ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ៖ កម្ពុជា​និង​អាមេរិក​កាន់តែ​មិន​ទុកចិត្តគ្នា​ក្រោយ​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក លី យ៉ុងផាត់


រូបឯកសារ៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចូលរួមពិធីមួយនៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ (AKP via AP)
រូបឯកសារ៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ចូលរួមពិធីមួយនៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤។ (AKP via AP)

អ្នក​វិភាគ​យល់​ថា ​ទំនាក់​ទំនង​កម្ពុជា​ និង​អាមេរិក​កាន់តែ ​«មិន​ទុក​ចិត្ត​គ្នា»​ ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​វិនិយោគ​នៅ​កម្ពុជា​ច្រើន​ បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​កាន់​អំណាច​គឺ​លោក​អ្នក​ឧកញ៉ា ​លី យ៉ុងផាត់។​

ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក ​កាល​ពី​ថ្ងៃ​ទី ១២​ ខែ​កញ្ញា​ ឆ្នាំ ​២០២៤​ បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​សមាជិក​ព្រឹទ្ធ​សភា​បក្ស​កាន់​អំណាចដែល​ទើប​ទទួល​បាន​ងារ​ជា​លោក​អ្នក​ឧកញ៉ា​ផង ​គឺ​លោក ​លី យ៉ុងផាត់​ ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​បោក​បញ្ឆោត​តាម​អនឡាញ។​

ប្រធាន​វេទិកា​អនាគត​ Future Forum ​លោក​ អ៊ូ វីរៈ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​រយៈ​ពេល​មួយឆ្នាំ​នៃ​ការ​ស្តារ​ទំនាក់​ទំនង​រវាង​កម្ពុជា​ និង​អាមេរិក​បង្ហាញ​ថា​ មិន​បាន​ជោគជ័យ​ ក្រោយ​មាន​ការ​ដាក់​ទណ្ឌ​កម្ម​លើ​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច។ ​លោក​ថា ​ទណ្ឌកម្ម​នេះ​ក៏​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់តែ​មិន​ទុកចិត្ត​អាមេរិក​ ខណៈ​សហ​រដ្ឋ​អាមេរិក​ចង់​ផ្ញើ​សារ​ថា​ខ្លួន​នៅ​តែ​ទៅ​មិន​ឆ្ងាយ​ពី​តំបន់​អាស៊ី​អាគ្នេយ៍​ រួមទាំង​កម្ពុជា​ ជាពិសេស​កុំ​ឱ្យ​កម្ពុជា​ជិត​ស្និទ្ធ​ពេក​ជាមួយ​ចិន។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​បាន​ន័យ​ថា​ កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក​នៅ​តែ​ជាមិត្ត​ ប៉ុន្តែ​មិន​ទុក​ចិត្ត​គ្នា។ ​នេះ​គឺ​ជា​គន្លឹះ​មួយ។​ ទី២ ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​មន្ត្រី​ជាន់ខ្ពស់ ​ជាពិសេស​គាត់​ជា​សមាជិក​ព្រឹទ្ធ​សភា​នៃ​ប្រទេស​កម្ពុជា​មក​ពី​គណបក្ស​កាន់​អំណាច​ផង​ ហើយ​គាត់​ជា​ឧកញ៉ា​ដ៏​មាន​ឥទ្ធិពល​ និង​មាន​តួនាទី​សំខាន់​ក្នុង​សង្គម​ផង​ ការ ​Sanction​ [ដាក់​ទណ្ឌកម្ម] ​ដាក់​គំនាប​បែប​ហ្នឹង​ ខ្ញុំ​មើល​ទៅ​វា​នឹង​ប៉ះពាល់​ច្រើន​ ប៉ុន្តែ​ជា​ការ​ផ្ញើសារ​របស់​សហ​រដ្ឋ​អាមេរិក​ថា​ ​សហ​រដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ជំរុញ​កម្ពុជា​ឱ្យ​បំពេញ​នូវ​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ​ នៅ​តែ​ជា​ប្រធាន​បទ​មួយ​ដែល​កម្ពុជា​និង​អាមេរិក​នៅ​តែ​មិន​ត្រូវគ្នា»។​

ការិយាល័យ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​បរទេស​នៃ​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​លើក​ឡើង​ថា ​ក្រុមហ៊ុន​ជាច្រើន​របស់​លោក ​លី យ៉ុងផាត់ ​ដែល​ស្និទ្ធ​នឹង​លោក ​ហ៊ុន សែន ​ត្រូវ​រង​ទណ្ឌកម្ម​ដោយសារ​តែ​តួនាទី​របស់​ក្រុមហ៊ុន​ទាំង​នោះ​បាន​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ដោយ​មាន​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ក្នុង​ប្រតិបត្តិ​ការ​បោក​បញ្ឆោត​វិនិយោគ​តាម​អនឡាញ។​

អនុ​រដ្ឋមន្ត្រី​ស្តីទី​ទទួល​បន្ទុក​កិច្ចការ​ស៊ើប​ការណ៍​ហិរញ្ញ​វត្ថុ​ និង​ភេរវកម្ម​នៃ​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​អំពី​ការ​ដាក់​ទណ្ឌកម្ម​នោះ​ថា​ ធ្វើ​ឡើង «ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​ទទួល​ខុស​ត្រូវ»។​

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​លោក​ សេង វណ្ណលី ​ប្រាប់​វីអូអេ​ថា ​ទណ្ឌកម្ម​របស់​អាមេរិក​លើ​ហេរញ្ញិក​ដ៏​សំខាន់​ម្នាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់​ទំនង​ដែល​ភាគី​ទាំង​ពីរ​ខំ​ស្តារ​ឡើង​ក្នុង​រយៈ​ពេល​មួយឆ្នាំ​មក​នេះ។​

លោក​ថ្លែង​ថា៖​ «យើង​ដឹង​ហើយ​ថា​ លោក ​លី យ៉ុងផាត់​ នេះ​គឺ​ជា​បុគ្គល​ដែល​មាន​ឥទ្ធិពល​ មិនមែន​ត្រឹមតែ​ផ្នែក​សេដ្ឋកិច្ច​ សកម្ម​ភាព​ពាណិជ្ជ​កម្ម​ ក៏​ជា​មនុស្ស​សំខាន់​នៅ​ក្នុង​គណបក្ស​ប្រជាជន។ ​ដូច្នេះ​ហើយ​ការដាក់​ទណ្ឌកម្ម​នេះ​នឹង​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​គ្រប់គ្រង​អំណាច​ ហ្នឹង​អាច​មាន​ការ​អាក់​អន់​ស្រពន់​ចិត្ត​ខ្លាំង​ ពិបាក​នូវ​ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិបត្តិ​ការ​ថ្មីៗ​ដែល​ផ្តួច​ផ្តើម​ដោយ​អាមេរិក»។​

បន្ទាប់​ពី​សហ​រដ្ឋ​អាមេរិក​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​លោក ​លី យ៉ុងផាត់ ​ស្ថាប័ន​រដ្ឋាភិបាល​កម្ពុជា​ និង​មន្ត្រី​ជាន់​ខ្ពស់​របស់​គណបក្ស​កាន់​អំណាច​មួយ​ចំនួន​បាន​បង្ហាញ​ប្រតិកម្ម។​

ក្រសួង​ការ​បរទេស​កម្ពជា​ កាល​ពី​ថ្ងៃ​ទី ១៣​ ខែ​កញ្ញា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​សម្តែង​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ «ការ​សម្រេច​ចិត្ត​ដោយ​អយុត្តិ​ធម៌» ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​លោក ​លី យ៉ុងផាត់ ​និង​ក្រុមហ៊ុន​របស់​លោក។​

ក្រសួង​ការ​បរទេស​កម្ពុជា​បញ្ជាក់​ថា៖​ «វិធាន​ការ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​របាយ​ការណ៍​ដែល​មិន​មាន​មូលដ្ឋាន​ច្បាស់​លាស់​ស្តីពី​ពលកម្ម​ដោយ​បង្ខំ​ក្នុង​សកម្ម​ភាព​ឆបោក​តាម​អនឡាញ​នេះ​ មាន​ចេតនា​នយោបាយ​ និង​ផ្ទុយ​ទាំង​ស្រុង​ពី​ស្មារតី​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​ទ្វេភាគី​ និង​ការ​ជឿទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក»។​

រដ្ឋ​សភា​កម្ពុជា​កាល​ពីថ្ងៃ​ទី​ ១៥​ ខែ​កញ្ញា​ ឆ្នាំ ​២០២៤​ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ថា ​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក​«អយុត្តិ​ធម៌»​ ដោយសារ​ផ្អែក​លើ​របាយ​ការណ៍​គ្មាន​ការណ៍​ពិត​ មិន​គ្រប់​ជ្រុង​ជ្រោយ ​មាន​លក្ខណៈ​នយោបាយ​ និង​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​កែ​លម្អ​ទំនាក់​ទំនង​ទ្វេភាគី។​

ចំណែក​លោក​ ហ៊ុន ម៉ានី​ ឧប​នាយក​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃ​ទី​ ១៥​ ខែ​កញ្ញា​ ដោយ​ចាត់​ទុក​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អាមេរិក​មក​លើ​លោក ​លី យ៉ុងផាត់ ​ជា​ការ​ «ចាប់​ដៃ ​ជាន់​ជើង»។​

លោក​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​ «ជា​ឃ្លា​ដែល​វប្បធម៌​ខ្មែរ​ ឬ​សាសន៍​ណា​ក៏ដោយ ពិបាក​ទទួល ​ក្នុង​នាម​ជា​រដ្ឋ​អធិប​តេយ្យ​មួយ ​និង​មាន​លក្ខណៈ​អវិជ្ជមាន​ជាខ្លាំង​ សម្រាប់​ជា​មូលដ្ឋាន​ពង្រឹង​ទំនាក់​ទំនង​ដោយ​ស្មោះ​ត្រង់​ ជឿទុក​ចិត្ត​ និង​ស្មើភាព​គ្នា! ​ពិត​ណាស់ ​ឃ្លា​នេះ​មានន័យ​គ្រប់គ្រាន់​បញ្ជាក់​ពី​ចេតនា ​និង​សកម្ម​ភាព​ ដែល​ស្តែង​ឡើង​ខុស​ពី​អ្វី​ដែល​អ្នក​បាន​និយាយ»។​

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​លោក ​សេង វណ្ណលី ​យល់​ថា​ កម្ពុជា​គួរតែ​បើក​ការ​ស៊ើប​អង្កេត​រក​ភស្តុតាង​ មុន​ចេញ​ប្រតិកម្ម​ ដែល​លោក​ថា ​ប្រតិកម្ម​បែប​នេះ​នឹង​មិន​អាច​ជួយ​ស្តារ​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​បាន​ទេ​ ប៉ុន្តែ​អាច​ធ្វើ​ឱ្យ​ប្រទេស​លោក​ខាង​លិច​ឃើញ​កម្ពុជា​ថា​ជា​ប្រទេស​មិន​មែន​នីតិរដ្ឋ។​

អ្នក​វិភាគ​គោល​នយោបាយ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លោក ​ស៊ឺន សម ​ប្រាប់​វីអូអេ​ថា​ សហ​រដ្ឋ​អាមេរិក​ជា​ប្រទេស​ដែល​មាន​បច្ចេកវិទ្យា​ជឿន​លឿន​ និង​តែង​មាន​ការ​ស្រាវជ្រាវ​ច្បាស់លាស់​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។ ​លោក​ថា ​ការ​ដាក់​ទណ្ឌកម្ម​នេះ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ចំណង​ការ​ទូត​រវាង​ប្រទេស​ទាំង​ពីរ​ឡើយ ​ប៉ុន្តែ​ថា កម្ពុជា​គួរ​ជួប​ជជែក​ជាមួយ​ស្ថាប័ន​អាមេរិក​ដើម្បី​បកស្រាយ​ឱ្យ​បាន​ច្បាស់​ ដោយសារ​អាមេរិក​គឺ​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​កម្ពុជា។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​នៅ​ឡើយ​ទេ ​គិត​ត្រឹម​រសៀល​ថ្ងៃ​អង្គារ​នេះ។​

ប្រទេស​កម្ពុជា​ និង​ប្រទេស​ផ្សេង​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​គឺ​ជា​ចំណុច​កណ្តាល​នៃ​ឧស្សាហ​កម្ម​ឧក្រិដ្ឋ​កម្ម​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ដែល​កំណត់​គោល​ដៅ​ឧក្រិដ្ឋ​កម្ម​លើ​ជន​រងគ្រោះ​នៅ​ទូទាំង​ពិភព​លោក​ ជាមួយ​នឹង​ការ​ក្លែង​បន្លំ ​Crypto ​និង​គ្រោង​ការណ៍​ផ្សេង​ទៀត ​ដែល​ជា​រឿយៗ​ដំណើរ​ការ​ដោយ​ក្រុមហ៊ុន​ចិន​ និង​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​ជួញ​ដូរ។​

ការ​ដាក់​ទណ្ឌកម្ម​របស់​ក្រសួង​ហិរញ្ញ​វត្ថុ​របស់​សហ​រដ្ឋ​អាមេរិក​លើ​លោក​ឧកញ៉ា​លី យ៉ុងផាត់ ​កើត​ឡើង​ក្រោយ​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​ចេញ​របាយ​ការណ៍​ប្រចាំ​ឆ្នាំ​ ២០២៤ ​ស្តីពី​ការ​ជួញ​ដូរ​មនុស្ស​ ដែល​កត់​ត្រា​អំពី​ការ​ពាក់ព័ន្ធ​របស់​មន្ត្រី​កម្ពុជា​ខ្លះ​នៅ​ក្នុង​សកម្ម​ភាព​ដែល​មាន​ទំនាក់​ទំនង​នឹង​ការ​ជំរុញ​ឱ្យ​មាន​ការ​ជួញ​ដូរ​មនុស្ស​ ក្នុង​អំពើ​ឧក្រិដ្ឋ​ឆបោក​តាម​បណ្តាញ​អ៊ីនធឺណិត ​ឬ​ហៅ​ថា​ online scam។​

លោក​ឧកញ៉ា​ លី យ៉ុងផាត់ ​ស្ថិត​ក្នុង​ចំណោម​មន្ត្រី​រដ្ឋាភិបាល ​និង​អ្នក​មាន​ឥទ្ធិពល​មួយ​ចំនួន​នៅ​កម្ពុជា​ដែល​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ​ក្នុង​នោះ​នាយ​ឧត្តម​សេនីយ៍​ ចៅ ភិរុណ ​អតីត​អគ្គ​នាយក​នៃ​អគ្គ​នាយកដ្ឋាន​សម្ភារៈ​បច្ចេក​ទេស ​និង​បច្ចុប្បន្ន​ជា​រដ្ឋ​លេខាធិការ​ក្រសួង​ការពារ​ជាតិ ​និង​នាយ​ឧត្តម​នាវី ​ទៀ វិញ​ មេ​បញ្ជាការ​កងទ័ព​ជើង​ទឹក ​ត្រូវ​បាន​ក្រសួង​ហិរញ្ញ​វត្ថុ​អាមេរិក​ដាក់​ឱ្យ​ចូល​ក្នុង​បញ្ជី​ខ្មៅ ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ​និង​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​កម្ពុជា។​

លោក​ឧកញ៉ា ​ទ្រី ភាព ​និង​លោក​នាយ​ឧត្តម​សេនីយ៍ ​គន់ គីម​ ទេស​រដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសក​កម្ម​ពិសេស​ដែល​ជា​មនុស្ស​ស្និទ្ធ​នឹង​អតីត​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​ក៏​ត្រូវ​បាន​ដាក់​ទណ្ឌកម្ម​ដោយ​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាមេរិក​ចំពោះ​ការ​ប្រើ​ប្រាស់​ឥទ្ធិពល ​និង​បណ្តាញ​របស់​ខ្លួន ​ដើម្បី​កេង​ប្រវ័ញ្ច​ពលរដ្ឋ​កម្ពុជា ​ហើយ​ផ្តល់​ផល​ប្រយោជន៍​ដល់​ក្រុមហ៊ុន​ចិន​ដែល​មក​រកស៊ី​នៅ​កម្ពុជា៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG