មន្ត្រីអង្គការសហប្រជាជាតិនាថ្ងៃសុក្រនេះបានសម្តែងក្តីបារម្ភអំពីជោគវាសនារបស់ជនជាតិកុលសម្ព័ន្ធភ្នំភាគតិចវៀតណាម ឬម៉ុងតាញ៉ា ខណៈពេលដែលអាជ្ញាធរកម្ពុជារឹតបន្តឹងសន្តិសុខនៅតាមព្រំដែនសារជាថ្មី។
លោកស្រីវានហេ លី (Wan-Hea Lee) តំណាងឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនដែលហោះកាត់ថា UNHCR ប្រចាំប្រទេសកម្ពុជា បានប្រាប់ VOA ខេមរភាសាតាមសារអេឡិចត្រូនិកនៅថ្ងៃសុក្រនេះថា លោកស្រីបានទទួលរបាយការណ៍ថា ជនជាតិភាគតិចចារាយ ឬម៉ុងតាញ៉ាមួយចំនួនផ្សេងទៀតកំពុងតែលាក់ខ្លួននៅក្នុងតំបន់ព្រៃនៃខេត្តរតនគីរី បន្ទាប់ពីរត់ភៀសខ្លួនចេញពីតំបន់ភ្នំនៃប្រទេសវៀតណាម។ ហើយហាមប្រាមមិនឲ្យមន្ត្រីអង្គការសហប្រជាជាតិទៅទីនោះ។
«ការិយាល័យរបស់យើងមានការព្រួយបារម្ភអំពីនឹងការចូលរួមរបស់ប្រទេសកម្ពុជាដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួន ស្របតាមច្បាប់ជនភៀសខ្លួនអន្តរជាតិ និងច្បាប់ស្តីពីសិទ្ធិមនុស្ស។ ជាមួយគ្នានេះដែរ យើងក៏មានការព្រួយបារម្ភអំពីសុខុមាលភាពរបស់អ្នកទាំងអស់នោះ ដែលកំពុងស្ថិតនៅក្នុងខេត្តរតនគីរីនៅឡើយ»។
នេះបើតាមការបញ្ជាក់របស់លោកស្រី វានហេ លី (Wan-Hea Lee)នៅក្នុងសារអេឡិចត្រូនិចដែល VOA បានទទួលនាថ្ងៃសុក្រនេះ។
កាលពីដើមខែមិនាកន្លងទៅក្រសួងមហាផ្ទៃបានទទួលស្គាល់ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់ជាជនភៀសខ្លួនពេញសិទ្ធិនិងបើកឱកាសឲ្យពួកគេអាចទៅរស់នៅប្រទេសទី៣ណាមួយ ដែលផ្តល់ជម្រកដល់ពួកគេ។ ហើយជនភៀសខ្លួនចំនួន៤០នាក់ផ្សេងទៀតបានចាកចេញពីព្រៃនាខេត្តរតនគីរីកាលពីដើមឆ្នាំនោះ ហើយកំពុងស្នាក់នៅក្នុងទីក្រុងភ្នំពេញរង់ចាំការចុះឈ្មោះជាជនភៀសខ្លួនពេញសិទ្ធិ។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី បញ្ជាក់ថា មានជនភៀសខ្លួនម៉ុងតាញ៉ាប្រហែល២៣នាក់ផ្សេងទៀតកំពុងលាក់ខ្លួននៅក្នុងព្រៃនាខេត្តរតនគីរី ហើយពួកគេទាំងនោះមានការភ័យខ្លាច នៅពេលដែលអាជ្ញាធរខេត្តពង្រាយកម្លាំងទាហានប្រហែល១,០០០នាក់នៅតាមព្រំដែននោះ។
«ក្រុមម៉ុងតាញ៉ាហ្នឹងកំពុងមានការភ័យខ្លាច នៅខណៈពេលដែលគេដាក់ពង្រាយកងកម្លាំងនៅតាមបណ្តោយព្រំដែននោះ។ ចំណុចមួយទៀត ដែលយើងក្តាប់បានគឺដាក់ពង្រាយ និងគេបញ្ជាក់ហេតុផលថា ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើតាមបណ្តាព្រំដែននិងទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់»។
លោកបានបន្ថែមថា ការរឹតបន្តឹងសន្តិសុខនេះគឺបានចាប់ផ្តើមតាំងពីចុងខែមេសាមកម្ល៉េះ។
លោកនាយឧត្តមសេនីយ៍ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធថា មិនមានជនភៀសខ្លួនចារ៉ាយច្រើនថែមទៀតនៅប្រទេសកម្ពុជាទេ ដោយលោកថ្លែង ថា មកទល់ពេលនេះប្រទេសកម្ពុជាមានជនភៀសខ្លួនដែលជាជនជាតិម៉ុងតាញ៉ានេះត្រឹមតែ១៣នាក់តែប៉ុណោះ។ លោកក៏បានឲ្យដឹងដែរថា ការរឹតបន្តឹងតាមព្រំដែននេះគឺជារឿងធម្មតា មិនបានទាក់ទិនទៅនឹងក្រុមជនជាតិភាគតិចរបស់ប្រទេសវៀតណាមនោះទេ។
«បាទ! យើងបានទទួលស្គាល់ទាំងអស់គ្នាគឺមានតែ១៣នាក់ទេ ហើយ UNHCR ខ្លួនឯងផ្ទាល់ក៏មិនទាន់រកបានប្រទេសទី៣ ឲ្យអ្នកទាំងនោះតាំងទីលំនៅបាននៅឡើយដែរ។ ការពង្រាយតាមព្រំដែនហ្នឹងគឺធម្មតាទេ ប្រទេសណាក៏គេពង្រាយដែរ ដើម្បីការពារព្រំដែនរបស់គេ។ ហើយចុះការពង្រាយនៅតាមព្រំដែន នៅព្រះវិហានោះគឺដើម្បីកុំឲ្យពួកម៉ុងតាញ៉ា និងមកដែរ?»
នៅឆ្នាំ២០០១ កងទ័ពរបស់ប្រទេសវៀតណាមបានបង្រ្កាបការតវ៉ារបស់ប្រជាជនកុលសម្ព័ន្ធនៅតំបន់ខ្ពស់រាបភាគកណ្តាលដែលធ្វើឲ្យមានការរត់ភៀសខ្លួននៃក្រុមកុលសម្ព័ន្ធចារ៉ាយឬម៉ុងតាញ៉ាទាំងនោះមកកាន់តំបន់ព្រៃភាគឦសាន្តប្រទេសកម្ពុជា។ ហើយអាជ្ញាធរវៀតណាមក៏បានស្នើជាប្រចាំឲ្យកម្ពុជាចាប់បញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតពួកគេវិញ៕