ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ.ស.ប.​សម្តែង​កង្វល់​ជា​ថ្មី​ទៀត​អំពី​ការ​ចាប់​បញ្ជូន​ខ្លួន​ជន​ម៉ុងតាញ៉ា​វៀតណាម


ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។ Reuters
ក្រុម​បុរស​ជនជាតិ​ដើម​តំបន់​ភ្នំ​វៀតណាម ឬ Montagnard ដើរ​តាម​ផ្លូវ​ចេញ​ពី​តំបន់​ព្រៃ​ជ្រៅ​នៅចម្ងាយ​​ប្រមាណ​៧០​គីឡូម៉ែត្រ​ភាគ​ឦសាន​​ក្រុង​បានលុង​ទី​រួម​ខេត្ត​រតនគីរី​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០០៤។ Reuters

អង្គការ​សហប្រជាជាតិ​បាន​សម្តែងកង្វល់​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​ការ​បញ្ជូន​ចេញ​ជនជាតិ​តំបន់​ភ្នំ​ ឬ​ម៉ុងតាញ៉ា​វៀតណាម​ដោយ​បង្ខំ​ពី​ប្រទេស​កម្ពុជា​ទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​វិញ។​

កង្វល់​នេះ​ធ្វើ​ឡើង​ក្រោយ​ពីអាជ្ញាធរ​ប៉ូលិស​កម្ពុជា​បាន​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ចារ៉ាយ​វៀតណាម​ចុង​ក្រោយ​កាល​ពី​ខែ​មុន​ចំនួន​៣៦​នាក់​ដែល​ជា​ការ​ចាប់​បញ្ជូន​ចំនួន​ច្រើន​បំផុត​លើក​ដំបូង​ ​ក្រោយ​ពី​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នេះ​បាន​រត់​គេច​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ពី​ប្រទេស​វៀតណាម ​ហើយ​បាន​ស្វែង​រក​ការ​លាក់​ខ្លួន​ក្នុងព្រៃ​នៃ​ខេត្ត​រតនគីរី​របស់ប្រទេស​កម្ពុជា ​កាល​ពី​ចុង​ឆ្នាំ​២០១៤​ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោនជា​ជន​ភៀស​ខ្លួន​ទៅ​កាន់​ប្រទេស​ទី​៣។​ ជនភៀ​ស​ខ្លួន​ទាំង​នេះ​ត្រូវ​ពួន​ស្ទាក់​ចាប់​នៅ​ពេល​ដែល​ពួក​គេ​កំពុង​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្នុង​ទិស​ដៅ​ឆ្ពោះមក​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វែង​រក​ការ​ជួយ​ជ្រោម​ជ្រែង​ពី​អង្គការ​សហ​ប្រជាជាតិ។​

ការ​ចាប់​បញ្ជូន​ដោយ​បង្ខំ​នេះធ្វើ​ឲ្យ​ជនជាតិ​ចារ៉ាយ​វៀតណាម​ចំនួន​៤៥​នាក់​ហើយ​ត្រូវបញ្ជូន​ត្រឡប់​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៥​មក។​ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់ការិយាល័យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី។​

លោកស្រី វីវាន តាន់ ​អ្នក​នាំពាក្យ​របស់​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀសខ្លួន​ប្រចាំ​តំបន់បាន​ឲ្យ​ដឹង​ថា ​អង្គការ​សហ​ប្រជាជាតិ​បាន​សរសេរ​លិខិត​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​ក្រោយ​ពី​មាន​ការ​ចាប់​បញ្ជូនជន​ជាតិ​ម៉ុងតាញ៉ា​វៀតណាម​ចុង​ក្រោយ​នោះ​ ដោយ​បញ្ជាក់​ពី​ការ​ព្រួយ​បារម្ភ​របស់​ខ្លួន​លើ​បញ្ហា​នេះ។​

មន្ត្រី​អ្នក​នាំពាក្យ​អង្គការ​សហ​ប្រជាជាតិ​ដដែលបាន​បញ្ជាក់​តាម​សារ​អេឡិចត្រូនិកនៅ​ថ្ងៃ​នេះ​ថា ​«ការ​បញ្ជូន​ជន​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោនទៅ​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​វិញ ដោយ​មិន​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ទទួល​បាន​នីតិវិធីកំណត់​ពី​លក្ខន្តិកៈ​ជន​ភៀស​ខ្លួន​នោះ គឺ​ជា​ការ​បង្ក​គ្រោះ​ថ្នាក់​ដល់​ពួក​គេ​និង​ផ្ទុយ​ទៅ​នឹងច្បាប់​អន្តរជាតិ»។​

ចាប់​តាំង​ពី​ចុង​ឆ្នាំ​២០១៤​មក ​មាន​ជនជាតិ​ចារ៉ាយ​វៀតណាម​ចំនួន​៧៥​នាក់​បាន​ភៀស​ខ្លួន​មក​កាន់​ព្រៃ​នៃ​ខេត្ត​រតនគីរីដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រក​កោននៅ​ប្រទេស​ទី​៣។​ ជនភៀស​ខ្លួន​ចំនួន​៤៥​នាក់​ត្រូវចាប់​ខ្លួនដោយ​ប៉ូលិស​កម្ពុជា​ និង​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម​វិញ​ចំនួន​បី​លើក​ផ្សេងៗ​គ្នា។ ​ដោយ​ឡែក​ជន​ភៀស​ខ្លួន​ចំនួន​១៣​នាក់​ត្រូវ​ក្រសួង​មហា​ផ្ទៃ​រក​ឃើញ​ថា ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់​ជា​ជន​ភៀស​ខ្លួន​ ហើយ​ជន​ភៀស​ខ្លួន​ចំនួន​៤​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​នៅ​ក្រោម​ការ​គាំពារ​របស់​អង្គការ​សហ​ប្រជាជាតិ​ក្នុង​ទីក្រុង​ភ្នំពេញ។​

លោក​ឆាយ ធី ​អ្នក​សម្រប​សម្រួល​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្ត​រតនគីរី​ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដែរ​ថា ​នៅ​មាន​ជន​ភៀស​ខ្លួនជនជាតិ​តំបន់​ភ្នំ​វៀតណាម​ចំនួន​១៣នាក់​ផ្សេង​ទៀត​កំពុង​លាក់​ខ្លួន​នៅ​ក្នុងព្រៃ​នៃ​ខេត្ត​ភាគ​ឦសាន​នេះ។​

«បន្ទាប់​ពី​ក្រសួង​(មហាផ្ទៃ)​ប្រកាស​ទទួល​ស្គាល់​១៣​នាក់​ រហូត​ដល់​ពេល​នេះ​សភាពការណ៍​របស់​អាជ្ញាធរ​ស្ងប់​ស្ងាត់​ខុស​ប្លែក​ពី​ធម្មតា។ ​ចំណែក​ឯ​ជន​ភៀស​ខ្លួន​នៅ​មាន​វត្ត​ចំនួន​១៣​នាក់​កំពុង​លាក់​ខ្លួន​នៅក្នុង​ព្រៃ​នៅ​ពេល​នេះ»។​

លោក​ស្រី ​វីវាន តាន់​បញ្ជាក់​ថា​ ឧត្តមស្នង​ការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​បន្ត​ធ្វើ​ការ​តស៊ូ​មតិជាមួយ​រដ្ឋា​ភិបាល​កម្ពុជា​ដើម្បីធ្វើ​យ៉ាង​ណា​ឲ្យ​ជន​ភៀស​ខ្លួន​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​មាន​លទ្ធភាព​ទទួល​បាន​នីតិ​វិធី​ថ្នាក់​ជាតិ​មួយ​ ដូច​ជន​ភៀស​ខ្លួន​ទាំង​១៣​នាក់ ដែល​ត្រូវ​រក​ឃើញ​ថា ​មាន​លក្ខខណ្ឌ​គ្រប់​គ្រាន់ជាជន​ភៀស​ខ្លួន​ដូច្នោះ​ដែរ។​

នេះ​ជា​លើក​ទី​២​ហើយ​ដែល​អង្គការ​សហ​ប្រជាជាតិ​សម្រាប់​ជន​ភៀស​ខ្លួន​បាន​សម្តែងកង្វល់​របស់​ខ្លួន​ជុំវិញ​ការ​រឹតត្បិត​របស់​អាជ្ញាធរ​កម្ពុជា​លើ​ជនភៀស​ខ្លួន​តំបន់​ភ្នំវៀតណាម ​ក្រោយ​ពី​មាន​សេចក្តី​រាយ​ការណ៍​ថា​ ក្រុម​អាជ្ញាធរ​កម្ពុជា​បាន​ធ្វើ​តាម​សំណើរបស់​អាជ្ញាធរ​វៀតណាម​ក្នុង​ការ​ស្វែង​រក​ឃាត់​ខ្លួន​និង​បញ្ជូន​ជន​ម៉ុងតាញ៉ា​ទៅ​កាន់​ប្រទេស​វៀតណាម​វិញ។​

VOA ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​នាយ​ឧត្តមសេនីយ៍​ខៀវ ​សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ តែ​មិន​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃនេះ។​

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ការ​ចាប់​បញ្ជូន​ជន​ម៉ុងតាញ៉ា​វៀតណាម​ចំនួន​៣៦​នាក់ដោយ​ស្ងាត់​កំបាំងទៅ​កាន់​ប្រទេស​វៀតណាម​វិញ​នោះ​ មាន​ជនជាតិចារ៉ាយ​កម្ពុជា​ម្នាក់ ដែល​ជា​អ្នក​អម​ដំណើរ​ពួក​គេ​ក៏ត្រូវ​ចាប់​បញ្ជូន​ទៅ​ជាមួយ​ជន​ភៀស​ខ្លួន​ទាំង​នេះ​ដែរ​ តែ​ក្រោយ​មក​ជនជាតិ​ចារ៉ាយ​កម្ពុជា​នេះ​ត្រូវ​ដោះ​លែង​មក​វិញ​បន្ទាប់​ពី​ត្រូវ​អាជ្ញាធរ​វៀតណាម​សាក​សួរ​មួយ​រយៈ​ក្នុង​ទី​ក្រុង​ហូជីមិញ៕

XS
SM
MD
LG