ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បំណុល​បរទេស​របស់​កម្ពុជា​កើន​ដល់​ជិត​៩​ពាន់​លាន​ដុល្លារ ត្រឹម​ឆ្នាំ​២០២០


រូបឯកសារ៖ សំណង់អគារពាណិជ្ជកម្មខ្ពស់ៗនៅពីក្រោយវិទ្យាពុទ្ធិកបណ្ឌិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ សំណង់អគារពាណិជ្ជកម្មខ្ពស់ៗនៅពីក្រោយវិទ្យាពុទ្ធិកបណ្ឌិតនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។

បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ដែល​រដ្ឋាភិបាល​កម្ពុជា​ជំពាក់​ដៃគូ​បរទេស បាន​កើន​ឡើង​យ៉ាង​គំហុក​ដល់​ជិត​ ៩ ​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ដំណាច់​ឆ្នាំ​ ២០២០។​

ឯកសារ​សង្ខេប​ជា​ស្ថិតិ​ដែល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចែកចាយ​កាល​ពី​ថ្ងៃ​ពុធ បង្ហាញ​ថា «សន្និធិ​បំណុល​សាធារណៈ​ក្រៅ​ប្រទេស»​ ដែល​រដ្ឋ​នៅ​ជំពាក់​ដៃគូ​បរទេស​ បាន​ឡើង​ដល់​កម្រិត ៨.៨៥៩ ​លាន​ដុល្លារ​អាមេរិក មក​ទល់​នឹង​ដំណាច់​ខែ​ធ្នូ។

តួ​លេខ​នេះ​បង្ហាញ​ពី​ការ​កើនឡើង​ក្នុង​អត្រា​ពីរ​ខ្ទង់​គឺ​ ១៦,៦៣ ភាគរយក្នុង​អំឡុង​ឆ្នាំ​មាន​វិបត្តិ​កូវីដ​១៩ ​ធៀបទៅ​នឹង​តួលេខ​ត្រឹម​ដំណាច់​ឆ្នាំ​ ២០១៩ ដែល​ស្ថិត​ក្នុង​កម្រិត​ ៧.៥៩៦​ លាន​ដុល្លារ​អាមេរិក។

ក្នុង​វេទិកា​សាធារណៈ​កាល​ពី​ពាក់​កណ្ដាល​សប្ដាហ៍​នេះ លោក​រដ្ឋ​លេខាធិការ វង្សី វិស្សុត នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ថា កម្រិត​បំណុល​របស់​រដ្ឋ​នៅ​មាន​អត្រា «ទាប» នៅ​ឡើយ។

«ហើយ​បំណុល​របស់​យើង​មក​ដល់​ថ្ងៃ​នេះ មា ន​Space (លម្ហ) មួយ​ទៀត ដែល​បំណុល​យើង​នៅ​ទាប​មែន យើង​នៅ​សល់​ច្រើន​ណាស់ ថ្វី​ដ្បិត​មាន​វិបត្តិ​[ឆ្នាំ]​ ២០២០ GDP TO RATIO (អនុបាត​បំណុលធៀប​នឹង​ទំហំ​សេដ្ឋកិច្ច)​ យើង​ទើប​តែ​ ៣២%​ ទេ។ នេះ​កំណើន​ធ្លាក់​ផង នៅ​ប៉ុណ្ណឹង​ផង»។

ការ​ធ្វើ​ការ​គណនា​បង្ហាញ​ថា បំណុល​បរទេស​របស់​កម្ពុជា បាន​កើន​ក្នុង​កម្រិត ១.២៦៣ លាន​ដុល្លារ​ពេញ​មួយ​ឆ្នាំ​ ២០២០ ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​ចុះ​ក្នុង​អត្រា -៣.១% ដោយ​សារ​វិបត្តិ​កូវីដ១៩។

លោក មាស សុខសេនសាន អគ្គ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និយាយ​ថា កំណើន​បំណុល​យ៉ាង​គំហុក​នៅ​ឆ្នាំ​នេះ មិនមែន​ជា​ការ​ខ្ចី​មក​បើក​ប្រាក់​បៀវត្សរ៍​ទេ។

លោក​ប្រាប់​VOA​ថា៖ «ដែល​ខ្ចី​មក​នេះ មិនមែន​យើង​ខ្ចី​យក​មក​ទប់ទល់​នឹង Current Budget ​(ថវិកា​ចរន្ត)​ ទេ គឺ​ខ្ចី​ទៅ​លើ​ការ​វិនិយោគ (Investment) ហើយ​និង​កញ្ចប់​ថវិកា​សង្គ្រោះ​ (Stimulus Package)»។

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ហិរញ្ញវត្ថុ​រូប​នេះ​បន្ត​ថា ការ​ខ្ចី​ប្រាក់​បន្ថែម​នេះ​ដើម្បី​បង្គ្រប់ និងធានា​ថា​ នៅ​ពេល​រដ្ឋ​ព្យាយាម​បញ្ចូល​សាច់ប្រាក់​ជួយ​ដល់​អាជីវកម្ម​ តាម​រយៈ​ការ​បង្កើត​ធនាគារ​រដ្ឋ​មួយ​កាល​ពី​ឆ្នាំ​មុន និង​បង្កើត​កញ្ចប់​ថវិកា​សង្គ្រោះ​ នោះគម្រោង​វិនិយោគ​ហេដ្ឋា​រចនាសម្ព័ន្ធ​នានា​នឹង​មិន​រង​ផល​ប៉ះ​ពាល់​ឡើយ។​

ក្នុង​ចំណោម​បណ្ដា​ប្រទេស​ដែល​កម្ពុជា​ជំពាក់​ចិន​ជា​ម្ចាស់​កម្ចី​ធំ​ជាង​គេ​ដែល​កាន់​កាប់​អត្រា​ ៤៥% ស្មើ​នឹង​ជិត ​៤ ​ពាន់​លាន​ដុល្លារ ខណៈ​ ៣១%​ ទៀត​ជំពាក់​ស្ថាប័ន​ហិរញ្ញវត្ថុ​ពហុភាគី​នានា​ ដូច​ជា​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ជា​ដើម។

កាលពី​ខែ​កក្កដា ឆ្នាំ ២០១៩ ការស្រាវជ្រាវ​មួយ​ធ្វើ​ដោយ​វិទ្យាស្ថាន Kiel Institute មាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់ បង្ហាញ​ថា​ កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​អត្រា​ជំពាក់​បំណុល​ប្រទេស​ចិន​ច្រើន​បំផុត​លំដាប់​ទី​ ៦ ក្នុង​ចំណោម​ ៥០​ ប្រទេស​ ដែល​លើក​យក​មក​សិក្សា​ទូទាំង​ពិភពលោក។

របាយការណ៍​ដដែល​បាន​បង្ហាញ​កង្វល់​អំពី​កំណើន​យ៉ាងលឿន​នៃ​អត្រា​បំណុល​ដែល​ប្រទេស​ទាំង​នោះ​ជំពាក់​ចិន ក្នុង​រយៈ​កាល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ថា​ទាំង​មាន​ហានិភ័យ ការ​ប្រាក់​ខ្ពស់ និង​កង្វះ​តម្លាភាព។

ស្ថិតិ​ផ្លូវការ​របស់​ក្រសួង​ហិរញ្ញវត្ថុ​បង្ហាញ​ថា បំណុល​ដែល​រដ្ឋ​ជំពាក់​បរទេស​បាន​កើន​ឡើង​ពី​រង្វង់​ ៥ ​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​ ២០១៥ មក​ដល់​ ៨,៨​ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០។ ​ក្នុង​ឆ្នាំ​ ២០២១​ នេះ បើ​តាម​គម្រោងរបស់​រដ្ឋាភិបាល បំណុល​នឹង​នេះ​កើន​ដល់​រង្វង់ ​១០ ​ពាន់​លាន​ដុល្លារ៕

XS
SM
MD
LG