ក្រុមអង្គការសិទ្ធិមនុស្សអន្តរជាតិបានទទូចដល់អាជ្ញាធររដ្ឋាភិបាលកម្ពុជាឲ្យបញ្ឈប់ជាបន្ទាន់នូវការបង្ក្រាបលើក្រុមអង្គការសិទ្ធិមនុស្ស ដោយសង្កត់ធ្ងន់ថា ការចាប់ខ្លួនចោទប្រកាន់លើក្រុមអ្នកការពារសិទ្ធិមនុស្ស គឺជាការគំរាមកំហែងបំផ្លាញសហគមន៍សិទ្ធិមនុស្សដ៏សកម្មរបស់ប្រទេស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅឯទីក្រុងប៉ារីសនិងក្រុងហ្សឺណែវ ហៅកាត់ថា The Observatory ដែលមានអង្គការពីរគឺអង្គការ FIDH និង OMCT រួមគ្នាតែមួយ។
អ្នកការពារសិទ្ធិមនុស្សចំនួនបួននាក់នៃសមាគមសិទ្ធិមនុស្សអាដហុកដែលត្រូវចាប់ឃុំខ្លួន រួមមានលោក នី សុខា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក និងលោក យី សុខសាន្ត លោក ណៃ វង់ដា អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក និងលោកស្រី លឹម មុន្នី មន្ត្រីជាន់ខ្ពស់ផ្នែកស៊ើបអង្កេតនៃសមាគមនេះ។ ក្រុមមន្ត្រីទាំងនេះត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទសូកប៉ាន់សាក្សី ហើយអតីតអ្នកការពារសិទ្ធិមនុស្សគឺលោក នី ចរិយា អគ្គលេខាធិការរងគ.ជ.ប ជាប់ចោទពីបទសមគំនិតសូកប៉ាន់សាក្សីនៅក្នុងសំណុំរឿងស្នេហាលួចលាក់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ។ អ្នកទាំងប្រាំនាក់ត្រូវបានតុលាការឃុំឃាំងរង់ចាំការកាត់ទោស។
ក្រុមមន្ត្រីសិទ្ធិមនុស្សដែលកើតទុក្ខមិនសុខចិត្តចំពោះការចាប់ឃុំខ្លួននេះ បានចាប់ផ្តើមយុទ្ធនាការរបស់ពួកគេដោយបានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅឬហៅថា យុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» ដើម្បីសម្តែងការតវ៉ានៅទីសាធារណៈ ឲ្យមានការដោះលែងសហការីរបស់ពួកគេទាំង៥រូប។ តែជាលទ្ធផលមានមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនដីធ្លីចំនួន៨នាក់ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីថ្ងៃច័ន្ទម្សិលមិញក្រោមបទចោទថា ធ្វើការតវ៉ាគ្មានច្បាប់និងក្រោមអំណះអំណាងថា ជាការការពារសន្តិសុខសណ្តាប់ធ្នាប់។ ក្រោយមកទើបបានដោះលែងវិញនៅថ្ងៃដដែល បន្ទាប់ពីពួកគេត្រូវបង្ខំឲ្យចុះហត្ថលេខាលើកិច្ចសន្យាមួយ។
លោក Karim Lahidji ប្រធានអង្គការ FIDH បានសង្កេតឃើញពីកំណើននៃការបង្ក្រាបចុងក្រោយលើក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ហើយបាននិយាយថា៖ «ការគំរាមរបស់អាជ្ញាធរប៉ូលិស និង ការយាយីដោយការប្រើប្រាស់តុលាការបាន កើនឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ នេះគឺជាការបង្ក្រាបដ៏សែនអាក្រក់បំផុតលើក្រុមអង្គការសង្គមស៊ីវិលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការបង្ក្រាបនេះគឺជាការប៉ុនប៉ងយ៉ាងច្បាស់ដើម្បីបំផ្លាញសហគមន៍សិទ្ធិមនុស្សដ៏សកម្ម»។
លោក Gerald Staberock អគ្គលេខាធិការរបស់អង្គការ OMCT បានសម្តែងប្រតិកម្មថា៖ «រលកនៃការចាប់ខ្លួនថ្មីៗនេះបានបន្ថែមការរឹតបណ្តឹងខ្លាំងឡើងប្រឆាំងនឹងអង្គការសង្គមស៊ីវិលតាមរយៈច្បាប់គាបសង្កត់លើសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលមានមាត្រាមួយចំនួនរំលោភលើបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិដែលកម្ពុជាត្រូវគោរពតាម ក៏ដូចជារំលោភលើច្បាប់រដ្ឋធម្មនុញ្ញកម្ពុជាដែរ»។
អង្គការ The Observatory នេះ បានទទូចឲ្យមានការដោះលែងមន្ត្រីអង្គការសិទ្ធិមនុស្ស ដែលត្រូវចាប់ឃុំឃាំងតាមអំពើចិត្តនោះ ដោយឥតលក្ខខណ្ឌនិងជាបន្ទាន់ ហើយបញ្ឈប់កំណើននៃការបំបិទសំឡេងជំទាស់ក្នុងប្រទេស៕