ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​អបអរ​ការ​ដាក់​បញ្ចូល​ប្រាសាទ​កោះ​កេរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក


រូបឯកសារ៖ ភ្ញៀវទេសចរ​ទស្សនា​ប្រាសាទកោះកេរ​នៅខេត្តព្រះវិហារ ​​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១២។ តំបន់​កោះកេរ​ត្រូវបានដាក់បញ្ចូល​ជាបេតិភណ្ឌវប្បធម៌​ UNESCO​ កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣។
រូបឯកសារ៖ ភ្ញៀវទេសចរ​ទស្សនា​ប្រាសាទកោះកេរ​នៅខេត្តព្រះវិហារ ​​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០១២។ តំបន់​កោះកេរ​ត្រូវបានដាក់បញ្ចូល​ជាបេតិភណ្ឌវប្បធម៌​ UNESCO​ កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០២៣។

រមណីយដ្ឋាន​បុរាណ​វិទ្យា​ប្រាសាទ​កោះកេរ ​ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ខេត្ត​ព្រះ​វិហារ​ត្រូវ​បាន​អង្គ​ការ​យូណេស្កូ​សម្រេច​បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ពិភព​លោក​កាល​ពី​ថ្ងៃ​អាទិត្យ ​ទី​១៧ ​ខែ​កញ្ញា​នេះ ​បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើ​សុំ​តាំង​ពី​ឆ្នាំ​២០២១។​

អគ្គ​នាយក​រង​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ ​លោក​ ផេង សំអឿន ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​ វា​ជា​មោទកភាព​ជាតិ​មួយ​របស់​ប្រទេស​កម្ពុជា ​ក្នុង​ការ​ការពារ​ និង​លើក​តម្លៃ​មរតក​វប្បធម៌​ជាតិ​ក្នុង​តំបន់​រមណីយដ្ឋាន​ប្រាសាទ​កោះកេរ ​ដែល​ជា​អតីត​រាជធានី​ខ្មែរ​មាន​អាយុ​កាល​ជាង​១ពាន់​ឆ្នាំ​មក​ហើយ។​

លោក​ថ្លែង​ថា៖​ «ការណ៍​ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​សម្រេច​ចុះ​បញ្ជី​បេតិកភណ្ឌ​ប្រាសាទ​កោះកេរ​នេះ​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​គឺ​មាន​សារៈសំខាន់​ ទី​មួយ លើក​តម្លៃ​ឡើង​វិញ​នូវ​មរតក​វប្បធម៌​បេតិកភណ្ឌ​យើង​ដែល​ជា​អតីត​រាជធានី​មួយ​នៃ​សត​វត្សរ៍​ទី​១០​ហ្នឹង​ តាម​ពិត​ទៅ​បើ​យើង​និយាយ​គ្រប់​គ្នា​ជា​ទូទៅ​ថា​ជា​ មោទកភាព​មួយ​របស់​ជាតិ​សាសន៍​យើង​ដែរ ​ដែល​បុព្វ​បុរស​បាន​បន្សល់​ទុក​នូវ​សម្បត្តិ​វប្បធម៌​ក្នុង​ប្រទេស​យើង​ជា​ច្រើន​ ពិសេស​គឺ​រមណីយដ្ឋាន​ បុរាណដ្ឋាន​ធំៗ»។​

លោក​បន្ថែម​ថា​ ការ​ដាក់​បញ្ចូល​នូវ​រមណីយដ្ឋាន​នៅ​តំបន់​ប្រាសាទ​កោះកេរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នេះ​ក៏​នឹង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​ប្រទេស​កម្ពុជា​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​ «ជា​មួយ​គ្នា​ហ្នឹង​ដែរ ​ក៏​យើង​សង្ឃឹម​ថា ​ជា​គោល​ដៅ​ទេសចរ​មួយ​ដែល​ជា​ប្រយោជន៍​ក្នុង​ការ​ផ្តល់​នូវ​ប្រាក់​ចំណូល​ដល់​ប្រទេស​យើង​ ហើយ​ក៏​ដូច​ជា​ប្រជាជន​ក្នុង​តំបន់​ដែរ»។​

លោក​ក៏​សង្ឃឹម​ថា​នឹង​មាន​ការ​ជួសជុស ​និង​អភិរក្ស​បន្ថែម​ចំពោះ​តំបន់​បុរាណ​វិទ្យា​មួយ​នេះ ​ក្រោយ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​នេះ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក។​

ក្នុង​កិច្ច​ខិតខំ​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ការ​អភិរក្ស​បេតិក​ភណ្ឌ​វប្បធម៌​របស់​កម្ពុជា ​អង្គការ​យូណេស្កូ​បាន​ចាប់​ផ្ដើម​គម្រោង​«ដ៏​មាន​មហិច្ឆតា»​ក្នុង​ការ​គាំទ្រ​ដល់​ការ​អភិរក្ស​រមណីយដ្ឋាន​បុរាណ​វិទ្យា​កោះ​កេរ ​និង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​សហគមន៍​ដែល​រស់​នៅ​ជុំវិញ​តំបន់​នោះ។ ​នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គ​ការ​យូណេស្កូ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៧ ​ខែ​កញ្ញា។​

អង្គការ​យូណេស្កូ​បញ្ជាក់​ថា ទិដ្ឋភាព​សំខាន់​មួយ​នៃ​ការងារ​របស់​អង្គការ​យូណេស្កូ​នៅ​កោះ​កេរ ​គឺ​ការ​ផ្តល់​ជំនួយ​បច្ចេកទេស ​ដើម្បី​ពង្រឹង​សមត្ថ​ភាព​អាជ្ញាធរ​មូល​ដ្ឋាន ​និង​អ្នក​ជំនាញ​ ក្នុង​ការ​រៀប​ចំ​ឯកសារ​តែង​តាំង​តំបន់​កោះ​កេរ ​ដោយ​មាន​ការ​គាំទ្រ​ពី​ជំនួយ​អន្តរ​ជាតិ​បេតិកភណ្ឌ​ពិភពលោក។​

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា ​លោក ​Sardar Umar Alam ​ថ្លែង​អប​អរ​សាទរ​កម្ពុជា​ចំពោះ​សមិទ្ធផលនេះ​ថា៖ ​«ការ​ចុះ​បញ្ជី​ប្រាសាទ​កោះកេរ​ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ ​គឺ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​សម្រាប់​កម្ពុជា​ ដោយ​បញ្ជាក់​ឡើង​វិញ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​របស់​យើង​ដើម្បី​ការពារ ​និង​លើក​កម្ពស់​តម្លៃ​នៃ​បេតិកភណ្ឌ​វប្បធម៌។ ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ដូច​ដែល​យើង​អប​អរ​សាទរ​ សមិទ្ធផល​នេះ​បើក​ទ្វារ​ដល់​ឱកាស​ជា​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ​ទេសចរណ៍​ប្រកប​ដោយ​និរន្តរភាព និង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ។ ​អង្គការ​យូណេស្កូ​នឹង​បន្ត​សហការ​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​សម្រាប់​ការ​អភិរក្ស​ទីតាំង​ រួម​ទាំង​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​វិទ្យាសាស្ត្រ​ និង​ដើម្បី​ផ្សព្វ​ផ្សាយ​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​ទៅ​កាន់​ពិភព​លោក​បន្ថែម​ទៀត»។​

រមណីយដ្ឋាន​កោះកេរ​ស្ថិត​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​៨​ពាន់​ហិកតា ​ក្នុង​ភូមិសាស្រ្ត​ស្រុក​គូលែន ​ដែល​មាន​ប្រាសាទ​ជាង​៧០ ​ក្នុង​នោះ​មាន​ប្រាសាទ​ធំ​មួយ ​ដែលត្រូវ​បាន​ចាត់​ទុក​ជា​ពីរ៉ាមីត​នៅ​អាស៊ី​អាគេ្នយ៍។ ​ប្រាសាទ​ធំ​នេះ​មាន​៧​ថ្នាក់​ និង​កម្ពស់​៣៥​ម៉ែត្រ។​

កោះកេរ​ជា​អតីត​រាជធានី​របស់​ខ្មែរ​ក្នុង​សតវត្សរ៍​ទី​១០ ​ដែល​មាន​អាយុ​កាល​ជាង​១​ពាន់​ឆ្នាំ​មក​ហើយ ​ដោយ​ត្រូវ​បាន​កសាង​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៤​ នៅ​ពេល​ផ្លាស់​ប្តូរ​រាជធានី​ពី​ក្រុង​អង្គរ​មក​តំបន់​កោះ​កេរ។​

នៅ​ក្នុង​សារ​លិខិត​អប​អរសាទរ​ការ​ដាក់​បញ្ចូល​រមណីយដ្ឋាន​បុរាណ​វិទ្យា​ប្រាសាទ​កោះកេរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត ​បញ្ជាក់​ថា៖​ «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ជា​ពិសេស​ផង​ដែរ ​ចំពោះ​បណ្តា​ប្រទេស​ជា​មិត្ត ​និង​អង្គការ​យូណេស្កូ​ព្រម​ទាំង​ឥស្សរ​ជន​ទាំង​ឡាយ ​ដែល​បាន​ទទួល​ស្គាល់​នូវ​«តម្លៃ​ដ៏​មហស្ចារ្យ​ជា​សកល»​នៃ​រមណីយ​ដ្ឋាន​ប្រាសាទ​កោះ​កេរ ​ហើយ​បាន​គាំទ្រ​សំណើ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ចុះ​តំបន់​ប្រាសាទ​នេះ​ទៅ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក​ដើម្បី​ជា​«ផល​ប្រយោជន៍​ដ៏​ឧត្ដុង្គ​ឧត្តម»​របស់​មនុស្ស​ជាតិ​ទាំង​មូល។​

លោក​នាយក​រដ្ឋ​មន្រ្តីក៏អំពាវនាវ​ដល់​ប្រជាជនចូល​រួម​វាយ​គង ​ទូង​ស្គរ​ ទះ​ប៉ោត ​និង​គោះ​ត្រដោក​ នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ​ ក៏​ដូច​ជា​អំពាវនាវ​ឱ្យ​គ្រប់​ស្ថានីយ​វិទ្យុ ​ទូរទស្សន៍ ​និង​បណ្តាញ​ព័ត៌មាន​ទំាង​អស់​ផ្សព្វ​ផ្សាយ​ពី​ព្រឹត្តិ​ការណ៍​ជា​មោទកភាព​ជាតិ​ដ៏​មាន​សារៈសំខាន់​មួយ​នេះ ​នៅ​ថ្ងៃ​ទី​២០ ​ខែ​កញ្ញា​ ឆ្នាំ​២០២៣ ​វេលា​ម៉ោង​៧​ព្រឹក។​

គួរ​បញ្ជាក់​ដែរ​ថា​ រមណីយ​ដ្ឋាន​បុរាណ​វិទ្យា​ប្រាសាទ​កោះ​កេរ​ជា​សម្បត្តិ​របស់​កម្ពុជា​ទី​៤​ជាមួយ​តំបន់​បុរាណ​វិទ្យា​ចំនួន​បី​ផ្សេង​ទៀត ​ដែល​បាន​ចុះ​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​ពិភព​លោក ​រួម​មាន​ ប្រាសាទ​អង្គរ​វត្ត​ក្នុង​ឆ្នាំ​១៩៩២ ​ប្រាសាទ​ព្រះ​វិហារ​ក្នុង​ឆ្នាំ​២០០៨ ​និង​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក​ក្នុង​ឆ្នាំ​២០១៧៕​

XS
SM
MD
LG