ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​យូណេស្កូ​ប្តេជ្ញា​ចិត្ត​បន្ត​ជួយ​អភិរក្ស​បេតិក​ភណ្ឌ​ពិភពលោក​នៅ​កម្ពុជា


រូបឯកសារ៖ ទង់ជាតិ​ខ្មែរ​ ដែល​បង្ហូត​នៅ​​លើ​ប្រាសាទ​ព្រះវិហារ​។
រូបឯកសារ៖ ទង់ជាតិ​ខ្មែរ​ ដែល​បង្ហូត​នៅ​​លើ​ប្រាសាទ​ព្រះវិហារ​។

ប្រារព្ធ​ខួប​លើក​ទី​១២​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​៧ ខែ​កក្កដា​នេះ អង្គការយូណេស្កូ​​ប្តេជ្ញា​ចិត្ត​បន្ត​ជួយ​អភិរក្ស​បេតិក​ភណ្ឌ​ពិភពលោក​នៅ​កម្ពុជា។

អង្គការ​វប្បធម៌​ វិទ្យាសាស្ត្រ ​និងអប់រំ​របស់​អង្គការ​សហ​ប្រជាជាតិ​ហៅ​កាត់​ថា​ យូណេស្កូ ​នៅ​ថ្ងៃ​អង្គារ​នេះ ​បានសម្តែង​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ចូលរួម​អភិរក្ស​មរតក​វប្បធម៌​របស់​កម្ពុជា ​ជា​ផ្នែក​មួយ​នៃ​ការ​ការពារ ​និង​លើក​កម្ពស់​បេតិកភណ្ឌ​ពិភពលោក។​

ការ​ប្តេជ្ញា​នេះ​ធ្វើ​ឡើង​ ខណៈ​ប្រទេស​កម្ពុជា​ប្រារព្ធ​ខួប​លើក​ទី​១២​នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះ​វិហារ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ នៅ​ថ្ងៃ​ទី​៧ ​ខែ​កក្កដា​នេះ។​

អង្គការ​យូណេស្កូ​ បាន​លើក​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន​ថា​ ​ដើម្បី​អភិរក្ស​តំបន់​ប្រាសាទ​ព្រះ​វិហារ ​អង្គការ​នេះ​បាន​ជួយ​រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​គណៈ​កម្មការ​សម្រប​សម្រួល​អន្តរជាតិ​សម្រាប់​ការ​អភិរក្ស ​និង​លើក​តម្កើង​ប្រាសាទ​ព្រះ​វិហាររបស់​កម្ពុជា​ទៅ​តាម​គំរូ​នៃ​ការ​គ្រប់គ្រង​បេតិកភណ្ឌ​ពិភពលោក​ក្នុង​តំបន់​អង្គរ។​

ទី​តាំង​ប្រាសាទ​ព្រះ​វិហារ ដែល​តុលាការ​ក្រុង​ឡាអេបាន​សម្រេច​ថា ​ជា​របស់​កម្ពុជា ហើយ​បាន​ឲ្យ​ប្រទេស​ថៃ​ដក​កងទ័ព​ចេញ​នោះ នៅ​លើ​ភ្នំ​ដងរែក ​និង​មាន​ចម្ងាយ​៤០០​គីឡូម៉ែត្រ​ប៉ែក​ខាង​ជើងរាជធានី​ភ្នំពេញ។ ​

ប្រាសាទ​នេះ​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​កិច្ចប្រជុំ​លើក​ទី​៣២​របស់​គណៈ​កម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ កាលពី​ថ្ងៃ​ទី៧​ខែ​កក្កដា​ឆ្នាំ​២០០៨ ​នៅ​ទីក្រុង​កេបិច ​ប្រទេស​កាណាដា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG