ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ធម្មយាត្រា​ដើម្បី​យុត្តិធម៌​និង​សន្តិភាព​ចេញ​ពី​តាម​ខេត្ត​មក​ជួបជុំ​គ្នា​នៅ​ភ្នំពេញ

  • គង់ សុឋានរិទ្ធ

សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា​ដើរ​ក្បូន​ក្នុង​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​កាល​ពី​​ឆ្នាំ​២០១២។
ជន​រងគ្រោះ​ដោយសារ​ជម្លោះ​ដីធ្លី ​មន្ត្រី​សហជីព ​សកម្មជន​សិទ្ធិ​មនុស្ស​ ព្រះសង្ឃ​និងប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​នាក់កំពុង​ធ្វើ​ធម្មយាត្រា​ និង​សិទ្ធិ​យាត្រា​ពី​បណ្តា​ខេត្តនានា​ឆ្ពោះ​មក​រាជធានី​ភ្នំពេញ​ដើម្បី​ឧទ្ទិស​ដល់​ទិវា​សិទ្ធិមនុស្ស​ពិភពលោក​ថ្ងៃទី​១០​ខែធ្នូ ​ក្នុង​នោះ​មាន​ខេត្ត​កំពង់ធំ ពោធិ៍សាត់​ កំពង់ចាម​ ព្រៃវែង​ ស្វាយរៀង ​កណ្តាល​ កំពង់ស្ពឺ ​តាកែវ កំពង់ឆ្នាំង ជាដើម។​

ធម្មយាត្រា​និង​សិទ្ធិ​យាត្រា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​អាទិត្យម្សិលមិញ​នេះ​ ដោយ​ឆ្លង​កាត់​ខេត្តយ៉ាង​តិចចំនួន​១២​ក្នុង​ប្រទេស​កម្ពុជា។​

ធម្មយាត្រា​ និង​សិទ្ធិ​យាត្រា​នេះបានកំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​សំខាន់ៗ​ ដូច​ជា​ផ្លូវជាតិ​លេខ​១ ​ផ្លូវជាតិ​លេខ២ ​ ​ផ្លូវជាតិ​លេខ​៣ ​ផ្លូវជាតិ​លេខ៤ ផ្លូវជាតិ​លេខ៥​និងផ្លូវជាតិ​លេខ​៦​ ហើយ​គ្រោង​នឹង​មក​ដល់​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី៩​ធ្នូ ​ដើម្បីជួបជុំ​គ្នា​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​និង​ដាក់​ញ្ញត្តិ​ជូន​សមាជិក​សភា​នៅ​ថ្ងៃ​បន្ទាប់។​

លោក​ច័ន្ទ ពុទ្ធិសក្ត័ ​ជា​អ្នក​ដឹកនាំក្បួន​ធម្មយាត្រា​និង​សិទ្ធិយាត្រាម្នាក់​ដែល​បាន​ចេញ​ដំណើរ​ពី​ខេត្ត​ពោធិ៍សាត់លើ​ផ្លូវ​ជាតិ​លេខ​៥ ​ហើយ​លោក​ជា​តំណាង​សហគមន៍បឹងកក់​ ដែល​មាន​ទំនាស់​ដីធ្លី​ដ៏រ៉ាំរ៉ៃជាមួយ​នឹង​ក្រុមហ៊ុន​ស៊ូកាគូអ៊ីន​របស់​លោក​ឧកញ៉ា ​ឡាវ ម៉េងឃីន​ សមាជិក​ព្រឹទ្ធសភា​ពី​គណបក្ស​ប្រជាជន​កម្ពុជា។​

ក្បួន​របស់​លោក​លោក​ច័ន្ទ ពុទ្ធិសក្ត័ ​មាន​ព្រះ​សង្ឃ​ចូលរួម​ចំនួន​១៩​អង្គ ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ក្នុង​សហគមន៍បឹង​កក់​ និង​បុរីកីឡា​ សហគមន៍ភ្នំបាត​ដែល​ត្រូវ​បណ្តេញ​ពី​បុរីកីឡា​ សហគមន៍ប្រជាជន​មក​ពី​ខេត្ត​បាត់ដំបង​ ប៉ៃលិន។​ មេដឹកនាំ​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ជា មុន្នី និង​តំណាង​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ក៏​បាន​ចូលរួម​នៅ​ក្បួន​ធ្វើ​ដំណើរ​នេះ​ដែរ។ ​ក្បួន​ដង្ហែរ​ដែល​មាន​សមាជិក​សរុប​ចំនួន​៧៩​នាក់​អម​ដោយ​រ៉ឺម៉ក​កង់​បី​ចំនួន​ពីរ​គ្រឿង​ និង​រថយន្ត​ចំណុះ​ពីរ​តោន​មួយ​គ្រឿង។​

លោក​ច័ន្ទ ពុទ្ធិស័ក្ត​បាន​រៀបរាប់​ថា​ ក្រុម​ប្រជាពលរដ្ឋ​បាន​ផ្តល់​ជា​ស្បៀង​អាហារ​ និង​ទឹក​សុទ្ធនៅ​តាម​ផ្លូវ។ ​រីឯ​ព្រះសង្ឃ​បាន​សូត្រ​មន្ត​ប្រោះព្រហ្ម​ពួកគេ៖​ «យើង​ដើរ​ដើម្បី​ទាមទារ​យុត្តិធម៌ ​និង​សន្តិភាព។​ ពាក្យស្លោក ​ដែល​យើង​ដាក់ជាសារ​ធំគឺ​មាន​យុត្តិធម៌ ​មាន​សន្តិភាព​ គឺ​ក្នុង​គោល​បំណង​បណ្តុះ​បណ្តាល​ប្រជាពលរដ្ឋ​ឲ្យ​ស្គាល់​ពី​សិទ្ធិ​សេរីភាព ​ពី​ការ​រស់​នៅ​ក្នុង​សង្គម​មាន​សិទ្ធិ​អ្វី​ខ្លះ​ ហើយ​ដឹង​ថា​ ​រដ្ឋាភិបាល​មាន​តួនាទី​អ្វី​ខ្លះ​បម្រើ​ដល់​ពួកគាត់»។​

ក្បួន​ធម្មយាត្រា​ និង​សិទ្ធិ​យាត្រា​និមួយៗ​ត្រូវ​ធ្វើ​ដំណើរ​ចម្ងាយ​២០​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ។​ ហើយ​ក្នុង​ពេល​យប់​ព្រះសង្ឃ​នឹង​សម្តែង​ធម្មទេសនា​ជូន​ដល់​ប្រជាពលរដ្ឋ​អំពី​សិទ្ធិ​មនុស្ស​ និង​សាសនា​ក្នុង​តំបន់​ដែល​ក្បួនធម្មយាត្រា​ និង​សិទ្ធិ​យាត្រា​ស្នាក់​នៅ។​

នៅ​ផ្លូវជាតិ​លេខ​៦​ឯណោះ​ ក្បួន​ធម្មយាត្រា​និង​សិទ្ធិ​យាត្រា​បាន​ចេញ​ដំណើរ​ពី​ទីរួម​ខេត្ត​កំពង់ធំ​ ហើយ​មាន​ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ​ រួមទាំង​មន្ត្រី​សង្គម​ស៊ីវិល​ចូលរួម​ប្រមាណ​១០០​នាក់។​

លោក​វន ពៅ ​ប្រធាន​សមាគម​សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ និង​ជាអ្នក​ដឹកនាំ​ក្បួន​ធម្មយាត្រា​និង​សិទ្ធិយាត្រាលើ​កំណាត់​ផ្លូវជាតិ​លេខ​៦។​

លោក​ថ្លែង​ថា៖ «ព្រះសង្ឃ​បាន​សូត្រ​មន្ត​ប្រោះទឹក​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ។​ យើង​បាន​ថ្លែងសារ​អំពី​សិទ្ធិ​សំខាន់ៗ​របស់​ប្រជាពលរដ្ឋ។ ​យើង​បាន​ថ្លែង​សារ​អំពី​សិទ្ធិ​និង​កាតព្វ​កិច្ច​ព្រះសង្ឃ​ អំពី​ការ​ជួយ​ជាតិ​ និង​ជួយ​សង្គម។ ​យើង​បាន​ឲ្យ​ប្រជាពលរដ្ឋ​សរសេរ​សារ​របស់​ខ្លួន​ បង្ហាញ​អំពី​ទុក្ខ​វេទនា ​អំពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​ ដើម្បី​ឲ្យ​ក្រុម​ការងារ​របស់​យើង​យកសារ​នេះ​ទៅជូន​តំណាងរាស្រ្ត​នៅថ្ងៃ​ទី​១០​ធ្នូ​ខាង​មុខ»។​

ក្បួន​ធម្មយាត្រា ​និង​សិទ្ធិ​យាត្រា​លើ​ផ្លូវជាតិ​លេខ​១មាន​គ្នា​សរុប​ចំនួន​៥៦​នាក់​បូករួម​ទាំង​ព្រះសង្ឃ ប្រជាពលរដ្ឋ​មកពី​សហគមន៍បឹងកក់ ​សហគមន៍​មកពីស្រុក​រមាសហែក​ តំណាង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ​តំណាង​អង្គការ​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ។​

ព្រះតេជគុណ​អិន ពុទ្ធី​ មាន​សង្ឃដិកា​ថា​ ក្បួន​ធម្មយាត្រា​និង​សិទ្ធិ​យាត្រា​របស់​ព្រះ​អង្គ​នឹង​មក​ដល់​កំពង់​ចម្លង​អ្នកលឿង​នៅថ្ងៃ​ទី​៦​ធ្នូ ​គឺ​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​៦០​គីឡូ​ម៉ែត្រ​ពី​រាជធានី​ភ្នំពេញ។​

ព្រះតេជ​ព្រះគុណ​អិន ពុទ្ធី ​និមន្ត​ពីវត្ត​ស្ទឹងមានជ័យ ​និង​ជា​អ្នក​ដឹកនាំ​ក្បួន​ធម្មយាត្រា​និង​សិទ្ធិយាត្រា​មួយ​អង្គ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​នេះ។​

«ព្រឹកមិញ​ធម្មយាត្រា​ជើង​ទី២​ហែរ​ចេញពី​ផ្សារ​ព្រៃ​គគីរ​ ស្រុក​ចន្ទ្រា។​ ឥឡូវ​ហែរ​ឆ្ពោះ​មក​កាន់​ស្រុក​ស្វាយទាប​ ខេត្តស្វា​យរៀង​ តាម​ផ្លូវ​ជាតិ​លេខ១​រហូត។​ យប់​នេះ​សម្រាក​នៅ​ភូមិ​គោក​កណ្តោល ​ឃុំ​កណ្ឌៀងរាយ​ ស្រុក​ស្វាយទាប ​ខេត្ត​ស្វាយរៀង»។​

ធម្មយាត្រា ​និង​សិទ្ធិយាត្រា​មាន​ការ​រៀបចំ​ជា​កម្មវិធី​សំណួរ​ចម្លើយ​អំពី​សិទ្ធិ​ ​សម្រាប់​ផ្តល់​រង្វាន់​មួយ​ចំនួនដល់​ប្រជាពល​រដ្ឋ​ដែល​ចូលរួម​ និង​មាន​ការ​រៀបចំ​ល្បែង​ប្រជាប្រិយ​ផង​ដែរ​ នៅ​តាម​តំបន់​មួយ​ចំនួន។​

រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​ឧប្បត្តិហេតុ​ហិង្សា​ណាមួយ​កើត​ឡើង​ក្នុង​អំឡុង​ពេល​ធម្មយាត្រា​ និង​សិទ្ធិយាត្រា​រយៈ​ពេល​ពីរថ្ងៃ​មក​នេះ​ទេ។ ​នេះ​បើ​យោង​តាម​លោក​ចាន់ សុវ៉េត ​អនុប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក៕
XS
SM
MD
LG