ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រារព្ធ​ទិវា​ឯករាជ្យ​ជាតិ​លើក​ទី៦៨ ក្រោយ​បើក​ប្រទេស​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​កូវីដ១៩


ប៉េងប៉ោង ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១។
ប៉េងប៉ោង ត្រូវ​បាន​គេ​បង្ហោះ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ក្នុង​ពិធី​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​របស់​ប្រទេស​កម្ពុជា​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅ​គ្រា​ដែល​បើក​ប្រទេស​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២១ បាន​ប្រារព្ធខួប​លើក​ទី​៦៨​នៃ​ទិវា​ឯក​រាជ្យ​ជាតិ ដោយ​មាន​អ្នក​ចូលរួម​ច្រើន​ជាង​ឆ្នាំ​មុន។

ពិធី​នេះ​ មាន​ការ​យាង​ចូលរួម​ពីព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្តម សីហមុនី ការ​ចូលរួម​ពី​ប្រធាន​ព្រឹទ្ធសភា លោក សាយ ឈុំ ប្រធាន​រដ្ឋសភា លោក ហេង សំរិន លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន មន្រ្តី​ជាន់​ខ្ពស់របស់​រដ្ឋាភិបាល មន្រ្តី​រាជ​ការ ប្រជា​ពលរដ្ឋ​រាប់​រយ​នាក់ និង​តំណាង​អង្គ​ទូត​នានា។ អ្នក​ចូលរួម​បាន​ពាក់​ម៉ាស់​ផង​ដែរ។

កាល​ពី​ឆ្នាំ​២០២០ ពិធី​បុណ្យ​ឯករាជ្យ​ជាតិ ​បាន​ប្រព្រឹត្ត​ទៅ​ធម្មតា ដោយ​ការ​មាន​ប្រុងប្រយ័ត្ន​ខ្ពស់​ពី​ជំងឺ​កូវីដ​១៩ ប៉ុន្តែ​អ្នក​ចូលរួម​មិន​ច្រើន​ដូច​ឆ្នាំ​នេះ​ទេ។ កាល​ពី​ឆ្នាំ​មុន ក៏​អវត្ត​មាន​របស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ផង​ដែរ ដោយ​លោក​ជាប់​ធ្វើ​ចត្តាឡីស័ក។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​អង្គារ​ថា៖ «ទិវា​បុណ្យ​ឯក​រាជ្យ​ជាតិ​៩ វិច្ឆិកា បាន​រំឭក​ឲ្យ​ឃើញ​ពី​ព្រះ​រាជ​បេសក​កម្ម ដើម្បី​ជាតិ​មាតុភូមិ និង​ប្រជា​រាស្ត្រ​ខ្មែរ​របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សីហនុ ព្រះបិតា​ឯករាជ្យជាតិ ព្រះបរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះ​បង់​ព្រះ​កាយ​ពល និង​ព្រះ​បញ្ញា​ញាណ​យ៉ាង​ក្លៀវ​ក្លាបំផុត​ធ្វើ​ការ​តស៊ូ​ក្នុង​ក្រប​ខណ្ឌ​នៃ​ព្រះរាជបូជនីកិច្ច ដើម្បី​ទាមទារ​ឯករាជ្យ​ដ៏​ពិត​ប្រាកដ​នៅ​កម្ពុជា»។

លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្ហោះ​សារ​យ៉ាង​ខ្លី​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា៖ «ឯក​ភាព​ជាតិ នាំ​មក​នូវ​ឯករាជ្យ​ជាតិ»។


ប្រទេស​កម្ពុជា ​បាន​ទទួល​ឯករាជ្យ​ពី​នឹម​អាណា​និគម​បារាំង កាល​ពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ១៩​៥៣ ក្រោយ​មាន​ការ​ត្រួត​ត្រា​អស់​រយៈ​ពេល​៩០​ឆ្នាំ ចាប់​ពី​ឆ្នាំ​១៨៦៣​មក៕

XS
SM
MD
LG