ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ធនាគារ​ពិភពលោក៖ ការងារ​​របស់​ពលរដ្ឋ​កម្ពុជា​១,៧​៦លាន​នាក់​ស្ថិត​ក្នុង​ហានិភ័យ ខណៈ​កំណើន​សេដ្ឋកិច្ច​មាន​ល្បឿន​យឺត​បំផុត


បុរសម្នាក់កំពុងដឹកអ្នកដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA Khmer)
បុរសម្នាក់កំពុងដឹកអ្នកដំណើរតាមដងផ្លូវក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជាកាលពីថ្ងៃទី២៨ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA Khmer)

ជំងឺ​កូវីដ​បាន​កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​នាក់​រង​ផល​ប៉ះពាល់ ដោយសារ​ការ​បាត់​ចំណូល ជា​ពិសេស​អ្នក​ធ្វើ​ការ​ក្នុង​វិស័យ​សេវាកម្ម ទេសចរណ៍ ដឹក​ជញ្ជូននិង​ក្នុង​វិស័យ​កាត់​ដេរ។

ការ​អភិវឌ្ឍ​របស់​កម្ពុជា​ក្នុង​រយៈ​ពេល​៣០ឆ្នាំ​មក​នេះ កំពុង​រង​ការ​គំរាម​កំហែង​ខ្លាំង​បំផុត​ពី​ការ​រាត​ត្បាត​ជំងឺ​កូវីដ ដែល​នឹង​នាំ​ឲ្យ​ការងារ​របស់ប្រជាពលរដ្ឋ​កម្ពុជា​យ៉ាង​ហោច​ណាស់​១លាន​៧០​ម៉ឺន​នាក់«ស្ថិត​ក្នុង​ហានិ​ភ័យ»។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារ​ពិភព​លោក​(World Bank)។

របាយការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ឲ្យ​ដឹង​ថា​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីដ​កំពុង​បង្ក​ការ​ប៉ះ​ទង្គិច​យ៉ាង​ដំណំ​ទៅ​លើ​វិស័យ​សំខាន់​ៗ​ដែល​ជំរុញ​កំណើន​សេដ្ឋកិច្ច​រួម​មាន​វិស័យ​ទេសចរណ៍ ឧស្សាហកម្ម​នាំ​ចេញនិង​ផ្នែកសំណង់ ដែល​ទាំង​អស់​នេះ​តំណាងឲ្យ​ជាង៧០​ភាគរយ​នៃ​កំណើន​សេដ្ឋកិច្ចនិង​ផ្តល់​ការងារ​ប្រមាណ​ជា​៤០ភាគរយ​នៃ​ការងារ​សរុប​របស់​កម្ពុជា។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មានមួយ ធនាគារ​ពិភព​លោក​បញ្ជាក់​ថា ដោយ​សារ​មូល​ហេតុ​នេះ​ក្នុង​ឆ្នាំ​២០​២០ កំណើន​សេដ្ឋកិច្ច​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​មាន​ល្បឿន​យឺត​បំផុត​មិន​ដែល​ធ្លាប់​ជួប​ប្រទះ​តាំង​ពី​ឆ្នាំ​១៩៩៤​មក ដោយ​វានឹ​ងថមថយ​រហូត​ដល់​រវាង​-១​និង​-២,៩​ភាគ​រយ។ ធនាគារ​ពិភព​លោក​បន្ថែម​ថា​នៅ​ក្នុង​ស្ថាន​ភាព​នេះ ភាព​ក្រីក្រ​ក្នុង​ឆ្នាំ​២០២០​អាច​នឹង​កើន​ឡើង​ពី​៣​ទៅ​១១​ភាគ​រយ​ប្រសិន​បើ​អ្នក​ដែល​ស្ថិត​ក្នុង​វិស័យ​រង​ផល​ប៉ះពាល់​បាត់​បង់​ចំណូល​អស់​៥០​ភាគ​រយ​ក្នុងរយៈពេល​៦​ខែ​ជាប់​គ្នា។ មន្រ្តី​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដឹង​ថា​អត្រា​ភាព​ក្រីក្រ​របស់​កម្ពុជា​បច្ចុប្បន្ន​នេះ មាន​ប្រមាណ​១៣​ភាគរ​យ។

បើ​តាម​របាយការណ៍​ជំងឺ​នេះ​ធ្វើ​ឲ្យការងារ​របស់​ប្រជាពលរដុ្ឋ​កម្ពុជា​យ៉ាង​តិច​១,៧៦​លាន​នាក់ ស្ថិត​ក្នុង​ហានិ​ភ័យ។

លោកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធាន​គ្រប់គ្រង​នៃ​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា៖«វិបត្តិ​ជា​សកល​ដែល​បង្ក​ដោយ​ការ​រាលដាល​នៃ​ជំងឺ​កូវីដ១៩នេះ​បាន​ធ្វើឲ្យ​មាន​ការប៉ះ​ទង្គិច​យ៉ាង​ដំណំ​មក​លើ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ២០២០»។

នាយក​មជ្ឈមណ្ឌល​សិក្សា​គោល​នយោបាយ​និង​ជា​អ្នក​វិភាគ​សេដ្ឋកិច្ច​ម្នាក់​លោក ចាន់​ សុផល​ថ្លែង​ថា​ស្ថានភាព​រង​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ​នេះ​អាច​អូស​បន្លាយ​លើស​ពី​៦​ខែ ដោយសារ​វា​ប៉ះពាល់​វិស័យ​សំខាន់ៗ​របស់​កម្ពុជា។

លោក​ថ្លែង​ប្រាប់​VOAថា៖ «អញ្ចឹង​ប៉ះពាល់​ដល់​ទីផ្សារ​របស់​យើង ប៉ះពាល់​ដល់​ប្រភព​ដែល​គេ​ធ្វើ​ដំណើរ​មក​ទេសចរណ៍​កន្លែង​យើង ប៉ះពាល់​ ប៉ះពាល់​ដល់​អ្នក​នាំ​ចេញ​នាំ​ចូល​អី​អញ្ចឹង។ អញ្ចឹង​ស្ថានការណ៍​លើស​ពី​ហ្នឹង វា​អាច​ពន្យារ​លើស​៦​ខែ​ទៅ​ទៀត»។

លោក​អ៊ិន ចាន់នី​ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា មាន​ប្រសាសន៍​ថា​វិបត្តិហិរញ្ញវត្ថុ​សាកល​ឆ្នាំ​២០០៨ ជា​បទ​ពិសោធន៍ វា​ត្រូវ​ការ​រយៈ​ពេល​៣​ឆ្នាំ ដើម្បី​ធ្វើ​ឲ្យសេដ្ឋកិច្ច​ងើប​ឡើង​វិញ។ លោក​ថា​កាល​នោះ​វា​ប៉ះពាល់​បំណុល​ភាគ​ច្រើន​លើ​លំនៅដ្ឋាន អចលនទ្រព្យ ដីធ្លី ប៉ុន្តែ​ជំងឺកូវីដ​នេះ​ប៉ះពាល់​ស្ទើរ​គ្រប់​វិស័យ។ ទោះ​ជាយ៉ាងណា លោក​មិន​អាច​បញ្ជាក់​ការ​ទស្សន៍​ទាយ​ឲ្យ​ជាក់​លាក់​នោះ​ទេ។

លោក​ថ្លែង​ប្រាប់VOA​ថា៖ «ប៉ុន​អា​នេះ រឿង​នេះ​ជំងឺ​ឆ្លង ដែល​កើត​ឡើង​ពាស​ពេញ​ពិភព​លោក ប៉ុន​បើ​និយាយ​ពី​សេដ្ឋកិច្ច ស្រដៀង​គ្នា​ដែរ។ សេដ្ឋកិច្ច​យើង​កាល​២០០៨ វា​ជិត​៦​ភាគ​រយ ដល់​ពេល​២០០៩​ភ្លាម វា​ធ្លាក់​មក​នៅ​១,២ ហើយ​ដល់​ពេល​២០១០​មក បាន​វា​ឡើង​មក​ជិត​៧​ភាគរយ​វិញ។ ហើយ​អញ្ចឹង​យ៉ាង​ណា​មិញ ដែល​គេ​ធ្វើ​ការ​ទស្សន៍ទាយ​សេដ្ឋកិច្ច​របស់​យើង​ឆ្នាំ​២០២០​ហ្នឹង វា​លំនាំប្រហាក់​ប្រហែល​គ្នា​ឆ្នាំ​២០០៩​ដែរ»។

ទិដ្ឋភាពអគារកំពុងសាងសង់នៅត្រើយខាងលិចនៃទន្លេចតុមុខក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA Khmer)
ទិដ្ឋភាពអគារកំពុងសាងសង់នៅត្រើយខាងលិចនៃទន្លេចតុមុខក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ២៨ខែឧសភា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA Khmer)

ដោយ​សារ​បញ្ហា​ជំងឺ​កូវីដ​១៩ ពលករ​ខ្មែរ​ជាង​៩ម៉ឺន​នាក់ បាន​សម្រុក​មក​ប្រទេស​កម្ពុជា ហើយ​ពួកគេ​ប្រឈម​អត់​ការងារ​ធ្វើ និង​បំណុល។ ចំណែក​កម្មករ​កាត់​ដេរ​ជាង​២០​ម៉ឺននាក់ បាត់បង់​ការងារ​របស់​ពួកគេ ហើយ​ក៏​ប្រឈម​នឹង​បំណុល​ដូច​គ្នា។

កាល​ពី​ខែ​មេសា រដ្ឋមន្រ្តី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង មាន​ប្រសាសន៍​ថា ដោយសារ​ផល​ប៉ះពាល់​នៃ​ជំងឺ​កូវីដ អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​អាច​កើន​ឡើង​ក្រោយ​ជំងឺ​ដែល​កំពុង​រាត​ត្បាត​ជា​សាកល​នេះ​បាត់​ទៅ​វិញ។

លោក​មាន​ប្រសាសន៍​ថា៖​«ប៉ុន្តែ​ក្នុង​ស្ថានភាព​ដែល​កូវីដ​វា​រាលដាល​នេះ​ប្រហែល​ជា​អាច​វា​មាន​ផល​ប៉ះពាល់​បាន​ន័យ​ថា​វា​ធ្វើ​ឲ្យ​ចំនួន​អ្នក​ក្រ​ហ្នឹង​[កើន​ឡើង]​ដែល​ចុង​ក្រោយ​យើង​ថា​នៅ​សល់​ប៉ុន្មាន៩​ភាគ​រយ។​ប៉ុន្តែ​ដល់​តែ​កូវីដ​ទៅ​តើ​វា​ឡើង ​១០​ភាគ​រយ​ឬ​វា​នៅ​៩​ភាគ​រយ»៕

XS
SM
MD
LG