ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​និង​ម៉ាឡេស៊ី​ជំរុញ​ការពង្រីក​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម


ជំនួបទ្វេភាគី​រវាង​កម្ពុជា និង​ម៉ាឡេស៊ី ក្រោម​អធិបតីភាព​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​លោក មហាធា មហាម៉ាត់ នាយក​រដ្ឋមន្ត្រី​ប្រទេស​ម៉ាឡេស៊ី ​នៅ​ព្រឹក​ថ្ងៃអង្គារ​ទី៣ ខែកញ្ញា​ ឆ្នាំ២០១៩ ក្នុង​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា។ (Facebook/Samdech Hun Sen, Cambodian Prime Minister)

ក្នុង​ការ​ពិភាក្សា​នោះ​ មេដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​បង្កើន​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​ និង​ទេសចរណ៍​ រួម​ទាំង​ពិភាក្សា​លើ​កិច្ច​ការ​តំបន់​ និង​ពិភព​លោក​ក្នុង​នោះ​រួម​មាន​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​​​ផង​ដែរ។

ប្រមុខ​រដ្ឋាភិបាល​នៃប្រទេស​កម្ពុជា​ និង​ម៉ាឡេស៊ី​ នៅ​ថ្ងៃ​អង្គារ​នេះ​ ​បានប្តេជ្ញាពង្រីក​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជ​កម្ម​ទ្វេភាគី​ឲ្យ​កាន់​តែ​ខ្លាំ​ក្លា​ថែម​ទៀត​ ខណៈ​ដែលវិស័យ​នេះ​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ។​

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែនមាន​ប្រសាសន៍​ថា​ នៅ​ឆ្នាំ​២០១៨​ ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំហំ​ប្រមាណ​ជា​៥០០​លាន​ដុល្លារ​អាមេរិក​ ប៉ុន្តែនៅ​ក្នុង​ឆមាស​ទី១​នៃ​ឆ្នាំ​២០១៩​នេះ​ ទំហំ​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរកើន​ឡើង​ដល់​ជាង​៤០០​លាន​ដុល្លារ​អាមេរិក។​

«ដើម្បី​បង្កើន​ទំហំ​ពាណិជ្ជ​កម្ម​ និង​វិនិយោគកម្ពុជាម៉ាឡេស៊ី​ ខ្ញុំ​នឹង​ឯកឧត្តម​មហាធា​ បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​ប្រទេស​ទាំង​ពីរ​រិះរកវិធី​ពង្រីក​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​នេះ​បន្ថែម​ទៀត»។​

លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ថ្លែង​ដូច្នេះ​ទៅ​កាន់​ក្រុម​អ្នក​រាយ​ការណ៍​ព័ត៌មាន​ក្នុង​ទី​ក្រុង​ភ្នំពេញ​ក្រោយ​ពី​លោក​ជួប​សន្ទនា​ជាមួយ​សមភាគី​ម៉ាឡេស៊ី​របស់​លោក​គឺ​លោក​មហាធា ម៉ូហាម៉េដ។ ​លោក​មហា​ធា បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការរយៈ​ពេល​បី​ថ្ងៃរបស់​លោក​នៅ​ប្រទេស​កម្ពុជា​កាល​ពីថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ។

លោក​ មហាធា​ មហាម៉ាត់ ​(Mahathir Mohamad)​ បាន​លើកឡើង​ដែរ​ថា​ ទំហំ​ពាណិជ្ជ​កម្ម​រវាង​កម្ពុជា​ និង​ម៉ាឡេស៊ី​នៅ​ពេល​នេះគឺស្ថិត​ក្នុង​កម្រិត​ទាប​នៅ​ឡើយ ហើយ​ប្រទេស​ម៉ាឡេស៊ី​ក៏​កំពុង​មាន​ប្រៀប​លើ​កម្ពុជា ដែល​តម្រូវ​ឲ្យ​លោក​នឹង​ខិត​ខំ​បន្ថែម​ទៀត​ដើម្បី​កៀរគរ​ការ​ទិញ​ទំនិញបន្ថែម​ទៀត​ពី​កម្ពុជា។​

ថ្លែង​ជា​ភាសា​អង់​គ្លេស​ និង​មាន​ការ​ប្រែ​សម្រួល​ជាភាសា​ខ្មែរ​ ​លោក​មហាធា​ វ័យ​៩៤​ឆ្នាំ​ មាន​ប្រសាសន៍​ថា៖​

«នៅ​ពេល​ដែល​ត្រឡប់​នៅ​ម៉ាឡេស៊ី​វិញ​ ខ្ញុំ​នឹង​ប្រាប់​ឲ្យ​ប្រជាជន​យើងអ្វី​ដែល​អាច​ទិញពីកម្ពុជា​បាន​ថែម​ទៀត»។​

លោក​មហាធា​គូស​បញ្ជាក់​បន្ថែម​ថា​ ​ទំនិញ​ដែល​ម៉ាឡេស៊ី​អាច​ទិញ​ពី​កម្ពុជា​នោះ​ដូច​ជាផ្លែ​ឈើនិង​ផលិត​ផល​ផ្សេង​ទៀត​ដែលនឹង​អាច​ជួយ​ឲ្យ​កម្ពុជា​បង្កើន​ការ​នាំ​ទំនិញ​របស់​ខ្លួន​ទៅ​កាន់​ម៉ាឡេស៊ី​បាន។

ក្រោយ​ពី​កិច្ច​សន្ទនា​ទ្វេ​ភាគី​របស់​ប្រមុខ​ដឹក​នាំ​ទាំង​ពីរ​ ​ប្រទេស​កម្ពុជា​និង​ម៉ាឡេស៊ីបាន​ចុះ​កិច្ច​ព្រម​ព្រៀង​រួម​គ្នា​ចំនួន​ពីរ​ ​ក្នុង​នោះ​មានអនុស្សរណៈ​យោគ​យល់​គ្នា​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​វិស័យ​ទេសចរណ៍​ និង​កិច្ចព្រម​ព្រៀង​ស្តីពី​ការ​ចៀស​វាង​យក​ពន្ធ​ត្រួត​គ្នា​ និង​ការ​ទប់ស្កាត់​ការ​គេច​វេស​ពន្ធ​លើក​ប្រាក់​ចំណូល​រវាង​រដ្ឋាភិបាល​កម្ពុជា​ និង​ម៉ាឡេស៊ី​ និង​កិច្ច​ព្រម​ព្រៀងស្តីពី​កិច្ច​សហការ​ក្នុង​វិស័យ​ទេសចរណ៍​ដែលនឹង​អនុញ្ញាត​ឲ្យ​ទេសចរ​ប្រើ​ប្រាស់​ទិដ្ឋាការ​តែមួយ​សម្រាប់​ចូល​ទស្សនាប្រទេស​ម៉ាឡេស៊ី​ និង​ប្រទេស​កម្ពុជា។​

លោក​បណ្ឌិត ​ឈាង វណ្ណារិទ្ធ​ ​នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ និង​ជា​អ្នកវិភាគ​កិច្ចការ​តំបន់​ ​យល់​ថា​ កម្ពុជានិង​ម៉ាឡេស៊ីអាច​ជ្រើស​រើស​យក​យន្តការ​អាស៊ាន​ ដើម្បី​ជា​ស្ពាន​ឈាន​ដល់​ការ​ពង្រីក​ការ​បណ្តាក់​ទុន​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ។​

«និយាយ​ឲ្យចំ​ទៅ​ ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ វា​អត់​មាន​របង​ ឬ​ក៏​គ្រឹះ​ ឬ​ក៏​រនាំង​ដែល​ធ្វើ​ឲ្យ​លំបាក​ដល់​ការ​ធ្វើ​ពាណិជ្ជ​កម្ម និង​ជំនួញ​ហ្នឹង​ទេ​ បាទ»។​

យោង​តា​ម​សេចក្តី​ថ្លែង​ការណ៍​រួម​ក្រោយ​ពី​ជំនួប​រវាង​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ​និង​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី ​មហាធា មហាម៉ាត់ មេដឹក​នាំកំពូល​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ផង​ដែរ​អំពី​ក្រប​ខណ្ឌ​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​រង្វង់​រដ្ឋ​ជា​សមាជិក​សមាគមអាស៊ាន​ រួម​ទាំង​បញ្ហា​ពាក់​ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាង​ត្បូង​ ការ​វិវត្ត​នៅ​រដ្ឋ​រ៉ាក់ខាញ​ ប្រទេស​ភូមា​ ឬ​មីយ៉ាន់ម៉ា​ និង​ការ​ប្រឆាំង​អំពើ​ភេរវកម្ម​ជា​សកល។​

នៅ​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​ ​លោក​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចង់​ឃើញ​ប្រទេស​ទីម័រ​ខាង​កើត​ (Timor-Leste) ​ក្លាយ​ជា​សមាជិក​ទី​១១​របស់សមាគម​អាស៊ាន។​ អាស៊ានបច្ចុ​ប្បន្ន​មាន​សមាជិក​ចំនួន​១០​ប្រទេស៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG