ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ប្រារព្ធ​ខួប​ទី២០នៃ​សន្តិភាព


វិមានឈ្នះ ឈ្នះក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ។ (រូបថតពីទំព័រហ្វេសប៊ុក Win-Win Memorial វិមានឈ្នះ-ឈ្នះ)​
វិមានឈ្នះ ឈ្នះក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ។ (រូបថតពីទំព័រហ្វេសប៊ុក Win-Win Memorial វិមានឈ្នះ-ឈ្នះ)​

នៅ​សៅរ៍​នេះ រដ្ឋាភិបាល​កម្ពុជា​នឹង​សម្ភោធ​ការ​ប្រារព្ធ​គម្រប់​ខួប​ទី២០នៃ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល​ដែល​នឹង​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៣ថ្ងៃ។ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​បញ្ចប់​នូវ​សំណួរ​ដែល​ថា តើ​នៅ​ពេល​ណា​ទើប​ជម្លោះ​ដ៏​យូរ​អង្វែង​ឈាន​ដល់​ទី​បញ្ចប់។

មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មក​ប្រមូល​ផ្តុំ​គ្នា​នៅ​ម្តុំ​ជ្រោយ​ចង្វា​ ដែល​នៅ​ទល់​មុខ​រាជធានី​ ហើយ​បែង​ចែក​ទន្លេ​មេគង្គ​និង​បឹង​ទន្លេ​សាប​នោះ ដើម្បី​កត់​សម្គាល់​ការ​បញ្ចប់​សង្គ្រាម។ ពួក​គេ​ក៏​នឹង​សម្ភោធ​វិមាន​ចងចាំ​មួយ​ដែល​រដ្ឋាភិបាល​ថ្លែង​ថា នឹង​«ប្រាប់​ដល់​អ្នក​ជំនាន់​ក្រោយ​ឲ្យ​ដឹង​ពី​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ​របស់​កម្ពុជា‍»។

កាល​ពី​ថ្ងៃ​ទី២៩ ខែ​ធ្នូ ឆ្នាំ១៩៩៨ សង្គ្រាម​រយៈ​ពេល​៣០ឆ្នាំ​ របស់​កម្ពុជា​បាន​ឈាន​ដល់​ទី​បញ្ចប់​ នៅ​ពេល​ដែល​មេដឹកនាំ​ខ្មែរ​ក្រហម​គឺ​ នួន ជា​ និង​ខៀវ សំផន បាន​ចុះ​ចូល​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​ជា​ផ្លូវ​ការ​នៅ​គេហដ្ឋាន​របស់​លោក​នៅ​ជាយ​ក្រុង​ភ្នំពេញ។

លោក​ ហ៊ុន សែន​ បាន​ថ្លែង​នា​ពេល​ថ្មីៗ​នេះ​ថា៖«គោលនយោបាយ​ឈ្នះ ឈ្នះ អនុញ្ញាត​ឲ្យ​កម្ពុជា​ទទួល​បាន​សន្តិភាព​ សាមគី្គភាព​ និង​បូរណភាព​ទឹកដី ហើយ​ថា​គោល​នយោបាយ​នេះ​នាំ​មក​នូវ​ការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ពិសេស​ក្នុង​ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​លែងបាត់​បង់​ជីវិត​នៅ​ក្នុង​សង្គ្រាម​ដូច​ក្នុង​អតីត​កាល​ទៀត​ហើយ»។​

សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស

ការ​ចុះចាញ់​របស់​ពួក​ខ្មែរ​ក្រហម​កើត​ឡើង​៧ឆ្នាំ​ក្រោយ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ចុះ​ហត្ថលេខា​ក្នុង​ឆ្នាំ១៩៩១ ហើយ​ការ​បញ្ចប់​សង្គ្រាម​ត្រូវ​បាន​ប្រកាស​ឡើង។ ទោះ​ជា​យ៉ាង​នេះ​ក្តី ការ​មក​ដល់​របស់​ក្រុម​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ​ឬ​ហៅ​ថា UNTAC ក្នុង​ឆ្នាំ១៩៩២ បរាជ័យ​ក្នុង​ការ​ដក​ហូត​អាវុធ​របស់​ពួក​ខ្មែរ​ក្រហម។

ជា​លទ្ធផល ការ​ប្រយុទ្ធ​គ្នា ការ​ចាប់​ជំរិត និង​ការ​វាយ​ប្រហារ​ភេរវកម្ម​បាន​បន្ត​កើត​មាន​ឡើង​រវាង​កង​ទ័ព​ចំនួន​៣នាក់​ដែល​ស្មោះ​ស្ម័គ្រ​ជាមួយ​នឹង​មេដឹកនាំ​ខ្មែរ​ក្រហម​គឺ​ប៉ុល ពត និង​នាយក​រដ្ឋ​មន្ត្រី​២នាក់​ដែល​ចែក​អំណាច​គ្នា​គឺ​លោក ហ៊ុន សែន​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​និង​ព្រះបាទ​នរោត្តម​រណឬទ្ធិ​មក​ពី​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ប្រឆាំង​គ្នា​ទៅ​វិញ​ទៅ​មក។

យោង​តាម​ប្រធាន​កិត្តិយស​របស់​គណបក្ស​ប្រជាជន​កម្ពុជា​គឺ​លោក ហេង សំរិន ការ​ផ្លាស់​ប្តូរ​បាន​កើត​ឡើង​ក្នុង​ឆ្នាំ១៩៩៧ នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​នរោត្តម​រណឬទ្ធិ​ចង់​ស្វែង​រក​ការ​ព្រមព្រៀង​គ្នា​ជាមួយ​នឹង​ពួក​ខ្មែរ​ក្រហម។ ព្រះ​អង្គ​ចង់​បង្កើត​សម្ព័ន្ធ​មិត្ត​យោធា​មួយ​ដើម្បី​ប្រយុទ្ធ​ជាមួយ​នឹង​លោក​ ហ៊ុន សែន ដែល​បាន​វាយ​បក​មក​វិញ។

មនុស្ស​រាប់​រយ​នាក់​ត្រូវ​បាន​សម្លាប់​ហើយ​ព្រះ​អង្គ​ម្ចាស់​រណឬទ្ធិ​បាន​ធ្លាក់​ចេញ​ពី​អំណាច។ ការ​លើក​លែង​ទោស​ដល់​ពួក​ខ្មែរ​ក្រហម​ដែល​ព្រម​ចុះ​ចូល​ជាមួយបាន​ធ្វើ​ឡើង ខណៈ​ដែល​កង​ទ័ព​រដ្ឋាភិបាល​ដែល​ស្មោះស្ម័គ្រ​ជាមួយ​នឹង​លោក ហ៊ុន សែន វាយ​កម្ចាត់​ពួក​ខ្មែរ​ក្រហម​លើក​ចុង​ក្រោយ​នៅ​តាម​ព្រំ​ដែន​ប្រទេស​ថៃ​ ហើយ​បាន​បង្ខំ​ឲ្យ​ទ័ព​ខ្មែរ​ក្រហម​ដែល​នៅ​សេសសល់​ទាំង​ប៉ុន្មាន​ចុះ​ចូល​អស់។

នៅ​ក្នុង​សៀវភៅ​ «ការ​តស៊ូ​របស់​ប្រជាជន៖ កម្ពុជា​រស់​ឡើង​វិញ‍» ​ឬ ‍«The People's Struggle - Cambodia Reborn‍» ដែល​ចេញ​ផ្សាយ​នាពេល​ថ្មីៗ​នេះ​ដើម្បី​ឲ្យ​ស្រប​ពេល​ជាមួយ​នឹង​ការ​អបអរ​ពី​ជ័យ​ជំនះ​នេះ លោក ហេង​ សំរិន​ ដែល​ជា​អ្នក​និពន្ធ​សៀវភៅ​នេះ​បាន​និយាយ​សរសើរ​លោក ហ៊ុន សែន​ ថា​បាន​បញ្ចប់​ជម្លោះ​ដែល​ចាប់​ផ្តើម​ដោយ​ការ​វាយ​ប្រយុទ្ធ​របស់​ពួក​ខ្មែរ​ក្រហម​កាលពី​ខែ​សីហា ឆ្នាំ១៩៦៨។

លោក​បាន​សរសេរ​ថា៖«ការ​ពន្លត់​ភ្លើង​សង្គ្រាម​គឺ​ជា​អ្វី​ដែល​អង្គការ​សហ​ប្រជាជាតិ​មិន​អាច​សម្រេច​បាន។ ពលរដ្ឋ​កម្ពុជា​និង​ក្រុម​អ្នក​សង្កេត​ការណ៍​ពី​បណ្តា​ប្រទេស​ដទៃ​ទៀត​បាន​កោត​សរសើរ​យុទ្ធសាស្ត្រ​របស់​ក្រុម​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា‍»។

លោក Peter Starr និពន្ធ​នាយក​សៀវភៅ​ «កម្ពុជា​រស់​ឡើង​វិញ‍» ជា​ភាសា​អង់គ្លេស​នោះ បាន​ថ្លែង​ថា អង្គការ​សហ​ប្រជាជាតិ និង​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​បាន​ជួយ​ជ្រោមជ្រែង​ច្រើន​ដល់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

លោក​បាន​ថ្លែង​ថា៖

«លោក ហេង សំរិន ទទួល​ស្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​អង្គការ​សហ​ប្រជាជាតិ​ដែល​បាន​ជួយជន​ភៀស​ខ្លួន​រាប់​ម៉ឺន​នាក់​នៅ​តាម​ព្រំប្រទល់​ជាមួយ​ប្រទេស​ថៃ​ឲ្យ​តាំង​ទី​លំនៅ​ជា​ថ្មី និង​ជួយ​បង្កើត​ឲ្យ​មាន​ការ​បោះឆ្នោត​ចូលរួម​ដោយ​គណបក្ស​ផ្សេងៗ​ក្នុង​ឆ្នាំ១៩៩៣។ ប៉ុន្តែ​លោក​ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដែរ​ថា អង្គការ​សហ​ប្រជាជាតិ​មិន​បាន​បញ្ចប់​សង្គ្រាម​ស៊ីវិល​ ដែល​នឹង​ត្រូវ​ការ​ពេល​៥ឆ្នាំ​ទៀត​នោះ​ទេ‍»។

ហើយ​វា​គឺ​ជា​ការ​ចុះ​ចាញ់​ចុង​ក្រោយ​ដែល​អាច​ឲ្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ចាប់​ផ្តើម​ឡើង ដើម្បី​កាត់​ទោស​នួន ជា ​និង​ខៀវ សំផន ពី​បទ​ប្រល័យ​ពូជសាសន៍​និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ‍។​

ឧបសគ្គ​ជាមួយ​នឹង​សន្តិភាព

​សន្តិភាព​រយៈ​ពេល​២ទសវត្សរ៍​របស់​កម្ពុជា​បាន​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន។

ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃបាន​បង្ក​ឲ្យ​មាន​ជម្លោះ​ផ្ទុះ​អាវុធ​ក្នុង​ឆ្នាំ២០០៨ ហើយ​លោក ហ៊ុន សែន​បាន​ចោទ​ប្រកាន់​ក្រុម​បះបោរ​ផ្សេងៗ​ថា​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋបាល​របស់​លោក រួម​បញ្ចូល​ទាំង​ក្រុម​ប្រយុទ្ធ​ដើម្បី​សេរីភាព​កម្ពុជា​ ក្រុម​សកម្ម​ប្រយុទ្ធ​ឥស្លាម និង​ក្រុម​បដិវត្តន៍​ពណ៌​នា​ពេល​ថ្មីៗ​នេះ។

អំពើ​ហិង្សា​នយោបាយ​មិន​មែន​ជា​រឿង​ខុស​ធម្មតា​នោះ​ទេ ហើយ​ការ​ត្អូញ​ត្អែរ​ពី​ការ​រំលោភ​យក​ដី​និង​អំពើ​ពុករលួយ​គឺ​បញ្ហា​ចម្បង។ នៅ​ក្នុង​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា កម្ពុជា​ជា​ថ្មី​ម្តង​ទៀត​បាន​ក្លាយ​ខ្លួន​ជា​រដ្ឋ​ឯកបក្ស​ បន្ទាប់​ពី​លោក ហ៊ុន សែន​ បាន​ហាម​មិន​ឲ្យ​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត។

ក៏​ប៉ុន្តែ សម្រាប់​ពលរដ្ឋ​កម្ពុជា សន្តិសុខ​ដែល​នាំ​មក​នូវ​សន្តិភាព​បានបើក​ចំហ​ប្រទេស​នេះ​ទៅ​កាន់​ពិភព​ខាង​ក្រៅ បាន​នាំ​មក​នូវ​កំណើន​សេដ្ឋកិច្ច​ដែល​មិន​ធ្លាប់​មាន​ពី​មុន​និង​កំណើន​អាត្រា​ទារក​កើត​ក្រោយ​សម័យ​សង្គ្រាម។

កញ្ញា ឃា ហ៊ាន អាយុ២៤ឆ្នាំ ធ្វើការ​ជា​អ្នក​រត់​តុ​ម្នាក់​បាន​ថ្លែង​ថា៖«ក្រោយ​សង្គ្រាម​ត្រូវ​បាន​បញ្ចប់ អ្វីៗ​បាន​ដើរ​ទៅ​មុខ​យ៉ាង​រលូន។ គ្រប់​គ្នា​រស់​នៅ​ប្រកប​ដោយ​សន្តិភាព។ ប្រទេស​មាន​ការ​អភិវឌ្ឍ​ទៅ​មុខ។ ក្មេងៗ​អាច​ទៅ​សាលារៀន ហើយ​មនុស្សម្នា​មាន​ការងារ​ធ្វើ‍»។

​យុវជន​ម្នាក់​ឈ្មោះ អៀល រស្មី ​អាយុ២៤ឆ្នាំ​ដូច​គ្នា​មាន​មតិ​មិន​ខុស​ពី​កញ្ញា ឃា ហ៊ាន​ទេ។ ប៉ុន្តែ រស្មី​ជា​និស្សិត​ទើប​បញ្ចប់​ថ្នាក់​មហា​វិទ្យាល័យដឹង​អំពី​បញ្ហា​ដែល​កម្ពុជា​បាន​ឆ្លង​កាត់​នៅ​២ទសវត្សរ៍​នៃ​សម័យ​សន្តិភាព​នេះ​ ពិសេស​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​និង​ការបោះឆ្នោត។

លោក​បាន​ថ្លែង​ថា៖

«ខ្ញុំ​សង្ឃឹម​ថា សន្តិភាព​និង​ស្ថិរភាព​នយោបាយ​នេះ​នឹង​បន្ត​មាន​ភាព​ប្រសើរ​ឡើង​ចាប់​ពី​ថ្ងៃ​នេះ​ត​ទៅ។ សព្វថ្ងៃ​នេះ​យើង​ឃើញ​ថា​មាន​ការ​អភិវឌ្ឍ​ច្រើន​ជាង​មុន​នៅ​ក្នុង​ប្រទេស​របស់​យើង មាន​ការ​វិនិយោគ​ពី​បរទេស​ច្រើន​ជាង​មុន ហើយ​ពិសេស​យើង​ឃើញ​ថា វិស័យ​ទេសចរណ៍​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង​ជា​រៀង​រាល់​ឆ្នាំ។ ក៏​ប៉ុន្តែ នៅ​តែ​មាន​បញ្ហា​មួយ​ចំនួន ដូច​ជា​បញ្ហា​ពុករលួយ ដែល​រដ្ឋាភិបាល​គួរ​តែ​លុប​បំបាត់​ទាំង​ស្រុង‍»។

រដ្ឋាភិបាល​អះអាង​ថា ការ​ប្រារព្ធ​ពិធី «ឈ្នះ ឈ្នះ‍» រយៈ​ពេល​៣ថ្ងៃ​មិន​មែន​ជា​ការ​ប្រងើយ​កន្តើយ​ចំពោះ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​ ដែល​បាន​ជួយ​ជា​ទឹក​ប្រាក់​ចំនួន ២ពាន់​លាន​ដុល្លារ​ដល់​សេដ្ឋកិច្ច​ដែល​មាន​បញ្ហា​របស់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​គ្រាន់​តែ​ចង់​បង្ហាញ​ថា​ សង្គ្រាម​ស៊ីវិល​ដែល​អូស​បន្លាយ​រយៈ​ពេល​៣០ឆ្នាំ​នោះ​ ទីបំផុត​ត្រូវ​បាន​បញ្ចប់​ ដោយ​លោក ហ៊ុន សែន មិន​មែន​ដោយ​អង្គការ​សហ​ប្រជាជាតិ​នោះ​ទេ៕

ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា

XS
SM
MD
LG