មេដឹកនាំអង្គការសង្គមស៊ីវិល បានប្រកាសបន្តធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» នៅថ្ងៃច័ន្ទនេះទៀត បើទោះបីជាមានការព្រមានដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្ដាហ៍មុន អំពីការចាប់ខ្លួនពីអាជ្ញាធរក៏ដោយ។
យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនេះ នឹងធ្វើឡើង តែនៅតាមការិយាល័យធ្វើការរបស់អង្គការសង្គមស៊ីវិល និងសហគមន៍ដែលមិនពេញចិត្តនឹងការចាប់ឃុំខ្លួនមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រីគណៈកម្មាធិការការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តែប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះ ពលរដ្ឋដែលជាប់គាំងក្នុងជម្លោះដីធ្លីក្នុងខេត្តកោះកុង បានសម្តែងការខ្លាចរអាក្នុងការជួបជុំគ្នាពាក់ខោអាវខ្មៅ ដើម្បីទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សរបស់សមាគមសិទ្ធិមនុស្សអាដហុក និងមន្ត្រីគ.ជ.ប។
អាជ្ញាធរនៅក្នុងខេត្តកោះកុង បានប្រាប់ពលរដ្ឋខ្លួនថា ប្រសិនបើមានការជួបជុំ នឹងមានការបង្ក្រាប។ នេះបើយោងទៅតាមការបញ្ជាក់ពីតំណាងប្រជាពលរដ្ឋដែលជាប់គាំងក្នុងជម្លោះដីធ្លី។
លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះ ខុមហ្វែ្រល បានប្រាប់ VOA កាលពីថ្ងៃអាទិត្យថា ស្ថាប័នរបស់លោក នឹងបន្តចូលរួមក្នុងយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» តាមរូបភាពនៃការសម្តែងមតិនៅនឹងកន្លែង ដោយមិនចេញទៅប្រមូលមុំគ្នានោះទេ។
«ខ្ញុំមើលទៅប្រហែលជាមិនអីទេ ការបញ្ចេញមតិ ដូចជារឿងនិមិត្តសញ្ញា ឬក៏ពាក់អាវ ឬក៏បង្ហាញស្អីៗហ្នឹងដូចជា មិនជាបញ្ហាអីទេ ឬក៏ដាក់ share [ចែករំលែក] នៅក្នុងហ្វេសប៊ុកអី នៅនឹងកន្លែងដូចជាមិនមានបញ្ហាទេ»។
កាលពីថ្ងៃច័ន្ទសប្ដាហ៍មុន ក្រុមអង្គការសង្គមស៊ីវិល ប្រមាណជា ២០០នាក់ បានចាប់ផ្ដើមយុទ្ធនាការនេះ ដោយបានព្យាយាមជួបជុំគ្នានៅមុខពន្ធនាគារព្រៃសក្នុងខណ្ឌដង្កោ តែពួកគេត្រូវរងការបង្ក្រាបពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចក្នុង ខណ្ឌដង្កោ និងខណ្ឌដូនពេញ។
មនុស្ស៨នាក់ត្រូវបានឃាត់ខ្លួន សួរនាំអស់ជាច្រើនម៉ោង មុននឹងពួកគេត្រូវបានអាជ្ញាធរមានសមត្ថកិច្ចដោះលែងឲ្យមានសិទ្ធិសេរីភាពឡើងវិញ។
យុទ្ធនាការស្លៀកពាក់ខោអាវខ្មៅ នេះ មានគោលដៅទាមទារឲ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្សបួននាក់នៃសមាគមអាដហុក និងមន្ត្រីគ.ជ.បម្នាក់ទៀត ដែលកំពុងជាប់ឃុំឃាំង។
មន្ត្រីសិទ្ធិមនុស្សទាំងបួននាក់នេះ រួមមាន លោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគអាដហុក លោក យី សុខសាន និងលោក ណៃ វង់ដា ដែលអ្នកទាំងពីរ ជាអនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនេះ និងលោកស្រី លឹម មុន្នី មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមនេះដែរ ហើយនឹង មន្ត្រីគ.ជ.ប គឺលោក នី ចរិយា ដែលជាអគ្គលេខាធិការរងម្នាក់នៃគ.ជ.ប។
លោក ឱម ផុន តំណាងប្រជាពលរដ្ឋនៅឃុំជីខលើ ក្នុងខេត្តកោះកុង បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់លោក មានការព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បន្ទាប់ពីមានការព្រមានពីអាជ្ញាធរឃុំជីខលើ ស្ថិតក្នុងស្រុកស្រែអំបិលខេត្តកោះកុងថា នឹងមានការបំបែក ប្រសិនបើមានការជួបជុំគ្នារបស់ប្រជាពលរដ្ឋ។
លោកបញ្ជាក់បន្តថា ការមមាញឹកក្នុងការរៀបចំឯកសារ សម្រាប់បន្តការទាមទារយកដីពីក្រុមហ៊ុនស្ករអំពៅនៅក្នុងខេត្តកោះកុងមកវិញ បានធ្វើឲ្យប្រជាពលរដ្ឋសម្រេចលុបចោលការជួបជុំគ្នាស្លៀកពាក់ខោអៅខ្មៅផងដែរ។
«កាលណាធ្វើទៅ វាមានការខាងអាជ្ញាធរ គាត់ថា បំបែកអីអញ្ចឹងទៅ ដូចថាការឃាត់ខ្លួន ឃាត់អីហ្នឹង គាត់អត់មានទេ ប៉ុន្តែគាត់រាងខ្លាច បន្តិចដែរ។ អញ្ចឹង ខ្ញុំអាចមានកិច្ចការច្រើនក្នុងកិច្ចការតវ៉ា តស៊ូមតិហ្នឹងខ្លះៗអញ្ចឹងដែរ រៀបចំឯកសារផ្សេងៗចំអាថ្ងៃស្អែកហ្នឹងដែរក្មួយ»។
ស្ថានភាពភិតភ័យរបស់ពលរដ្ឋខ្មែរនៅក្នុងខេត្តជាប់ព្រំដែនប្រទេសថៃនេះ កើតមានឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីជាង៣០ឆ្នាំមកហើយនោះ ព្រមានកាលពីថ្ងៃអង្គារសប្ដាហ៍មុន ថា ការប្រីប្រាស់ពណ៌មិនមែនជាជម្រើសល្អមួយ ដែលអាចគាបសង្កត់រដ្ឋាភិបាលឲ្យលូកដៃចូលស្ថាប័នតុលាការ ដើម្បីស្នើឲ្យមានការដោះលែងអ្នកជាប់ឃុំទាំងនេះទេ។
លោក ហ៊ុន សែន បានព្រមានខ្លាំងៗ នៅក្នុងពិធីចែកសញ្ញាបត្រមួយនៅរាជធានីភ្នំពេញនាពេលនោះថា ការចាប់ខ្លួននឹងបន្តកើតមាន ប្រសិនបើការធ្វើយុទ្ធនាការប្រើពណ៌ណាមួយនោះ ត្រូវបានរៀបចំឡើងដោយខុសច្បាប់៖
«ពណ៌អីក៏ដោយ នៅកន្លែងខ្លះ គេហៅពណ៌ទឹកក្រូច ខ្លះគេថាពណ៌ក្រហម ខ្លះគេហៅពណ៌ខ្មៅ។ ខ្ញុំថា ពណ៌អីក៏ដោយ ឲ្យតែធ្វើខុសច្បាប់ ដាក់ទំាងអស់ហ្នឹង តុលាការគេបង្កើតឡើង ដើម្បីអនុវត្តច្បាប់ កម្លំាងប្រដាប់អាវុធគេបង្កើតឡើងដើម្បីការពាររដ្ឋ គុកគេបង្កើតឡើងដាក់អ្នកទោស កុំឆ្ងល់ពេក»។
យ៉ាងណាក៏ដោយ លោកស្រី ទេព វន្នី ជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំពិភពលោករបស់អង្គការ Vital Voices បានប្រាប់ VOA ថា សកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ នឹងបន្តស្លៀកពាក់ខ្មៅនៅតាមផ្ទះក្នុងសហគមន៍ដើម្បីកាន់ទុក្ខ និងទាមទារឲ្យមានការដោះអ្នកជាប់ឃុំទាំងប្រាំនាក់នោះមកវិញ។
« យើងនៅតែទាមទារ នៅតែអំពាវនាវច៎ា សុំឲ្យតុលាការ នៅក្នុងប្រទេសកម្ពុជាហ្នឹង ឲ្យគាត់មានភាពឯករាជ្យណា៎ ហើយសុំឲ្យមានការដោះលែងបុគ្គលិកអង្គការអាដហុកចំនួនបួននាក់ឲ្យមានសេរីភាពឡើងវិញ ក៏ដូចជាអគ្គលេខារងគ.ជ.ប ម្នាក់គឺលោកពូ នី ចរិយា ហ្នឹង ឲ្យគាត់មានសេរីភាពឡើងវិញព្រោះអី ពួកយើងទាំងអស់គ្នាជាប្រជាពលរដ្ឋខ្មែរ គឺយើងដឹងច្បាស់ថា ពួកគាត់ហ្នឹងទាំងអស់គ្នាហ្នឹង អត់មានទោសកំហុសអ្វីដែលធ្វើឲ្យខុសរបស់ជាតិ និងអន្តរជាតិទេ»។
សកម្មជនដីធ្លី បីនាក់ក្នុងសហគមន៍បឹងកក់ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចក្រុងភ្នំពេញ ចាប់ឃាត់ខ្លួនសួរនាំអស់រយៈពេលជាច្រើនម៉ោង នៅក្នុងថ្ងៃចាប់ផ្ដើមយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃច័ន្ទសប្ដាហ៍មុននេះ។
លោកនាយឧត្ដមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថ្លែងថា ការស្លៀកពាក់ពណ៌ខ្មៅទៅធ្វើការធម្មតា នឹងមិនជាប់ទាក់ទងនឹងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនោះទេ។
ប៉ុន្តែ លោកបញ្ជាក់ថា ប្រសិនបើមានការធ្វើយុទ្ធនាការណាមួយកើតឡើង អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់។
លោកបន្ថែមថា វិធានការណ៍ ដែលនឹងធ្វើឡើង មានគោលបំណងរក្សាសន្តិភាព និងស្ថិរភាពក្នុងប្រទេសកម្ពុជា។
«ខ្ញុំគិតថា ប្រសិនបើគ្មានចលនាហ្នឹងវាល្អជាង។ វាមិនមែនជាចលនាបង្ក្រាប វាសំខាន់ទេ។ សំខាន់គឺយើងឯកភាពគ្នាថា គ្មានមេ គ្មានកើយឯណាដឹកនាំទៀតទេ។ ឥឡូវនេះ គឺថាយើងបានទទួលស្គាល់ទោសកំហុសហើយ ហើយយើងដឹងថា យើងនឹងធ្វើការស៊ើបអង្កេតបន្តទៀត។ ចំពោះករណីយ៉ាងណាក្ដី មិនថាខ្មៅ មិនថាខៀវ មិនថាអី គឺអ្នកណាដែលមានការប៉ុនប៉ង ធ្វើឲ្យសន្តិភាព ស្ថិរភាពរបស់ប្រទេសជាតិ ធ្លាក់ទៅក្នុងភាពវឹកវរគឺ អ្នកនោះនឹងត្រូវទទួលទោស តាមច្បាប់ជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា»។
ការឃុំខ្លួនមន្ត្រី៥នាក់នៃសមាគមអាដហុក និងគ.ជ.ប ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី បានរងការរិះគន់យ៉ាងខ្លាំងពីក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងក្រៅប្រទេស។
ក្រុមអ្នករិះគន់ លើកឡើងថា ការចាប់ឃុំខ្លួននេះជាសកម្មភាពវាយប្រហារលើក្រុមសង្គមស៊ីវិល។
ការចាប់ឃុំខ្លួនអ្នកទាំង៥នាក់នេះ ក៏មានឫសគល់ចេញពីរឿងអាស្រូវចោទប្រកាន់ស្នេហាលួចលាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ និងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។
លោក កឹម សុខា រហូតមកដល់ពេលនេះ នៅតែប្រកាន់ជំហរមិនឆ្លង មិនឆ្លើយ មិនឈ្លោះ ក្នុងសំណុំរឿងអាស្រូវស្នេហាលួចលាក់របស់លោកដដែល។
លោក កឹម សុខា ក៏បដិសេធមិនចូលខ្លួនបំភ្លឺនៅតុលាការក្រុងភ្នំពេញ ទាក់ទិនសំណុំរឿងនេះដែរ ខណៈនាងស្រីមុំ បានប្ដឹងទារសំណងជំងឺចិត្តពីលោក កឹម សុខា ចំនួន ៣០ម៉ឺនដុល្លារអាមេរិកក្នុងសំណុំរឿងអាស្រូវស្នេហានេះ៕