លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញបញ្ជាឲ្យបង្កើនល្បឿនចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបង្កើត«ផែនការមេ»មួយ ខណៈវ៉ាក់សាំងចិន១លាន៥សែនដូស នឹងមកដល់កម្ពុជាក្នុងពេលខាងមុខនេះ។ នេះបើយោងតាមសារជាសំឡេងដែលត្រូវបានផ្សព្វផ្សាយ កាលពីថ្ងៃអង្គារ។
លោក ហ៊ុន សែន បានឲ្យដឹងថារដ្ឋាភិបាលមានគម្រោងចាក់វ៉ាក់សាំងដល់ប្រជាជនកម្ពុជា ចន្លោះពី១០លានទៅ១៣លាននាក់នៃប្រជាជនសរុបជាង១៦លាននាក់។ លោកបន្ថែមថាវ៉ាក់សាំងស៊ីណូវ៉ាក់(Sinovac)របស់ក្រុមហ៊ុនចិនក្នុងទីក្រុងប៉េកាំង ចំនួន១លាន៥សែនដូស នឹងមកដល់កម្ពុជាក្នុងពេលឆាប់ៗខាងមុខ ហើយរដ្ឋាភិបាលរបស់លោក ក៏បានបញ្ជាទិញវ៉ាក់សាំងផ្សេងៗទៀតផងដែរ ក្នុងនោះមានវ៉ាក់សាំងអាមេរិក ឈ្មោះJohnson & Johnson។
លោក ហ៊ុន សែន ក៏បានបង្កើតគណៈកម្មការចំពោះកិច្ចមួយ ដែលតែងតាំងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរបស់ក្រសួងសុខាភិបាល ជាប្រធានគណៈកម្មការនេះ។ លោកក៏បានបញ្ជាឲ្យរៀបចំ«ផែនការមេ»មួយឲ្យបានច្បាស់លាស់សម្រាប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។
លោកមានប្រសាសន៍ថា៖«វ៉ាក់សាំងដែលនឹងមកដល់នៅពេលខាងមុខ ដែលក្នុងគម្រោងអាចនឹងមកដល់១លាន៥សែនដូស ហើយនិងអាចលើសពីនោះថែមទៀតនោះ ក៏ត្រូវរៀបចំផែនការឲ្យបានច្បាស់តម្រង់ទៅទិសណា ហើយកម្លាំងពេទ្យដែលត្រូវចាក់ ត្រូវបណ្តុះបណ្តាលយ៉ាងណា ទីកន្លែងរបៀបណា ត្រូវរៀបចំផែនការមេជាក់លាក់ ដើម្បីដំណើរការឲ្យបានល្អ»។
បើតាមលោក ហ៊ុន សែន វ៉ាក់សាំងទាំងនេះ សម្រាប់ក្រុមអាទិភាពបន្តដែលលោកថាមានគ្រូបង្រៀនដែលស្ថិតក្នុងតំបន់ហានិភ័យ អ្នកធ្វើការក្នុងផ្នែកពន្ធដារ គយ អគ្គិសនី រដ្ឋាករទឹក កម្មករប្រមូលសំរាម សហជីព បេឡាជាតិសន្តិសុខសង្គម និងផ្នែកដោះមីនជាដើម។
លោក ហ៊ុន សែន ក៏បានបញ្ជាឲ្យចាក់វ៉ាក់សាំងនេះឲ្យបានលឿន ខណៈកម្ពុជាកំពុងប្រឈមការឆ្លងសហគមន៍ទ្រង់ទ្រាយធំ ដែលមានមនុស្សឆ្លងជិត១ពាន់នាក់ ចាប់តាំងពីថ្ងៃទី២០ ខែកុម្ភៈ។
លោកបន្ថែមថា៖ «អញ្ចឹងត្រូវរៀបចំយន្តការ ហើយប្រើប្រាស់កម្លាំងសរុបឲ្យអស់លទ្ធភាព ដើម្បីជំរុញការចាក់វ៉ាក់សាំង ក្នុងល្បឿនមួយលឿន ដើម្បីកុំឲ្យវ៉ាក់សាំងហួសឌឺឡេ និងឲ្យវ៉ាក់សាំងដែលយើងទទួលបានទៅដល់ប្រជាជនឲ្យបានឆាប់ ដើម្បីរួមចំណែកទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩»។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ(IDEA)ជំរុញឲ្យផ្តល់អាទិភាពលើក្រុមអ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអ្នករត់ម៉ូតូឌុប រ៉ឺម៉ក និងអ្នករើសអេតចាយ ជាដើម ដែលលោកថាពួកគាត់ត្រូវធ្វើដំណើរចេញទៅក្រៅ ដើម្បីរកចំណូល។ លោកក៏ជំរុញឲ្យមានការបែងចែកវ៉ាក់សាំងឲ្យមានសមធម៌ និងយុត្តិធម៌ផងដែរ។ លោកបន្តថាប្រជាពលរដ្ឋចង់បានវ៉ាក់សាំងដែលមានគុណភាព ទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក(WHO)។
លោកមានប្រសាសន៍ថា៖ «មិនទាល់ថាអ្នកធំ គេចាក់អាល្អ។ អ្នកមិនមែនអ្នកធំ អ្នកអីអញ្ចឹងទៅ គេឲ្យអាវ៉ាក់សាំងដែលមិនទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក។ អញ្ចឹងយើងចង់ឲ្យការបែងចែកវ៉ាក់សាំងនេះប្រកបដោយភាពស្មើៗគ្នា និងមានគុណភាពដូចៗគ្នា»។
ចាប់តាំងពីខែកុម្ភៈ កម្ពុជាបានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយមនុស្សធម៌របស់រដ្ឋាភិបាលចិន ចំនួន៦០ម៉ឺនដូស ដែលអាចចាក់មនុស្សចំនួន៣០ម៉ឺននាក់។ កម្ពុជាក៏កំពុងប្រើប្រាស់វ៉ាក់សាំង AstraZeneca ចំនួន ៣២.៤០០០ដូស ក្រោមក្របខណ្ឌកូវ៉ាក់(Covax) ដែលជាយន្តការរបស់អង្គការសុខភាពពិភពលោក។
បើតាមលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ក្រោមគម្រោងកូវ៉ាក់ វ៉ាក់សាំង១លាន១សែនដូស នឹងត្រូវផ្តល់មកឲ្យកម្ពុជាជាដំណាក់កាល ដែលកម្ពុជាទទួលបានជាង៣២ម៉ឺនដូសរួចហើយកាលពីដើមខែមីនា ហើយនៅសល់ផ្សេងទៀត មានការសន្យាថានឹងបញ្ជូនមកកម្ពុជា ឲ្យបានត្រឹមខែមិថុនា ឆ្នាំ២០២១។
លោកស្រី លឹម សូលីន នាយិកាអង្គការ Oxfam ប្រចាំកម្ពុជា បានថ្លែងក្នុងកម្មវិធីHello VOAកាលពីសប្តាហ៍មុនថាលើពិភពលោកកំពុងប្រឈមនឹងកង្វះវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូច្នេះត្រូវមានការបែងចែកវ៉ាក់សាំងដោយសមធម៌ផងដែរដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលមិនអាចផលិតវ៉ាក់សាំងបាន ដូចកម្ពុជាផងដែរ។
លោកស្រីបន្តថារដ្ឋាភិបាលក្នុងពិភពលោកក៏ត្រូវជំរុញទឹកចិត្តដល់ក្រុមហ៊ុនផលិតវ៉ាក់សាំង ឲ្យផ្តល់វ៉ាក់សាំងដល់ប្រទេសផ្សេងៗដោយសមធម៌ ហើយកុំដាក់រូបមន្តនៃការផលិតវ៉ាក់សាំងនេះ ជាកម្មសិទ្ធិបញ្ញា។
លោកស្រីបញ្ជាក់ថា៖ «បើសិនជាប្រជាជនកម្ពុជាយើង ក៏ដូចជាប្រជាជនទូទាំងពិភពលោក មិនបានទទួលវ៉ាក់សាំងឲ្យបានទាំងអស់គ្នាទេ ជីវិតអត់អាចត្រឡប់ទៅដូចដើមវិញបានទេ។ កាលណាជីវិតអត់អាចត្រឡប់ទៅដូចដើម សេដ្ឋកិច្ច ក៏មិនអាចត្រឡប់ទៅដូចដើមវិញដែរ»។
កាលពីកន្លងទៅ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាវ៉ាក់សាំង AstraZeneca គឺសម្រាប់ក្រុមពលរដ្ឋអាទិភាព ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងតែប៉ុណ្ណោះ។ លោកបន្ថែមថា អ្នកដែលមានអាយុក្រោម៦០ឆ្នាំត្រូវចាក់វ៉ាក់សាំងរបស់ចិនឈ្មោះស៊ីណូហ្វាម(Sinopharm)។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃច័ន្ទ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថាកម្ពុជាកំពុងតែពិចារណាទិញវ៉ាក់សាំងបន្ថែមពីក្រៅប្រទេស ដោយប្រើថវិកាដែលប្រមូលបានពីសប្បុរសជន មានអ្នកជំនួញ និងឧកញ៉ារកស៊ីធំៗ ដែលមានប្រមាណ៥០លានដុល្លារអាមេរិករហូតមកដល់ថ្ងៃទី១៧ ខែមីនានេះ៕