ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជានិងចិនបង្កើនកិច្ចសហប្រតិបត្តិការផ្នែកនីតិប្បញ្ញត្តិនិងជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជន


ក្រុមមន្ត្រីកម្ពុជានៃ​រដ្ឋសភាជាតិ​បាន​ជួបពិភាក្សាជាមួយភាគីចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / National Assembly of Cambodia)
ក្រុមមន្ត្រីកម្ពុជានៃ​រដ្ឋសភាជាតិ​បាន​ជួបពិភាក្សាជាមួយភាគីចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ (Facebook / National Assembly of Cambodia)

រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ បាន​បង្កើន​កម្រិត​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ជាមួយ​គ្នា​លើ​គ្រប់​វិស័យ​ និង​គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​បញ្ហា​ស្នូល​ជា​ច្រើន​របស់​ប្រទេស​ទាំង​ពីរ​ ដែល​រួម​មាន​សេដ្ឋកិច្ច ​ច្បាប់ ​នយោបាយ ​សន្តិ​សុខ ​ការ​ផលិត​ថាមពល​ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន​ ខណៈ​កម្ពុជា​បន្ត​ប្តេជ្ញា​ប្រកាន់​ខ្ជាប់​គោល​នយោបាយ​ចិន​តែ​មួយ។​

អ្នក​តាម​ដាន​កត់​សម្គាល់​ថា​ ទំនាក់​ទំនង​កម្ពុជា-ចិន ​កាន់​តែ​មាន​ភាព​ផ្អែម​ល្ហែម​ ស្រប​ពេល​ឆ្នាំ​ ២០២៤ ​នេះ ​គឺ​ជា​ឆ្នាំ​នៃ​«ការ​ផ្លាស់​ប្តូរ​ប្រជាជន​និង​ប្រជាជន» ​រវាង​ប្រទេស​ទាំង​ពីរ។​

ការ​លើក​កម្ពស់​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ឡើង​ដល់​កម្រិត​ខ្ពស់​ថ្មី​មួយ​នេះ​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ​គ្រា​ដែល​អ្នកស្រី ​ឃួន សុដារី ​ប្រធាន​រដ្ឋ​សភា​កម្ពុជា ​បាន​ទៅ​បំពេញ​ទស្សន​កិច្ចជា​ផ្លូវការ​នៅ​រដ្ឋធានី​ប៉េកំាង​ និង​ទី​ក្រុង​សៀងហៃ ​ប្រទេស​ចិន ​រយៈ​ពេល​៥​ថ្ងៃ ​ដែល​ចាប់​ពី​ថ្ងៃ​ទី ​២២ ​ដល់​ថ្ងៃ​ទី ​២៦ ​ខែ​កញ្ញា ​ឆ្នាំ​ ២០២៤។​ ​

អំឡុង​ពេល​បំពេញ​ទស្សនៈ​កិច្ច​នោះ អ្នកស្រី ​ឃួន សុដារី ​ប្រធាន​រដ្ឋសភា​កម្ពុជា ​និង​លោក​ ចាវ ឡឺជី (Zhao Leji) ​ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន​ បាន​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ចំនួន​ពីរ ​ស្តីពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ជា​មួយ​គ្នា​នៅ​គ្រប់​កម្រិត​ និង​គ្រប់​វិស័យ។​ ក្រៅពី​នេះ ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ចុះ​អនុស្សរណៈ​ផ្សេង​ទៀត​ជាមួយ​គ្នា​ផង​ដែរ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លើ​ទំព័រ​ហ្វេសប៊ុក​របស់​រដ្ឋ​សភា​កម្ពុជា ​កាល​ពី​ថ្ងៃ​អង្គារ។​

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​លោក​ សេង វណ្ណលី ​យល់​ឃើញ​ថា កិច្ច​សហ​ប្រតិបត្តិ​ការ​និង​ទំនាក់​ទំនង​របស់​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ​គឺ​កម្ពុជា-ចិន​កាន់តែ​មាន​ភាព​ស្និទ្ធ​សា្នល​ជាង​ពេល​ណា​ទាំង​អស់​ ​ហើយ​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​នីតិ​ប្បញ្ញត្តិ​ក៏​មាន​ការ​កើន​ឡើង​ ដែល​ទំនង​ជា​ប្រទេស​ចិន​ចង់​បង្ហាញ​ឥទ្ធិពល​ការ​ទូត​របស់​ខ្លួន​ថា​ ​ជា​ប្រទេស​មហា​អំណាច​ក្នុង​សកល​លោក។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«យើង​ឃើញ​ថា​ ទំនាក់​ទំនង​នេះ ​វា​ចាប់​ផ្តើម​ដំឡើង​កម្រិត​គ្រប់​វិស័យ​ទាំង​កិច្ច​សហ​ប្រតិបត្តិ​ការ​នីតិ​ប្រតិបត្តិ ​នីតិ​ប្បញ្ញត្តិ ​និង​ក្របខណ្ឌ​តុលាការ។ ​ក៏​ប៉ុន្តែ​យើង​ឃើញ​ថា ​ដោយ​ឡែក​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​សេដ្ឋកិច្ច​ ឬ​ទំនាក់​ទំនង​រវាង​ថ្នាក់​ដឹកនាំ​នីតិ​ប្រតិបត្តិ​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​ស្អិត​ល្មួត​គ្រប់​កម្រិត​ ស្ថាប័ន​ថ្នាក់​ជាតិ ​និង​ក្រោម​ជាតិ​មាន​ភាព​ស្អិត​ល្មួត​នៅ​គ្រប់​វិស័យ​ទាំង​អស់»។​

លោក​បន្ថែម​ថា៖ ​«ដូច្នេះ​ការ​ផ្សារ​ភ្ជាប់​កម្រិត​នៃ​ទំនាក់​ទំនង​គ្រប់​ស្ថាប័ន​នីតិ​ប្រតិបត្តិ ​នីតិ​ប្បញ្ញត្តិ ​និង​តុលាការ​នេះ ​វា​ជួយ​លើក​មុខ​មាត់​ដល់​ប្រទេស​ចិន​ថា​ ជា​ប្រទេស​ដែល​មាន​វិសាល​ភាព​នូវ​ការ​ពង្រីក​ទំនាក់​ទំនង​វិស័យ​ការទូត​របស់​ខ្លួន​លើ​គ្រប់​វិស័យ»។​

ចំណែក​លោក​ វណ្ណ ប៊ុនណា ​ប្រធាន​ផ្នែក​ស្រាវជ្រាវ ​និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​ ប្រាប់​វីអូអេ​ថា​ ការ​បង្កើន​កម្រិត​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​កម្ពុជា ​និង​ចិន​នា​ពេល​នេះ ​មិន​មាន​អ្វី​គួរ​ឱ្យ​កត់​សម្គាល់​ខ្លាំង​នោះ​ទេ ​ដោយសារ​កម្ពុជា ​និង​ចិន ​បាន​បង្កើត​ទំនាក់​ទំនង​ជា​ដៃ​គូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុង​ជ្រោយ ​និង​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ត្បូង​ពេជ្រ។​

លោក​បន្ថែម​ថា​ នៅ​ក្នុង​អាណត្តិ​ទី ៧ ​នេះ ​ស្ថាប័ន​រដ្ឋ​សភា ​និង​ស្ថាប័ន​ព្រឹទ្ធ​សភា​កម្ពុជា​ បាន​បង្កើន​ទំនាក់​ទំនង​ការ​ទូត​ខ្លាំង​ជាង​អាណត្តិ​មុនៗ​ ដែល​ឈាន​ដល់​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​ផ្នែក​នីតិ​បញ្ញតិ្ត​នេះ។​

ដោយ​ឡែក​លោក​ថា ​បើ​សិន​ជា​ទំនាក់​ទំនង​នៃ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ផ្អែក​លើ​គុណ​តម្លៃ​ប្រជា​ធិបតេយ្យ ​គឺ​ជា​រឿង​វិជ្ជមាន​មួយ​ ក៏​ប៉ុន្តែ​បើ​សិន​ជា​កិច្ច​សហ​ប្រតិបត្តិ​ការ​ផ្នែក​នីតិ​ប្បញ្ញត្តិ​នេះ​ដើរ​ផ្ទុយ​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​នោះ​វា​មិន​ផ្តល់​ផល​ចំណេញ​សម្រាប់​នយោបាយ​កម្ពុជា​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«កន្លង​ទៅ​ ​ទំនាក់​ទំនង​របស់​កម្ពុជា​និង​ចិន​ស្ថិត​ក្នុង​រូបភាព​ទំនាក់​ទំនង​គ្រប់ជ្រុង​ជ្រោយ​រួច​ទៅ​ហើយ​ ដូច្នេះ​ទំនាក់​ទំនង​ក្នុង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​ហ្នឹង​ បើ​សិន​ជា​ការ​ទំនាក់​ទំនង​ហ្នឹង​ផ្អែក​លើ​គោល​ការណ៍​ ដែល​តម្កល់​គុណ​តម្លៃ​ប្រជា​ធិបតេយ្យ ​ឬ​ការ​ផ្តល់​សំឡេង​ចម្រុះ​នៅ​ក្នុង​សភា​ជា​សំខាន់​ អាហ្នឹង​វា​ជា​កត្តា​ល្អ។ ​ក៏​ប៉ុន្តែ​បើ​សិន​ជា​សហ​ប្រតិបត្តិ​ការ​ណា ​ដែល​ផ្តល់​រូបភាព​ដែល​អាច​ថា ​ដើរ​ងាក​រេ​ពី​ផ្លូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ អាហ្នឹង​ក៏​វា​ក៏​មិន​ជា​ផល​ចំណេញ​ប៉ុន្មាន​ដែរ​សម្រាប់​វិស័យ​នយោបាយ​ ជា​ពិសេស​ការ​ពង្រឹង​អំណាច​នីតិ​ប្បញ្ញត្តិ​នៅ​កម្ពុជា​ហ្នឹង»។​

បើ​តាម​លោក ​វណ្ណ ប៊ុនណា ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​អាណត្តិ​ទី​ ៧ ​នេះ ​គឺ​នៅ​តែ​ព្យាយាម​រក្សា​គោល​នយោបាយ​ការ​បរទេស​ និង​បង្កើត​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ចិន​ឱ្យ​កាន់​តែស៊ី​ជម្រៅ​ថែម​ទៀត។​

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​លើ​ទំព័រ​ហ្វេសប៊ុក​រដ្ឋ​សភា​កម្ពុជា ​ដែល​បង្ហោះ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ឱ្យ​ដឹង​ថា៖​ «ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​រវាង​សភា​ប្រទេស​ទំាងពីរ​បង្ហាញ​ពី​ការ​រួម​សហការ​គ្នា​រវាង​សភា​ប្រទេស​ទំាង​ពីរ​ ក្នុង​ការ​ជំរុញ​និង​លើក​កម្ពស់​ចក្ខុ​វិស័យ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទំាងពីរ​ក្នុង​ការ​កសាង​សហគមន៍​ជោគ​វាសនា​រួម​ ប្រកប​ដោយ​គុណភាព​ខ្ពស់ ​កម្រិត​ខ្ពស់ ​និង​ស្តង់ដារ​ខ្ពស់​ ជា​មួយ​នឹង​ការ​រួម​ចំណែក​ជា​វិជ្ជមាន​ក្នុង​ការ​រក្សា​សុខ​សន្តិភាព​ និង​ស្ថិរភាព​ក្នុង​តំបន់ ​និង​ពិភពលោក»។​

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា៖​«សម្តេច​មហា​រដ្ឋ​សភាធិការធិបតី​ ឃួន សុដារី ​និង​សម​ភាគី​មិត្ត​ចិន ​បាន​ឯកភាព​គ្នា​ថា ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​ជា​មិត្ត​ភាព ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ ​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​ការ​ពង្រឹង​ ពង្រីក​ទំនាក់​ទំនង​កម្ពុជា-ចិន​ឱ្យ​កាន់​តែ​រឹង​មាំ​ឡើង»។​

ចំណែក​អនុស្សរណៈ​រវាង​អគ្គ​លេខាធិការដ្ឋាន​រដ្ឋ​សភា​ប្រទេស​ទំាង​ពីរ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បន្ត​ទំនាក់​ទំនង​មិត្ត​ភាព​ជា​ប្រពៃណី​រវាង​ចិន​និង​កម្ពុជា​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ​នូវ​ភាព​ជា​ដៃគូ​សហ​ប្រតិបត្តិ​ការ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ ​គាំទ្រ​ដល់​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ចិន​និង​កម្ពុជា ​តាម​រយៈ​ទម្រង់​ផ្សេងៗ ​ដូច​ជា​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ ព្រម​ទាំង​ផ្តល់​សេវា​កម្ម​សម្រាប់​ការ​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​នៃ​ភារកិច្ច​របស់​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ​ ដោយ​ឈរ​លើ​មូលដ្ឋាន​សម​ភាព ​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ ការ​យោគ​យល់​គ្នា ​និង​ការ​អនុលោម​តាម​បទដ្ឋាន ​ជា​មូលដ្ឋាន​នៃ​ច្បាប់​អន្តរជាតិ។​ នេះ​បើ​យោង​តាម​រដ្ឋ​សភា​កម្ពុជា។​

ជា​មួយ​គ្នា​នេះ ​កាលពី​ថ្ងៃ​ទី​ ២៣ ​ខែ​កញ្ញា​ សារ​ព័ត៌មាន ​Xinhua ​របស់​ប្រទេស​ចិន ​បាន​ដក​ស្រង់​សម្តី​របស់​លោក​ ចាវ ឡឺជី ​(Zhao Leji) ​ប្រធាន​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន ​យ៉ាង​ដូច្នេះ​ថា៖​ «ប្រទេស​ចិន​តែង​តែ​ដាក់​ប្រទេស​កម្ពុជា​ក្នុង​តួនាទី​ពិសេស ​និង​សំខាន់​ ក្នុង​ទំនាក់​ទំនង​ការទូត​ជិត​ខាង​របស់​ខ្លួន។ ​ប្រទេស​ចិន​មាន​ឆន្ទៈ​រក្សា​ទំនាក់​ទំនង​ជា​យុទ្ធសាស្ត្រ​កម្រិត​ខ្ពស់ ​និង​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ម៉ឺងម៉ាត់​លើ​បញ្ហា​ទាក់ទង​នឹង​ផល​ប្រយោជន៍​ស្នូល​របស់​ប្រទេស​ទាំង​ពីរ»។​

ប្រព័ន្ធ​ផ្សព្វផ្យាយ​រដ្ឋ​ចិន​មួយ​នេះ​បាន​ដក​ស្រង់​សម្តី​របស់​លោក ​ចាវ ឡឺជី ​(Zhao Leji)​ថា៖ ​«ការ​កសាង​សហគមន៍​ចិន-កម្ពុជា​ ដែល​មាន​អនាគត​រួម​គ្នា ​ក្រោម​ការ​ណែនាំ​ជា​យុទ្ធ​សាស្ត្រ​របស់​មេ​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ បាន​ឈាន​ចូល​ដល់​យុគ​សម័យ​ថ្មី​ ប្រកប​ដោយ​គុណភាព​ខ្ពស់​ កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់»។​

វីអូអេ​មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ​ពី​អ្នក​នាំពាក្យ​រដ្ឋ​សភា ​លោក ​ឡេង ប៉េងឡុង ​បាន​នៅ​ឡើយ​ទេ។​

ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ចិន​នា​ពេល​នេះ​ គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា ​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​ ចៅ ឡឺជី ​(Zhao Leji) ​ប្រធាន​សភា​តំណាង​ប្រជាជន​ចិន ​លោក​ វ៉ាង ហ៊ូនីង ​(Wang Huning)​ ប្រធាន​គណៈ​កម្មាធិការ​ជាតិ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ​លោក ​លីវ ឈី ​(Liu Qi) ​អគ្គ​លេខាធិការ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៃ​សភា​តំណាង​ប្រជាជន​ចិន ​លោក ​ឈិន ជីនីង ​(Chen Jining)​ លេខាធិការ​នៃ​គណៈ​កម្មាធិការ​គណបក្ស​កុម្មុយនីស្ត​ចិន​ប្រចាំ​ទីក្រុង​សៀងហៃ​ជាដើម​ ដោយ​ក្នុង​នោះ ​ក៏​មាន​ការ​ពិភាក្សា​អំពី​ការ​កៀរគរ​អ្នក​ទេសចរ​ និង​អ្នក​វិនិយោគ​ពី​ប្រទេស​ចិន​ឱ្យ​មក​ទស្សនា​ និង​បណ្តាក់​ទុន​នៅ​កម្ពុជា​ផង​ដែរ។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា​កម្ពុជា​កាលពី​ថ្ងៃ​ទី ​២៤ ​ខែ​កញ្ញា​ ​គោល​ដៅ​អភិវឌ្ឈន៍​របស់​កម្ពុជា​ប្រែ​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​នៅ​ឆ្នាំ​ ២០៣០ ​និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០ ​ហើយ​នឹង​មាន​ការ​គាំទ្រ​ពី​ប្រទេស​ចិន​ ដូច​នឹង​ការ​លើក​ឡើង​របស់​លោក ​វ៉ាង ហ៊ូនីង ​ប្រធាន​គណៈ​កម្មាធិការ​ជាតិ​នៃ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន ​ដែល​បាន​ថ្លែង​ថា៖​ «ក្នុង​នាម​មិត្ត​ដែក​ថែប​របស់​កម្ពុជា ​ចិន​នឹង​គំាទ្រ​កម្ពុជា​នៅ​ក្នុង​ដំណើរ​វិវឌ្ឍន៍​ឈាន​ទៅ​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​នេះ»៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG