តុលាការក្រុងភ្នំពេញបានកាត់ទោសមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១១នាក់នៅថ្ងៃអង្គារនេះ ឱ្យជាប់ពន្ធនាគារពី៧ដល់២០ឆ្នាំទាក់ទងនឹងសំណុំរឿងហិង្សានៅទីលានប្រជាធិបតេយ្យដែលបានប្រព្រឹត្តឡើងកាលពីឆ្នាំ២០១៤។
លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានគណបក្សឆាំង លោក ឃិនជំរឿន និងលោកអឿ ណារិទ្ធ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន២០ឆ្នាំ រីឯអ្នកដទៃទៀតត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំក្នុងម្នាក់ៗ។
លោកមាជ សុវណ្ណារ៉ា បានចាត់ទុកថានេះជា«រឿងនយោបាយ»ហើយវាគួរតែ បញ្ចប់នៅពេលដែលមានដំណោះស្រាយនយោបាយមុនពេលដែលគណបក្សប្រឆាំងព្រមចូលប្រជុំសភាកាលពីឆ្នាំ២០១៤។
លោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថា៖
«រឿងនេះជារឿងនយោបាយ។ នយោបាយដោះចប់ហើយគួរបញ្ចប់ទៅ»។
គណបក្សសង្គ្រោះជាតិបានដឹកនាំធ្វើបាតុកម្មមួយកាលពីថ្ងៃទី១៥ខែកក្កដាឆ្នាំ២០១៤ដើម្បីទាមទារឱ្យបើកទីលានប្រជាធិបតេយ្យហើយក៏ឈានដល់មានអំពើហិង្សារវាងបាតុករនិងកងសន្តិសុខ។ មានមនុស្សជាច្រើនបានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានោះ។
ប៉ូលិសបានដាក់ខ្នោះហើយបណ្តើរអ្នកទាំងនោះទៅដាក់ពន្ធនាគារភ្លាមៗក្រោយពីការសម្រេចរបស់ចៅក្រម។
អង្គការសិទ្ធិមនុស្សបានរិះគន់ដល់ការសម្រេចដាក់ទោសទណ្ឌយ៉ាងឆាប់រហ័សដោយគ្មានវត្តមានមេធាវីជនជាប់ចោទ។
លោកស្រី Naly Pilorge នាយកអង្គការសិទ្ធិមនុស្សលីកាដូបានបញ្ជាក់ថា៖
«ការកាត់ទោសនេះបង្ហាញយ៉ាងច្បាស់ថាវាគឺជាការកាត់ទោសដែលមានការកំណត់ពេលបញ្ចប់ជាមុន ដែលរៀបចំ ឡើងដើម្បីបំភិតបំភ័យគណបក្សសង្គ្រោះជាតិ»។
ចំណែកលោកអំ សំអាតប្រធានបច្ចេកទេសស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូក៏បានភ្ជាប់ហេតុការណ៍នេះទៅនឹងការធ្វើពហិការរបស់អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងចំនួន៥៥នាក់ដែលមិនចូលរួមអនុម័តសេចក្តី ព្រាងច្បាប់អង្គការក្នុងពេលថ្មីៗ នេះ។
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការលើសំណុំរឿងក្តីបាតុកម្មនៅទីលានប្រជាធិបតេយ្យ ចាប់តាំងពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥។ រហូតដល់រសៀលថ្ងៃទី២១កក្កដានេះ ចៅក្រមបានប្រកាសសាលក្រម ផ្តន្ទាទោស និងបង្គាប់ឲ្យចាប់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិទាំង ១១ រូបនោះ ដាក់ពន្ធនាគារ៕