ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្រ្ដី​ការពារ​ជាតិ​កម្ពុជា​នឹង​ចូលរួម​វេទិកា​ប៉េកាំង​សៀនសាន​នៅ​ប្រទេស​ចិន


រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា ចូលរួមពិធីសំណេះសំណាលជាមួយនាយទាហាន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ (Facebook / ក្រសួងការពារជាតិ)
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ សីហា ចូលរួមពិធីសំណេះសំណាលជាមួយនាយទាហាន កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤។ (Facebook / ក្រសួងការពារជាតិ)

លោក ​ទៀ សីហា ​រដ្ឋមន្រ្ដី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​នឹង​ចូលរួម​វេទិកា​ប៉េកាំង​សៀនសាន​លើក​ទី ១១ ​នៅ​ប្រទេស​ចិន​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី ១២ ​ដល់​ ១៤ ​ខែ​កញ្ញា ​ឆ្នាំ​ ២០២៤។​ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​ ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ។​

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការពារ​ជាតិ ​ក្នុង​ដំណើរ​ចូលរួម​វេទិកា​ប៉េកាំង​សៀនសាន​តាម​ការ​អញ្ជើញ​ពី​លោក ដុង ជុន ​(Dong Jun)​ រដ្ឋមន្រ្ដី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ចិន​ លោក​ ទៀ សីហា ​នឹង​ឡើង​ថ្លែង​សុន្ទរក​ថា​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​ទី២ ​ស្ដីពី «ពហុប៉ូល ​និង​ការ​វិវត្ត​សណ្ដាប់​ធ្នាប់​អន្ដរជាតិ»។ ​

ជាមួយ​គ្នា​នេះ ​លោក ​ទៀ សីហា ​នឹង​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ​ចាំង យូសៀរ ​អនុ​ប្រធាន​ទី១​ គណៈ​កម្មការ​យោធា​មជ្ឈិម​ចិន ​ដើម្បី​ពងឹ្រង​ទំនាក់​ទំនង​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​ការពារ​ជាតិ​រវាង​កម្ពុជា​ចិន។​

ទន្ទឹម​គ្នា​នេះ ​លោក​ ទៀ សីហា ​នឹង​មាន​ជំនួប​ទ្វេភាគី​ជា​មួយ​រដ្ឋមន្រ្ដី​ការពារ​ជាតិ​វៀតណាម ​និង​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋមន្រ្ដី​ការពារ​ជាតិ​ឡាវ ​និង​ជំនួប​ទ្វេភាគី​ជា​មួយ​ដៃ​គូ​សន្ទនា​មួយ​ចំនួន​ទៀត៖​ «ដើម្បី​ពង្រឹង​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិ​ការ​ការពារ​ជាតិ ​និង​សន្ដិសុខ​ជាមួយ​គ្នា»។​

គួរ​បញ្ជាក់​ថា ​ក្នុង​ដំណើរ​ចូលរួម​វេទិកា​ប៉េកាំង​សៀនសាន​លើក​ទី​ ១១ ​នេះ ​ក៏​នឹង​មាន​លោក ​ណឹម សុវតិ្ថ ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​នយោបាយ​និង​កិច្ច​ការ​បរទេស​ លោក​ ហ៊ុន ម៉ានិត​ ប្អូន​ប្រុស​របស់​លោក​ ហ៊ុន ម៉ាណែត ​និង​ជា​អគ្គ​នាយក​ អគ្គ​នាយក​ដ្ឋាន​ស្រាវជ្រាវ-ចារកិច្ច ​និង​ជា​មេ​បញ្ជា​ការ​រង​កងទ័ព​ជើងគោក​ លោក​ ចៅ ភិរិទ្ធ ​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​សម្ភារៈ​បច្ចេក​ទេស​ និង​មាន​នាយ​ទាហាន​ជាន់​ខ្ពស់​នៃ​កង​យោធល​ខេមរ​ភូមិន្ទ​មួយ​ចំនួន​ដែល​នឹង​ចូលរួម​អម​ដំណើរ៕​

វេទិកា​បញ្ចេញ​មតិ

វីដេអូថ្មីៗបំផុត

XS
SM
MD
LG