មន្រ្តីក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងនឹងចាប់ផ្តើមដំណើរការនៅក្នុងខែវិច្ឆិកាខាងមុខនេះ ខណៈប្រជាពលរដ្ឋដែលរងគ្រោះជាង១០០គ្រួសារក្នុងស្រុកសេសាន មិនព្រមទទួលសំណងដែលផ្តល់ដោយរដ្ឋាភិបាលនៅឡើយ។
ទំនប់សេសានក្រោម២ ដែលត្រូវបានចំណាយថវិកាអស់ប្រមាណ៨០០លានដុល្លារអាមេរិកនិងដែលត្រូវបានសាងសង់កាលពីដើមឆ្នាំ២០១៤ អាចផលិតថាមពលអគ្គិសនីចំនួន៤០០មេហ្គាវ៉ាត់។
ក្នុងវេទិកាពិភាក្សាស្តីពីយន្តការដោះស្រាយបញ្ហាបង្កដោយទំនប់សេសានក្រោម២ ដែលរៀបចំដោយវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះ លោក ប៉ាន់ ណារិទ្ធ ប្រធានការិយាល័យគម្រោងទំនប់វារីអគ្គិសនីនៃក្រសួងរ៉ែនិងថាមពលមានប្រសាសន៍ថា ទំនប់វារីអគ្គិសនីនេះនឹងចាប់ផ្តើមបិទទឹកនៅក្នុងខែកញ្ញាខាងមុខនេះ ហើយនឹងចាប់ផ្តើមដំណើរការតួប៊ីនចំនួន១ដែលមានថាមពល៥០ម៉េហ្គាវ៉ាត់ នៅក្នុងខែវិច្ឆិកា។
លោកបន្តថានៅដើមឆ្នាំ២០១៨ ក្រុមហ៊ុននឹងចាប់ផ្តើមដំណើរការតួប៊ីនទាំង៨ ដែលអាចផ្តល់ថាមពលទៅដល់៤០០មេហ្គាវ៉ាត់។
បើតាមលោក ប៉ាន់ ណារិទ្ធ រដ្ឋាភិបាលអាចទទួលចំណូលពីការយកពន្ធលក់ថាមពលអគ្គិសនីក្នុងរយៈពេល៤០ឆ្នាំនៃកិច្ចសន្យាវិនិយោគប្រព័ន្ធសាងសង់អាជីវកម្មផ្ទេរ (Build Operate and Transfer-BOT)។ លោកបន្តថា តាមរយៈទំនប់វារីអគ្គិសនីនេះ ថាមពលអគ្គិសនីប្រមាណ២៣០គីឡូវ៉ុល នឹងអូសតាមបណ្តាញជាតិមកភ្នំពេញ ដើម្បីបែងចែកទៅតាមបណ្តាខេត្តផ្សេងៗ។
ទំនប់វារីអគ្គិសនីនេះត្រូវបានដាក់ទុនដោយក្រុមហ៊ុនចំនួន៣ ក្នុងនោះមានក្រុមហ៊ុនចិន ឈ្មោះChina’s Lancang Hydropower International Energy ដែលមានចំណែកហ៊ុន៥១ភាគរយ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់ឧកញ៉ា គិត ម៉េង ចំនួន៣៩ភាគរយ និងក្រុមហ៊ុនវៀតណាមឈ្មោះ Vietnam’s EVN International ដែលមានចំណែកហ៊ុន១០ភាគរយ។
បើតាមក្រសួងរ៉ែនិងថាមពល ក្នុងចំណោមប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំនួន៨៤៦គ្រួសារ ប្រជាពលរដ្ឋចំនួន៧២០គ្រួសារ បានសម្រេចទទួលសំណង ហើយនៅសល់១២៦គ្រួសារទៀតមិនទាន់សម្រេចទទួលយកសំណង។ សំណងទាំងនោះ រួមមានការផ្តល់ផ្ទះទំហំ៨០ម៉ែត្រការ៉េ ដីលំនៅដ្ឋានទំហំ១.០០០ម៉ែត្រការ៉េ និងដីសម្រាប់បង្កបង្កើនផលទំហំ៥ហិកតា ដោយរដ្ឋាភិបាលសន្យាថា នឹងរៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធនិងសេវាសុខភាពសម្រាប់សហគមន៍ថ្មី។ ប្រជាពលរដ្ឋក៏អាចជ្រើសរើសសំណងជាទឹកប្រាក់ចំនួន៦ពាន់ដុល្លារ ប្រសិនបើពួកគេមិនចង់បានផ្ទះនិងដី។
ទោះជាយ៉ាងណា នៅក្នុងវេទិកានោះប្រជាពលរដ្ឋដែលមិនទាន់ទទួលសំណងលើកហេតុផលថាកន្លែងផ្លាស់ប្តូរថ្មីមិនដូចកន្លែងចាស់ដែលពួកគេកំពុងរស់នៅហើយពួកគេអះអាងថា កន្លែងចាស់នឹងមិនលិចទឹក ដូចការអះអាងរបស់រដ្ឋាភិបាលនោះទេ។
ប្រជាពលរដ្ឋរងគ្រោះនិងមិនទាន់សម្រេចទទួលសំណង អ្នកស្រី ណាត់ ស៊ូតា អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិស្រែគរ ក្នុងស្រុកសេសាន មានប្រសាសន៍ថា អ្នកស្រីមិនទទួលយកសំណង ដោយសារអ្នកស្រីគិតថាតំបន់ដែលកំពុងរស់នៅនឹងមិនលិចទឹកនោះទេ។
អ្នកស្រីបញ្ជាក់ថា៖ «អត់លិចទេ បើលិច កន្លែងដីសហគមន៍៤គីឡូដី ភូមថ្មី ក៏លិចដដែល ហើយដីកសិកម្មដែលចែកឲ្យ ក៏នៅតែ៤គីឡូដីមិនឆ្ងាយពីទន្លេនោះទេ។ ចុះអ៊ំចាស់ប៉ុណ្ណឹង អ៊ំធ្វើបានអត់ ហ្នឹងហើយបានអ៊ំមិនចង់ទៅទេ ពីព្រោះដីអ៊ំមានហើយ ស្រែអ៊ំមានហើយ តាំងពីដូនតាចែកឲ្យហើយ។ សូមរាជរដ្ឋាភិបាល សុំអភ័យទោសឲ្យខ្ញុំផង អាណិតខ្ញុំផង ក្នុងនាមប្រជាពលរដ្ឋកូនខ្មែរដូចគ្នា»។
ពលរដ្ឋម្នាក់ទៀត លោក ហ្វុត ឃឿន អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិស្រែគរ ឃុំស្រែគរ ស្រុកសេសាន មានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមិនទាន់ចាកចេញចង់ឃើញជាក់ស្តែងថាតើ តំបន់ពួកគេកំពុងរស់លិចទឹកឬយ៉ាងណា។
លោកមានប្រសាសន៍ថា៖ «ខ្ញុំសូមសំណូមពរអ្នកដែលមិនព្រមចាកចេញ ក៏មិនមែនថារឹងទទឹង ដោយសារគាត់មិនទាន់ឃើញលទ្ធផលអ្វីចេញជាផ្លែផ្កា។ បើសិនទឹកលិចមែន ឃើញទឹកលិចជាក់ស្តែងសិន អាហ្នឹងគាត់មើលឃើញនឹងភ្នែក»។
តំណាងមកពីក្រសួងរ៉ែនិងថាមពល លោក ប៉ាន់ ណារិទ្ធ ឆ្លើយតបថា រដ្ឋាភិបាលបានព្យាយាម សម្របសម្រួលជាមួយប្រជាពលរដ្ឋដែលមិនទាន់ទទួលសំណង។
លោកមានប្រសាសន៍ថា៖ «គាត់អត់ព្រមចេញហើយគាត់យកលេស អ្វីដែលគាត់បានលើកឡើងកាលពីកន្លងមក តាំងពីបីបួនឆ្នាំមុន។ ខ្ញុំខាងរដ្ឋាភិបាលខាងខេត្តខាងអី គឺគេចាំតែខាងគាត់ទេ បើគាត់មិនព្រម តើឲ្យខាងខ្ញុំធ្វើម៉េច? បើទៅដល់ផ្ទះគាត់ សុំគាត់ដើម្បីសហការកត់ត្រាទិន្នន័យផ្ទះគាត់អីគាត់ គាត់អត់ព្រម ឲ្យយើងស្រង់ទិន្នន័យផ្ទះគាត់ទេ»។
លោកបញ្ជាក់បន្ថែមថា៖ «ព្រោះទឹកវាត្រូវតែលិចហើយ ប៉ុន្តែគាត់នៅយ៉ាងម៉េច ឬមួយគាត់ថាគាត់ស៊ូស្លាប់ ប៉ុន្តែរដ្ឋាភិបាលមិនឲ្យគាត់ស្លាប់ទេ គឺត្រូវយកគាត់ចេញហើយ»។
អ្នកភូមិផ្សេងទៀតបានអះអាងថា សំណងដែលរដ្ឋាភិបាលផ្តល់ឲ្យជាថ្នូរនឹងការផ្លាស់ប្តូរទីតាំងថ្មីនោះមិនទាន់គ្រប់គ្រាន់សម្រាប់ប្រជាសហគមន៍ដើម្បីចាប់ផ្តើមជីវភាពជាថ្មីនោះទេ។
កាលពីឆ្នាំ២០០៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថាទំនប់វារីអគ្គិសនីសេសានក្រោម២នេះមិនមានបញ្ហាដល់ប្រជាជននោះទេ។
ទំនប់សេសានក្រោម២គឺជាគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីដ៏ធំជាងគេដំបូងបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលស្ថិតនៅតាមដងទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង។ ទំនប់នេះមានកម្ពស់៧៥ម៉ែត្រនិងមានបណ្តោយលាតសន្ធឹង៦គីឡូម៉ែត្រ។
ប្រជាជនមួយចំនួនដែលរស់នៅស្រុកសេសាន ខេត្តស្ទឹងត្រែង ដែលរងឥទ្ធិពលពីការធ្វើទំនប់វារីអគ្គិសនីសេសាននេះ និយាយថាផលនេសាទត្រីមានការធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារការសាងសង់ទំនប់វារីអគ្គិសនីនេះ។
លោក ណៅ ធួក ប្រធាននាយកដ្ឋានរដ្ឋបាលជលផលបញ្ជាក់ថា ការសិក្សាទំនប់វារីអគ្គិសនីនៅក្នុងខេត្តស្ទឹងត្រែងបង្ហាញថាត្រីជាង២០ភាគរយអាចរងការប៉ះពាល់៕