អង្គការសហប្រជាជាតិកំពុងស្វែងរកលទ្ធភាពដើម្បីជួយដល់ជនស្វែងរកសិទ្ធិជ្រកកោនពីតំបន់ភ្នំប្រទេសវៀតណាមចំនួន១៣នាក់ ដែលទើបទទួលបានលក្ខខណ្ឌជាជនភៀសខ្លួន។
លោកស្រីវីវាន តាន់ អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួន UNHCR ប្រចាំតំបន់បានឲ្យដឹងតាមសារអេឡិចត្រូនិកកាលពីថ្ងៃអង្គារថា UNHCR កំពុងពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជានៅឡើយអំពីលក្ខខណ្ឌសមស្របសម្រាប់ជនភៀសខ្លួនទាំង១៣នាក់។
លោកស្រីបញ្ជាក់ថា៖ «នៅមិនទាន់មានការសម្រេច»ជាចុងក្រោយនៅឡើយទេ។
កាលពីដើមសប្តាហ៍មុន លោកស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលស្គាល់ជាផ្លូវការនូវសិទ្ធិជាជនភៀសខ្លួនរបស់ជនជាតិម៉ុងតាញ៉ាទាំង១៣នាក់ ដែលនឹងបើកឱកាសឲ្យពួកគេអាចទៅរស់នៅប្រទេសទី៣ណាមួយ ដែលផ្តល់ជម្រកដល់ពួកគេ។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឲ្យដឹងថា រហូតមកទល់ពេលនេះនៅមិនទាន់មានប្រទេសណាមួយផ្តល់សញ្ញាក្នុងការទទួលយកជនភៀសខ្លួនទាំងនេះទេ។
«រហូតមកទល់ពេលនេះមិនទាន់មានឃើញប្រទេសទី៣ណាមួយដែលស្ម័គ្រចិត្តទទួលពួកគាត់ទេ។ ហើយខាងអង្គការ UNHCR ក៏បានទាក់ទងជាមួយប្រទេសផ្សេងៗដែលធ្លាប់ទទួលពួកគាត់ច្រើនដែរ។ តែនៅតែមិនទាន់មានចម្លើយជាវិជ្ជមាននៅឡើយទេ»។
មន្ត្រីអ្នកនាំពាក្យដដែលបានរំឭកថា រដ្ឋាភិបាលកម្ពុជានឹងមិនអនុញ្ញាតឲ្យមានការបង្កើតជំរំសម្រាប់ជនភៀសខ្លួនចារ៉ាយវៀតណាមនៅក្នុងស្រុកនោះទេ។
លោកស្រី វីវាន តាន់ បានបញ្ជាក់ថា អង្គការសហប្រជាជាតិនឹងមិនបង្កើតជំរំនោះឡើយ។
ជនភៀសខ្លួនជនជាតិចារ៉ាយវៀតណាមទាំង១៣នាក់បានលាក់ខ្លួនក្នុងព្រៃនៃខេត្តរតនគីរីចាប់តាំងពីខែតុលាឆ្នាំ២០១៤មកម្ល៉េះ មុនពេលអង្គការសហប្រជាជាតិទទួលបានពួកគេនៅចុងខែធ្នូឆ្នាំដដែល។
កាលពីចុងខែមុន អាជ្ញាធរប៉ូលិសកម្ពុជាបានចាប់ជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមចំនួន៣៦នាក់ និងបានបញ្ជូនពួកគេទៅកាន់ប្រទេសវៀតណាមវិញទៅតាមអ្វីដែលត្រូវគេរាយការណ៍ថា តាមសំណើរបស់រដ្ឋាភិបាលវៀតណាម។
លោកឆាយ ធី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តរតនគីរី បញ្ជាក់ថា ជនភៀសខ្លួនបួននាក់ក្នុងចំណោមជនភៀសខ្លួនទាំង៣៦នាក់បានបាត់ខ្លួន ក្រោយពីត្រូវបានបញ្ជូនដល់ស្រុកកំណើតរបស់ពួកគេវិញ។ លោក ឆាយ ធី បន្ថែមថា អ្នកទាំងបួននាក់នេះគឺជាគោលដៅដែលរដ្ឋាភិបាលវៀតណាមសម្គាល់ថា ជាអ្នកដឹកនាំក្រុមជនភៀសខ្លួនម៉ុងតាញ៉ា។
«ព្រឹកថ្ងៃនេះ យើងទទួលបានព័ត៌មានថា ក្នុង៣៦នាក់នោះមានអ្នកបាត់ខ្លួនចំនួនបួននាក់។ យើងនឹងស្នើអន្តរាគមន៍ទៅអង្គការ UN។ ហើយ(យើង)មានឈ្មោះ មានអាស័យដ្ឋានអ្នកបាត់ខ្លួនទាំងនោះហើយ»។
នៅឆ្នាំ២០០១ កងទ័ពរបស់ប្រទេសវៀតណាមបានបង្រ្កាបការតវ៉ារបស់ប្រជាជនកុលសម្ព័ន្ធនៅតំបន់ខ្ពស់រាបភាគកណ្តាលដែលពន្យុះឲ្យមានលំហូរនៃក្រុមកុលសម្ព័ន្ធចារ៉ាយទាំងនោះភៀសខ្លួនមកកាន់ប្រទេសកម្ពុជា។ ហើយអាជ្ញាធរវៀតណាមក៏បានស្នើជាប្រចាំឲ្យកម្ពុជាចាប់បញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតពួកគេវិញ។
ជនភៀសខ្លួនជាច្រើនរយនាក់បានទទួលសិទ្ធិជ្រកកោននៅប្រទេសទី៣ ក្នុងនោះសហរដ្ឋអាមេរិកទទួលយកពួកគេច្រើនជាងគេ។
រហូតមកទល់ពេលនេះនៅមានជនភៀសខ្លួនម៉ុងតាញ៉ាវៀតណាមចំនួន១៣នាក់ទៀតកំពុងលាក់ខ្លួនក្នុងព្រៃនៃខេត្តរតនគីរី ភាគឦសាននៃប្រទេសកម្ពុជានៅឡើយ៕