ខែសីហា ឆ្នាំ២០២១ គឺជាពេលដែលកញ្ញា ឃុន ស្រីនី បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ដោយរំពឹងថានឹងអាចស្វែងរកការងារធ្វើជាគ្រូបង្រៀនផ្នែកគីមីវិទ្យា ឬអាចធ្វើការងារនៅស្ថាប័នរដ្ឋ ឬឯកជន ក្រោយខ្លួនបញ្ចប់បរិញ្ញាបត្រផ្នែកគីមីវិទ្យា ដែលបានសិក្សាអស់រយៈពេលបួនឆ្នាំកន្លងមក។ ប៉ុន្តែការរាតត្បាតជំងឺកូវីដ១៩ បានធ្វើឲ្យនិស្សិតវ័យ ២៣ឆ្នាំរូបនេះ នៅតែមិនអាចរកការងារបានធ្វើ បន្ទាប់ពីដាក់ពាក្យស្នើសុំការងារពាក់ព័ន្ធនឹងមុខវិជ្ជាគីមីវិទ្យានេះប្រមាណជា ១០កន្លែងរួចមក។
អង្គុយមុខកុំព្យូទ័រយួរដៃបណ្តើរ ស្វែងរកមើលព័ត៌មានអំពីការរើសបុគ្គលិកលើបណ្តាញអ៊ីនធឺណិតបណ្តើរ ស្រីនី បញ្ជាក់ថា៖
«កូវីដអ៊ីចឹងសាលាបិទ សាលាបិទទៅគេអត់ត្រូវការរើសគ្រូ ដើម្បីទៅបង្រៀនទេ ព្រោះអីគ្រូមានក្នុងហ្នឹងហើយ។ ហើយណាមួយ គឺគេបង្រៀនតាមអនឡាញ។ អ៊ីចឹងបុគ្គលិកគេអត់មានរើសបន្ថែមទេ គឺមានតែបន្ថយបុគ្គលិកដោយសារតែអត់សូវមានចំណូល»។
មានស្រុកកំណើតនៅខេត្តតាកែវ និស្សិតដែលទើបបញ្ចប់ការសិក្សាផ្នែកគីមីវិទ្យា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះប្រាប់ VOA បន្ថែម កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅថា មុខវិជ្ជាគីមីវិទ្យាដែលកញ្ញារៀន ជាមុខវិជ្ជាដែលងាយស្រួលរកការងារធ្វើ។ ប៉ុន្តែក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ កញ្ញាបែរជាមិនអាចរកការងារធ្វើបានទៅវិញ។
កញ្ញា ឃុន ស្រីនី បានប្រាប់ VOA ថា៖ «ខ្ញុំថា បើសិនជារៀនចប់ ខ្ញុំនឹងរកការងារដែលត្រូវជំនាញរបស់ខ្ញុំ ដើម្បីយកទៅចែករំលែកបទពិសោធន៍ដែលរៀនពីសាកលទាំងប៉ុន្មាន ចំណេះដឹងដែលយើងមាន បានរៀនរយៈពេលបួនឆ្នាំហ្នឹង ទៅប្អូនៗជំនាន់ក្រោយ សិស្សានុសិស្សជំនាន់ក្រោយ។ ប៉ុន្តែអ្វីដែលខ្ញុំរំពឹង វាបានខកឡើងប៉ុន្មានអាទិត្យ»។
ស្រីនី បន្ថែមថា ប្រសិនបើជំងឺកូវីដ១៩ នេះ នៅតែបន្តអូសបន្លាយ នោះកញ្ញានឹងត្រូវខាតពេលវេលា ហើយអនាគតការងាររបស់កញ្ញានឹងកាន់តែលំបាក។
ស្រីនី បានថ្លែងថា៖ «ប៉ះពាល់ច្រើន។ លក្ខណៈថាយើងចប់ [រៀន] ហើយ យើងរកការងារអត់ទាន់បាន ហើយទៅស្រុកវិញក៏យើងមិនហ៊ានទៅ។ យើងចប់ [រៀន]ហើយយើងអត់ទាន់មានការងារធ្វើអ៊ីចឹងខ្លាចអ្នកស្រុកអីគាត់និយាយ អ្នកភូមិអីគាត់និយាយថា រៀនចប់បរិញ្ញាបត្រហើយមកផ្ទះ មកធ្វើស្រែអីអ៊ីចឹងទៅ»។
ចាប់តាំងពីមានការរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍នាដើមឆ្នាំ ២០២១ មក កម្ពុជាទទួលរងផលប៉ះពាល់ស្ទើគ្រប់វិស័យ ដោយសារអាជីវកម្ម និងក្រុមហ៊ុនជាច្រើនត្រូវបានបិទទ្វារ ហើយសាលារៀនទូទាំងប្រទេសត្រូវបិទជាបណ្តោះអាសន្នជាច្រើនលើក។ ការណ៍នេះធ្វើឲ្យនិស្សិតរាប់ពាន់នាក់ដែលបញ្ចប់ការសិក្សាដូច ស្រីនី ត្រូវប្រឈមនឹងការពិបាកស្វែងរកការងារធ្វើ។
កញ្ញា ញឹម បុប្ផា គឺជានិស្សិតទើបបញ្ចប់បរិញ្ញាបត្រផ្នែកទេសចរណ៍ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កញ្ញាបានប្រាប់ VOA ថា វិស័យទេសចរណ៍ជាវិស័យដែលសម្បូរទីផ្សារការងារសម្រាប់កម្ពុជា។ ក្នុងពេលកំពុងរៀន បុប្ផា តែងមានបំណងធ្វើជាអ្នកនាំទេសចរណ៍ដើរកម្សាន្តក្នុងនិងក្រៅប្រទេស ព្រមទាំងចង់បើកក្រុមហ៊ុនដែលពាក់ព័ន្ធនឹងទេសចរណ៍មួយដោយខ្លួនឯង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ១៩ បុប្ផា បាត់បង់ឱកាសការងារក្នុងផ្នែកកក់សំបុត្រយន្តហោះដែល បុប្ផា ប៉ងតាំងពីរៀនឆ្នាំទី ២ មក។
កញ្ញា ញឹម បុប្ផា បានថ្លែងថា៖ «អង្កាល់ខ្ញុំរៀនឆ្នាំទី២ apply [ស្នើ] ទៅអត់ជាប់ទេ ដោយសារខ្ញុំអត់មានពេលធ្វើ full time [ពេញម៉ោង] ឲ្យគេ។ អ៊ីចឹង អត់បានការងារទេ។ ហើយខាងក្រុមហ៊ុនក៏បានប្រាប់ដែរថា ចាំដល់ឆ្នាំទី ៣ អីទៅខ្ញុំអាចមានពេល full time ធ្វើឲ្យពួកគាត់បាន។ ដល់ពេលហើយទៅកូវីដផ្ទុះ កូវីដផ្ទុះអ៊ីចឹងទៅក្រុមហ៊ុនហ្នឹង ក៏គេបិទទ្វារអីអ៊ីចឹងទៅ។ អត់មានការងារធ្វើបន្តទៀតមក»។
និស្សិតដែលទើបបញ្ចប់បរិញ្ញាបត្រផ្នែកទេសចរណ៍វ័យ ២៤ឆ្នាំរូបនេះ បន្ថែមថា អស់រយៈពេលជិតពីរឆ្នាំមកហើយ ដែលនាង ក៏ដូចជានិស្សិតផ្សេងទៀតដែលសិក្សាផ្នែកទេសចរណ៍ មិនអាចស្វែងរកការងារធ្វើក្នុងវិស័យនេះបាន ដោយសារក្រុមហ៊ុនជាច្រើនត្រូវបិទទ្វារ ហើយអ្នកទេសចរណ៍អន្តរជាតិក៏មិនអាចធ្វើដំណើរមកកម្សាន្តនៅកម្ពុជា ដូចមុនផងដែរ។ ទោះជាយ៉ាងណាក្តី បុប្ផា ថា នាងបាននិងកំពុងស្វែងរកការងារផ្សេងដែលអាចធ្វើបាន ដើម្បីទប់ទល់ជីវភាពដែលកំពុងប្រឈមនឹងបញ្ហាជាបណ្តោះអាសន្ន។
ក្រៅពីបង្កជាឧបសគ្គដល់និស្សិតក្នុងការស្វែងរកការងារធ្វើ វិបត្តិជំងឺកូវីដ១៩ ក៏រារាំងមិនឲ្យនិស្សិតដែលកំពុងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ស្វែងរកឱកាសហាត់ការដែលផ្តល់ជាបទពិសោធន៍ដល់ពួកគេផងដែរ។
និស្សិតដែលទើបបញ្ចប់ការសិក្សាផ្នែកសំណង់ស៊ីវិលនៅសាកលវិទ្យាល័យផារ៉ាហ្គន លោក ស៊្រី រដ្ឋា បានប្រាប់ VOA ថា ក្រោយបញ្ចប់បរិញ្ញាបត្រផ្នែកសំណង់កាលពីខែកក្កដាកន្លងទៅ អស់រយៈពេលជាងពីរខែមកហើយ លោកមិនទាន់អាចរកការងារបានធ្វើនៅឡើយ។
រដ្ឋាដែលមានវ័យ ២២ឆ្នាំ បានលើកឡើងបន្ថែមថា ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ មក ការស្វែងរកការងារធ្វើរបស់និស្សិតដែលទើបបញ្ចប់បរិញ្ញាបត្រផ្នែកសំណង់ស៊ីវិល ដូចជាលោក មានភាពលំបាកខ្លាំង ដោយសារតែនិស្សិតបាត់បង់ឱកាសហាត់ការ ដើម្បីស្វែងរកបទពិសោធន៍ការងារ ចំណែកក្រុមហ៊ុនជាច្រើនត្រូវកាត់បុគ្គលិក ក្រុមហ៊ុនខ្លះពន្យារគម្រោងសាងសង់ជាដើម។
«នៅក្នុង company [ក្រុមហ៊ុន] ឬក៏ organization [ស្ថាប័ន] គាត់កាត់បន្ថយចំនួនបុគ្គលិកធ្វើការនៅក្រុមហ៊ុន ៥០ភាគរយ។ អ៊ីចឹង ៥០ភាគរយ គាត់ធ្វើការក្នុង office [ការិយាល័យ] ៥០ភាគរយទៀតwork from home [ធ្វើការពីផ្ទះ]។ អ៊ីចឹងនៅពេលដែលយើងជាសិស្សទើបតែចប់ យើងចូលទៅ organization [ស្ថាប័ន] ហ្នឹង គាត់ត្រូវការ train [បណ្តុះបណ្តាល]។ យើងឲ្យបានពេញលេញដើម្បីអាចឲ្យយើងធ្វើការងារបាន។ អ៊ីចឹងទៅគាត់ត្រូវវែកញែកថា គាត់ត្រូវ hire [ជួល] បុគ្គលិកប៉ុន្មានអីប៉ុន្មាន។ អ៊ីចឹងចំនួនកូតារបស់ក្រុមហ៊ុនមួយៗ ក៏ធ្លាក់ចុះដែរ។ អ៊ីចឹងវាអាចធ្វើឲ្យយើងពិបាករកការងារ»។
ក្រុមនិស្សិតដែលពិបាកក្នុងការស្វែងរកការងារអំឡុងការរីករាលដាលជំងឺកូវីដ១៩ ទាំងនោះចង់ឲ្យស្ថាប័នពាក់ព័ន្ធជួយសម្រួលដល់ការស្វែងរកការងាររបស់ពួកគេ និងនិស្សិតផ្សេងទៀត តាមរយៈការបង្កើតកម្មវិធីបណ្តុះបណ្តាល និងតម្រង់ទិសការងារ ដើម្បីឲ្យពួកគេអាចទទួលបានឱកាសការងារទូលាយជាងនេះ។
លោក ស្រ៊ី រដ្ឋា លើកឡើងថា៖ «ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងអស់ហ្នឹង គាត់អាចបង្កើតជាកម្មវិធីមួយ ដើម្បីជួយតម្រង់ទិសដល់សិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សា ទាក់ទងជាមួយនឹងមុខវិជ្ជាផ្សេងៗ ដែលគាត់អាចធ្វើការបាន។ ឧទាហរណ៍ថា ក្នុងសំណង់ស៊ីវិល វាអាចមាន គាត់ធ្វើទៅជា site engineer [វិស្វករផ្នែកបច្ចេកវិទ្យា] ឬក៏គាត់អាចជាអ្នក designer [អ្នករចនា] ក្នុង office ឬក៏គាត់អាចជា quantity surveyor [អ្នកគណនាគ្រឿងសំណង់] និងមានការងារផ្សេងៗទៀតដែលគាត់អាចធ្វើបាន»។
វិបត្តិជំងឺកូវីដ និងការបោះបង់ចោលការសិក្សា
និស្សិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រក្នុងឆ្នាំសិក្សា ២០១៩-២០២០ មានចំនួន ៣២,៦៤០នាក់ ថយចុះចំនួន ១៥,៦៧ ភាគរយ បើធៀបនឹងឆ្នាំសិក្សា ២០១៨-២០១៩ ដែលមានចំនួន ៣៨,៧០៩នាក់។ ចំណែកគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេសមានចំនួន ១២៨។ នេះបើតាមរបាយការណ៍សន្និបាតរបស់ក្រសួងអប់រំ ចេញផ្សាយកាលពីខែមេសា ឆ្នាំ២០២១។
ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ១៩ សាលារៀនគ្រប់កម្រិត ទាំងរដ្ឋនិងឯកជនតម្រូវឲ្យផ្លាស់ប្តូរការបង្រៀនពីក្នុងថ្នាក់ផ្ទាល់ ទៅជារៀនពីចម្ងាយ ឬអនឡាញវិញ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺផ្លូវដង្ហើមមួយនេះ។
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងជានាយកវិទ្យាស្ថានវ៉ាន់ដា ប្រាប់ VOA ថា ក្នុងអំឡុងការរាតត្បាតជំងឺកូវីដ១៩ និស្សិតនៅវិទ្យាស្ថានរបស់លោក ប្រមាណជា ៤០ភាគរយ បានបោះបង់ការសិក្សា។
លោក ហេង វ៉ាន់ដា បានថ្លែងថា៖ «ពួកគាត់អត់មានអ៊ីនធឺណិត។ ណាមួយដោយសារកត្តាសេដ្ឋកិច្ចផងព្រោះនិស្សិតភាគច្រើនតែ ចូលឆ្នាំទី ២ ទី ៣ ទី ៤ រៀនបណ្តើរ ធ្វើការបណ្តើរ ហើយមិនមែនរៀនសុទ្ធទេ។ ៨០ ទៅ៩០ភាគរយហើយ រៀនបណ្តើរ ធ្វើការបណ្តើរ។ អ៊ីចឹងដល់ពេលក្រុមហ៊ុនក្រុមអីបិទទ្វារដោយសារវិបត្តិសេដ្ឋកិច្ចផង ណាមួយក្រុមហ៊ុននានាកាត់ប្រាក់ខែផង យើងឃើញគាត់ទៅស្រុកវិញ ណាមួយចូលធ្វើកម្មករចូលអីទៅ»។
លោកបន្តថា គ្រឹះស្ថានឧត្តមសិក្សាជាច្រើន រួមទាំងវិទ្យាស្ថានរបស់លោកផង មិនអាចមានលទ្ធភាពជួយនិស្សិតក្នុងអំឡុងវិបត្តិជំងឺផ្លូវឲ្យដង្ហើមនេះបានទេ ដោយសារគ្រឹះស្ថានឧត្តមសិក្សាទាំងនោះក៏កំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចផ្ទាល់ខ្លួន ដែលពិបាកនឹងដោះស្រាយផងដែរ។
នាយកវិទ្យាស្ថានវ៉ាន់ដារូបនេះបានបន្ថែមថា៖ «និស្សិតរឿងមួយ ប៉ុន្តែវិបត្តិសាលានេះរឿងចង់ធំជាងនិស្សិតរាប់រយដងវាមានវិបត្តិធ្វើម៉េច? ឮសូរមួយៗ សួររកតែនិស្សិតគុណភាព ហើយបានគុណភាពឯណាលោកម្ចាស់ បើសាលាចង់ងាប់ដែរហើយហ្នឹង។ មានលុយឯណាទៀតពីរឆ្នាំហ្នឹង មិនមែនធម្មតាឯណា»។
កម្ពុជាធ្លាប់ជាប្រទេសដែលមានសេដ្ឋកិច្ចកើនឡើងជាមធ្យមប្រមាណជាជាង ៧ភាគរយ ចន្លោះពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០១៩ ដែលធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសមួយមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតលើពិភពលោក។ ប៉ុន្តែការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២០ ដោយសារមានផលប៉ះពាល់ធ្ងន់ធ្ងរលើវិស័យសំខាន់ៗរបស់កម្ពុជា ដូចជាវិស័យទេសចរណ៍ ការនាំចេញផលិតផលកាត់ដេរ និងសំណង់ជាដើម។ ការណ៍នេះធ្វើឲ្យសេដ្ឋកិច្ចនៅឆ្នាំ ២០២០ មានកំណើនអវិជ្ជមាន -៣.១ ភាគរយ ដែលជាការធ្លាក់ចុះយ៉ាងគំហុកបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជានាពេលថ្មីៗនេះ។
លោក ត្រេង ពិសិដ្ឋ អ្នកគ្រប់គ្រងផ្នែកប្រតិបត្តិនៃគេហទំព័របងធំ (Bongthong.com) ដែលជាគេហទំព័រផ្សព្វផ្សាយអំពីការប្រកាសជ្រើសរើសបុគ្គលិកនៅកម្ពុជាប្រាប់ VOA ថា ក្នុងអំឡុងនៃការរីករាលដាលជំងឺកូវីដ១៩ រយៈពេលប្រមាណជាជិតពីរឆ្នាំនេះ ការប្រកាសជ្រើសរើសបុគ្គលិកលើគេហទំព័របងធំ ធ្លាក់ចុះប្រមាណជា ៧៥ភាគរយ។ លោកបន្តថា ការប្រកាសរើសការងារក្នុងវិស័យទេសចរណ៍ អប់រំនិងការសាងសង់មានការធ្លាក់ចុះខ្លាំងជាងគេ ដោយសារវិស័យទាំងនេះតម្រូវឲ្យមានការជួបជុំគ្នាច្រើន។
លោក ត្រេង ពិសិដ្ឋ បានថ្លែងប្រាប់ VOA ថា៖ «កូវីដគឺធ្វើឲ្យពិបាកហើយនៅក្នុងវិស័យអស់ទាំងហ្នឹង ចង់និយាយថា បង្អាក់នូវការជួបជុំគ្នា ហើយបើមានការ lockdown [បិទខ្ទប់] ផ្សេងៗ។ បើសិននិយាយពី tourist [អ្នកទេសចរ] ពីសំណាក់ប្រទេសផ្សេងៗ ទេសចរណ៍គាត់អត់ចូលក្នុងស្រុកយើង សូម្បីតែយើងក៏ចេញទៅខាងក្រៅអត់កើតអ៊ីចឹង»។
លោក ត្រេង ពិសិដ្ឋ បន្ថែមថា បើយោងតាមស្ថានភាពការរាលដាលជំងឺកូវីដ១៩ នៅកម្ពុជាក្នុងពេលបច្ចុប្បន្នលោករំពឹងថា ការប្រកាសរើសបុគ្គលិកអាចនឹងមានភាពប្រសើរឡើងវិញបន្តិចនៅឆ្នាំក្រោយ។
បើតាមរបាយការណ៍ដែលផ្សព្វផ្សាយរួមគ្នាដោយអង្គការពលកម្មអន្តរជាតិ (ILO) និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថាក្នុងឆ្នាំ ២០២០ យុវជនបាត់បង់ការងារចំនួនប្រមាណជា ២៥៥,០០០ ស្មើនឹងប្រមាណជា ១៣.១% ខណៈកាលពីឆ្នាំ ២០១៩ យុវជនបាត់បង់ការងារត្រឹមតែ ១.១ភាគរយប៉ុណ្ណោះ។
លោក ង៉ែត ជូ អ្នកវិភាគសេដ្ឋកិច្ចលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសមួយត្រូវពឹងផ្អែកលើចំណូលរបស់ប្រជាពលរដ្ឋដែលបានមកពីការផលិត ការវិនិយោគ និងការបង្កើតការងារថ្មីៗជាដើម។ លោកថា ប្រសិនបើយុវជនដែលទើបបញ្ចប់បរិញ្ញាបត្រជាច្រើនពាន់នាក់មិនមានការងារធ្វើ នោះនឹងធ្វើឲ្យខាតបង់ពេលវេលានៃការស្វែងរកចំណូលរបស់ពួកគេ ប៉ះពាល់ដល់ជីវភាពគ្រួសារ និងប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេស។
«យើងអាចប៉ាន់ប្រមាណថា អ្នកដែលចាប់ផ្តើមធ្វើការដំបូងដែលចប់បរិញ្ញាបត្រហ្នឹង គឺអាចបានចំណូល ២៥០-៣០០ដុល្លារ។ អ៊ីចឹងក្នុងមួយឆ្នាំ បើសិនណាជា ២៥០ដុល្លារ ទៅចុះក្នុងមួយឆ្នាំ។ អ៊ីចឹងគាត់បាត់បង់ឱកាសរកចំណូលហ្នឹងបីពាន់ដុល្លារបាត់ហើយ»។
លោក ង៉ែត ជូ បន្ថែមថា បើតាមការប៉ាន់ស្មានរបស់លោក ការអាចវិលត្រឡប់វិញនូវស្ថានភាពទេសចរណ៍ដែលប៉ះពាល់ដោយសារជំងឺកូវីដ១៩ យ៉ាងហោចណាស់ត្រូវការរយៈពេល ៥ឆ្នាំទៀត។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះបន្ថែមថា ដើម្បីសម្រួលបញ្ហាប្រឈមរបស់និស្សិតទើបបញ្ចប់ការសិក្សាមិនមានការងារធ្វើ រដ្ឋាភិបាលនិងវិស័យឯកជនអាចគាំទ្រគ្នាទៅវិញទៅមក ដោយសម្រួលមិនឲ្យមានការកាត់បុគ្គលិក។ ចំណែកយុវជនមួយចំនួនដែលមានលទ្ធភាពបង្កើតអាជីវកម្ម ឬធ្វើកសិកម្មខ្លួនឯង គួរតែចាប់ផ្តើមធ្វើ ដូចជាការដាំបន្លែលើដីដែលមានស្រាប់ ដើម្បីសម្រួលជីវភាពជាដើម។
VOA បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ តែលោកមិនព្រមឆ្លើយតប។ លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំក៏មិនឆ្លើយតបនឹងសំណួររបស់ VOA ពាក់ព័ន្ធនឹងការលើកឡើងរបស់និស្សិតបញ្ចប់បរិញ្ញាបត្រដែលមិនអាចរកការងារធ្វើបាន ក្នុងអំឡុងការរីករាលដាលជំងឺកូវីដ១៩ដោយលោកគ្រាន់តែផ្ញើឯកសារស្តីអំពីយុទ្ធសាស្រ្តកំណែទម្រង់វិស័យអប់រំយុវជន និងកីឡា ២០១៨-២០២៣ ដែលចេញនៅខែវិច្ឆិកា ឆ្នាំ២០១៨។
បើទោះបីជាជំងឺកូវីដ១៩ នៅតែបន្តរាតត្បាតក្នុងប្រទេសកម្ពុជាដោយមិនទាន់ដឹងថាអាចមានភាពស្រាកស្រាន្តពេលណា ក៏កញ្ញា ញឹម បុប្ផា ដែលទើបបញ្ចប់បរិញ្ញាបត្រផ្នែកទេសចរណ៍នៅតែមិនបោះបង់សុបិន ដែលចង់ចាប់អាជីពផ្នែកឧស្សាហកម្មអត់ផ្សែងមួយនេះ បើទោះជាត្រូវចាំរយៈពេលប្រាំឆ្នាំក៏ដោយ។
«ខ្ញុំរំពឹងថាទៅថ្ងៃអនាគត ខ្ញុំអាចនឹងមានការងារ ឬក៏អាចនឹងធ្វើអីមួយទាក់ទងនឹងវិស័យទេសចរណ៍បាន។ប៉ុន្តែការគិតរបស់ខ្ញុំ ប្រហែលជាខ្ទង់ប្រាំឆ្នាំទៀតយើងអាចរស់នៅជាមួយវាដូចធម្មតាវិញ»៕