ប៉ុន្មានម៉ោងក្រោយពីវិលត្រឡប់ពីដំណើរទស្សនកិច្ចក្រៅប្រទេសមកដល់កម្ពុជាវិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានទៅជួបមន្ត្រី និងសកម្មជនរបស់គណបក្សលោក ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃស។ លោកបានបញ្ជាក់ថា អ្នកទាំងនោះស្នើឲ្យមេដឹកនាំនៃគណបក្សរក្សាជំហររឹងប៉ឹងនៅក្នុងការចរចាផ្នែកនយោបាយជាមួយគណបក្សកាន់អំណាច។
កំពុងដើរចាកចេញពីពន្ធនាគារព្រៃសបណ្តើរនិងផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានបណ្តើរ លោកកឹម សុខា បានថ្លែងថា៖
«ខ្ញុំបានសួរគាត់ហើយ គាត់ថានៅតែជំហរ គាត់រឹងមាំដដែល គឺគាត់សុំឲ្យមេដឹកនាំ គណបក្សសង្គ្រោះជាតិហ្នឹង កុំទន់ជ្រាយឲ្យរឹងម៉ាំ»។
លោក កឹម សុខា និងលោក សម រង្ស៊ី បានចំណាយពេលជាច្រើនសប្តាហ៍ជួបជាមួយអ្នកនយោបាយអូស្ត្រាលី និងអ្នកគាំទ្រគណបក្សនៅប្រទេសអូស្ត្រាលីនិងណូវែលហ្សេឡង់ក្នុងខណៈពេលកំដៅនយោបាយកាន់តែកើនឡើងខ្លាំង។
ពេលដែលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីថ្ងៃពុធ លោក កឹម សុខា បានថ្លែងប្រាប់អ្នកសារព័ត៌មានផងដែរថា គណបក្សសង្គ្រោះជាតិកំពុងទទួលបានការគាំទ្រថែមទៀតពីប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសទាំងពីរនេះ។
ប៉ុន្តែលោក សុខ ឦសាន អ្នកនាំពាក្យនៃគណបក្សប្រជាជនកម្ពុជាមើលឃើញថាការគៀងគរថវិកាគាំទ្រគណបក្សសង្គ្រោះជាតិកំពុងមានការធ្លាក់ចុះ។
«ឮថា ការប្រមូលចំណូល វាមិនបានមុនមួយជាបីពីមុនផង យើងគ្រាន់តែឮក្រៅផ្លូវការទេណា។ ការប្រមូលចំណាយ ចំណូលពីអ្នកគាំទ្រគាត់ហ្នឹងណា បើខាងខ្ញុំគ្រាន់តែយល់ថាបើអ្នកគាំទ្រ កាន់តែច្រើនអាហ្នឹងចំណូលវាកាន់តែបានច្រើន។ វាមិនដែលមូលហេតុអីអ្នកគាំទ្រកាន់តែច្រើន ចំណូលកាន់តែតិច»។
តុលាការក្រុងភ្នំពេញបានកាត់ទោសមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់ កាលពីខែកក្កដាឆ្នាំ២០១៥នេះ ឲ្យជាប់ពន្ធនាគារពី៧ ដល់២០ឆ្នាំទាក់ទងនឹងសំណុំរឿងហិង្សានៅទីលានប្រជាធិបតេយ្យដែលបានប្រព្រឹត្តឡើងកាលពីឆ្នាំ២០១៤។ កាលពីខែសីហាកន្លងទៅនេះ សមាជិកព្រឹទ្ធសភាម្នាក់នៃគណបក្សសម រង្សី គឺលោកហុង សុខហួរ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនទាក់ទិននឹងសំណុំរឿងផែនទី និងព្រំដែន។
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវសង្គម និងជាអ្នកវិភាគនយោបាយបានថ្លែងថាការដោះលែងអាចកើតមាន ប្រសិនបើមេដឹកនាំគណបក្សសង្គ្រោះជាតិ យល់ព្រមដោះដូរតាមផ្លូវនយោបាយ ដោយប្តូរពីការជំទាស់លើការប្រើប្រាស់ផែនទី មកជាការគាំទ្រជាដើម។
«គណបក្សសង្គ្រោះជាតិដើម្បីឲ្យអ្នកសកម្មជនរួចខ្លួន វាទាល់តែប្តូររបៀបគាំទ្រ ផែនទីរដ្ឋាភិបាល ដែលប្រើប្រាស់ ប្តូររបៀបគាំទ្រនូវការបោះបង្គោលព្រំដែន ប្តូររបៀបសុំទោសនូវទង្វើអ្វី ដែលខ្លួនបានធ្វើ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ប្រសិនបើមានការបន្ទន់ជំហរ ដោះដូរតាមផ្លូវនយោបាយមែននោះ នោះបក្សជំទាស់នឹងត្រូវបានគេមើលឃើញថា ជាគណបក្សដែលងាយប្រេះស្រាំ។
នៅក្នុងការវិលត្រឡប់មកវិញនៃថ្នាក់ដឹកនាំគណបក្សប្រឆាំងពុំឃើញមានវត្តមានរបស់លោកសម រង្សីប្រធានគណបក្សសង្គ្រោះជាតិទេ។ លោកយឹម សុវណ្ណអ្នកនាំពាក្យនៃគណបក្សនេះឲ្យដឹងថា លោកសម រង្សីនៅបន្តបេសកកម្មរបស់លោកនៅឯក្រៅប្រទេសនៅឡើយ៕