ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្ស ៣៥ នាក់ទៀត បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ «២០ កុម្ភៈ» ដែលធ្វើឲ្យករណីឆ្លងសរុប បានកើនដល់ ១.០២៥ នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ឲ្យដឹងថា មនុស្ស ៣៥ នាក់នោះ ភាគច្រើនជាជនជាតិខ្មែរនិងវៀតណាម ក្នុងនោះ ២១ នាក់ នៅក្នុងស្រុកកោះធំ ខេត្តកណ្តាល និង ១៤ នាក់ នៅរាជធានីភ្នំពេញ។ ក្រសួងសុខាភិបាលឲ្យដឹងទៀតថា មនុស្សជាង ៥០ នាក់ ដែលឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ បានជាសះស្បើយពីជំងឺកូវីដ១៩។
ចាប់តាំងពីផ្ទុះការឆ្លងក្នុងសហគមន៍កាលពីថ្ងៃទី ២០ ខែកុម្ភៈ កម្ពុជារកឃើញករណីឆ្លងថ្មីជារៀងរាល់ថ្ងៃ ដែលមានអ្នកឆ្លងរហូតដល់ទៅ ១០៥ នាក់ កាលពីថ្ងៃអង្គារ និងនៅថ្ងៃពុធ អ្នកឆ្លង៧៥នាក់ ដែលជាករណីឆ្លងខ្ពស់ខ្លាំងក្នុងមួយថ្ងៃ។
បើតាមក្រសួងសុខាភិបាល ករណីឆ្លងសរុបទាំងការឆ្លងពីដំបូងនិងឆ្លងសហគមន៍ក្នុងប្រទេសកម្ពុជាមានចំនួន ១.៥៤១ នាក់ គិតចាប់ពីថ្ងៃឆ្លងជំងឺកូវីដ១៩ លើកដំបូងក្នុងប្រទេស រហូតមកដល់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២១ នេះ។ កម្ពុជាមានករណីស្លាប់ម្នាក់ដោយជំងឺកូវីដ១៩ ដែលបានកើតឡើងលើបុរសជនជាតិខ្មែរ អាយុ៥០ឆ្នាំ៕