ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រតិកម្ម​ខ្លាំងនឹង​ស្ថានទូត​អាមេរិក​ថាជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​រឿង​ឃុំខ្លួន​លោក​ កឹម សុខា


អ្នកគាំទ្រ កាន់ផ្ទាំងរូបភាពប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយ គឺលោក កឹម សុខា នៅឯកន្លែងបិទផ្លូវមួយនៅជិតសាលាឧទ្ធរណ៍នៅរាជធានីភ្នំពេញប្រទេសកម្ពុជាកាលពីថ្ងៃអង្គារ។ ថ្ងៃទី 27 ខែមីនាឆ្នាំ 2018 ។ តុលាការនឹងស្តាប់សំណើសុំធានាឱ្យនៅក្រៅឃុំសម្រាប់ លោក កឹម សុខា

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​​ប្រតិកម្ម​ខ្លាំង​ថា ការបង្ហោះតាម​ហ្វេសប៊ុក​របស់​​ស្ថានទូត​អាមេរិក​អំពី​រឿង​ឃុំខ្លួន​លោក​ កឹម សុខា​គឺជា​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។​

ក្រោយ​១ថ្ងៃ​ដែល​ស្ថានទូត​ស.រ.អា​ ចាត់​ទុកថា​ ​ការ​ឃុំខ្លួន​លោក ​កឹម សុខា​មេដឹកនាំ ក្រុម​ជំទាស់​ជារឿង​អយុត្តិធម៌ ​ហើយថា​ លោក​ជា​មនុស្ស​ស្អាតស្អំ​ផង​នោះ​ ​រដ្ឋាភិបាល កម្ពុជា​បាន​ប្រតិកម្ម​តប​នៅថ្ងៃ​នេះ​ថា​ សារ​របស់​ស្ថាន​ទូត​ស.រ.អា.​ជាការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ និង​ផ្ទុយ​ពីច្បាប់​ការទូត។​

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ នៅ​ថ្ងៃ​នេះ ​បាន​បញ្ជាក់ពី​ការ​ភ្ញាក់ផ្អើល​ ដោយ​និយាយ​ថា ​ទង្វើស្ថាន​ទូត​ស.រ.អា.​ជា​ការ​មិន​គោរព​អធិបតេយ្យ​ភាព​កម្ពុជា​និង​គ្មាន​លក្ខណៈការទូត។ ​សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បញ្ជាក់​តាម​ខ្លឹម​សារ​ដើម​ថា៖​

«ទង្វើក្នុង​ទិសដៅ​លម្អៀង​បែប​នេះ​របស់​ស្ថានទូត​ស.រ.អា.គឺ​ផ្ទុយ​នឹង​កិច្ច​ខិតខំ​ប្រឹង​ប្រែងបច្ចុប្បន្ន​របស់​ប្រទេស​ទាំង​ពីរ​ ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​ទ្វេភាគី​ដែល​បម្រើ​ដល់​ប្រយោជន៍​រួមរបស់​ប្រទេស​និង​ប្រជាជន​ទាំងពីរ‍»។​

សារ​តាម​ប្រព័ន្ធ​សង្គម ​Facebook ​របស់​ស្ថានទូត​ស.រ.អា.​ កាលពី​ថ្ងៃសុក្រ​ បាន​ចាប់​ផ្តើម​ពី​សំណួរ​ថា ​«តើអ្នក​មាន​ដឹង​ទេថា ​លោក​ កឹម សុខា ​បាន​ជាប់​ក្នុង​ការ​ឃុំឃាំង​ជិត​១៨​ខែ​មក​ហើយ? ​វាមាន​រយៈពេល៥៣០​ថ្ងៃនៃ​ការ​ជាប់ឃុំ‍»។​

សារ​ដដែល​បាន​សង្កត់​ធ្ងន់​ថា៖​ «(លោក​ កឹម សុខា) ​គាត់ជា​មនុស្ស​ស្អាតស្អំ​ ដែល​ត្រូវ​បាន​ឃុំខ្លួន​ដោយ​អយុត្តិធម៌ ​ក្រោម​ការ​ចោទ​ប្រកាន់​មិនពិត។​ មិន​មាន​ភស្តុតាង​ណា​មួយ​ប្រឆាំង​នឹង​គាត់​ឡើយ​ ហើយ​ក៏​មិនទាន់​មាន​ការ​កំណត់​បើក​សវនាការ​កាត់​ទោស​គាត់​ដែរ។​ គ្មាន​ភស្តុតាង​ គ្មាន​សវនាការ​កាត់ទោស​ គ្មាន​យុត្តិធម៌។ ​តើអ្នក​កំពុង​មើល​ឃើញ​រូបភាព​រួម​ទេ‍?»​

សេចក្តី​ថ្លែង​ការណ៍​របស់​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជាបានលើក​យក​អនុ​សញ្ញា​ទីក្រុង​វីយេនឆ្នាំ​១៩៦១ស្តីពី​ទំនាក់​ទំនង​ការទូតមក​ក្រើន​រំឭក​ស្ថាន​ទូត ​ស.រ.អា.​ ហើយ​បាន​ទាមទារ​ឲ្យ​ស្ថានទូត​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ដែល​មាន​ហេតុផល​នយោបាយ​ និង​គ្មាន​ការ​ទូតនេះ​ និង​បាន​ប្តេជ្ញា​លើក​កម្ពស់​នីតិរដ្ឋ​ ថែរក្សា​សន្តិភាព ​ស្ថិរភាព​ សណ្តាប់​ធ្នាប់​ ដែល​ប្រជាជន​កម្ពុជា​កំពុង​ទទួល​បាន​នា​ពេល​នេះ។​

លោក​ កឹម សុខា​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​រំលាយ​ ត្រូវសមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​យប់​កណ្តាល​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៣ខែ​កញ្ញា​ឆ្នាំ​២០១៧​ ​ដោយ​ចោទ​លោក​ថា​ បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន។​ ​លោក​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ​ខេត្ត​ត្បូងឃ្មុំ ​ក្រោម​ការ​ចោទ​ប្រកាន់​ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស​ តាម​មាត្រា​៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ។​ ហើយ​ក្រោយ​មក​ត្រូវ​បាន​ដោះលែង​ឲ្យ​ស្ថិត​នៅក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​វិញ​ ដោយសារ​អ្វីមួយ​ដែល​ក្រុម​មន្ត្រី​ថា ​ក្រោម​ហេតុ​ផល​សុខភាព។

ទាំង​លោក​ កឹម សុខា​ ​ទាំង​គណបក្ស​សង្គ្រោះ​ជាតិ ​និង​ទាំង​សហ​រដ្ឋ​អាមេរិក ​សុទ្ធ​តែ​បាន​បដិសេធ​បទ​ចោទ​ទាំង​នោះ​ថា ​ ​ជា​រឿង​មិន​ពិត។​ ​ជាមួយ​នឹង​ការ​គំរាម​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច ​និង​ទណ្ឌកម្ម​បុគ្គល​ផង​ បណ្ដា​រដ្ឋាភិបាល​លោក​ខាង​លិច​ក៏​បាន​ថ្កោល​ទោស​សកម្មភាព​បង្ក្រាប​នេះ​ផង​ដែរ​ ដោយ​ពួក​គេ​ និង​អ្នក​ឃ្លាំ​មើល​ផ្សេង​ទៀតចាត់​ទុក​ថា​ ​វាជា​វិធី​ផាត់​ចេញ​នូវ​គូ​ប្រជែង​ផ្នែក​នយោបាយ​នៅ​មុន​ការ​បោះ​ឆ្នោត​ឈាន​ចូល​មក​ដល់​ ហើយ​កំពុង​ទាមទារ​ឲ្យមាន​ការ​ស្តារ​សិទ្ធិ​មនុស្ស​ប្រជា​ធិបតេយ្យ​ឡើងវិញ​ តែរដ្ឋាភិបាល​កម្ពុជាបាន​អះអាង​ថា​ នឹង​មិន​ឱន​ក្បាល​ជា​មួយ​បរទេស​ និង​មិន​យក​អធិប​តេយ្យភាព​ដូរ​នឹង​ជំនួយ​នោះ​ឡើយ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG