គេជឿថាជនជាតិភាគតិចម៉ុងតាញ៉ាជាង៥០នាក់ដែលកំពុងស្វែងរកសិទ្ធិជ្រកកោនបានឆ្លងព្រំដែនចូលមកក្នុងប្រទេសកម្ពុជាក្នុងអំឡុងប៉ុន្មានខែមុននេះ ក៏ប៉ុន្តែ រដ្ឋាភិបាលកម្ពុជានៅរាជធានីភ្នំពេញ បានពិនិត្យមើលសំណើស្វែងរកសិទ្ធិជ្រកកោនរបស់ជនជាតិភាគតិចម៉ុងតាញ៉ាតែចំនួន១៣នាក់ប៉ុណ្ណោះ។
ជនជាតិភាគតិចឯទៀតកំពុងតែលាក់ខ្លួននៅក្នុងព្រៃនៅភាគឦសាននៃប្រទេសកម្ពុជាក្បែរព្រំដែនវៀតណាមដោយភ័យខ្លាចថា អាជ្ញាធរកម្ពុជានឹងបណ្តេញពួកគេចេញពីទីនោះ។
យោងតាមអនុសញ្ញាជនភៀសខ្លួន កម្ពុជាត្រូវតែពិនិត្យមើលសំណើរបស់អ្នកស្វែករកសិទ្ធិជ្រកកោន ក៏ប៉ុន្តែ កម្ពុជាមិនបានចាត់វិធានការអ្វីទាល់តែសោះ នេះបើយោងតាម លោកស្រី Wan-Hea Lee អ្នកតំណាងឲ្យការិយាល័យសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា។
កាលពីសប្តាហ៍មុន អាជ្ញាធរក្នុងតំបន់ភាគឦសាននៃខេត្តរតនគិរី បានរារាំងបុគ្គលិករបស់លោកស្រី Lee មិនឲ្យស្វែងរក និងមិនឲ្យជួយជនជាតិភាគតិចដែលស្វែងរកសិទ្ធិជ្រកកោននោះ។ ករណីនេះបានកើតឡើងម្តងហើយកាលពីខែធ្នូ ឆ្នាំមុន។
លោកស្រី Lee ឲ្យដឹងថា សកម្មភាពរបស់អាជ្ញាធរខេត្តដូចនេះគឺកើតឡើងដោយសារតែការខ្វះខាតនូវព័ត៌មានជាក់លាក់ពីរដ្ឋាភិបាលថ្នាក់លើ។ លោកស្រីមានប្រសាសន៍ថា សកម្មភាពនេះបង្ហាញថា អាជ្ញាធរក្នុងតំបន់នោះមិនយល់ច្បាស់ពីនីតិវិធីនៃដំណើរការនេះ។
លោកស្រីថា៖ «នៅតាមថ្នាក់ក្រោម តាមថ្នាក់ជាតិ និងមន្ទីរនីមួយៗ មន្ត្រីអាជ្ញាធរដែលពាក់ព័ន្ធមិនយល់ថា ពួកគេអាចអនុវត្តដំណើរការនេះដោយសុវត្ថិភាព និងមានសិទ្ធិក្នុងដំណើរការនីតិវិធីនោះទេ។ ដូច្នេះ ក្រុមមន្ត្រីទាំងនេះគ្រាន់តែមើលមុខគ្នា ហើយរង់ចាំការអនុញ្ញាត ដែលមកដល់ពេលនេះមិនទាន់មាននៅឡើយទេ»។
បន្ថែមលើជនជាតិភាគតិចទាំង១៣នាក់នេះដែលនិយាយថា ពួកគេបានរត់ភៀសខ្លួនដោយសារតែការរិតត្បិតខាងសាសនា ហើយដែលសំណើរបស់ពួកគេកំពុងតែពិនិត្យមើលដោយមន្ត្រីការិយាល័យជនភៀសខ្លួនរបស់រដ្ឋាភិបាលកម្ពុជានៅភ្នំពេញនោះ ជនជាតិភាគតិច១០នាក់ផ្សេងទៀតកំពុងតែរង់ចាំឲ្យការិយាល័យជនភៀសខ្លួនទទួលយកពួកគេ។ អង្គការសហប្រជាជាតិ ឲ្យដឹងថា ជនជាតិភាគតិចម៉ុងតាញ៉ាប្រមាណ៣០នាក់ផ្សេងទៀតត្រូវបានជឿថាកំពុងតែលាក់ខ្លួន។
កាលពីដើមខែមុននេះ អាជ្ញាធរកម្ពុជាបានបណ្តេញជនជាតិភាគតិចម៉ុងតាញ៉ាមួយគ្រួសារ រួមមានកុមារ៣នាក់ ដោយមិនបានពិនិត្យមើលសំណើរបស់ពួកគេផង ដោយចាត់ទុកពួកគេថាជាអ្នកមករានដីធ្វើចម្ការ។
លិខិតជាសាធារណៈមួយរបស់លោក William Todd ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានក្រើនរំឮករដ្ឋាភិបាលកម្ពុជាថា សហគមន៍អន្តរជាតិបានព្រួយបារម្ភអំពីការប្រព្រឹត្តិមកលើជនភាគតិចម៉ុងតាញ៉ា ដែលកាន់សាសនាគ្រិស្តទាំងនេះ។
លោក កឹម សារិន ប្រធានការិយាល័យជនភៀសខ្លួនរបស់រដ្ឋាភិបាលកម្ពុជាប្រចាំក្រសួងមហាផ្ទៃ ទទូចថា រដ្ឋាភិបាលកម្ពុជាប្រកាន់ជំហររបស់ខ្លួនក្នុងការពិនិត្យមើលរាល់សំណុំបែបបទសុំសិទ្ធិជ្រកកោនរបស់ជនបរទេសទាំងអស់។
លោកឲ្យដឹងថា៖ «រដ្ឋាភិបាលយើងមានឆន្ទៈក្នុងការពិនិត្យលើសំណើរបស់ជនបរទេស ដែលបានដាក់ពាក្យស្នើសុំសិទ្ធិជ្រកកោន។ មិនមែនតែសម្រាប់ជនជាតិភាគតិចម៉ុងតាញ៉ាប៉ុណ្ណោះទេ។ គ្រប់ជនបរទេសទាំងអស់ដែលបានដាក់ពាក្យស្នើសុំមកយើង នោះរដ្ឋាភិបាលនឹងពិនិត្យមើលឯកសាររបស់គេ»។
នៅពេលដែលសួរថា ហេតុអ្វីបានជាអាជ្ញាធរនៅភាគឦសានបានបណ្តេញជនជាតិភាគតិចម៉ុងតាញ៉ានោះ លោក សារិន បាននិយាយខុសពីមុន។
លោកថា៖ «អ្នកទាំងនោះមិនបានដាក់ពាក្យស្នើសុំស្វែងរកសិទ្ធិជ្រកកោនទេ ចុះហេតុអ្វីបានជាពួកគេមិនដាក់ពាក្យ? យើងមិនបានទទួលសំណុំឯកសាររបស់គេទេ។ ហើយខ្ញុំក៏មិនដឹងដែរ។ នេះគឺជាកិច្ចការរបស់អាជ្ញាធរតាមខេត្ត។ លោកមិនអាចសួរខ្ញុំពីរឿងនេះបានទេ»។
ទោះបីជាកម្ពុជាទំនងជាមិនបំពេញតាមកាតព្វកិច្ចរបស់ខ្លួនតាមអនុសញ្ញាជនភៀសខ្លួនក្តី ក៏គោលជំហររបស់កម្ពុជាគឺមិនអាចជឿទុកចិត្តបានទេ។
ក្រុមសិទ្ធិមនុស្ស បានតវ៉ាថា រដ្ឋាភិបាលវៀតណាមគាបសង្កត់ក្រុមជនជាតិភាគតិចដែលបានបង្ខំឲ្យជនទាំងនេះរត់ភៀសខ្លួនមកកម្ពុជា។
សម្ព័ន្ធភាពដ៏ជិតសិ្នទ្ធរវាងរដ្ឋាភិបាលកម្ពុជា និងវៀតណាមបង្ហាញថា វៀតណាមអាចនឹងដាក់សម្ពាធលើកម្ពុជា។ ថ្មីៗនេះ កម្ពុជាបានគំរាមថា ខ្លួននឹងបណ្តេញក្រុមជនជាតិភាគតិចម៉ុងតាញ៉ាទាំងនោះ រួមទាំងអ្នកដែលទទួលបានសិទ្ធិជ្រកកោន ប្រសិនបើជាប្រទេសទី៣មិនយល់ព្រមទទួលយកពួកគេឲ្យរស់នៅទីនោះ។
លោកស្រី Wan-Hea Lee នៃអង្គការសហប្រជាជាតិឲ្យដឹងថា សកម្មភាពរបស់កម្ពុជាគឺកំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង។ នេះគឺដោយសារតែបញ្ហាចម្រូងចម្រាស់ដែលកម្ពុជាបានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលអូស្ត្រាលីកាលពីឆ្នាំមុន ដើម្បីទទួលយកជនភៀសខ្លួនពីប្រទេសអូស្ត្រាលីដោយទទួលយកប្រាក់ជំនួយរាប់លានដុល្លារ។
លោកស្រី Wan-Hea Lee ថា៖ «ខ្ញុំយល់ថា សព្វថ្ងៃនេះ កម្ពុជាគឺជាប្រទេសដែលត្រូវតែបង្ហាញថា ខ្លួននឹងគោរពតាមគោលការណ៍នៃអនុសញ្ញាជនភៀសខ្លួនជាងពេលណាៗទាំងអស់ ពីព្រោះថាកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគី ហើយដោយសារតែកម្ពុជាបានសន្យាថានឹងចំណាយពេលវេលាគោរពតាមអនុសញ្ញានោះ។ ហើយនៅក្នុងភ្នែកមនុស្សជាច្រើន បញ្ហានេះគឺជាការពិសោធន៍មួយថាតើកម្ពុជាអាចនឹងអនុវត្តតាមការសន្យារបស់ខ្លួនដែរឬយ៉ាងណា»។
ទោះបីជាមានការចាប់អារម្មណ៍ពីសាធារណជនក្តី ក៏ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានបរាជ័យក្នុងការចាប់ផ្តើមកិច្ចពិភាក្សារយៈពេល២ថ្ងៃជាមួយនឹងសមាជិកជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា។
លុះត្រាតែរដ្ឋាភិបាលថ្នាក់ជាតិកម្ពុជាបង្គាប់ឲ្យអាជ្ញាធរក្នុងតំបន់ឲ្យគោរពតាមគោលការណ៍របស់អនុសញ្ញាជនភៀសខ្លួន ទើបការផ្លាស់ប្តូរច្រើនជាងនេះនឹងកើតមានឡើងនៅថ្នាក់ក្រោម៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត