ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការពារ​ជាតិ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ខណៈ​រក​ឃើញ​​យោធា​ចាក់​វ៉ាក់​សាំង​​ហើយ​មាន​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងអំឡុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ក្រុមហ៊ុនរដ្ឋចិន Sinopharm នៅរាជធានីភ្នំពេញ ខែកុម្ភៈ ឆ្នាំ២០២១។ (ហ៊ាន សុជាតា/វីអូអេ)

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ​ទៀ បាញ់ ស្នើ​ឲ្យ​កង​ទ័ព​និង​ក្រុម​គ្រូ​ពេទ្យ​ទាហាន បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ ក្រោយ​រក​ឃើញមន្ត្រី​យោធា​មួយ​ចំនួន​ដែល​ទទួល​បាន​វ៉ាក់​សាំង​លើក​ទី​មួយនិង​លើក​ទីពីរ​រួច​ហើយ ប៉ុន្តែ​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ជំងឺ​កូវីដ​១៩​ នេះ។

ក្នុង​ខ្សែ​អាត់​សំឡេង​មួយ លោក​ឧបនាយក​រដ្ឋមន្ត្រី​ ទៀ បាញ់ មាន​ប្រសាសន៍​ថា ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​អស់​និង​ក្រុម​មន្ត្រី​សុខាភិបាល​ត្រូវ​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជានិច្ច​ នៅ​ពេល​សម្ភាស​អ្នក​ចាក់​វ៉ាក់​សាំង ​ឬ​ក៏​ប្រាស្រ័យ​ទាក់​ទង​ជាមួយ​អ្នក​ចាក់​វ៉ាក់​សាំង​រួច​ហើយ។

លោក​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​ហ្នឹង​គឺយើង​ឃើញ​ច្បាស់​ហើយ ដោយ​សារ​វា​រាល​ដាល​របៀប​ហ្នឹង​វា​មិន​រើស​មុខ​ទេ ​អ្នក​ដែល​ទទួល​វ៉ាក់​សាំង​ហើយ ​ក៏​វា​នៅ​តែ​ចូល​មក​បាន​ដែរ។ ​ដូច្នេះ​នៅ​តែ​ចូល​មក​រាត​ត្បាត​បាន​ដែរ ​ដូច្នេះ​គឺ​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​»។

លោក​បន្ថែម​ថា​៖ «ពេទ្យ​របស់​យើង​គឺត្រូវ​ការ​ពារ​ខ្លួន​ ព្រោះ​ឥឡូវ​ហ្នឹង​គឺ​វា​អ្នក​ដែល​មក​ចាក់​មក​ជុំទីមួយ​ហ្នឹង​ គឺ​ក៏​វា​មាននៅ​តែ​មាន​។ ហើយ​អ្នក​មក​ចាក់​ជុំ​ទីពីរ​នេះ ​ក៏​វា​មាន​ឆ្លង​ដែរ​ ហើយ​ឥឡូវ​ហ្នឹង​ឥឡូវ​ហ្នឹង ​គឺ​មាន​ឆ្លង​អ្នក​ចាក់​ជុំទី​ពីរ​ហើយ​មាន​ឆ្លង​ដែរ​។ ដូច្នេះ​គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ មិន​អាច​ធ្វេស​ប្រហែ​ស​បាន​ទេ គឺ​ត្រូវតែ​ប្រុង​ប្រយ័ត្ន​ក្នុង​ដំណើរ​ការ​ពារ​ចាប់​តាំង​ពី​សម្ភាសន៍​ រហូត​ដល់​ការ​ចាក់​ ហើយ​ពេទ្យ​របស់​យើង​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​មែន​ទែន​»។​

វីអូអេ ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយពី​លោក ​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិ​បាល​និង​លោក​ស្រី ឱ វណ្ណឌីន ​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បាន​ទេ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ជា​ធម្មតា មុន​ពេល​ចាក់​វ៉ាក់សាំង ប្រជាពលរដ្ឋ​កម្ពុជា​ត្រូវ​បាន​សួរ​នាំ​អំពី​បញ្ហាសុខ​ភាព​របស់​ពួក​គេ​ថា​មិន​មានជំងឺ​ធ្ងន់ធ្ងរ និង​រ៉ាំរៃ​នោះ​ទេ។ ប៉ុន្តែ​ពួកគេ​មិន​ត្រូវ​បានយក​សំណាក​ពិនិត្យ​ជា​មុន​ថា ​តើ​មានវីរុស​ជំងឺ​កូវីដ​១៩ មុន​ពេល​ចាក់​ឬ​យ៉ាងណា​នោះ​ទេ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាល​ពី​ថ្ងៃ​ច័ន្ទ លោក​ស្រី ឱ វណ្ណ​ឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល មាន​ប្រសាសន៍​ថា ​អ្នក​មាន​ផ្ទុក​វីរុស​ជំងឺ​កូវីដ​១៩​ ហើយ មិន​ចាំបាច់​ចាក់​វ៉ាក់​សាំង​នោះ​ទេ។

លោកស្រី​បញ្ជាក់​ថា៖ «ចុះ​បើ​មាន​កូវីដ​ហើយ​ទៅ​ចាក់​ធ្វើ​អី? ព្រោះ​អាហ្នឹង​ចាក់ ដើម្បី​ការពារ​កូវីដ។ ហើយ​ចុះ​បើ​កំពុង​មាន​កូវីដ​ទៅ​ចាក់​ធ្វើ​អី? វា​ត្រូវ​តែ​ព្យាបាល​កូវីដ​ហ្នឹង​ដើម្បី​ឲ្យ​ជា​សះស្បើយ វា​ត្រូវ​តែ​ព្យាបាល​កូវីដ​ហ្នឹង ដើម្បី​ឲ្យ​ជា​សះស្បើយ»។

លោកស្រីបន្ថែម​ថា​ បើ​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) អ្នក​ព្យាបាល​ជំងឺ​កូវីដ​រួច​ហើយ អាច​ទៅ​ចាក់វ៉ាក់សាំង​បាន​ក្នុង​រយៈ​ពេល ​៤ ​ទៅ​ ៦ ​ខែ។

បើ​តាម​លោកស្រី ឱ វណ្ឌឌីន វ៉ាក់​សាំង​ស៊ីណូហ្វាម​របស់​ចិន មាន​ប្រសិទ្ធភាព​ក្នុង​អត្រា ​៧៩%។

លោក ទឹម វរ៉ា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​សម្រប​សម្រួល​សកម្មភាព​សុខភាព​ លើក​ឡើង​ថា​ ក្រសួងនិង​ស្ថាប័ន​ពាក់​ព័ន្ធ​របស់​រដ្ឋាភិបាល​គួរផ្តល់​ការ​ពន្យល់​អំពី​ប្រសិទ្ធ​ភាព​របស់​វ៉ាក់​សាំង ​ដែលបាន​ផ្តល់​ជូន​មន្ត្រីយោ​ធា។

«បើ​សិន​ជា​មាន​ព័ត៌មាន​ចែក​ចាយ​ក្នុងបណ្តាញ​សង្គម​អ៊ីចឹង ​ខ្ញុំ​គិត​ថា​ ស្ថាប័ន​ពាក់​ព័ន្ធ​ហ្នឹង​គួរ​តែ​មាន​ពេល​វេលា​នៅ​ក្នុង​ការ​បក​ស្រាយ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​នៅ​ក្នុង​សហគមន៍​»។

​វីអូអេ​មិន​ទាន់​អាច​ទាក់​ទង​សុំការ​អធិប្បាយ​ពី​លោក​នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​បាន​ទេ ​នៅថ្ងៃ​ព្រហស្បតិ៍នេះ​ ទាំង​តាម​ប្រព័ន្ធទំនាក់​ទំនង​ Telegram ​និង​ទូរស័ព្ទ។

ចាប់​តាំង​ពី​ខែ​កុម្ភៈ កម្ពុជា​បាន​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​កូវីដ​១៩​ ឈ្មោះ​ស៊ីណូហ្វាម ដែល​ជា​ជំនួយ​មនុស្ស​ធម៌​របស់​រដ្ឋាភិបាល​ចិន ចំនួន ​៦០ ​ម៉ឺន​ដូស ដែល​អាច​ចាក់​មនុស្ស​ចំនួន​ ៣០ ​ម៉ឺន​នាក់។ កម្ពុជា​ក៏​កំពុង​ប្រើ​ប្រាស់​វ៉ាក់​សាំង​ Astra​Zeneca ​ចំនួន​ ៣២ ម៉ឺន ​៤ ពាន់​ដូស ក្រោម​ក្រប​ខណ្ឌ​កូវ៉ាក់​(Covax) ដែល​ជា​យន្ត​ការ​របស់​អង្គការ​សុខភាព​ពិភព​លោក។

គិត​ត្រឹម​ថ្ងៃ​ទី​ ១៧ ខែ​មីនា ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​ចាក់​វ៉ាក់​សាំង​ស៊ីណូហ្វាម​របស់​ចិន​ដល់​កង​កម្លាំង​កម្ពុជា​ប្រមាណ​ ១១ ​ម៉ឺន​នាក់ ដែល​ជា​ក្រុម​អាទិភាព​ក្នុង​ការ​ទទួល​បាន​វ៉ាក់សាំង៕

XS
SM
MD
LG