តុលាការរាជធានីភ្នំពេញបានសម្រេចលើកពេលអង្គសវនាការជម្រះក្តីលោកហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ពីព្រោះតុលាការពុំមានជំនាញក្នុងការទាញយកឯកសារដែលទាក់ទិនរឿងក្តីនេះ ចេញពីប្រព័ន្ធអ៊ីនធឺណិតទេ។ មេធាវីការពារក្តីឲ្យលោក ហុង សុខហួរ ថ្លែងថា ការលើកពេលអង្គសវនាការនេះជាការពន្យារពេលឃុំឃាំង មិនព្រមផ្តល់យុត្តិធម៌ដល់លោកហុង សុខហួរ ខណៈដែលសកម្មជនសិទ្ធិមនុស្សថ្លែងថា នេះជាការរំលោទសិទ្ធិសេរីភាពរបស់ជនជាប់ចោទ។
តុលាការរាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បានសម្រេចលើកពេលសវនាការរឿងក្តីរបស់លោកហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្សសម រង្ស៊ី ដោយសារតុលាការពុំមានជំនាញក្នុងការទាញយកឯកសារតាមប្រព័ន្ធអ៊ីនធឺណិត។ នេះបើតាមការបញ្ជាក់របស់ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ និងមេធាវីការពារក្តីឲ្យសមាជិកព្រឹទ្ធសភារូបនេះ។
ការប្រកាសផ្អាកសវនាការនេះធ្វើឡើងប្រហែលជាងមួយម៉ោង បន្ទាប់ពីការសួរដេញដោល និងការបង្ហាញឯកសារភស្តុតាងរវាងតំណាងអយ្យការតុលាការ និងក្រុមមេធាវីការពារក្តីឲ្យជនជាប់ចោទ។
បន្ទាប់ពីក្រុមមេធាវីការពារក្តីឲ្យលោកហុង សុខហួរពន្យល់ បកស្រាយអំពីវិធីនៃការរកឃើញឯកសារសន្ធិសញ្ញាមួយរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដែលនាំដល់ការចោទប្រកាន់លោកហុង សុខហួរពីបទ«ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារក្លែងក្លាយ និងញុះញង់»នោះ លោក រស់ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាអង្គជំនុំជម្រះ បានប្រកាសផ្អាកការសួរដេញដោល ហើយស្នើឲ្យក្រុមមេធាវីការពារក្តីជនជាប់ចោទ បញ្ជូនឯកសារដែលបានទាញចេញពីប្រព័ន្ធអ៊ីនធឺណិត ហើយបញ្ជាក់ពីថ្ងៃនៃការទាញឯកសារនោះផងដែរ។ លោកប្រធានអង្គជំនុំជម្រះក៏បានស្នើឲ្យក្រុមមេធាវីបញ្ជាក់ពីឧបករណ៍ដែលប្រើសម្រាប់ក្នុងការទាញយកឯកសារ ហើយប្រគល់ឧបករណ៍នោះមកកាន់តុលាការដើម្បីធ្វើការពិនិត្យបន្ថែម តែលោកមិនបញ្ជាក់ពីថ្ងៃនៃការបើកសវនាការជាថ្មីនោះទេ។
ឈរនៅពីមុខច្រកចូលនៃតុលាការក្រុងភ្នំពេញ លោក ជួង ជូងី មេធាវីការពារក្តីឲ្យលោកហុង សុខហួរ មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានថា ការផ្អាកសវនាការនេះគឺមិនត្រឹមត្រូវទៅតាមនីតិវិធីទេ ពីព្រោះក្រុមមេធាវីកំពុងព្យាយាមបង្ហាញភស្តុតាងដើម្បីដោះបន្ទុកកូនក្តី តែត្រូវតុលាការប្រកាសចាត់របៀបដើម្បីលើកពេលការកាត់ក្តី។
«ខ្ញុំចាប់ផ្តើមនីតិវិធីដើម្បីបង្ហាញភស្តុតាងដោះបន្ទុក ប៉ុន្តែខ្ញុំអត់ទាន់បានដំណើរការនីតិវិធីរបស់ខ្ញុំផងស្រាប់តែតុលាការចាត់របៀបភ្លាម គឺអត់ផ្តល់ឱកាសឲ្យខ្ញុំបង្ហាញនីតិវិធីដោះបន្ទុកកូនក្តីខ្ញុំផង»។
ឆ្លើយទៅនឹងសំណួររបស់ VOA ថា តើនេះជាការស្មុគស្មាញទេសម្រាប់ឲ្យតុលាការរកវិធីទាញយកឯកសារនេះ លោកមេធាវីជួង ជូងីថ្លែងថា៖
«គ្រាន់តែតុលាការភ្ជាប់អ៊ីនធឺណិតភ្លាម ខ្ញុំបង្ហាញឲ្យឃើញភ្លាមតែម្តង»។
លោកមេធាវីបញ្ជាក់បន្ថែមថា ការប្រកាសចាត់របៀបដើម្បីបើកផ្លូវឲ្យតុលាការធ្វើការអង្កេតសារជាថ្មីលើវិធីនៃការទាញយកឯកសារនេះ គឺចេតនារបស់តុលាការដែលមិនចង់ផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក ខណៈដែលតំណាងអយ្យការកំពុងបន្តរកបន្ទុកដាក់លើកូនក្តីរបស់លោកថែមទៀត។
នៅមុនការប្រកាសផ្អាកសវនាការនេះ លោកហុង សុខហួរត្រូវបានលោកសៀង សុខ តំណាងអយ្យការតុលាការសួរអំពីសកម្មភាពរបស់លោកនៅមុនពេលដែលលោកត្រូវបានចាប់ខ្លួន ដោយកងអន្តរាគមន៍ពិសេសនៃអគ្គស្នងការដ្ឋាននគរបាលជាតិកាលពីពាក់កណ្តាលខែសីហាកន្លងទៅ។ លោក ហុង សុខហួរបានរៀបរាប់ប្រាប់តុលាការថា មុនការចាប់ខ្លួនលោក លោកបានចូលទៅជួបប្រាស្រ័យទាក់ទងជាមួយនឹងមន្តី្រនៅក្នុងស្ថានទូតបារាំង ហើយក៏បន្តដំណើរមកផ្ទះលោកយ៉ុន ថារ៉ូ តំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិ។ លោកបានស្នាក់អាស្រ័យនៅផ្ទះតំណាងរាស្រ្តរូបនោះ ហើយក៏ត្រូវបានចាប់ខ្លួនតែម្តង។
ក្រោយពេលតុលាការប្រកាសផ្អាកសវនាការភ្លាម លោកហុង សុខហួរបដិសេធមិនផ្តល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននោះទេ។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានហៅការប្រកាសចាត់របៀបនេះថា ជាការពន្យារពេលនៃការកាត់ក្តីដែលបានធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់ជនជាប់ចោទ ហើយនេះជាការពន្យារពេលឃុំឃាំង។ លោកមានប្រសាសន៍ថា៖
«តាមគោលការណ៍ច្បាប់ គឺថា កាត់ឲ្យកាន់តែលឿន វាកាន់តែល្អ។ វាកាត់បន្ថយការប៉ះពាល់សិទ្ធិរបស់ជនដែលត្រូវបន្តឃុំខ្លួន ឬមិនត្រូវឃុំខ្លួន ពីព្រោះមកទល់ពេលនេះ គេមិនទាន់ដឹងថា គាត់ត្រូវមានទោស ឬអត់ទោសនោះទេ។ អញ្ចឹងជាគោលការណ៍ធ្វើម៉េចឲ្យបានលឿន»។
បន្ទាប់ពីការប្រកាសចាត់របៀបនេះ លោកបញ្ជាក់ថា ការណ៍ដែលតុលាការមិនព្រមប្រកាសថ្ងៃជាក់លាក់នៃការបើកសវនាការនៅពេលខាងមុខនោះគឺរឹតតែធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទ ហើយថា រឿងក្តីទាក់ទិនសកម្មជននយោបាយ ឬអ្នកនយោបាយគណបក្សប្រឆាំង រមែងតែផ្សារភ្ជាប់នឹងការចរចាផ្នែកនយោបាយរវាងអ្នកនយោបាយនៃគណបក្សប្រឆាំង និងគណបក្សកាន់អំណាច។
លោក ហុង សុខហួរ ត្រូវបានចាប់ខ្លួន ក្រោយពីមានបទបញ្ជាពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានចោទថា សមាជិកព្រឹទ្ធសភារូបនេះបានប្រព្រឹត្តអំពើក្បត់ជាតិទាក់ទងនឹងការបង្ហោះ និងពន្យល់អំពីសន្ធិសញ្ញាមួយដែលប្រទេសកម្ពុជា និងវៀតណាមបានចុះហត្ថលេខានៅខែកុម្ភៈឆ្នាំ១៩៧៩។ ការចាប់ខ្លួនសមាជិកព្រឹទ្ធសភាទាំងមានអភ័យឯកសិទ្ធិជាប់នឹងខ្លួននេះ ត្រូវបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីការប្រកាសបទបញ្ជាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការពីថ្ងៃទី៣ តុលាកន្លងទៅ លោក ហុង សុខហួរ ដែលជាជនជាតិខ្មែរកាន់សញ្ជាតិបារាំង ត្រូវបានតុលាការក្រុងភ្នំពេញបដិសេធសំណើសុំនៅក្រៅឃុំរបស់លោក ដោយតុលាការអះអាងថា ការដោះលែងឲ្យលោក ហុង សុខហួរ នៅក្រៅឃុំនឹងអាចបង្កឲ្យ«មានភាពវឹកវរនៅក្នុងសង្គម» បើទោះជាសមាជិកព្រឹទ្ធសភារូបនេះស្ថិតក្នុងវ័យចាស់ និងមានជំងឺបេះដូងជាប្រចាំក៏ដោយ។
ការសម្រេចរបស់តុលាការ ដែលបដិសេធសំណើរបស់លោកហុង សុខហួរសុំនៅក្រៅឃុំនេះ បានរងការរិះគន់ពីអ្នកតាមដានស្ថានភាពសិទ្ធិនៅក្នុងប្រទេសកម្ពុជា។ ពួកគេថ្លែងថា លោកហុង សុខហួរ «មានហេតុផលគ្រប់គ្រាន់តាមផ្លូវច្បាប់ក្នុងការសុំនៅក្រៅឃុំ» ដោយលោកបានបញ្ជាក់ពីបញ្ហាសុខភាព មានតួនាទីជាក់លាក់ តម្កល់ថវិកាធានាចំនួន២០លានរៀល តម្កល់លិខិតឆ្លងដែន និងសន្យាចូលរួមតាមនីតិវិធីតុលាការគ្រប់ដំណាក់កាលជាដើម។
យ៉ាងហោចណាស់មានសកម្មជន និងមន្ត្រីរបស់គណបក្សសង្គ្រោះជាតិជាង១០រូបត្រូវបានចាប់ឃុំខ្លួន និងកាត់ទោសជាបន្តបន្ទាប់ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានបង្ហាញការមន្ទិលសង្ស័យរឿងផែនទី និងការបោះបង្គោលព្រំដែនរវាងកម្ពុជាវៀតណាមនោះ៕