ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​កឹម សុខា ​អំពាវនាវ​ឱ្យ​មាន​ស្ថានការណ៍​នយោបាយ​ប្រសើរ​ឡើង​ក្នុង​ឆ្នាំ​ថ្មី


រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មាន Reuters នៅខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។
រូបឯកសារ៖ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មាន Reuters នៅខេត្តព្រៃវែង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។

ក្រោយ​ការ​ចាប់ខ្លួន​លោក​ ​កឹម សុខា​ ​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ ​និង​ដោះលែង​ពី​ពន្ធនាគារ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ផ្ទះ​វិញ​ ត្រូវ​បាន​អង្គការ​អន្តរជាតិ​ផ្នែកការ​ពារ​សិទ្ធិមនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជាច្រើន​បន្ត​រិះគន់​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន។

លោក​ ​កឹម សុខា​ ​មេ​ដឹកនាំ​គណ​បក្ស​ប្រឆាំង​ដែល​កំពុង​ស្ថិត​ក្រោម​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​ ​បានផ្ញើ​សារ​ជូន​ពរ​ឆ្នាំ​ថ្មី​ ដោយ​អំពាវ​នាវ​ឲ្យ​មេដឹកនាំ​គ្រប់​និន្នាការ​ បញ្ឈប់​ការ​ធ្វើ​នយោបាយ​បែប​អគុណធម៌​ ​និង​ជូនពរ​ឲ្យ​កម្ពុជា​លែង​មាន​ការ​គាប​សង្កត់​ជិះជាន់​ ​និង​គំរាម​កំហែង។​

នៅ​ថ្ងៃ​ទី​៣១​ ​ខែធ្នូ​ ​ឆ្នាំ​២០១៨​ ​នេះ​ ​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​រំលាយ បាន​បង្ហោះ​សារ​ជូនពរឆ្នាំ​សកល​មួយលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​ខណៈ​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ផ្ទះ​ថា ​លោក​ជូនពរ​ជាពិសេស​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ប្រជាពលរដ្ឋ​ខ្មែរ​ ​ឲ្យ​ទទួល​បាន​សុខ​សន្តិភាព​ ​និង​វឌ្ឍនភាព​ ​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ ​ដោយ​ចាប់ផ្តើម​ពី​ការ​ផ្សះផ្សា​ជាតិ​ពិត​ប្រាកដ​ ​មិន​យក​ខ្មែរ​ណា​ជា​សត្រូវ។​

លោក​បញ្ជាក់តាម​ន័យ​ដើម​ថា៖​

«សូម​ឲ្យ​ឆ្នាំ​ថ្មី​នេះ​ ​នឹង​បើក​នូវ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មីមួយ​ដែល​លុប​បំបាត់​ឲ្យ​អស់​នូវ​ជំងឺ​ពីរ​យ៉ាង​ដែល​កំពុង​រាតត្បាត​ក្នុង​សង្គម​ខ្មែរ៖​ ទី១​គឺ​ការ​គាប​សង្កត់​ជិះជាន់ គំរាម​កំហែង ជាពិសេស​ដោយ​អំពើ​ហិង្សា​ ​និង​ទី២​គឺ​ការស្អប់​ឈ្នានីស​ ​ជាពិសេស​តាម​រូប​ភាព​លាប​ពណ៌​ ​ជេរ​ប្រមាថ​ ​និង​បង្ខូច​កេរ្តិ៍​ឈ្មោះ។ សូម​ឲ្យ​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​នេះ​ចាប់ផ្តើម​ពី​មេដឹក​នាំ​គ្រប់​និន្នាការ ដើម្បី​ជា​គំរូ ដោយ​បញ្ឈប់​ការ​ធ្វើ​នយោបាយ​តាម​បែប​អគុណធម៌ មិន​ថា​តាម​រយៈ​ការ​គំរាម​កំហែង ឬ​ការ​មួល​បង្កាច់ ហើយ​វិល​ទៅ​រក​ទសពិធ​រាជធម៌​វិញ ដើម្បី​ត្រួសត្រាយ​ផ្លូវ​ជូន​ប្រជា​ពលរដ្ឋ ជាពិសេស​កូនខ្មែរ​ជំនាន់​ក្រោយ»។​

លោក​ ​កឹម សុខា​ ​ក៏​បាន​ជូនពរ​បន្ថែម​ថា សូម​ឲ្យ​ឆ្នាំ​ថ្មី​២០១៩​នេះ នាំ​មក​នូវ​សុភមង្គល​ ​ភាព​រុងរឿង យុត្តិធម៌ ភាព​ស្ងប់សុខ និង​សេរីភាព​ពេញលេញ​បរិបូរណ៍​ដល់​ខ្មែរ​គ្រប់រូប។

លោក សួស យ៉ារ៉ា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុងដឹកនាំ​ប្រទេស​ បាន​ប្រាប់​ VOA នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា សារ​របស់​លោក កឹម សុខា គឺជា​ការ​បញ្ចេញ​មតិ​របស់​បុគ្គល​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ការងាររបស់​រដ្ឋាភិបាល​កម្ពុជា​នោះទេ។

លោក​បញ្ជាក់​ថា៖

«យើង​អត់មានអីទេ ព្រោះ​ជានិច្ចកាល​ ទាមទារ​របស់​បុគ្គល ជា​សេរី​ភាពបុគ្គល​ក្នុង​ការបញ្ចេញ​មតិ ជា​សារ​របស់​គាត់​ទូទៅ​ទេ។ អញ្ចឹង​វា​មិន​ពាក់ព័ន្ធ​ដល់​ការ​អនុវត្ត​ច្បាប់​ទេ ព្រោះ​ការ​អនុវត្ត​ច្បាប់​គឺខាង​ស្ថាប័ន​តុលាការ ស្ថាប័ន​របស់​រដ្ឋ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ហើយ។ អញ្ចឹង​យើង​កុំ​យក​រឿង​ហ្នឹង​មក​នយោបាយ​ច្រើន​ពេក»។

លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​ដែល​ជាគ​ណបក្ស​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាលពី​ខែវិច្ឆិកា​ ​ឆ្នាំ២០១៧​ ​ទៅ​តាម​បណ្តឹ​ងរ​បស់​ក្រសួង​មហាផ្ទៃ​ ​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ ​និង​ឃុំខ្លួន​ពី​បទ​សន្ទិដ្ឋិ​ភាពជា​មួយ​បរទេស​ ​ដែល​ស្មើនឹង​បទ​ក្បត់ជាតិ។​ ​ក្រោយ​ត្រូវ​បាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​តាំងពី​ដើមខែ​កញ្ញា​ ​ឆ្នាំ២០១៧​ ​អស់​រយៈពេល​ជាង​១ឆ្នាំ ​ដោយ​មិន​មាន​ការ​កាត់ទោស​ ​លោក​ត្រូវ​បាន​តុលាការ​បញ្ជូន​ទៅ​ផ្ទះ​វិញ​ ​ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​ចាប់​តាំង​ពី​ថ្ងៃ​ទី១០ ​ខែ​កញ្ញា​ ​ឆ្នាំ​២០១៨ មក។​

សារ​ជូនពរ​របស់​លោក​ ​កឹម សុខា​ ​ចេញ​ក្រោយ​បន្តិច​នៃ​សារ​ជូនពរឆ្នាំ​សកល និង​សារ​អបអររបស់​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ក្នុង​ការ​ប្រារព្ធ​ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​ ​«នយោបាយ ឈ្នះ ឈ្នះ»​ ​ដើម្បី​អបអរខួប​២០​ឆ្នាំ​ ​ដែល​លោក​ ​ហ៊ុន សែន​ ​ហៅ​ថា ជា​ខួប​នៃ​ការ​បញ្ចប់​ភ្លើង​សង្គ្រាម​នៅ​កម្ពុជា។​

សារ​ដែល​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បង្ហោះ​លើទំព័រ​ហ្វសប៊ុក​របស់​លោក​នា​ព្រឹក​ថ្ងៃ​ច័ន្ទនេះ បញ្ជាក់​តាម​ន័យ​ដើម​ថា៖​

«ខ្ញុំ​និង​ភរិយា​ ​សូម​ប្រគេន​ពរ ព្រះតេជ​គុណ​គ្រប់​ព្រះអង្គ​ ​និង​ជូនពរ​បងប្អូន​ជន​រួម​ជាតិ​ទាំង​ក្នុង​ ​និង​ក្រៅ​ប្រទេស​ ​ព្រមទាំង​កងទ័ព​ជាតិ​ដែល​កំពុង​ឈរ​ជើង​ការពារ​ទឹកដី​នៅ​តាម​ព្រំដែន​ ​ជួប​តែ​សេចក្តី​សុខ​ ​សេចក្តី​ចម្រើន​ ​មាន​សុខភាព​ល្អ​ ​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​ ​និង​មុខ​របរ​ ​និង​មាន​លាភ​សំណាង​គ្រប់ៗ​គ្នា​នៅ​ក្នុង​ឆ្នាំ​ថ្មី​២០១៩​ ​ដែល​នឹង​ចូល​មក​ដល់​នៅ​ពាក់​កណ្តាល​អាធ្រាត្រ​យប់​នេះ»។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ប្រកាស​ថា លោក​នឹង​ទៅ​ចូលរួមរាំ​ដើម្បី​ឆ្លង​ឆ្នាំ​ នៅ​វិមាន​ឈ្នះ ឈ្នះ នា​យប់​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ​ផង​ដែរ។

ក្រោយ​ការ​ចាប់ខ្លួន​លោក​ ​កឹម សុខា​ ​យក​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ ​និង​ដោះលែង​ពី​ពន្ធនាគារ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ផ្ទះ​វិញ​ ត្រូវ​បាន​អង្គការ​អន្តរជាតិ​ផ្នែកការ​ពារ​សិទ្ធិមនុស្ស​ ​និង​សហគមន៍​អន្តរជាតិ​ជាច្រើន​បន្ត​រិះគន់​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​និង​ទាមទារ​ឲ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​លើ​លោក​ ​កឹម សុខា​ ​ដោយ​ឥត​លក្ខខណ្ឌ។​

យ៉ាងណា​ក្តី​ ​ក្រុម​មន្រ្តី​ជាន់ខ្ពស់​រដ្ឋា​ភិបាល​បាន​ចេញ​មុខ​ការពារ​ចំណាត់​ការ​ឃុំខ្លួន​លោក​ ​កឹម សុខា​ ​ថា​ធ្វើឡើង​ទៅ​តាមច្បាប់ ​ស្រប​តាមប្រទេស​នីតិ​រដ្ឋ​ប៉ុណ្ណោះ៕

XS
SM
MD
LG