មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សបានអះអាងនៅថ្ងៃពុធនេះថា អាជ្ញាធរខេត្តរតនគិរីបានចាប់បង្ខំបញ្ជូនចេញជនជាតិភាគតិចចារ៉ាយឬម៉ុង តាញ៉ា មកពីប្រទេសវៀតណាមចំនួន៤នាក់ទៅឱ្យអាជ្ញាធរវៀតណាមវិញក្រោយពីបានមកសំងំលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនគិរីដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីអាជ្ញាធរវៀតណាម។
ជនជាតិភាគតិចវៀតណាមទាំងបួននាក់នោះក្នុងនោះមានស្ត្រីម្នាក់ដែលបានភៀសខ្លួនពីប្រទេសវៀតណាមមកកាន់ខេត្តរតនគិរីកាលពីដើមខែកុម្ភៈកន្លងទៅនេះ។
លោក ម៉ឹង ស៊ីនាថ អ្នកនាំពាក្យសាលាខេត្តរតនគិរីបានទទួលស្គាល់ថាសមត្ថកិច្ចកម្ពុជាពិតជាបានចាប់បញ្ជូនជនជាតិភាគតិចម៉ុងតាញ៉ា ចំនួន៤នាក់ទៅកាន់ប្រទេសវៀតណាមពិតប្រាកដមែន។ លោកបានបញ្ជាក់ថាកម្ពុជាបានអនុវត្តច្បាប់អន្តោប្រវេសន៍ចំពោះជនបរទេសណាដែលបានឆ្លងដែនដោយខុសច្បាប់ចូលមកកាន់ទឹកដីប្រទេសកម្ពុជា។
លោកនិយាយថា៖ «ធម្មតាបើយើងឆ្លងដែនដោយខុសច្បាប់អញ្ចឹង យើងនឹងត្រូវតែធ្វើកិច្ចសហប្រតិបត្តិការជាមួយខាងភាគីវៀតណាម»។
កាលពីចុងខែមករាសមត្ថកិច្ចកម្ពុជាក៏បានចាប់បង្ខំបញ្ជូនចេញជនជាតិម៉ុងតាញ៉ាចំនួន៧នាក់ពីខេត្តរតនគិរីទៅកាន់ប្រទេសវៀតណាមវិញដែរ ដោយចោទប្រកាន់ថាពួកគេបានឆ្លងដែនដោយខុសច្បាប់មកធ្វើចំការក្នុងខេត្តរតនគិរី។
បន្ទាប់ពីមានការចាប់បង្ខំបញ្ជូនចេញជនជាតិម៉ុង តាញ៉ា ទៅកាន់ប្រទេសវៀតណាម ដោយសមត្ថកិច្ចកម្ពុជាក្រោមបទចោទប្រកាន់បានឆ្លងដែនមកធ្វើចំការទើបមានជនជាតិម៉ុងតាញ៉ា ផ្សេងទៀតប្រមាណ២០នាក់ហើយបានមកទីក្រុងភ្នំពេញដោយផ្ទាល់ដើម្បីស្វះស្វែងសុំសិទ្ធិជ្រកកោនទៅកាន់ប្រទេសទីបី។
បច្ចុប្បន្ននេះជនជាតិម៉ុង តាញ៉ា ទាំង២០នាក់ កំពុងត្រូវបានការពារដោយអង្គការសង្គមស៊ីវិលនៅក្នុងស្រុកបន្ទាប់ពីអាជ្ញាធរបានបដិសេធមិនទទួលយក។
លោក ឆាយ ធី អ្នកសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថាកម្ពុជាមិនបានគោរពអនុសញ្ញានៃជនភៀសខ្លួនដែលកម្ពុជាបានចុះហត្ថលេខាកាលពីឆ្នាំ១៩៥១ទេ។ លោកមានប្រសាសន៍ថាជនជាតិម៉ុងតាញ៉ាទាំង៤នាក់ដែលបានចាប់បញ្ជូនចេញដោយបង្ខំមិនបានឆ្លងកាត់បទសម្ភាស ឬ វាយក៏តម្លៃពីសមត្ថកិច្ចកម្ពុជាទេគឺបានចាប់បញ្ជូនចេញភ្លាមបន្ទាប់ពីបានរកឃើញពួកគេកំពុងលាក់ខ្លួននៅក្នុងព្រៃ។
លោកនិយាយថា៖ «ខ្មែរយើងចាប់ដោយមិនសម្ភាសរកហេតុផលឱ្យបានត្រឹមត្រូវទេ។យើងឃើញថានេះជាការរំលោភសិទ្ធិពួកគាត់ទាំងស្រុង ក្នុងនាមពួកគាត់សុំមករកសុំសិទ្ធិជ្រកកោនជាជនភៀសខ្លួនហើយនឹងមិនបានគោរពទៅលើអនុសញ្ញានៃជនភៀសខ្លួនផង»។
កាលពីថ្ងៃទី១៦កុម្ភៈកន្លងទៅនេះអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀស និង អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបានចុះទៅខេត្តរតនគិរីដើម្បីស្វែងរកជនជាតិម៉ុងតាញ៉ា ក៏ប៉ុន្តែមិនមានកិច្ចសហការណាមួយពីក្រុមសមត្ថកិច្ចខេត្តទេ។
បីថ្ងៃក្រោយមកមន្ត្រីអង្គការសហប្រជាជាតិបានវិលត្រឡប់មកទីក្រុងភ្នំពេញវិញដោយមិនមានជួបជនជាតិម៉ុង តាញ៉ាដែលបានលាក់ខ្លួនក្នុងព្រៃណាម្នាក់ទេ។
លោក ឆាយ ធី មានប្រសាសន៍ថាថ្វីត្បិតតែមានជនជាតិម៉ុងតាញ៉ាត្រូវបានចាប់បញ្ជូនចេញទៅប្រទេសវៀតណាមក៏ដោយក៏នៅមានជនជាតិម៉ុងតាញ៉ាផ្សេងទៀតនៅតែភៀសខ្លួនជាបន្តបន្ទាប់ពីវៀតណាមមកកាន់ខេត្តរតនគិរី។
លោកបានបញ្ជាក់ថារហូតមកដល់ពេលនេះមានជនជាតិម៉ុងតាញ៉ា ចំនួន៥០នាក់ហើយក្នុងនោះមានស្ត្រី៣នាក់ដែលកំពុងសំងំលាក់ខ្លួននៅក្នុងព្រៃនៃខេត្តរតនគិរី៕