លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអង្គារនេះប្រកាសថា កម្ពុជាត្រៀមថវិកាពី៨០០លានទៅ២ពាន់លានដុល្លារដើម្បីទប់ស្កាត់បញ្ហាសេដ្ឋកិច្ចដែលកើតមានដោយសារឥទ្ធិពលជំងឺកូវីដ-១៩។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យមួយ នៅថ្ងៃទី១០ ខែមីនានេះ។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «អារឿងកូរ៉ូណាអូសបន្លាយ៦ខែ គឺត្រៀមបម្រុងថវិកាប្រមាណ៨០០លាន ដើម្បីស្រោចស្រង់សេដ្ឋកិច្ច ហើយបើវាទៅដល់១ឆ្នាំ យើងក៏បានប៉ាន់ស្មានថា បើ៦ខែតើវាធ្លាក់សេដ្ឋកិច្ច ធ្លាក់កំណើនប៉ុណ្ណា? ផលប៉ះពាល់វាធំយើងប៉ុណ្ណា? ហើយបាត់បង់ចំណូលប៉ុណ្ណា? ប្រសិនបើវាកើតដល់មួយឆ្នាំ តើកំណើនសេដ្ឋកិច្ចរបស់យើងធ្លាក់ប៉ុណ្ណា? ហើយយើងត្រូវប៉ះប៉ូវទំហំទឹកប្រាក់ប៉ុណ្ណា?»
ក្រោយពេលផ្ទុះជំងឺកូវីដ-១៩នៅកម្ពុជា វិស័យសំខាន់ៗមួយចំនួនបានជួបវិបត្តិដែលជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ច។ ក្នុងនោះវិស័យសំខាន់២ គឺវិស័យទេសចរណ៍ និងវិស័យកាត់ដេរកំពុងប៉ះពាល់ខ្លាំងជាងគេ។
កាលពីសប្តាហ៍មុន រដ្ឋាភិបាលកម្ពុជាប្រកាសត្រៀមថវិកា៣០លានដុល្លារអាមេរិក ដើម្បីការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ និងមេរោគឆ្លងនានា ក្នុងរយៈពេល៦ខែខាងមុខនេះ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសឲ្យគ្រប់ក្រសួងស្ថាប័នទាំងអស់ កាត់បន្ថយចំណាយ៥០ភាគរយ ដើម្បីជួយសេដ្ឋកិច្ចកម្ពុជាដែលអាចរងផលប៉ះពាល់។
លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់ VOA ថា ថវិកាបម្រុងនេះ គឺជាថវិកាដែលបានមកពីការកាត់បន្ថយការចំណាយតាមក្រសួង និងថវិកាដែលបានមកពីកំណើនចំណូលសេដ្ឋកិច្ចជារៀងរាល់ឆ្នាំ។ លោកបន្ថែមថា ថវិកាបម្រុងទាំងនេះនឹងត្រូវប្រើនៅក្នុងវិស័យដែលប៉ះពាល់ខ្លាំងទៅតាមអាទិភាព ដូចជាការបន្ធូរបន្ថយការបង់ពន្ធរបស់អ្នករកស៊ីក្នុងវិស័យទេសចរណ៍ និងការជួយចេញប្រាក់ខែកម្មករដែលកំពុងត្រូវបានព្យួរការងារចំនួន២០ភាគរយជាដើម។
លោក មាស សុខសេនសាន ថ្លែងថា៖ «ជាងពីរទសវត្សរ៍មកនេះយើងមានកំណើន [សេដ្ឋកិច្ច] ខ្ពស់រហូត ដែលជាមធ្យម៧,៧ភាគរយ។ អញ្ចឹង៧,៧ភាគរយនេះហើយដែលអនុញ្ញាតឲ្យរដ្ឋាភិបាលប្រមូលចំណូលពន្ធខ្ពស់ជាងផែនការបានច្រើនដែរក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ អញ្ចឹង៥ឆ្នាំចុងក្រោយធ្វើឲ្យយើងបានសន្សំថវិកាមួយចំនួនដែលយើងអាចប្រើប្រាស់ទប់ទល់ទៅនឹងវិបត្តិផ្សេងៗប្រសិនជាមាន។ ខ្ញុំអត់ទាន់និយាយវិបត្តិទេ គ្រាន់តែជាផលប៉ះពាល់មួយនៃវីរុស។ ប៉ុន្តែដូចខ្ញុំបានជម្រាបជូនត្រឹម៨០០រយ ទៅពីរពាន់លានដុល្លារយើងមានថវិកាគ្រប់គ្រាន់ក្នុងការទប់ទល់ទាំងអស់នេះ»។
លោក មាស សុខសេនសាន បញ្ជាក់ថា ក្នុងរយៈពេលជាងមួយខែនេះ រដ្ឋាភិបាលមិនទាន់អាចកំណត់ពីទំហំនៃផលប៉ះពាល់ដោយសារមេរោគកូវីដ-១៩នៅកម្ពុជានៅឡើយទេ។
បើតាមការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អំពីការខូចខាតសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ នៅប្រទេសកំពុងអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី ចេញនៅថ្ងៃទី៦ ខែមីនា បញ្ជាក់ថា ក្នុងរយៈពេលពីរខែ កម្ពុជាអាចរងការខាតបង់សេដ្ឋកិច្ចប្រមាណជា២៨៣លានដុលា្លរអាមេរិក ហើយក្នុងរយៈពេល៣ខែ អាចខាតបង់៣៩១លានដុលា្លរ និង៦ខែអាចខាតបង់៧១១លានដុលា្លរ។ ADB ក៏បានបន្ថែមថា ក្នុងករណីអាក្រក់បំផុត ចាប់ពីរយៈពេល៦ខែឡើងទៅ កម្ពុជាអាចខាតបង់សេដ្ឋកិច្ចចំនួន ៩៣៥លានដុលា្លរអាមេរិក។
លោក សន ជ័យ នាយកប្រតិបត្តិនៃសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លើកឡើងថា ការត្រៀមថវិកាសម្រាប់ទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចដោយសារឥទ្ធិពលជំងឺកូវីដ-១៩នេះគឺជារឿងល្អ ប៉ុន្តែលោកបារម្ភថា ការប្រើប្រាស់ថវិកាទាំងនេះអាចមិនមានតម្លាភាព ប្រសិនបើមិនមានការរៀបចំផែនការចំណាយបានជាក់លាក់។
លោក សន ជ័យ បាននិយាយថា៖ «ដើម្បីបង្ការនូវរឿងអាស្រូវមិនល្អណាមួយជាមួយថវិកានេះ ការគិតគូរមុនគេនៃផែនការនៃការចំណាយ និងការរៀបចំផែនការជាក់លាក់មួយដើម្បីបង្ការភាពមិនប្រក្រតីណាមួយដែលអាចកើតឡើង ធ្វើម៉េចដើម្បីធានាថា អ្វីដែលបាន ធ្វើម៉េចស្របតាមគោលការណ៍ដែលមានស្រាប់»។
គិតត្រឹមថ្ងៃទីអង្គារនេះ អ្នកឆ្លងជំងឺកូវីដ១៩នេះកើនដល់ជាង ១១៦.០៥៩នាក់ បណ្តាលឲ្យមនុស្សស្លាប់ជាង៤០០០នាក់។ ប្រទេសកូរ៉េខាងត្បូង អ៊ីតាលី និងអ៊ីរ៉ង់មានករណីឆ្លងច្រើនជាងគេបន្ទាប់ពីប្រទេសចិន៕