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មិន​ជាប់​ពាក់​ព័ន្ធ​នឹង​ដំណើរ​ការ​ផ្សាយ​ព័ត៌មាន​ឡើង​វិញ​របស់​វីអូឌី​នោះ​ទេ។

អ្នក​ស្រី​ថ្លែង​ថា៖ «សម្រាប់​ការ​ដំណើរ​ការ​ឡើង​វិញ​នេះ ខ្ញុំ​សូម​បញ្ជាក់​ដែរ​ថា​ សម្រាប់​សកម្មភាព​ការងារ​របស់​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ យើង​អត់​បាន​អនុវត្ត​ផ្ទុយ​ពី​សេចក្តី​ណែនាំ​ ឬ​លិខិត​ពី​ខាង​ក្រសួង​ព័ត៌មាន​ដែល​ដាក់​មក​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ហ្នឹង​តាំង​តែ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ​កន្លង​មក​ហ្នឹង។ គឺ​រាល់​សកម្មភាព​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ព័ត៌មាន​ ជាពិសេស​ការ​ផ្សាយ​របស់​វីអូឌី​ទាំង​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​ហ្នឹង​គឺខាង​យើង​មិន​អនុវត្ត​សកម្ម​ភាព ឬ​ការ​ផ្សាយ​ផ្ទុយ​ពី​សេចក្តី​ប្រកាស​របស់​ខាង​ក្រសួង​ទេ»។

សេរី​ភាព​សារ​ព័ត៌មាន និង​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​ការ​រឹតត្បិត​យ៉ាង​ខ្លាំង ជាពិសេស​សម្រាប់​អ្នក​សារព័ត៌មាន​ដែល​ហ៊ាន​រាយការណ៍​រឿង​រសើប​នៅ​ក្នុង​សង្គម។ នេះ​បើ​តាមអ្នកស្រី ឆន សុគន្ធា។

អ្នកស្រី​ថ្លែង​ថា៖ «ហើយ​យើង​ឃើញ​ថា​សេរីភាព​សារព័ត៌មាន​ដូច​ជា​ខាង​ក្រសួង​គាត់​បាន​ដក​អាជ្ញាបណ្ណ​ ក៏​មាន​ការ​គំរាម​កំហែង​ដល់​អ្នក​សារ​ព័ត៌មាន​ជា​បន្ត​បន្ទាប់។ អ៊ីចឹង​យើង​ឃើញ​ថា​សេរី​ភាព​សារ​ព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ជាពិសេស​អ្នក​សារព័ត៌មាន​ដែល​គាត់​ហ៊ាន​នៅ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ពិត​ជូន​ដល់​មហា​ជន​គឺ​តែង​តែ​ទទួល​រង​គំរាម ឬ​ក៏​ការ​បៀត​បៀន​ផ្សេងៗ​ដល់​អ្នក​សារ​ព័ត៌មាន»។

យ៉ាងណាមិញ​ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​ លោក​ ទេព អស្នារិទ្ធ ​សុំមិន​ធ្វើការ អត្ថាធិប្បាយ​ចំពោះការ​បើក​ដំណើរការ​ផ្សាយ​ឡើងវិញ​របស់​វីអូឌី។

លោក​ថ្លែងថា៖ ​«សូម​ជំរាប​ជូន​ថា ​ក្រសួង​ព័ត៌មាន​មិន​មាន​ការ​អត្ថាធិប្បាយ​អ្វី​ផ្សេង​ទៅ លើ​ប្រធាន​មួយនេះ​ ក្រៅតែ​ពីការ​សម្រេច​កន្លង​ទៅ​ទាក់ទង​នឹង​វិទ្យុ​វីអូឌី​ហ្នឹងទេ​បាទ»។

កាល​ពី​ខែ​កុម្ភៈ ក្រសួង​ព័ត៌មាន​បាន​លុប​ចោល​អាជ្ញា​បណ្ណ​របស់​វីអូឌី ​តាម​បញ្ជា​របស់​អតីត​នាយករដ្ឋមន្រ្តី​លោក ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​ការ​ផ្សាយ​អត្ថបទ​ថា​ លោក ​ហ៊ុន ម៉ាណែត ចុះ​ហត្ថលេខា​ជំនួស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​ ក្នុង​ការ​ផ្តល់​ជំនួយ​ ១០០.០០០​ ដុល្លារ​ដល់​ប្រទេស​តួកគី ​សម្រាប់​គ្រោះ​រញ្ជួយ​ដី។ ក្រសួង​ព័ត៌មាន​បាន​បញ្ជាក់​ថា វីអូឌី​«រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​វិជ្ជាជីវៈ​សារ​ព័ត៌មាន ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​កិត្យានុភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ​ហើយ​មិន​ព្រម​ធ្វើ​ការ​កែ​សម្រួល​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ស្តីពី​របប​សារ​ព័ត៌មាន»។

គួរ​បញ្ជាក់​ថា​ នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ខែ​កក្កដា រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​អ្នក​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត​ក្នុង​ប្រទេស​កម្ពុជា​រាំង​ខ្ទប់​គេហទំព័រ​សារព័ត៌មាន​មួយ​ចំនួន ក្នុង​នោះ​មាន​សារព័ត៌មាន​អាស៊ីសេរី The Cambodia Daily និង​គេហទំព័រ​កំណត់ត្រា ដែល​ជា​បណ្តុំ​ព័ត៌មាន​របស់​សារព័ត៌មាន​វីអូឌី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ដំណើរការ។ គេហទំព័រ​ឈ្មោះ​«កំណត់ត្រា» kamnotra.io គឺ​ជា​ការ​ប្រមូល​ផ្តុំ​នូវ​ទិន្ន​ន័យ​ព័ត៌​មាន​ដែល​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​រួច​ហើយ។ វា​ត្រូវ​បាន​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯក​រាជ្យ​ (CCIM) ដែល​គ្រប់​គ្រង​វីអូឌី ដាក់​ឱ្យ​ដំណើរការ​កាល​ពី​ខែ​មិថុនា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG