ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សង្គម​ស៊ីវិល​ចេញ​គោលការណ៍​៩ចំណុច​ស្តីពី​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត


 រូប​សម្រោល​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​រួម​ជាមួយ​ស្លាក​សញ្ញា ​Facebook។
រូប​សម្រោល​នៃ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​រួម​ជាមួយ​ស្លាក​សញ្ញា ​Facebook។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ធំៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អំពាវ​នាវ​សុំ​ឲ្យ​មាន​សេរីភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត ការ​បញ្ចេញ​មតិ​ដោយ​គ្មាន​ការ​រឹតត្បិត​លើ​ប្រព័ន្ធ​សារគមនាគម​ដ៏​មាន​ឥទ្ធិពល​នេះ។ ការ​អំពាវនា​វជា​បន្ទាន់​នេះ​កើត​មាន​ឡើង បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្តើម​រឹតត្បិត និង​ដាក់ទោស​ទណ្ឌ​លើ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន។

នា​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​យ៉ាង​ហោច​ណាស់​មាន​យុវ​ជន​ពីរ​រូប និង​សមាជិក​ព្រឹទ្ធសភា​មួយ​រូប​ត្រូវ​បាន​ចាប់​ឃុំខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​បង្ហោះ​ឯកសារ ​រូបភាព និង​បញ្ចេញ​មតិ​លើ​ប្រព័ន្ធ​បណ្តាញ​សង្គម​ហ្វេសប៊ុក។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ស្តីពី​គោលការណ៍​អ៊ីន​ធឺណិត​ដែល​មាន​៩ចំណុច​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃច័ន្ទ ​បាន​ស្នើ​ឲ្យ​មាន​ ការ​ការពារ​សិទ្ធិ​មនុស្ស​លើ​ប្រព័ន្ធ​អ៊ីនធឺណិត សិទ្ធិ​បញ្ចេញ​មតិ សិទ្ធិ​ប្រមូល​ផ្តុំ សេរីភាព​ក្នុង​ប្រើប្រាស់ និង​ទទួល​ព័ត៌មាន សិទ្ធិ​ឯកជន​ភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​ការ​គោរ​ព​សិទ្ធិ​អ្នក​ដទៃ​លើ​លំហរ​បច្ចេក​វិទ្យា​ ​សម្រាប់​អ្នកប្រើប្រាស់​ប្រ​ព័ន្ធ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គោលការណ៍​ថ្មី​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ចំនួន២១​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដូច​ជា​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ហៅ​កាត់​ថា​ NGO Forum​ គណៈ​កម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ថា​ COMFREL មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ CCHR​ និង​អង្គការ​ Pact Cambodia​ ជាដើម។

ចំណុចទី​២​នៃ​គោល​ការណ៍​ដែល​និយាយ​ពី​សិទ្ធិ​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ស្នើ​ឡើង​ថា៖​«មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​ប្រើប្រាស់​អ៊ីនធឺណិត​ប្រកប​ដោយ​សុវត្ថិភាព​ និង​បើកចំហ។ គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​រារាំង​ពី​ការ​ប្រើប្រាស់​អ៊ីនធឺណិត​ ដោយសារតែ​ស្ថានភាព​សេដ្ឋ​កិច្ច​ សង្គម​ ជំនឿ​នយោបាយ​ ឬ​សាសនា​ ជាតិ​សាសន៍ ភេទ​ ឬ​ពិការភាព​របស់​គេ​នោះ​ទេ»។

រីឯ​ចំណុច​ទី​៥​នៃ​គោលការណ៍​ក៏​បាន​បញ្ជាក់​ថា៖​«បុគ្គល​គ្រប់រូប​មាន​សិទ្ធិ​ប្រើប្រាស់​អ៊ីនធឺណិត ​ដើម្បី​ទទួល និង​ចែក​ចាយ​ដំណឹង​គ្រប់​ប្រភេទ​ រួមទាំង​អត្ថបទ​ រូបភាព​ វីដេអូ​ ទិន្នន័យ​ ​ព័ត៌មាន​ និង​ទស្សនៈ»។

កញ្ញា​ ងិន​ លីដា អ្នក​សម្រប​សម្រួល​ប្រព័ន្ធ​ព័ត៌មាន និង​ទំនាក់​ទំនង​នៃ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា NGO Forum​ ដែល​ជាអង្គការ​សង្គមស៊ីវិល​មួយ​នៃ​អង្គការ​សង្គម​ស៊ីវិល​ទាំង៨ ដែល​ផ្តួច​ផ្តើម​បង្កើត​គោលការណ៍​នេះ​បាន​ប្រាប់​ VOA ពី​ការ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិល​ទាក់​ទិន​នឹង​ការ​រឹត​ត្បិត​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ប្រើ​ប្រាស​អ៊ីនធឺណិត​នាពេល​បច្ចុប្បន្ន ជា​ពិសេស​ ការ​ចាប់​ឃុំ​ខ្លួន​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ហេ្វសប៊ុក​នា​ពេល​កន្លង​មក​នេះ។

«មួយ​រយៈ​ចុង​ក្រោយ​នេះ​យើង​ឃើញ​ថា​ មាន​ការ​ចាប់​ខ្លួនច្រើន​ទៅ​លើ​អ្នក​ដែល​ប្រើ​បណ្តាញ Social media ហ្នឹង​ណា​ ដូចជា​ អ្នក​ដែល​ថា​ធ្វើ​បដិវត្តន៍​Color​[ពណ៌] ​និង​ការ​ចាប់​ខ្លួន​សមាជិក​ព្រឹទ្ធ​សភា​អី​ជា​ដើម នៅ​ពេល​ដែល​គាត់ Post ឯកសារ​មួយ​ចំនួន​នៅ​លើ​ Facebook។ ​អញ្ចឹង​យើង​មាន​ការ​ព្រួយ​បារម្ភ​ថា នេះ​អាច​ជា​ការ​គំរាមកំហែង​មួយ​ដែល​ធ្វើឲ្យ​អ្នកប្រើ​ប្រាស់​ Social media ​មាន​ការ​ភ័យខ្លាច​ ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ»។

កញ្ញា​ក៏​បាន​បន្ថែម​ថា ប្រព័ន្ធ​អ៊ីនធឺណិត និង​បណ្តាញ​សង្គម​គឺ​ជា​ប្រភព​ដ៏​សំខាន់​មួយ​សម្រាប់​ឲ្យ​មាន​ការ​បញ្ចេញមតិ​ដោយ​សេរី និង​ទទួល​ព័ត៌​មាន​ ហើយ​ការ​ដែល​គំរាម​លើ​ប្រព័ន្ធ​ដ៏​មាន​ឥទ្ធិពល​នេះ​នាំ​ឱ្យ​មាន​ការ​ថយចុះនៃ​ការ​បញ្ចេញ​មតិ​ដោយ​សេរី និង​អាច​ធ្វើ​ឲ្យ​«ប៉ះ​ពាល់​ដល់​លទ្ធិ​ប្រជាធិ​ប​តេយ្យ​នៅ​ក្នុង​ស្រុក»​ផង​ដែរ។ សង្គម​ស៊ីវិល​គ្រោង​នឹង​ដាក់​សេចក្តី​ស្នើ និង​គោល​ការណ៍​នេះ​ជូន​រដ្ឋា​ភិបាល​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ តុលាការ​ក្រុង​ភ្នំពេញ​បាន​បញ្ចូន​យុវ​ជន គង់ ​រ៉ៃយ៉ា មក​ធ្វើ​ការ​សាក​សួរ បន្ទាប់​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ចុង​ខែ​សីហា​កន្លង​ទៅ ក្រោយ​ពី​យុវជន​រូប​នោះ​បង្ហោះ​អត្ថបទ​ទាក់​ទិន​នឹង​បដិវត្ត​ពណ៌​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ ក៏​លោក​មេធាវី សម សុខគង់ បាន​អះអាង​ថា កូនក្តី​របស់​លោក​មិន​មាន​ចេតនា​ក្នុងកា​រញុះញង់ ឬ​ធ្វើ​បដិវត្តន៍​ដូច​ដែល​តុលាការ​ចោទ​ប្រកាន់​នោះ​ទេ។

ស្រដៀង​គ្នា​នេះ​ដែរ កាល​ពី​ដើម​ខែ​កញ្ញានេះ​ យុវជន​ ផង់ សីហា ដែល​ជា​ពលករ​ចំណាក​ស្រុក​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចាប់​ខ្លួន បន្ទាប់​ពី​យុវជន​អាយុ​២៧ឆ្នាំ​រូប​នេះ​បាន​បង្ហោះ​សារ​គំរាម​សម្លាប់​លោក ​សុខ ទូច ​នៅ​ក្នុង​ទំព័រ​ហេ្វសប៊ុក​«ធាតុ​ពិត​នៃ​កម្ពុជា‍»​កាល​ពី​ថ្ងៃ​ទី២៩ ខែសីហា។

ការ​រឹតត្បិត​លើ​វិស័យ​ព័ត៌មាន​វិទ្យា​គឺ​ធ្វើឡើង បន្ទាប់ពី​កម្តៅ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​កើនឡើង​ជាថ្មី ជាពិសេស​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​ក្នុង​នោះ​លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​សមរង្ស៊ី​ ត្រូវ​តុលាកា​រក្រុង​ភ្នំពេញ​ចោទ​រូប​លោក​ពី​បទ«ក្លែង​បន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ និង​ញុះញង់»​ផង​ដែរ បន្ទាប់​ពី​បង្ហោះ​កិច្ច​ព្រម​ព្រៀង​នា​ឆ្នាំ​១៩៧៩​ទៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន។

លោក ផៃ ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី​ទទួល​ស្គាល់​ពី​ការ​រឹត​ត្បិត​ក្នុង​ បណ្តាញ​សង្គម​ហ្វេសប៊ុក​ ដោយ​សារ​តែ​មាន​ការរំ​លោភ​ច្បាប់​កម្ពុជា​ជា​បន្ត​បន្តាប់​ ដែល​អាច​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​នៅ​ក្នុង​ប្រទេស​មួយ​នេះ។ លោក​បាន​បញ្ជាក់​ថា ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​នេះ​ដោយ​ភាព​ទទួល​ខុស​ត្រូវ និង​គោរព​ច្បាប់​គឺ​ជា​អ្វី​ដែល​សង្គម​ប្រជាធិបតេយ្យ​គួរធ្វើ។

«យើង​ជឿ​ថា ការ​រឹត​ត្បិត​ខ្ញុំ​ឆ្លើយ​ថា​មាន​ ប៉ុន្តែ​មាន​ចំពោះ​បញ្ហា​ដែល​អ្នក​ដែល​ធ្វើការ​បម្រុង​ឲ្យ​មាន​រដ្ឋ​ប្រហារ អ្នក​មាន​បំណង​ធ្វើ​ការ​ញុះ​ញង់​បំផ្លាញ​សេចក្តីសុខ ​បំផ្លាញ​សណ្តាប់​ធ្នាប់​សាធារណៈ ដែល​ច្បាប់​បាន​ចែង​ថា រាល់​អំពើ​ទាំង​នោះ​គឺខុស​ច្បាប់​ តែ​ប៉ុណ្ណឹង​ ក៏​ប៉ុន្តែ អ្នកធម្មតា​ អ្នក​ដែល​និ​យាយ​អ្វី​ទៅ​ជា​ការ​ទិតៀន​យើង​ស្វាគមន៍​ជា​ធម្មតា​តើ»។

ចាប់​តាំង​ពី​ឆ្នាំ​២០១០​មក បណ្តាញ​សង្គម​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ក្នុងការ​ប្រមូលផ្តុំ និង​ធ្វើ​បដិវត្តន៍​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ក្នុង​បណ្តា​ប្រទេស​អារ៉ាប់ ដែល​ឲ្យ​ឈ្មោះ​ថា ‍«រដូវ​ផ្ការីក​ក្នុង​តំបន់​អារ៉ាប់» ជា​ភាសា​អង់គ្លេស​ហៅថា Arab Spring។ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ហ្វេសប៊ុក​ និង​ធ្វីតធឺ​ (Twitter) ត្រូវ​បាន​រឹតត្បិត និង​ហាមឃាត់​ក្នុង​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី។

កាល​ពី​ដើម​សប្តាហ៍​កន្លង​ទៅ ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ខ្លួន​គ្រោង​នឹង​បង្កើត​នាយកដ្ឋាន​ថ្មី​មួយ​សម្រាប់​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដែល​មាន​តួនាទី​ក្នុង​ការ​ប្រមូល និង​វិភាគ​ទិន្នន័យ​ប្រព័ន្ធ​ទូ​រគម​នាគមន៍ ដើម្បី​រក​ឲ្យ​ឃើញ​បទល្មើស និង​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

XS
SM
MD
LG