ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថាន​ទូត​ខ្មែរ​នៅ​ជប៉ុន​បញ្ជាក់​ថា ​បុរស​ជនជាតិ​ជប៉ុន​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា​មាន​ជំងឺ ​COVID 19


រូបឯកសារ៖ បុគ្គលិកបម្រើការនៅព្រលានយន្តហោះអន្តរជាតិ Seattle-Tacoma ពាក់ម៉ាសការពារអំឡុងពេលមានការផ្ទុះវីរុសកូរ៉ូណា នៅរដ្ឋ Washington កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
រូបឯកសារ៖ បុគ្គលិកបម្រើការនៅព្រលានយន្តហោះអន្តរជាតិ Seattle-Tacoma ពាក់ម៉ាសការពារអំឡុងពេលមានការផ្ទុះវីរុសកូរ៉ូណា នៅរដ្ឋ Washington កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។

ស្ថាន​ឯកអគ្គរាជ​ទូត​កម្ពុជា​ប្រចាំ​ប្រទេសជប៉ុន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ថា ​អ្នកដំណើរជនជាតិ​ជប៉ុន​ចេញ​ដំណើរ​ពី​កម្ពុជា​ម្នាក់មាន​ផ្ទុក​វីរុស​កូរ៉ូណា​ថ្មី​ ឬ​កូវីដ​១៩ ​ដោយ​មាន​ការ​បញ្ជាក់ពី​មន្ត្រី​ការបរទេស​ជប៉ុន​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​និង​វៀតណាម​បាន​ឲ្យ​ដឹង​ថា ​អាជ្ញាធរ​ជប៉ុន​ និង​វៀតណាម ​បាន​បញ្ជាក់នៅ​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា ​ជនជាតិ​ជប៉ុន​ម្នាក់​ដែល​បាន​ចេញ​ពី​ខេត្ត​សៀមរាប​តាម​ជើង​ហោះហើរកាត់តាម​ទីក្រុង​ហូ​ជីមិញនៃ​ប្រទេស​វៀតណាមទៅ​កាន់​ទីក្រុង​ណាហ្កូយ៉ា​នៃ​ប្រទេសជប៉ុន​ ​មានផ្ទុក​មេរោគ​កូរ៉ូណាថ្មី ឬ​ជំងឺកូវីដ​១៩​។​

បុរស​ជនជាតិ​ជប៉ុន​រូប​នេះ​មាន​អាយុ​ជាង​ ៤០​ឆ្នាំ។ លោកធ្វើដំណើរ​ចេញពីជប៉ុនមក​កម្ពុជានៅ​ថ្ងៃទី​ ១៦​ ខែកុម្ភៈ ​ហើយ​បានធ្វើដំណើរទៅហ្វីលីពីននៅថ្ងៃទី២១ ខែកុម្ភៈ។​ លោក​រាយការណ៍​ថា​ មិន​សូវ​ស្រួល​ខ្លួន​នៅ ​ថ្ងៃ​ទី​២១​ ខែ​កុម្ភៈ។ ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កុម្ភៈ ​លោក​ត្រឡប់​មក​ស្នាក់​នៅ​កម្ពុជា​វិញ​ហើយ​នៅ​ថ្ងៃ​ទី​៣ ​ខែមីនា ​លោក​បាន​ទៅ​ពេទ្យ​មួយ​នៅ​ខេត្ត​សៀមរាប​ ។​ នៅ​យប់​ថ្ងៃ​ដដែល​លោក​ហោះ​ចេញ​ពី​កម្ពុជា​តាម​ជើង​ហោះហើរ​ VN814​ កៅអី​ 330D​ ទៅអាកាសយានដ្ឋាន​ Tan Son Nhat ​ទីក្រុងហូជីមិញ ​រួច​ប្តូរ​ជើង​ហោះហើរ​ទៅ ​VN340​ កៅអី​ 2C ​មក​ទី​ក្រុង ​Nagoya។ ​នេះ​បើយោង​តាម​លិខិត​ «ប្រញ៉ាប់ណាស់»​ របស់ស្ថាន​ឯកអគ្គរាជ​ទូតកម្ពុជា​ប្រចាំ​ប្រទេសជប៉ុន​ផ្ញើ​ជូន រដ្ឋមន្ត្រី​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិរបស់​កម្ពុជា​លោក​ប្រាក់ ​សុខុន។

មនុស្ស​៥១​នាក់​ រួម​ទាំង​បុគ្គលិក​បម្រើ​លើ​យន្តហោះ ​រួមដំណើរជាមួយ​បុរសជនជាតិ​ជប៉ុននោះ​ពីសៀមរាប​ទៅវៀតណាម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ ដាក់​អោយ​ស្ថិត​ដោយ​ឡែក​នៅ​ទី​ក្រុង​ហូជីមីញ​។ នេះ​បើយោង​តាម​សារព័ត៌មាន​ក្នុង​ស្រុក​របស់​វៀតណាម។​

បុរស​ជន​ជាតិ​ជប៉ុន​នោះ​បាន​រាយការណ៍​អំពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ទៅកាន់​អាជ្ញាធរ​ភ្លាម​ៗ​ ពេល​ដែល​រូប​លោក​ទៅដល់​ព្រលាន​យន្តហោះ​ Chubu Centrair International Airport។ លោក​មានអាការៈ​ផ្តាសាយ​ ឡើងកំដៅ​ខ្លួន​ និង​ពិបាក​ដកដង្ហើម​ ហើយ​ត្រូវ​បាន​ដឹក​បញ្ចូន​ទៅកាន់​មន្ទីរពេទ្យ​។ ក្រោយ​ក្រុម​គ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ​ គេ​បញ្ជាក់​ថា​ បុរស​ជប៉ុន​រូប​នោះ​មាន ជំងឺ​កូវីដ​១៩​។

អាជ្ញាធរ​វៀតណាម​និង​ជប៉ុនកំពុងស៊ើប​អង្កេត ដើម្បី​ផ្ទៀងផ្ទាត់​ប្រវត្តិ​ដំណើរ​របស់​អ្នក​ដំណើរ​ជប៉ុននោះនៅ​ក្នុង​ប្រទេស​កម្ពុជា។​

វីអូអេ​មិនទាន់​ទទួល​បាន​ការ​បញ្ជាក់​ពី​ក្រសួង​សុខាភិបាល​កម្ពុជានៅ​ឡើយទេអំពីទំនាក់​ទំនង​របស់​បុរសនេះ​ ជា​មួយពលរដ្ឋ​រស់នៅ​ក្នុង​ប្រទេសកម្ពុជា​ ក្រោយ​ការតាមសួរ​ពីរសៀល​ម្សិល​មកទល់​ពេល​ថ្ងៃត្រង់។ ​អ្នកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​ប្រាប់ថា​ មិនមាន​ព័ត៌មាន​ទេ រង់ចាំ​ដល់ពេល​មាន​សន្និសីទកាសែតសិន។

នៅថ្ងៃ​ពុធ​ទី ​៤​ខែ​មីនា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​បានថ្លែង​ ជាលើកដំបូង​អំពី​វិធាន​ការ​ទប់ទល់​នឹង​ជំងឺ​កូវីដ​១៩​ ដែល​មន្ត្រី​កម្ពុជា​ត្រូវ​រៀបគម្រោងឲ្យ​ម៉ដ្ឋ​ចត់​ដើម្បីជួយ​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​នេះ​ប្រសិន​បើ​រក​ឃើញ​ថា ​ជំងឺ​នេះ​មាន​នៅ​កម្ពុជា​។

នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍ ប្រជាលរដ្ឋប្រើប្រាស់​បណ្តាញ​សង្គម​ចែករំលែក​ព័ត៌មាន​ជាភាសាបរទេស​ ផ្សាយ​ចេញ​ពីសារព័ត៌មាន​វៀតណាម​ និងជប៉ុន ដែល​គេស្រង់​ព័ត៌មាន​ពី​ស្ថាប័នផ្លូវការ។

ឯរដ្ឋបាល​ខេត្ត​សៀមរាប​បញ្ជាក់ថា​៖ «ជប៉ុន​មិនទាន់​បញ្ជាក់​ជា​ផ្លូវការ​ចំពោះ​ជនជាតិ​ជប៉ុន​ថា​កើតជំងឺ​ COVID​-19​ នៅឡើយ​ ហើយ​អភិបាលខេត្ត​បាន​ចាត់វិធានការ​ស្រាវជ្រាវ​ និង​ត្រៀម​បង្ការ​»៕​

XS
SM
MD
LG