ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាឧទ្ធរណ៍​បដិសេធ​សំណើ​លោក​មាជ សុវណ្ណារ៉ា​សុំ​ទៅ​ព្យាបាល​ជំងឺ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

សកម្មជន​គណបក្ស​សិទ្ធិ​មនុស្ស​ពេល​មក​ដល់​សាលា​ឧទ្ធរណ៍។​

តុលាការ​​ក៏​បាន​សម្រេច​​​បំបែក​សំណុំ​រឿង​​តាម​សំណើ​របស់​​​លោក​ មាជ សុវណ្ណរ៉ា​​ ចេញ​ពី​បណ្តឹង​ឧទ្ធរណ៍​ជា​រួម​របស់​អ្នក​ទាំង​១១​ ​​ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ។

សាលា​ឧទ្ធរណ៍​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ​សម្រាប់​បណ្តឹង​ជំទាស់​របស់លោក​មាជ សុវណ្ណរ៉ា​សុំ​នៅ​ក្រៅ​ឃុំ ​និង​ទៅ​ក្រៅ​ប្រទេស​ ក្រោយពីក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​យល់​ព្រម​បំបែក​សំណុំ​រឿង​របស់​សកម្មជន​ទាំង​១១​នាក់។​

​ក្រោយ​ពី​ការ​សួរ​ដេញ​ដោល​ប្រហែល​បី​ម៉ោង លោក​ប្លង់ សំណាង​ ប្រធាន​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍​បាន​ឲ្យ​ដឹង​ថា ​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​យល់​ព្រម​បំបែក​បណ្តឹង​ជំទាស់​របស់លោក​ មាជ សុវណ្ណរ៉ា ចេញ​ពី​បណ្តឹង​ឧទ្ធរណ៍​ជា​រួម​របស់​អ្នក​ទាំង​១១​ ប្រឆាំង​នឹង​ការ​សម្រេច​របស់​តុលាការ​ក្រុង​ភ្នំពេញ​ ដែល​កាត់ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​នេះ​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំ​ទៅ​២០ឆ្នាំ។​

លោក ​ណៃ វង្សដា ​មន្ត្រី​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​អាដហុក ​បាន​បង្ហាញ​ការ​ពេញចិត្ត​ចំពោះ​ការ​សម្រេច​របស់​តុលាការ​ក្នុង​ការបំបែក​សំណុំ​រឿង​តាម​សំណើ​របស់​មេធាវី​នេះ ​ព្រោះ​ការ​សម្រេច​នៅ​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​ឡើង​ដោយ​ជន​ជាប់​ចោទ​ខ្លះ​មិន​មាន​មេធាវី​ការពារ។

«ខ្ញុំ​កោត​សរសើរ​តុលាការ​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ជជែក​ដេញ​ដោល​គ្នា​អញ្ចឹង​ណា៎»។

សាលា​ឧទ្ធរណ៍​បាន​សម្រេច​បើក​សវនាការ​បណ្តឹង​ជំទាស់​របស់​លោក​ មាជ​ សុវណ្ណារ៉ា ​ប្រឆាំង​នឹង​សាល​ក្រមរបស់តុលាការ​ក្រុង​ភ្នំពេញ​ ដែលមិន​អនុញ្ញាត​ឲ្យជនជាតិ​អាមេរិកាំង​ដើម​កំណើត​ខ្មែររូប​នេះ​ ចាកចេញ​ទៅ​ក្រៅ​ប្រទេស។ ​ក្រោយពី​មាន​ការ​ដេញ​ដោល​ជាង​មួយ​ម៉ោង​ទៀត ​និង​ការ​ពិភាក្សា​១៥​នាទី ​ក្រុមប្រឹក្សា​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាលក្រម​របស់​តុលាការ​ក្រុង​ភ្នំពេញ។​

​លោក​ជូង ជូងី ​មេធាវី​របស់​លោក​ មាជ សុវណ្ណារ៉ា​ បាន​ប្រាប់​ VOA ​ថា​ សវនាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​ត្រឹម​តែ​សម្រេច​បំបែក​សំណុំ​រឿង​និង​សម្រេច​មិន​ឲ្យ​លោក ​មាជ សុវណ្ណារ៉ា​ ចេញ​ក្រៅ​ឃុំ ​ឬ​ទៅ​ក្រៅ​ប្រទេស។

«ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ អញ្ចឹង​ហើយ​បាន​វា​មាន​ការ... ដូច​ថា ​វា​មាន​ភាព​ស្មុគស្មាញ​អញ្ចឹង​ណា៎»។

លោក​បន្ត​ថា ​បណ្តឹង​ឧទ្ធរណ៍​រួម​ទាំង​១១​នាក់ប្រឆាំង​ការ​សម្រេច​ឃុំឃាំង​ពី​៧​ឆ្នាំ​ទៅ​២០​ឆ្នាំ​នោះ​មិនទាន់​មានការ​បាន​ដេញ​ដោល​ទេ​ នៅ​ថ្ងៃ​នេះ ​ហើយ​តុលាការ​ក៏​មិន​ទាន់​កំណត់​ថ្ងៃ​ដែល​បើក​សវនាការ​ទៀត​ដែរ។ ​

អ្នកស្រី ​មាជ ម៉ារ៉ាឌី ​អាយុ៦៩ឆ្នាំ​ មក​ពី​ខេត្ត​បន្ទាយមានជ័យ​ ជា​ម្តាយ​របស់​លោក មាជ សុវណ្ណារ៉ា ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​គាត់​ចង់​ឃើញ​មុខ​កូន​របស់​អ្នកស្រី។ ​អ្នកស្រី​ដេក​មិន​លក់​ ​ធ្លាក់​ខ្លួនឈឺ​ ស្គម ​ ហើយ​តក់ស្លុត​ឃើញ​កូន​របស់​អ្នកស្រី​ជាប់​ខ្នោះ។​

«តក់​ស្លុត​សម្បើម​ណាស់ ​ព្រោះ​ខ្ញុំ​ឃើញ​កូន​ជាប់​ខ្នោះ។​ ពិបាក​ ... ​ពិបាក​ក្នុង​ចិត្ត។ ​ឃើញ​ទេ ឈឺ​ឡើង​ស្គម​ទៅ​ហើយ»។​

អ្នកស្រី ​មាជ ម៉ារ៉ាឌី ​អាយុ៦៩ឆ្នាំ​ ម្តាយ​របស់​លោក មាជ សុវណ្ណារ៉ា ​
អ្នកស្រី ​មាជ ម៉ារ៉ាឌី ​អាយុ៦៩ឆ្នាំ​ ម្តាយ​របស់​លោក មាជ សុវណ្ណារ៉ា ​

ស្រដៀង​គ្នា​នេះ​ដែរ ​អ្នកស្រី​ ទិត្យ ណារិន ​ភរិយា​របស់​លោក ​អ៊ុក ពេជ្រសំណាង​ និយាយ​ទាំង​ទឹក​ភ្នែក​ថា​ ​អ្នកស្រី​បារម្ភ​អំពី​សុខភាព​របស់​ប្តី​អ្នកស្រី ​ដែល​ត្រូវ​គេ​វ៉ៃបែក​ក្បាល​ ហើយ​រដ្ឋាភិបាល​ចាប់​លោក​ដាក់​គុក។ ​ពេល​បង្ហាញ​រូប​ថត​ប្តី​របស់​អ្នកស្រី​រង​របួស​នោះ​ អ្នកស្រី​សុំ​ឲ្យ​តុលាការ​ដោះលែង​ប្តី​របស់​អ្នកស្រី។ ​

«មាន​អារម្មណ៍​ក្តុកក្តួលឃើញ​ប្តី​ឡើង​មក​មាន​ខ្នោះ​ដៃ... ជាប់​គុក​ម្តង​ហើយ​ម្តង​ទៀត។ ​ជា​លើកទី​ពីរ​ហើយ​ដែល​គេ​ចាប់​ប្តី​ខ្ញុំ​ដាក់​គុក។​ មិន​ដឹង​ជា​គិត​យ៉ាង​ណា៎»។

​អ្នកស្រី​ ទិត្យ ណារិន ​ភរិយា​របស់​លោក ​អ៊ុក ពេជ្រសំណាង
​អ្នកស្រី​ ទិត្យ ណារិន ​ភរិយា​របស់​លោក ​អ៊ុក ពេជ្រសំណាង

ពេល​អនុរក្ស​កំពុង​នាំ​ខ្លួន​លោក​ ​ លោក​ អ៊ុក ពេជ្រសំណាង ​ដែល​បែក​ក្បាល​ពេល​ប៉ូលិស​ចាប់​ខ្លួន ​និយាយ​ថា៖

«ជា​សញ្ញា​ឧក្រិដ្ឋ​កម្ម... ​តុលាការ​ឧក្រិដ្ឋកម្ម​អស់​លោក​ណា៎។ ​មិន​មែន​ជា​សញ្ញាប័ត្រ​ទេ​ ជា​តុលាការ​ឧក្រិដ្ឋ​កម្ម ​សូម​អស់​លោក​យល់​ឲ្យ​ច្បាស់»។

នៅ​ពេល​អនុរក្ស​កំពុង​នាំ​ខ្លួន​លោក​ ​លោក​ មាជ សុវណ្ណារ៉ា​ អាយុ​៤៦​ឆ្នាំ​ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ដែល​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​២០១៤​ បាន​អំពាវនាវ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បើកឱកាស​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​អាច​ប្រកួត​ប្រជែង​ខាង​នយោបាយ​ជាមួយ​កូន​ប្រុស​របស់​លោក។​

​សកម្មជន​ទាំង​១១​រូប​នេះត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់ទោស​នាខែ​តុលា​ឆ្នាំ២០១៥ពី​បទ​ចូលរួម ​និង​ធ្វើ​កុប្បកម្ម​ប្រឆំាង​នឹង​រដ្ឋាភិបាល​ពេល​ដែល​សកម្មជន​គណបក្ស​ជំទាស់​ធ្វើ​បាតុកម្ម​រំដោះ​ទី​លាន​ប្រជាធិបតេយ្យ ​ក្នុង​ខែ​កក្កដា​ឆ្នាំ​២០១៤។​ តុលាការ​បាន​ដាក់​ទោស​សកម្មជន​ទាំងនេះ​ពី​៧ ​ដល់​២០ឆ្នាំ​ ដោយ​សំអាង​ថា​ ពួកគេបាន​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​ ដែល​ធ្វើ​ឲ្យអ្នក​បម្រើ​ការ​សន្តិសុខ​របួស​ជាង​៤០​នាក់​ក្នុង​ពេល​ប៉ះ​ទង្គិច​គ្នា​នោះ។​

​ព្រះតេជគុណ ​ស៊ឹម សុវណ្ណី​ ដែល​បាន​អះអាង​ថា ព្រះ​អង្គ​ឋិត​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៤​នោះ ​បាន​មាន​សង្ឃដីកា​ថា ​លោក​មាជ សុវណ្ណារ៉ា​មិន​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទេ។​

«លោក ​មាជ សុវណ្ណារ៉ា​ នេះ​គាត់​បាន​ប្រកាស​ថា ​សូម​កុំ​ប្រើ​អំពើ​ហិង្សា។​ យើង​ស្ងៀម​ស្ងាត់ ​កុំតប​ត។​ ប៉ុន្តែ​ដល់​ព្រឹត្តិ​ការណ៍​នោះ​កើត​ឡើង​ដោយសារ​តែ​សន្តិសុខ​នោះ​វាយ​បំពាន​ទៅ​ដល់ ​ប៉ះពាល់​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ច្រើន​ អញ្ចឹង​ប្រជា​ពលរដ្ឋ​មួយ​ចំនួន​ក៏​គាត់​ទប់​ចិត្ត​មិន​បាន ​គាត់​តប​ត​វិញ​ ទៅ​ចាប់​ដំបង​ពួក​វា​ហ្នឹង​វ៉ៃ​តប​ត​វិញ»។

​សកម្មជន​ទាំង​នេះ​ត្រូវ​តុលាការ​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាល​ពី​ថ្ងៃ​ទី១៣​ខែ​មេសា​ឆ្នាំ​២០១៥​ ដោយសារ​មាន​ការ​សម្រប​សម្រួល​នយោបាយ​រវាង​លោក​សម រង្ស៊ី ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ជា​គណ​បក្សជំទាស់ ​និង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច។ ​តុលាការ​បាន​ចាប់​ពួក​គេ​ឃុំឃាំង​វិញ​នៅ​ថ្ងៃ​២១​ខែ​កក្កដា​ឆ្នាំ២០១៥​ ​នៅ​ពេល​មាន​វិបត្តិ​នយោបាយ​ ​ក្រោយពី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ត្រួត​ពិនិត្យ​ព្រំដែន​កម្ពុជា​វៀតណាម ​និង​បញ្ហា​ផែនទី​រវាង​ប្រទេស​ទាំង​ពីរ។

លោក​អំ សំអាត ​ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​ ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​ការ​ដោះលែង​ និង​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​នេះ​យក​ទៅ​ឃុំឃាំង​វិញ​គឺ​ជា​ឥទ្ធិពល​នយោបាយ។ ​

«អញ្ចឹង​រឿង​ទាំងអស់​នេះ​ដែល​គេ​ចាត់​ទុក​ថា​ ជារឿង​នយោបាយ ​អញ្ចឹង​ចេញ​ចូលៗ​ ដូច​ត្លុក​ល្ខោន​អញ្ចឹង​ទៅ។​ បើ​នយោបាយ​ត្រូវ​គ្នា​ ចេញ។​ បើ​នយោបាយ​មិន​ត្រូវ​គ្នា ​ ​ចូល។​ អញ្ចឹង​សង្ឃឹម​ថា​ អ្នក​នយោបាយ​ទាំងអស់​នឹង​បញ្ឈប់​ការ​យក​តុលាការ​ជា​ឧបករណ៍​នយោបាយ»។

លោក​បន្ថែម​ថា ​បើ​គ្មាន​ដំណោះ​ស្រាយ​នយោបាយ​ទេ​ តុលាការ​នឹង​មិន​សម្រេច​ដោះលែង​ពួកគេ​ឲ្យ​មាន​សេរីភាព​ទេ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG