ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភព​លោក៖ កំណើន​សេដ្ឋ​កិច្ច​កម្ពុជា​នឹង​កើន​ជិត​៤​ភាគរយ​នៅ​ឆ្នាំ​២០២១


រូបឯកសារ៖ អគារ​ខ្ពស់ៗ​​ ​មើល​ពី​ត្រើយ​ខាង​កើត​នៃ​ទន្លេ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។ (ទុំ ម្លិះ/វីអូអេ)​
រូបឯកសារ៖ អគារ​ខ្ពស់ៗ​​ ​មើល​ពី​ត្រើយ​ខាង​កើត​នៃ​ទន្លេ​ចតុមុខ​ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​ កាលពី​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ២០១៩។ (ទុំ ម្លិះ/វីអូអេ)​

ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​ (WB)​ បង្ហាញ​ថា​ ក្រោយ​ការ​វាយ​ប្រហារ​ដោយ​ជំងឺ​កូវីដ​១៩ ​ស្រាក​ស្រាន្ត​បន្តិច សេដ្ឋកិច្ច​កម្ពុជា​នឹ​ង​រើប​ឡើង​វិញ​ក្នុង​ឆ្នាំ​២០​២១​ ដោយ​កំណើន​ត្រូវ​បាន​រំពឹង​ថា​នឹង​កើ​ន​ជិត​៤​% ​នៅ​ឆ្នាំ​ក្រោយ។

របាយការណ៍​របស់ធនាគារ​ពិភព​លោក ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ឲ្យ​ដឹង​ថា​ក្នុង​ឆ្នាំ​២០២០ ​ដែល​ហ៊ុម​ព័ទ្ធ​ដោយ​ជំងឺ​កូវីដ​១៩ សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា​នឹង​រួម​ទំហំ​ប្រមាណ​ដក​២% ប៉ុន្តែ​កំណើន​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​ងើប​ឡើង​វិញ ដោយ​សាររំហូរ​នៃ​ការ​វិនិ​យោគ​ផ្ទាល់​ពី​បរទេស​ទៅ​ក្នុង​គម្រោង​ក្រៅ​ឧស្សា​ហកម្ម​កាត់​ដេរ និង​ទៅ​ក្នុង​វិស័យ​កសិកម្ម​នៅ​បន្ត​កើន​ឡើង។

ស្ថាប័ន​អន្តរ​ជាតិ​មួយ​នេះ​ឲ្យ​ដឹង​ទៀត​ថា កំណើន​នេះ​ទំនង​បណ្តាល​មក​ពី​ភាព​ទាក់​ទាញ​របស់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​កំពុង​ធ្វើ​ជា​មួយ​ប្រទេស​នានា​ក្នុង​តំបន់។ ធនាគារ​ពិភព​លោក​បញ្ជាក់​ថា​ទោះ​បី​ជា​ការ​នាំ​ចេញ​សរុប​នៃ​ផលិតផល​កម្មន្ត​សាល​ បាន​រង​ការ​ប៉ះទង្គិច​ពី​ការ​រាត​ត្បាត​ជំងឺ​នេះ​ក៏ដោយ​ ក៏​កំណើន​នៅ​តែ​បន្ត​មាន​ក្នុង​ការ​នាំ​ចេញ​ផលិតផល​រោងចក្រ​ដទៃ​ទៀត​ ដែល​រួម​មាន​កង់ គ្រឿង​បង្គុំ​អគ្គិសនី និង​គ្រឿង​បន្លាស់​រថយន្ត​ និង​គ្រឿង​ផ្សំ​ជា​ច្រើន​ទៀត​ ហើយ​ការ​នាំ​ចេញ​អង្ករ​ និង​ផលិតផល​កសិកម្ម​ផ្សេង​ទៀត នៅ​មាន​សន្ទុះ​ខ្លាំង​ក្លា។

ដំណាល​គ្នា​នេះ ទេស​ចរណ៍​ក្នុង​ស្រុក​បាន​ជួយ​មួយ​ផ្នែក​ក្នុង​ការ​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ទេសចរណ៍​ និង​ការ​ធ្វើ​ដំណើរ​កម្រើក​ឡើង​វិញ។ បន្ថែម​លើនោះ​ ជាមួយ​វិធានការ​មិន​តឹងរ៉ឹង​លើ​ការ​រក្សា​គម្លាត​ឆ្ងាយ​ពី​គ្នា សកម្មភាព​សេដ្ឋកិច្ច​ក្នុង​សហគមន៍​បាន​រើប​ឡើង​វិញ​ជា​បណ្តើរ​ៗ​មក​រក​ភាព​ប្រក្រតី។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក។​

ក្នុង​សេចក្តី​ប្រកាស​ដាច់​ដោយ​ឡែក​មួយ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពី​ពុធ​ ​លោកស្រី អ៊ីងហ្គូណា ដូប្រាចា (Inguna Dobraja) នាយិកា​គ្រប់​គ្រង​ប្រចាំ​ប្រទេស​របស់​ធនាគារ​ពិភព​លោក​ លើក​ឡើង​ថា៖ «ចក្ខុ​វិស័យ​កំណើន​របស់​កម្ពុជា​នៅ​ប្រឈម​នឹង​ភាព​មិន​ប្រាកដ​ប្រជា​ច្រើន​ណាស់។ គោល​ដៅ​ដ៏​សំខាន់​បំផុត​នៃ​គោល​នយោបាយ​នា​ពេល​នេះ ​គឺ​ជា​បន្ទាន់ ​ត្រូវ​ធ្វើ​យ៉ាង​ណា​ស្តាឡើង​វិ​ញ​នូវ​ការ​ងារ​ដែល​បាត់​បង់​ ឬ​ដែល​ត្រូវ​ព្យួរ​ ដោយ​សារ​តែការ​រាល​ដាល​ជំងឺ​នេះ»។

លោក​ស្រី​បន្ថែម​ថា៖ «ឆ្ពោះ​ទៅ​ពេល​ខាង​មុខ​ ជា​ការ​ចាំបាច់​ដែល​ត្រូវ​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ក្នុង​ស្រុក ​និង​ពី​បរទេស​ឲ្យ​ទាញ​យក​ផល​ចំណេញ​ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេ​ភាគី​និង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ។ លទ្ធភាព​នេះ​អាច​ធ្វើ​ទៅ​រួច​តាម​រយៈ​ការ​ដាក់​ចេញ​ឲ្យ​បាន​ឆាប់​រហ័ស​នូវ​ច្បាប់​វិនិយោគ​មាន​ភាព​ប្រកួត​ប្រជែង​ និង​ប្រការ​លើក​ទឹក​ចិត្ត​នានា​ដល់​ការវិ​និយោគ​ អម​ដោយ​វិធាន​ការ​ទាំង​ឡាយ​សំដៅ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ធ្វើ​អាជីវកម្ម​ផង​ដែរ»។

បើ​តាម​ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ខែ​កញ្ញា វិស័យ​សំណង់​បាន​នៅ​ទ្រឹង ព្រោះ​វិស័យ​នេះពឹង​ផ្នែកខ្លាំង​ទៅ​លើ​ការ​វិនិយោគ​ពី​បរទេស ​ ការ​នាំ​ចេញ​នូវ​ផលិត​ផល​កាត់​ដេរ ​ផលិត​ផល​សម្ភារៈ​ធ្វើ​ដំណើរ​ និង​ស្បែក​ជើង​បាន​ធ្លាក់​ចុះ​៧,២%​ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង ក្នុងឆ្នាំ​២០២០​ ដោយ​សារ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នូវ​តម្រូវ​ការ​លើ​សកល​លោក។ ចំណែក​វិស័យ​ទេសចរណ៍​បាន​ទ្រុឌ​ទ្រោម​ខ្លាំង ដោយ​សារ​មិន​មាន​ការ​ងើប​ឡើង​វិញ​នៃ​ចំនួន​ភ្ញៀវ​ទេស​ចរ​ចូល​មក​ប្រទេស​កម្ពុជា ពោល​គឺធ្លាក់​ចុះ​ប្រមាណ​៦៥​% ​ក្នុង​រយៈ​ពេល​៦​ខែ។

បើ​តាម​របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក អ្នក​ជំនាញ​សេដ្ឋកិច្ច​របស់​ធនាគារ​បាន​ផ្តល់​នូវ​សារ​ជា​គន្លឹះ​ដើម្បី​ជំរុញ​ការ​ងើប​ឡើងវិញ​ពី​វិបត្តិ​ជំងឺកូវីដ១៩​ឲ្យ​បាន​ឆាប់​រហ័ស​ ក្នុង​នោះ​គឺ​ស្នើ​ឲ្យ​បង្កើន​ការ​វិនិយោគ​សាធារណៈ​សម្រាប់​ជួយដល់​ជន​ក្រីក្រី​ និង​សម្រាប់​ជំរុញ​កំណើន រួម​មាន​ទាំង​កម្មវិធី​បង្កើត​ការ​ងារ​ជា​ថ្នូរ​យក​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ។

របាយ​ការណ៍​ក៏​បាន​ចង្អុល​បង្ហាញឲ្យពង្រីក​ការ​វិនិ​យោគ​ក្នុង​ស្រុក និង​ពី​បរទេស ដោយ​ផ្អែក​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរី​ទ្វេ​ភាគី​និង​ក្នុង​តំបន់​ក្នុង​ពេល​ថ្មីៗ​នេះ​ រួម​មាន​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​និង​ចិន​ និងកិច្ចព្រម​ព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ (Regional Comprehensive Economic Partnership)​ ឬ​ហៅ​កាត់​ថា​ RCEP។

របាយការណ៍​បាន​លើក​ឡើង​ផង​ដែរ​នូវ​សារៈ​សំខាន់​ចាំបាច់​បំផុត​នៃ​ការ​រៀប​ចំ​បង្កើន​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​រឹងមាំ​មួយ​សម្រាប់​វ៉ាក់​សាំង​កូវីដ​១៩ ក៏​ដូចជា​ការ​តាម​ដាន​ឲ្យ​បាន​ដិត​ដល់​ផង​ដែរ​នូវ​ភាព​ងាយ​រង​គ្រោះ​ផ្នែក​សេដ្ឋ​កិច្ច​ដែល​អាច​បង្ក​ដោយ​«កំណើន​អូស​បន្លាយ​យូរ​ពេករ​បស់​វិស័យ​សំណង់​និង​អចលនទ្រព្យ»។

ការ​សម្រេច​របស់​សហ​ភាព​អឺរ៉ុប​ ដែល​ដក​ឋានៈ​អនុ​គ្រោះពន្ធ​មួយ​ផ្នែក​នៅ​ក្រោម​កម្មវិធី«គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ​»(ហៅ​កាត់​ថា EBA)​ពី​កម្ពុជា​ ក៏​បាន​បង្ក​ផល​ប៉ះពាល់​ដល់​សមត្ថ​ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ផងដែរ។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ការពារ​សិទ្ធិ​កម្មករ។ ពួកគេ​អះ​អាងថា​កម្មករ​រាប់​ម៉ឺន​នាក់​ក៏​ត្រូវ​បាន​ព្យួរ​ការងារ​ ក្នុង​ពេល​ប្រឈម​មុខ​នឹង​វិបត្តិជំងឺ​ឆ្លង​កូវីដ​១៩។

វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​លោក​ មាស សុខ​សេន​សាន​ អ្នក​នាំពាក្យ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុបាន​នៅ​ឡើយ​ទេ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ។

លោក ​សុខ ឥសាន​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រសាសន៍​ថា​រដ្ឋាភិបាល​បាន​ខិត​ខំ​ទប់​ស្កាត់​មិន​ឲ្យ​មាន​ការ​រីកសាយ​ភាយ​នៃ​ការ​ឆ្លងរាល​ដាល​ជំងឺ​កូវីដ​១៩​នៅ​ក្នុង​សហគមន៍ ដែល​លោក​ថា​បាន​ជួយ​មួយ​ផ្នែក​ដល់​ការ​ទប់​មិន​ឲ្យ​សកម្មភាព​សេដ្ឋកិច្ច​ថយ​ចុះ​ខ្លាំង។ លោក​បន្ត​ថា​សកម្មភាព​ទិញ​ដូរ​អចលនទ្រព្យ និង​ការ​កសាង​បុរី​ធំៗក្នុង​ស្រុក​ក៏​នៅ​តែ​មាន ពោល​គឺ​ពលរដ្ឋ​កម្ពុជា​នៅ​មាន​ធនធាន​សម្រាប់​ទិញ​អចលន​ទ្រព្យ។

លោក​ប្រាប់​ VOA ​ថា៖ «អ៊ីចឹង​ទេ​ ការណ៍​ដែល​អត់​មាន​រីករាល​ដាល​ធំ​ជា​សហគមន៍​ធំៗ​នោះ​គឺ​វា​ជា​ករណី​មួយ​ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ហ្នឹង​ វា​មិន​ធ្លាក់​ធ្ងន់​ធ្ងរ​ខ្លាំង។ ហើយ​បើ​ថាបណ្តែត​បណ្តោយ​ដូច​ប្រទេស​មួយ​ចំនួន​ បណ្តែត​បណ្តោយ​ឲ្យ​ងាប់​ដូច​គេ​ហាល​អ៊ីចឹង អាហ្នឹង​ខ្ញុំ​យល់​ថា​ពិបាក​ទប់​ដែរ»។

ចំពោះ​ការ​វាយតម្លៃ​របស់​ធនាគារ​ពិភព​លោក​ពាក់​ព័ន្ធ​នឹង​ការ​ងើប​ឡើង​វិញ​សេដ្ឋកិច្ច​កម្ពុជា​នោះ​ លោក សុខ ឥសាន លើក​ឡើង​ថា​ធនា​គារ​ប្រហែល​មាន​ហេតុ​ផល​សម​ស្រប​សម្រាប់​ការ​វាយ​តម្លៃ​របស់​ខ្លួន។

លោក​បន្ថែម​ថា៖ «អា​ហ្នឹង​ខ្ញុំ​ក៏​ទទួល​ស្គាល់​ជា​បទ​ពិសោធន៍​របស់​World Bank ​ហើយ​ដែល​គាត់​បានធ្លាប់​ព្យាករពី​សេដ្ឋកិច្ច​កម្ពុជា។ ក៏​ប៉ុន្តែ​រឿង​នេះ​ ក៏​ថ្មី​ចំពោះ​គាត់​ដែរ។ គាត់​វាយ​តម្លៃ​ ខ្ញុំ​យល់​ថាអាច​នឹ​ង​មាន​ទឡ្ហីករណ៍​មូល​ដ្ឋាន​ច្បាស់​លាស់ ​ដើម្បី​គាត់​វាយ​តម្លៃ។​ ក៏​ប៉ុន្តែ​ខ្ញុំ​អត់​ហ៊ាន​មាន​មតិ​យ៉ាង​ណា​ទេ។ បើ​សិន​ណា​ជា​វា​មាន​ការ​កើន​ឡើង​ដូច​គាត់​មាន​ប្រសាសន៍ ខ្ញុំ​គ្រាន់​តែ​ចូលរួម​អប​អរ​សាទរ»។

លោក​បណ្ឌិត ឆេង គឹមឡុង​ នាយក​មជ្ឈមណ្ឌល​នវានុវត្តន៍ ​និង​ប្រជាធិបតេយ្យ​លើ​កិច្ចការ​អភិបាល​កិច្ច​នៃ​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI)​ និង​ជា​អ្នកជំនាញ​សេដ្ឋកិច្ច យល់​ថា​ការ​វាយតម្លៃ​របស់​ធនាគារ​ពិភពលោក​គឺ​ត្រឹមត្រូវ​មួយ​ផ្នែក បើ​ធៀប​ទៅ​នឹង​អំឡុង​ពេល​ដែល​ស្ថានភាព​ជំងឺ​កូវីដ​មាន​ភាព​ធូរ​ស្រាល​នៅ​កម្ពុជា​និង​តំបន់​ និង​ជាពិសេស​ពេល​ដែល​មិន​ទាន់​មាន​ការ​ឆ្លងក្នុង​សហគមន៍​នៅ​កម្ពុជា។

លោក​បន្​តថា ការ​វាយតម្លៃ​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​នេះ អាច​មាន​ការ​ប្រែប្រួល​ក្នុង​ពេល​ដែល​សកម្មភាព​ជំនួញ​ប្រចាំ​ថ្ងៃរបស់​ពលរដ្ឋ​បាន​អាក់ខាន​ ដោយ​សារ​ព្រឹត្តការណ៍​នៃ​ការ​ឆ្លងជំងឺកូវីដ​ទៅ​ក្នុង​សហគមន៍។

«យើង​ឃើញ​ថា​ការណ៍​ដែល​រាលដាល​នៃ​ការឆ្លង​ទោះ​បី​មិន​ក្នុង​រូបភាព​ធំ​ក៏​ពិតមែន​ ក៏​ប៉ុន្តែ​វា​មាន​វិសាលភាព​គ្រប​ដណ្តប់​ច្រើន​ខេត្តក្រុង។​ នេះ​គឺ​ធ្វើ​ឲ្យ​មាន​សកម្មភាព​វិនិយោគ​ ធុរកិច្ច​ ​ការ​ប្រកប​របរ​អាជីវកម្ម​ហ្នឹង និង​ការ​ប្រកប​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​ហ្នឹង​ប្រជាជន​អាក់ខាន​មួយចំនួន​ ធ្វើ​ឲ្យ​រារាំង​ដល់​ដំណើរការ​ផលិតកម្ម​និង​ដំណើរ​ការ​អាជីវកម្ម​ វិនិយោគ​ទាំង​អស់​នោះ​ ដែល​ជា​សរុប​រួម គឺ​ធ្វើ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​នូវ​ផល​ទុន​ជាតិ​មួយ​ចំនួន។ ដូច្នេះ​ខ្ញុំ​យល់​ឃើញ​ថា ​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០២១​នេះ​ អាច​នឹង​មាន​កំណើន​ក៏​ប៉ុន្តែ​ប្រហែល​ជា​កើន​តិច​ជាង​៤ភាគរយ​ បើ​ធៀប​ទៅ​ឆ្នាំ​២០២០ ដោយសារ​មូលហេតុ​ទាំង​អស់​នេះ»។​

លោក​បន្ថែម​ថា ភាព​មិន​ប្រាកដ​ប្រជា​នៃ​ស្ថានភាព​ជំងឺ​កូវីដ​១៩​ក្នុង​សាកល​លោក ក៏​ជា​ផ្នែក​មួយ​នៃ​ការ​ប៉ះ​ពាល់​ដល់​កំណើន​សេដ្ឋកិច្ច​ ដោយសារ​ការបន្ធូរបន្ថយ​ លក្ខខណ្ឌ​រឹតត្បិត​លើ​ការ​ធ្វើ​ដំណើរ​ជា​អន្តរជាតិ​នៅ​ស្ថិត​ក្នុង​ភាព​មន្ទិល។

យ៉ាង​ណា​ក៏​ដោយ​ ធនាគារ​ពិភព​លោក​វាយ​តម្លៃថា​ផល​ប៉ះ​ពាល់​អវិជ្ជមាន​របស់​ជំងឺ​កូវីដ​១៩​ទៅ​លើ​សកម្មភាព​ធុរកិច្ច​ និង​ការ​ងារ​ ក៏​មិន​ទាន់​ស្រាក​ស្រាន្ត​នៅ​ឡើយ។ ធនាគារ​នេះបន្ត​ថា​ការ​បាត់​បង់​ចំណូល​នៅ​តែ​មាន​ទំហំ​ធំធេង​នៅ​ឡើយ បើ​ទោះ​ជា​ការ​ធ្លាក់​ចុះ​ចំណូល​គ្រួសារ​ថយ​ល្បឿន​បន្តិច​វិញ​ក្រោយ​ពី​រដ្ឋាភិបាល​បាន​ដាក់​ចេញ​កម្មវិធី​ថ្មី​មួយ​សម្រាប់​ផ្ទេរ​សាច់​ប្រាក់​ទៅ​ជួយ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ៕

XS
SM
MD
LG