ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​អាមេរិក​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជ​កម្ម ខណៈ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ប្រព័ន្ធ​អនុគ្រោះ​ GSP ​ដ៏​ចម្រូង​ចម្រាស


រូបឯកសារ៖ សិស្សវិទ្យាល័យ កាន់ទង់ជាតិអាមេរិកនិងកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ភរិយាប្រធានាធិបតីអាមេរិកមកកាន់កម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០១៥។
រូបឯកសារ៖ សិស្សវិទ្យាល័យ កាន់ទង់ជាតិអាមេរិកនិងកម្ពុជា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ភរិយាប្រធានាធិបតីអាមេរិកមកកាន់កម្ពុជា នៅខេត្តសៀមរាប កាលពីថ្ងៃ២១ ខែមីនា ឆ្នាំ២០១៥។

រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​កម្ពុជា​ និង​ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ បាន​ប្តេជ្ញា​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​ ប៉ុន្តែ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​បញ្ហា​ប្រឈម​មួយ​ចំនួន ​រួម​មាន​នីតិរដ្ឋ​រឹង​មាំ ​តម្លាភាព ​និង​កិច្ច​ប្រឹងប្រែង​លុប​បំបាត់​អំពើ​ពុក​រលួយ​ ដែល​នៅ​តែ​ជា​ឧបសគ្គ​រារាំង​ការ​វិនិយោគ​របស់​អាមេរិក។​

លោក ​W. Patrick Murphy ​ឯកអគ្គ​រដ្ឋទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​លើក​ឡើង​បែប​នេះ​ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារ​ព័ត៌មាន​ ក្រោយ​បញ្ចប់​ពិធី​ជួប​ជុំ​មួយ​ដើម្បី​រំឭក​ការ​វិនិយោគ​និង​ពាណិជ្ជ​កម្ម​រវាង​អាមេរិក​និង​កម្ពុជា ​ដែល​ឆ្នាំ​នេះ​ជា​ខួប ​៧០ ​ឆ្នាំ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ។​

លោក​ Patrick​ បាន​ថ្លែង​ថា ជា​ធម្មតា​ការ​រក​ស៊ី ​គឺ​សម្លឹង​ទៅ​មើល​ផល​ចំណេញ​សម្រាប់​អ្នក​វិនិយោគ​ ប៉ុន្តែ​លោក​ថា ​នីតិរដ្ឋ​រឹងមាំ ​តម្លាភាព ​និង​ការ​មិន​មាន​អំពើ​ពុក​រលួយ ​គឺ​ជា​រឿង​សំខាន់​ ដោយ​សារ​ច្បាប់​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រកស៊ី​ណាមួយ ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ឡើយ។​

លោក​ថ្លែង​ថា៖​ «ជា​ចម្បង​ក្រុមហ៊ុន ​(អាមេរិក)​ កំពុង​សម្លឹង​មើល​ដើម្បី​បង្កើន​និង​ធ្វើ​ឲ្យ​ប្រសើរ​ផលិត​ផល​របស់​ពួក​គេ។​ ដូច្នេះ​ ពួកគេ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​លើ​នីតិរដ្ឋ​រឹង​មាំ ​ដើម្បី​គាំទ្រ​ការ​វិនិយោគ​របស់​ពួកគេ​ និង​ការ​ចង់​បាន​តម្លាភាព។​ ហើយ​ច្បាប់​អាមេរិក​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ឡើយ។​ នៅ​ពេល​ដែល​មាន​ចំណុច​ទាំង​អស់​នោះ ​ជាមួយ​ការ​ធ្វើ​ឲ្យ​ប្រសើរ​នូវ​ស្ថានភាព​វិនិយោគ​ ក្រុម​ហ៊ុន​អាមេរិក​បន្ថែម​ទៀត​នឹង​មក​ទីនេះ»។​

លោក​បន្ត​ថា​ ក្រុម​ហ៊ុន​អាមេរិក​ចង់​ឃើញ​ប្រជា​ធិបតេយ្យ​ដ៏​រឹង​មាំ ​ដែល​មាន​ន័យ​ថា ​មាន​នីតិរដ្ឋ​រឹង​មាំ​និង​ប្រព័ន្ធ​តុលាការ​ ដែល​អាច​ការពារ​ពួកគេ​បាន​ នៅ​ពេល​ដែល​ពួកគេ​មាន​ជម្លោះ​តាម​ផ្លូវ​តុលាការ។​

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ
លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ

លោក​ Patrick បន្ត​ថា​ ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ដែល​លោក​មក​បំពេញ​ការងារ​នៅ​កម្ពុជា លោក​មើល​ឃើញ​ថា ប្រជាជន​កម្ពុជា​ចង់​បាន​ទំនិញ​និង​សេវា​របស់​ក្រុមហ៊ុន​អាមេរិក​ ដែល​លោក​ថា​ មាន​គុណភាព​ល្អ។​

ជា​ការ​ឆ្លើយ​តប​ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​លោក​ ប៉ាន សូរស័ក្តិ​ មាន​ប្រសាសន៍​ថា​ កម្ពុជា​ក៏​បាន​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​តាម​ការ​ចង់​បាន​របស់​អាមេរិក​ផង​ដែរ។​ លោក​អំពាវនាវ​ឲ្យ​សហ​រដ្ឋ​អាមេរិក​យល់​ពី​កម្ពុជា ​និង​ពិនិត្យ​មើល​ច្បាប់​កម្ពុជា​ដែល​មាន។​

លោក​ថ្លែង​ប្រាប់ ​VOA ​ថា៖​ «យើង​ជជែក​គ្នា​រហូត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​មួយ​ចំនួន ​ដែល​ទ្វេ​ភាគី​ហ្នឹង​គាត់​មាន​បញ្ហា។ យើង​ក៏​លើក​បញ្ហា​ដែល​ជួន​កាល​គាត់​មិន​ទាន់​យល់​បញ្ហា ​ដែល​យើង​មាន ​គឺ​មិន​ហ៊ាន​ចូល​មក​ គឺ​បាន​ពិភាក្សា​គ្នា។​ ការ​ពិភាក្សា​គ្នា​ញឹក​ញាប់​ធ្វើ​ឲ្យ​យើង​យល់​គ្នា​ទៅ​វិញ​ទៅ​មក។​ TIFA​ (របស់​អាមេរិក)​ គេហៅ​ Trade Investment Framework Agreement​ (កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​វិនិយោគ​ពាណិជ្ជកម្ម)។ ​ហើយ​យើង​ត្រូវ​ពិភាក្សា​គ្នា​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទាំង​ពីរ ​(ខាង)។​ អាមេរិក​ក៏​ត្រូវ​ពិភាក្សា​នឹង​យើង ​ហើយ​ស្គាល់​ច្បាប់​យើង​ដែរ»។​

លោក​ថ្លែង​ការពារ​ថា​ កម្ពុជា​មាន​ច្បាប់​ផ្សេងៗ​ដែល​អាច​ទាក់ទាញ​អ្នក​វិនិយោគ​របស់​អាមេរិក ​តែ​លោក​ថា នៅ​មាន​ចំណុច​ច្បាប់​ការងារ​ដែល​អាមេរិក​មិន​ទាន់​ពេញ​ចិត្ត។​

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។ (ស៊ុន ណារិន/វីអូអេ)

លោក​បញ្ជាក់​ថា៖​ «ចំពោះ​គាត់​ ខ្ញុំ​ឃើញ​ហើយ​គាត់​នៅ​មិន​ពេញ​ចិត្ត​នឹង​ច្បាប់​ការងារ។​ ក៏​ប៉ុន្តែ​យើង​ដោះ​ស្រាយ​បាន​មួយ​ចំនួន​ហើយ»។​ លោក​រដ្ឋមន្រ្តី​បន្ថែម​ថា៖​ «សក្តានុពល​គឺ​យើង​ត្រូវ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ ខាង​យើង​ក៏​ត្រូវ​ទទួល​ស្គាល់​ស្តង់ដារ​អាមេរិក​ប៉ុណ្ណា​កម្ពស់​ណា។​ យើង​ខំ​ប្រឹង​ប្រែង​ទៅ។​ ហើយ​អាមេរិក​គាត់​ត្រូវ​បើក​ទូលំ​ទូលាយ​នូវ​ទីផ្សារ​របស់​គាត់​ដែរ។​ បើ​យើង​ធ្វើ​ទាំង​អស់​គ្នា​ ទើប​មាន​សក្តានុពល»។​

បើ​តាម​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​ អាមេរិក​គឺ​ជា​ទីផ្សារ​នាំ​ចេញ​ធំ​ជាង​គេ​បំផុត​មួយ​សម្រាប់​ប្រទេស​កម្ពុជា ​ដោយ​ក្នុង​ឆ្នាំ ​២០១៩​ កម្ពុជា​បាន​នាំ​ចេញ​ទៅ​អាមេរិក​នូវ​ទំនិញ​ដែល​មាន​តម្លៃ​ជិត ​៥,៤​ ពាន់​លាន​ដុល្លារ​ ដែល​កើន​ឡើង​ពី​ ៣,៨ ​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​ ២០១៨។​ ប៉ុន្តែ​អាមេរិក​បាន​នាំ​ចូល​កម្ពុជា​តែ​ជាង​ ៥០០ ​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​ ២០១៩។​

ផលិត​ផល​សំខាន់​ជាង​គេ​ដែល​អាមេរិក​នាំ​ចូល​មក​កម្ពុជា ​មាន​រថយន្ត ​ចំណី​សត្វ​ និង​គ្រឿង​ម៉ាស៊ីន។​ផលិត​ផល​សំខាន់​ជាង​គេ​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​អាមេរិក​មាន​ សម្លៀក​បំពាក់ ​ស្បែក​ជើង​ ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ និង​ផលិត​ផល​ប្លាស្ទិក។​ នេះ​បើ​តាម​ស្ថានទូត​អាមេរិក។​

ស្ថានទូត​បញ្ជាក់​ថា ​អាមេរិក​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​អនុគ្រោះ​ផ្នែក​ពាណិជ្ជ​កម្ម​ នៅ​ក្រោម​កម្មវិធី​នៃ​ប្រព័ន្ធ​អនុ​គ្រោះ​ទូទៅ ឬ Generalized System of Preferenes ​(GSP) ​ដែល​ជា​ការ​ធ្វើ​ឲ្យ​កម្ពុជា​អាច​នាំ​ចេញ​ទៅ​កាន់​អាមេរិក ​ដោយ​មិន​បង់​ពន្ធ​គយ​នូវ​ទំនិញ​ជាង ​៥ ​ពាន់​មុខ។​ នៅ​ក្រោម ​GSP​ នេះ ​កម្ពុជា​បាន​នាំ​ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​ដែល​មាន​តម្លៃ​ជិត​ ១ ​ពាន់​លាន​ដុល្លារ​ ទៅ​កាន់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​ ២០១៩។​

សហភាព​អឺរ៉ុប​ទើប​នឹង​បាន​បន្ថយការ​អនុគ្រោះ​ពន្ធ​ផ្នែក​ពាណិជ្ជ​កម្ម​ «គ្រប់​មុខ​ទំនិញ​លើក​លែង​សព្វា​វុធ​ ឬ Everything But Arms (​EBA)» ​ដោយ​ចាប់​ផ្ដើម​យក​ពន្ធ​ចំនួន ​២០​ ភាគរយ​ លើ​ទំនិញ​កម្ពុជា ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ «រំលោភ​បំពាន​ជា​ប្រព័ន្ធ​និង​យ៉ាង​ធ្ងន់ធ្ងរ»​ លើ​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​ ក្រោយ​ការ​ចាប់​ខ្លួន​លោក​ កឹម សុខា ​និង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ។​

ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​លោក​ Patrick​ ក៏​បាន​លើក​ឡើង​ថា ​អាមេរិក​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​នេះ​ ហើយ​ក៏​បាន​ជជែក​ជាមួយ​ភាគី​កម្ពុជា​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​ «សហភាព​អឺរ៉ុប​បាន​បញ្ជាក់​យ៉ាង​ច្បាស់ ​អំពី​ការ​បារម្ភ​មួយ​ចំនួន​លើ​សិទ្ធិ​មនុស្ស ​និង​ប្រជា​ធិបតេយ្យ។​ យើង​យល់​អំពី​ការ​ព្រួយ​បារម្ភ​នេះ​ ហើយ​យើង​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដូច​គ្នា​ដែរ។​ ហើយ​នេះ​ជា​បណ្តុំ​នៃ​បញ្ហា​ ដែល​យើង​លើក​ឡើង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដាច់​ដោយ​ឡែក»។​

លោក​ឯក​អគ្គ​រដ្ឋទូត​អំពាវនាវ​ឲ្យ​កម្ពុជា​គោរព​តាម​លក្ខខណ្ឌ​ ដែល​តម្រូវ​ដើម្បី​រក្សា​ប្រព័ន្ធ​អនុ​គ្រោះ​នេះ ដែល​ក្នុង​នោះ​មាន​ស្តង់ដារ​ខ្ពស់​សម្រាប់​ការងារ​ ដូច​ជា​លក្ខខណ្ឌ​ការងារ​ និង​ការ​គោរព​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព ​និង​ចូល​រួម​ជា​មួយ​សហជីព​ជា​ដើម។​ លោក​បន្ត​ថា ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​នេះ​នឹង​មាន​ការ​ពិនិត្យ​ឡើង​វិញ​ ដោយ​សភា​អាមេរិក​នៅ​ចុង​ឆ្នាំ​ ២០២០។​

កាល​ពី​ឆ្នាំ​មុន ​តំណាងរាស្ត្រ​សហ​រដ្ឋ​អាមេរិក​ពីរ​រូប​គឺ​លោក ​អាឡាំង ឡូវឹនសល ​(Alan Lowenthal) ​ និង​លោក​ស្ទីវ ឆាបុត ​(Steve Chabot) ​បាន​ស្នើ​ច្បាប់​ថ្មី​មួយ​ដែល​ទាម​ទារ​ឲ្យ​លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​(Donald Trump)​ ថ្លឹងថ្លែង​រវាង​ការ​ខូច​ខាត​លទ្ធិ​ប្រជា​ធិបតេយ្ យ​និង​ការណ៍​ដែល​កម្ពុជា​បន្ត​ទទួល​បាន​ឋានៈ​អនុគ្រោះ​ពន្ធ​ GSP​ នៅ​ចំពេល​មាន​ការ​បន្ត​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

លោក ​ប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ថែរក្សា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ​GSP ​នេះ​កុំ​ឲ្យ​បាត់​បង់​ដូច​ EBA ​របស់​សហភាព​អឺរ៉ុប។​ លោក​បន្ត​ថា ​បច្ចុប្បន្ន​រោងចក្រ​ផលិត​កាបូប​ ដែល​ជា​ផលិត​ផល​ធ្វើ​ដំណើរ​នាំ​ទៅ​អាមេរិក​ មាន​ការ​កើន​ឡើង​ ក្រោយ​មាន​ការ​យក​ពន្ធ​ពី​សហភាព​អឺរ៉ុប។​

លោក​ថ្លែង​ប្រាប់ ​VOA​ ថា៖​«ទំនិញ​ដែល​នាំ​ទៅ​កាន់​ទីផ្សារ​អាមេរិក​មាន​ការ​កើន​ឡើង ជា​ពិសេស​ផលិត​ផល​តាម​ខ្លួន​ ធ្វើ​ដំណើរ​ហ្នឹង​ឯង។​...​ប៉ុន្តែ​បើ​សិន​មាន​ការ​ដក​ GSP ​មែន មាន​ន័យ​ថា ​វា​នឹង​ប៉ះពាល់​ដល់​រោងចក្រ​ទាំង​នោះ​ ពី​ព្រោះ​ការ​នាំ​ចេញ​ត្រូវ​ការ​បង់​ពន្ធ។​ អ៊ីចឹង​កាល​ណា​បើ​បង់​ពន្ធ​ ​វា​មាន​ការ​ប្រកួត​ប្រជែង​មួយ​ពិបាក»។​

លោក ​ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា ​សង់ត្រាល់​ មាន​ប្រសាសន៍​ថា​ ហានិភ័យ​នៃ​ការ​បាត់បង់​ប្រព័ន្ធ​អនុ​គ្រោះ​នេះ​នៅ​មាន​នៅ​ឡើយ​សម្រាប់​កម្ពុជា​ ប្រសិន​បើ​មិន​មាន​ការ​លើក​កម្ពស់​ក្រប​ខណ្ឌ​គោល​នយោបាយ​ ដើម្បី​លើក​កម្ពស់​សិទ្ធិ​ការងារ​និង​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG