ខេត្តសៀមរាប — «ជិត៣០ឆ្នាំហើយបងលក់អត់ដែលជួបប្រទះដូចឆ្នាំនេះទេអូន ឆ្នាំនេះយ៉ាប់ខ្លាំងណាស់ យ៉ាប់ មិនមែនយ៉ាប់តែបងទេ គឺទាំងអស់ អ្នកលក់រកស៊ី អាជីវករមុខអង្គរ បងអើយថ្ងៃណាក៏បានកៅឆាយ២ឬ៣ម៉ឺនទៅ ថ្ងៃណាក៏អត់ ពេលនេះបាន៥០០០រៀលគត់»។
នេះគឺជាការត្អូញត្អែររបស់អ្នកស្រី កង មាស អាយុ៥២ឆ្នាំ អាជីករលក់វត្ថុអនុស្សាវរីយ៍នៅមុខប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប។ អ្នកស្រីបានឱ្យដឹងទាំងអស់ក្តីសង្ឃឹមថា កាលមុនជំងឺកូវីដ១៩ រាតត្បាត អ្នកស្រីអាចលក់បានប្រហែល ២០ម៉ឺនរៀល ក្នុងមួយថ្ងៃ ក្នុងនោះអាចចំណេញប្រហែល ៦ម៉ឺនរៀល។ ក៏ប៉ុន្តែពេលនេះ ក្នុងមួយថ្ងៃ អ្នកស្រីលក់ចំណេញមិនបានដល់ ១ម៉ឺនរៀលផង។ អ្នកស្រីបញ្ជាក់ថា បើស្ថានភាពនៅតែបន្តបែបនេះទៀត ប្រហែលជាអ្នកស្រីត្រូវស្វែងរកការងារផ្សេងធ្វើហើយ ដើម្បីដោះបំណុល។
អ្នកស្រី កង មាស ថ្លែងថា៖ «បើនៅតែបែបនេះទៀត មានតែរកដោះស្រាយទៀត ធ្វើកម្មករអីគេទៀតទៅ លក់ដូរមិនបានស៊ីចឹង អស់សង្ឃឹមតែមិនដឹងធ្វើម៉េច ដោះស្រាយអត់ចេញមែន លក់អត់ដាច់ គឺដោះស្រាយអ្វីអត់ចេញ រកកន្លែងផ្លូវចេញអត់រួចទេ មិនដឹងរកស៊ីអីអត់មានមុខរបរអ្វីផ្សេងទៀតផង»។
ខេត្តសៀមរាបគឺជាខេត្តមួយដែលស្រូបទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ មុនពេលមានជំងឺកូវីដ ១៩ ភ្ញៀវទេសចរណ៍ប្រហែលជាង ២ លាននាក់ បានធ្វើដំណើរកម្សាន្តនៅក្នុងខេត្តនេះ ដែលអាចផ្តល់ចំណូលប្រហែលជា ១០០ លានដុល្លារ ក្នុងមួយឆ្នាំ។ សេដ្ឋកិច្ចរបស់ខេត្តនេះក៏ស្ទើរតែពឹងផ្អែកលើវិស័យទេសចរណ៍ទាំងស្រុង ដែលជាហេតុធ្វើឱ្យពលរដ្ឋក្នុងខេត្តភាគច្រើនជួបការលំបាកខ្លាំងផ្នែកជីវភាព ប្រសិនបើវិស័យទេសចរណ៍មិនដំណើរការប្រសើរនោះ។
នៅមិនឆ្ងាយប៉ុន្មានពីអ្នកស្រី កង មាស មគ្គទេសក៍ទេសចរប្រមាណជិត ២០នាក់កំពុងឈរត្រៀបត្រានៅក្បែរច្រកចូលប្រាសាទអង្គរវត្ត ដើម្បីរងចាំសួរនាំ និងបញ្ចុះបញ្ចូលភ្ញៀវជាតិ និងអន្តរជាតិដែលចូលទៅទស្សនាអង្គរវត្ត ឱ្យជួយប្រើសេវាកម្មមគ្គទេសក៍ទេសចរណ៍របស់ពួកគេក្នុងដំណើរកម្សាន្ត។
ក្នុងនោះមានលោក និក សិញ អាយុ៣២ឆ្នាំ ដែលជាមគ្គទេសក៍ទេសចរភាសាចិនដែលមានបទពិសោធន៍ជិត១០ឆ្នាំមកហើយនោះ កំពុងឈររងចាំភ្ញៀវនៅមុខអង្គរវត្តជាមួយមគ្គទេសក៍ទេសចរផ្សេងៗទៀត។ លោកបានមានប្រសាសន៍ថា លោកមិនធ្លាប់ឈររងចាំភ្ញៀវបែបនេះទេ ពីព្រោះមុនជំងឺកូវីដ១៩ លោកអាចដើរភ្ញៀវតាមក្រុមហ៊ុនស្ទើរតែគ្មានថ្ងៃសម្រាក។ លោកបានបន្ថែមថា មុនកូវីដយ៉ាងហោចណាស់ក្នុងមួយខែ លោកអាចរកបានប្រហែល ២.០០០ដុល្លារអាមេរិក ក៏ប៉ុន្តែពេលនេះ លោករកបានប្រហែល ៣០០ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ។
លោកថ្លែងថា៖ «មួយរយៈក្រោយនេះ ដោយសារតែទី ១ អ្នកដែលអត់ការងារធ្វើមានច្រើន ជាពិសេសមគ្គទេសក៍ទេសចរ ហើយភ្ញៀវក៏មានតិច ដល់ពេលចឹងទៅ បានតម្លៃហ្នឹងអាចចុះតាមហ្នឹង។ ពេលខ្លះ អ្នកខ្លះក្រោម ១០ដុល្លារ ក៏គាត់ដើរដែរ ឧទាហរណ៍ បើគាត់អត់ដើរ គឺគាត់អត់បានចំណូល ចឹងទៅគាត់ត្រូវតែបង្ខំចិត្តដើរ។ តែសម្រាប់ខ្ញុំជាមគ្គុសទេសក៍ភាសាចិន ប្រហែលជាអាចខ្ទង់ពីរថ្ងៃបានមួយក្រុម។ សម្រាប់ភ្ញៀវអន្តរជាតិពេលខ្លះទៅ ក៏១០ដុល្លារក៏ដើរ ១៥ដុល្លារក៏ដើរ។ បងដឹងស្រាប់ហើយ ចេញពីកូវីដមក បញ្ហាសេដ្ឋកិច្ចគឺវាយ៉ាប់យឺនមែនទែន។ ចឹងបើសិនជាយើងមិនដើរ អ្នកផ្សេងគេអាចដើរបាន ចឹងទៅដាច់ខាតយើងត្រូវតែបង្ខំចិត្តត្រូវដើរ»។
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាបភាគច្រើនប្រកបរបរពឹងផ្អែកលើវិស័យទេសចរណ៍ ដូចជាមគ្គទេសក៍ទេសចរ អាជីកម្មលក់វត្ថុអនុស្សាវរីយ៍ សណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានជាដើម។ ខេត្តសៀមរាបមានមគ្គទេសក៍ទេសចរចំនួនជាង ៥.០០០នាក់ ភាគច្រើនជាមគ្គទេសក៍ទេសចរភាសាអង់គ្លេស និងចិន។
អ្នកដែលប្រកបរបរវិស័យទេសចរណ៍និងមន្ត្រីជំនាញរបស់រដ្ឋាភិបាលបានប្រាប់វីអូអេឱ្យដឹងស្រដៀងៗគ្នាថា អ្នកទេសចរចូលមកកម្សាន្តក្នុងប្រទេសកម្ពុជាភាគច្រើនស្នាក់នៅយ៉ាងច្រើនប្រមាណជា ៣យប់តែប៉ុណ្ណោះ មិនដូចជាប្រទេសជិតខាងដែលអ្នកទេសចរស្នាក់នៅចន្លោះពី ១៥ថ្ងៃទៅ ២០ថ្ងៃ ពីព្រោះប្រទេសទាំងនោះមានការលក់កញ្ចប់ទេសចរណ៍ដោយខ្លួនឯង និងមានការបង្កើតតំបន់កម្សាន្តជាច្រើនសម្រាប់ទាក់ទាញភ្ញៀវឱ្យស្នាក់នៅបានយូរ។
លោក ខៀវ ធី ជាប្រធានសមាគមមគ្គទេសក៍ទេសចរអង្គរ និងមគ្គទេសក៍ទេសចរភាសាអង់គ្លេស បានមានប្រសាសន៍ថា ភ្ញៀវទេសចរចូលមកលេងកម្សាន្តនៅខេត្តសៀមរាបនៅពេលនេះមានចំនួនតិចនៅឡើយ ដែលធ្វើឱ្យមគ្គទេសក៍ទេសចរត្រូវមកឈរចាំនៅមុខអង្គរច្រើនបែបនេះ រហូតដល់ដាក់វេន្តគ្នាថែមទៀត ដើម្បីបានថវិកាខ្លះដោះស្រាយតម្រូវការជីវភាពរស់នៅប្រចាំថ្ងៃ។
លោកថ្លែងថា៖ «ភ្ញៀវទេសចរមកតិចណាស់ មកតិចជាងមុន ចឹងហើយបានគាត់មកព្យាយាមមកអង្គុយមុខអង្គរ មិនមែនរំពឹងតែភ្ញៀវទេសចរបរទេសទេ ភ្ញៀវទេសចរខ្មែរ ចឹងក៏មគ្គទេសក៍ទេសចរយើងសួរនាំគាត់ទៅ ក៏គាត់ជួយយកដើរកន្លះម៉ោង ណែនាំកន្លះម៉ោង ឬមួយម៉ោងអីទៅ គ្រាន់តែប្រាប់បន្តិចទៅ គាត់ជូនលុយ១០.០០០[រៀល] ឬ ២០.០០០[រៀល] គ្រាន់តែគាត់បានទិញម្ហូបអាហារ បើចាំភ្ញៀវបរទេសអត់ទាន់មានមកនៅឡើយ»។
លោក ខៀវ ធី ក៏បានលើកឡើងថា កត្តាមួយចំនួន ដូចជាអនាម័យ បរិស្ថាន សន្តិសុខសុវត្ថិភាព សកម្មភាពទារលុយក្រៅផ្លូវការរបស់មន្ត្រីអន្តោប្រវេសន៍មួយចំនួននៅច្រកព្រំដែន គឺសុទ្ធតែជាឧបសគ្គក្នុងការរារាំងដល់ចរន្តទេសចរណ៍ចូលមកកម្សាន្តក្នុងប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ទេសចរណ៍ខ្មែរយើងមិនអាចប្រណាំងប្រជែងឈ្នះប្រទេសជិតខាងយើង ដូចជាប្រទេសថៃ និងប្រទេសវៀតណាម ទោះបីជាយើងមានប្រាសាទអង្គរវត្តក៏ដោយ ដោយសារទី ១ យើងអត់មានអាកាសចរណ៍ប្រចាំជាតិដើម្បីដឹកជញ្ជូនឆ្លងទ្វីប ហើយតាមបណ្តោយផ្លូវយើង សំរាមច្រើន ខែប្រាំងធូលីហ៊ុយ ខែវស្សាកើតភក់ភ្ញៀវមកមើលតែប្រាសាទអង្គរវត្តតែ ១ថ្ងៃ ឬ២ថ្ងៃ គេទៅវិញហើយ ក្រៅពីបរិស្ថានខ្មែរយើងគឺយើងបាក់មុខបាក់មាត់ផ្នែកសន្តិសុខ ដោយសារមួយរយៈកន្លងមកនេះ គឺថា មានជនបងតូចបងធំជាក្រុមម៉ាហ្វៀមកពីក្រៅប្រទេសក៏ដូចជាប្រព័ន្ធអនឡាញ scam»។
របាយការណ៍របស់ក្រសួងទេសរណ៍បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុបប្រមាណជា ១លាន ៦សែននាក់ គឺកើនឡើងប្រមាណជា ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២ ដែលភ្ញៀវទេសចរមានចំនួនជិត ១លាន ២សែននាក់ តែថយចុះប្រមាណជា ៥២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា មុនជំងឺកូវីដរាតត្បាតក្នុងឆ្នាំ ២០១៩ ដែលភ្ញៀវទេសចរមានចំនួនប្រមាណ ៣លាន ៥សែននាក់។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិនៅក្នុងអំឡុងឆ្នាំ ២០២៣នេះ ជនជាតិអាមេរិកឈរលំដាប់ថ្នាក់លេខ ១ បន្ទាប់មក អង់គ្លេស បារាំង ចិន កូរ៉េខាងត្បូង អូស្ត្រាលី អាល្លឺម៉ង់ ជប៉ុន វៀតណាម និងឥណ្ឌា។
នៅឯទីប្រជុំជនក្នុងខេត្តវិញ អាជីវកលក់វត្ថុអនុស្សាវរីយ៍ក្នុងផ្សារចាស់ជាច្រើននាក់ រួមទាំងកញ្ញា សុខ ចាន់កញ្ញា អាយុ៣៧ឆ្នាំ បានត្អូញត្អែរអំពីការធ្លាក់ចុះនៃចំណូលដែលរកបានពីការទិញទំនិញរបស់ភ្ញៀវទេសចរ។ កញ្ញាបានប្រាប់វីអូអេថា រយៈពេល៤ខែចុងក្រោយនេះ ការលក់ដូរមានការធ្លាក់ចុះប្រមាណជា ៦០ភាគរយ បើធៀបនឹងដើមឆ្នាំ ២០២៣នេះ។
កញ្ញាថ្លែងថា៖ «ខែ៧ ខែ៨ ខែ៩ ខែ៩ធ្ងន់ជាងឆ្នាំមុនទៅទៀត។ មួយខែបើនិយាយជាមធ្យមអាចលក់បាន ១.០០០[ដុល្លារ] ១.០០០ទាំងដើមទាំងចុង បើឥឡូវលក់អីក៏ប្រជែងគ្នាដែរ ដើម្បីរស់ចឹងចំណេញបាន ២០ភាគរយ ៣០ភាគរយ។ ៣០០[ដុល្លារ] បុគ្គលិកប៉ុន្មាន ថ្លៃតូប ៣០០ដុល្លារបាត់ហើយ ថ្លៃភ្លើងទៀតលក់រាល់ថ្ងៃគឺឱ្យតែផ្សារហ្នឹង។ សេដ្ឋកិច្ចចឹងហើយ ម្ចាស់ផ្សារក៏នៅតែឡើងថ្លៃដែរ។ រដ្ឋាភិបាលសូមជួយសម្លឹងមើលអ្នកខេត្តផង ឱ្យគាត់មើលតើមែន ឬមិនមែនភ្ញៀវកើនហេតុអ្វីក៏អ្នកផ្សារហ្នឹងចេះតែកុហកថា ផ្សារស្ងាត់ គាត់ដើរមកមើលខ្លួនឯងមក ពីប្រលោះមួយទៅប្រលោះមួយ គឺស្ងាត់»។
កញ្ញា សុខ ចាន់កញ្ញា ដែលប្រកបមុខរបរនេះជិត២០ឆ្នាំមកហើយ ចង់ឱ្យរដ្ឋាភិបាលរកដំណោះស្រាយសម្រាប់វិស័យទេសចរណ៍ ពីព្រោះវិស័យនេះគឺជាចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប។
កញ្ញាថ្លែងថា៖ «រដ្ឋាភិបាលត្រូវតែគិតគូរចំណុចហ្នឹងខ្លាំង ពីព្រោះជាឧស្សាហ៍កម្មគ្មានផ្សែង។ អាហ្នឹងគឺជាចំណូលរបស់ប្រជាជនខេត្តសៀមរាបទាំងស្រុង។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋប្រចាំខេត្តសៀមរាប នាងខ្ញុំសូមសំណូមពរឱ្យរដ្ឋាភិបាលសូមជួយមើលនិងរៀបចំផែនការដើម្បីទាក់ទាញទេសចរណ៍ ដើម្បីឱ្យខេត្តមួយនេះមានការរីកចម្រើនឡើងមកវិញ ពីព្រោះរាល់ថ្ងៃនេះ ទេសចរណ៍មានការធ្លាក់ចុះខ្លាំងមែនទែន។ ខ្ញុំគិតថា អ្វីដែលរដ្ឋាភិបាលគាត់បន្ធូរបន្ថយបានសម្រាប់ភ្ញៀវទេសចរដើម្បីទាក់ទាញគេ ដើម្បីឧស្សាហ៍កម្មឥតផ្សែងមួយនេះ គាត់គួរតែធ្វើអ្វីឱ្យតំបន់មួយនេះមានការរីកចម្រើន»។
នៅក្បែរផ្សារចាស់ លោក ហេង សុត អាយុ៤៦ឆ្នាំ កំពុងសំចតរឺម៉ក់កងបីរបស់លោក ដែលលោកបានរត់ដឹកភ្ញៀវជាតិនិងអន្តរជាតិក្នុងពេលជាង ១០ឆ្នាំមកនេះ។ ស្ថានភាពចំណូលរបស់លោក ក៏មិនខុសគ្នាពីអាជីវករ និងមគ្គទេសក៍ទេសចរដែរ គឺធ្លាក់ចុះខ្លាំង។ លោកបានប្រាប់វីអូអេថា កាលពីដើមឆ្នាំ លោកអាចរកចំណូលបានប្រហែល ៣០០ដុល្លារក្នុងមួយខែ ក៏ប៉ុន្តែក្នុងអំឡុងពេលនេះ លោករកបានយ៉ាងច្រើន១០០ដុល្លារតែប៉ុណ្ណោះក្នុងមួយខែ។
លោកថ្លែងថា៖ «ខែនេះអត់សូវមានភ្ញៀវទេឆ្នាំនេះស្ងាត់ ស្ងាត់ជាងរាល់ឆ្នាំនិយាយទៅពីខែ ៥ មកដល់ខែ ៩ គឺស្ទើរតែអត់មានសោះ។ មានថ្ងៃខ្លះក៏អត់បានសោះក៏មានដែរ ជួនកាល ២ ឬ៣ថ្ងៃ ជាប់គ្នាអត់ដែរបានសោះ។ ថ្ងៃណាខ្លះក៏បានទៅ ក៏ប៉ុន្តែបានតិចតួច បានដឹកភ្ញៀវខ្មែរឯងខ្លះ ចំណូលវាតិចតួច តែសម្រាប់ភ្ញៀវបរទេសមិនសូវមាន យើងចេះតែតស៊ូទ្រាំនៅបន្តទៀត។ យើងអត់មានរបរអីផ្សេងផង តែបើសិនជាមើលទៅវាស្ងាត់យូរពេក យើងអាចទៅរកការងារអីធ្វើសំណង់ធ្វើអីដូចមុន»។
ក្រោយពីការរាតត្បាតនៃជំងឺកូវីដ១៩ បានស្រាកស្រាន្តជាបន្តបន្ទាប់ក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ នៅដើមឆ្នាំ២០២៣ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបភាគច្រើនហាក់មានក្តីសង្ឃឹមអំពីការកើនឡើងវិញនូវចំនួនភ្ញៀវទេសចរ ដែលអាចបង្កើតឱកាសរកចំណូលដល់ពួកគេ។ ក៏ប៉ុន្តែក្តីរំពឹងនោះហាក់ដូចជានៅឆ្ងាយពីពួកគេ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់វីអូអេថា ការធ្លាក់ចុះនូវចំនួនភ្ញៀវទេសចរ អាចបណ្តាលមកពីកត្តារួមផ្សំជាច្រើន ដូចជា ពេលនេះជារដូវធ្លាក់ភ្ញៀវ សេដ្ឋកិច្ចពិភពលោកមានការធ្លាក់ចុះ សង្គ្រាមនៅបណ្តាប្រទេសមួយចំនួន និងការផ្សព្វផ្សាយអំពីចំណុចអវិជ្ជមានរបស់បណ្តាញសារព័ត៌មានមួយចំនួនអំពីប្រទេសកម្ពុជាជាដើម។
លោកស្រីថ្លែងថា៖ «គេឆ្លៀតពេលនិយាយពីយើងមិនល្អ អាហ្នឹងវាជារឿងធម្មតាទេ ក៏ប៉ុន្តែសំខាន់យើងម្ចាស់ផ្ទះហ្នឹង យើងជួយចែករំលែកនូវរឿងអវិជ្ជមានបន្ថែមទៀត អាហ្នឹងវាកាន់តែសបញ្ជាក់ថា រឿងរ៉ាវហ្នឹងវាពិតជាកើតមាន។ ចាសវាមានកក្តាផ្សេងៗទៀតដែរ ដូចជាប្រទេសជិតខាងយើង គេព្យាយាមដោះចេញនូវការលំបាកខ្លះៗ ដូចជាការផ្តល់ជូននូវទិដ្ឋាការដោយមិនគិតថ្លៃទៅដល់ប៉ុន្មានរយប្រទេសនោះដែលធ្វើឱ្យមានការទាក់ទាញខ្លាំងទៅប្រទេសគេសិន»។
លោកស្រី ឆាយ ស៊ីវលីន ក៏ជាម្ចាស់សណ្ឋាគារធំចំនួនពីរ ដែលមាន ១២០បន្ទប់ក្នុងខេត្តសៀមរាប។ លោកស្រីបានមានប្រសាសន៍ថា កាលពីដើមឆ្នាំ២០២៣នេះ ក្នុងមួយថ្ងៃ សណ្ឋាគាររបស់លោកស្រីបើកបានជាង ៣០បន្ទប់ តែរយៈពេលប្រហែល ៣ ឬ៤ខែចុងក្រោយនេះ បើកបានតែជាង១០បន្ទប់តែប៉ុណ្ណោះ ក្នុងមួយថ្ងៃ។
ដើម្បីធ្វើឱ្យវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជាមានការកើនឡើង លោកស្រី ឆាយ ស៊ីវលីន ដែលមានបទពិសោធន៍ក្នុងវិស័យទេសចរណ៍ជាង២០ឆ្នាំមកនេះ យល់ថា វាទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ទាំងវិស័យរដ្ឋ ឯកជន និងប្រជាពលរដ្ឋទាំងអស់ ក្នុងការផ្សព្វផ្សាយនូវអ្វីដែលជាចំណុចល្អរបស់ប្រទេសកម្ពុជា ទៅដល់ពិភពលោក ហើយបង្កើតអ្វីដែលថ្មីសម្រាប់វិស័យទេសចរណ៍។
លោកស្រីថ្លែងថា៖ «ហើយយើងត្រូវតែនាំគ្នាចូលរួម និយាយល្អៗ បង្ហាញអំពីគោលដៅល្អៗអំពីកម្ពុជា ទើបយើងអាចទាក់ទាញភ្ញៀវទេសចរបាន។ លើសពីនេះទៀត យើងត្រូវច្នៃនូវផលិតផលថ្មីៗ ខ្សែទស្សនកិច្ចថ្មីៗ បង្កើនគុណភាព ពីព្រោះអីក្នុងវិស័យទេសចរណ៍គឺត្រូវធ្វើដូចម្តេចឱ្យបានថ្មី ឱ្យបានទាក់ទាញ បើយើងគ្រាន់តែយកប្រាសាទអង្គរវត្តទៅផ្សាយដដែលៗទេ សម្រាប់អ្នកដែលអត់ទាន់មក គេមកហើយ តែសម្រាប់អ្នកដែលធ្លាប់មកហើយ គឺក៏គេអត់ចង់ទៀតដែរ»។
លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ភ្ញៀវទេសចរអន្តរជាតិចូលទៅកម្សាន្តនៅសៀមរាបក្នុងរយៈពេល ៩ខែកន្លងមកនេះ មានចំនួនប្រមាណជា ៥០ម៉ឺននាក់ ពោលគឺបានតែ២០ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីមុនពេលដែលជំងឺកូវីដ១៩ បានផ្ទុះឡើង។
លោកថ្លែងថា៖ «ភ្ញៀវទេសចរបរទេសដែលទិញសំបុត្រចូលទស្សនាតំបន់អង្គរនោះក្នុងមួយថ្ងៃ ៩.០០០នាក់ ទៅ១០.០០០នាក់ ឬក៏ថ្ងៃខ្លះដល់ទៅ ១២.០០០នាក់ កាលពីឆ្នាំ ២០១៨ ឬ ២០១៩។ ក៏ប៉ុន្តែឥឡូវនេះ បច្ចុប្បន្ននេះ គឺមួយថ្ងៃ យើងមានភ្ញៀវតែប្រហែលជាង ១.០០០នាក់ទេ ចំនួននេះ វាទាប តែត្រឡប់មកវិញប្រហែលជាខ្ទង់រង្វង់ ២០ភាគរយទេ ទេសចរនៅក្នុងតំបន់សៀមរាបអង្គរមួយចឹង យើងអាចគិតថាមើលទៅសៀមរាបរៀងស្ងាត់ តែស្ងាត់ហ្នឹងមិនមែនមានន័យថា អត់មានទេសចរនោះទេ មានដែរ»។
លោកបានថ្លែងបន្តថា រដ្ឋាភិបាលកំពុងព្យាយាមដាក់ចេញនូវយុទ្ធសាស្រ្តមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យកាន់តែប្រសើរឡើងវិញ ដូចជាការដកចេញនូវរបាំងមួយចំនួន និងផែនការបង្កើតតំបន់ទេសចរណ៍បន្ថែមទៀតជាដើម។
លោក តុប សុភ័ក ថ្លែងថា៖ «រាជរដ្ឋាភិបាលយកចិត្តទុកដាក់ណាស់ មិនព្រងើយកន្តើយទេ។ ចឹងមិនមែនយើងនៅស្ងៀមអត់បានធ្វើអីនោះទេ គឺបាននិងកំពុងខិតខំស្វែងរកដំណោះស្រាយនូវក្នុងការស្រូបទាញទេសចរតាមរយៈការសម្រួលការធ្វើដំណើរ អាចថាស្វែងរកដំណោះស្រាយមួយទៀត គឺកាត់បន្ថយនូវរបាំងទេសចរ។ អ្វីដែលជារបាំងសម្រាប់ទេសចរជាដំណោះស្រាយដែលយើងត្រូវធ្វើការរួមគ្នាទាំងអស់ ទាក់ទងទៅនឹងការរៀបចំដែលជាការបង្កើននូវផលិតផលថ្មីបន្ថែម។ ទៅសៀមរាបមិនមែនតែទៅលេងតែអង្គរទេ ចឹងក្រៅពីប្រាសាទអង្គរ យើងត្រូវមានផលិតផលអីផ្សេងទៀត»។
រហូតទៅដល់ចុងឆ្នាំ ២០២៣នេះ មានការរំពឹងថាភ្ញៀវទេសចរអន្តរជាតិក្នុងចន្លោះពី ៤លាន ៥សែននាក់ ទៅ៥លាននាក់ អាចនឹងធ្វើដំណើរមកកម្សាន្តក្នុងប្រទេសកម្ពុជា ហើយនៅឆ្នាំ ២០២៥ ឬឆ្នាំ ២០២៦ ភ្ញៀវទេសចរអាចវិលត្រលប់មកដូចកាលពីមិនទាន់មានជំងឺកូវីដ១៩។ នេះបើតាមការលើកឡើងរបស់លោក តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍។ បើតាមចក្ខុវិស័យរបស់ក្រសួងទេសចរណ៍ វាអាចដល់ឆ្នាំ ២០២៨ ទើបកម្ពុជាអាចទទួលបានចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណជា ៨លាននាក់ ក្នុងមួយឆ្នាំ៕