ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋ​មន្ត្រី​មហាធា មហាម៉ាត់៖ ​​យុវជន​កម្ពុជា​គួរ​​សិក្សា​អំពី​មេដឹកនាំ​ចាស់ៗ​ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ដឹកនាំ​គំរូនៅ​ថ្ងៃអនាគត​​​​​​​

លោកបណ្ឌិត Mahathir Mohamad នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថ្លែងនៅសាកលវិទ្យាល័យភិមិន្ទភ្នំពេញ ក្នុងកិច្ចសន្ទនារពិសេសស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន» កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩។ (Facebook/Royal University of Phnom Penh)

​ការ​ចែក​រំលែក​ទស្សនៈ​របស់​លោក​មហាធា ធ្វើ​ឡើង​នៅថ្ងៃ​ទី​១​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចំនួន​បីថ្ងៃ​នៅ​ប្រទេស​កម្ពុជា។

ថ្លែង​ក្នុង​កិច្ច​សន្ទនា​ពិសេស​ស្តី​អំពី​ «ការ​រក្សា​តុល្យភាព​ទំនាក់ទំនង​ជាមួយ​ប្រទេស​មហា​អំណាច​នៅ​ក្នុង​បរិបទ​អាស៊ាន»​ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ នា​ថ្ងៃ​ទី២ ខែ​កញ្ញា​នេះ​ លោក​ មហាធា មហាម៉ាត់ ​មាន​ប្រសាសន៍​ថា ក្រុម​យុវជន​«មិន​ថា​តែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ឬ​ប្រទេស​ម៉ាឡេស៊ី​ ឬ​ក៏​ប្រទេស​ដទៃ​នោះ​ទេ» ​ត្រូវ​តែ​ដឹង​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ជុំវិញ​ខ្លួន។​

លោក​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ម៉ាឡេស៊ី​ ​បានបញ្ជាក់​ថា ការ​សិក្សា​ពី​បញ្ហា​ខាង​លើ​នេះ​នឹងជួយ​ឲ្យ​យុវជន​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ​នៅ​ពេល​ខាង​មុខដោយ​ពួក​គេ​អាច​គេច​ផុត​ពី​បទ​ពិសោធន៍​មិន​ល្អ​ពី​អតីតកាល​នៃ​មេដឹក​នាំ​របស់​ពួក​គេ​ឬ​មេដឹក​នាំ​នៃ​ប្រទេស​ដទៃ។

និស្សិតស្ដាប់ការ​បក​ស្រាយ​របស់​លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថ្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកិច្ចសន្ទនារពិសេសស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន» កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩។ (Facebook/Royal University of Phnom Penh)

នៅ​ចំពោះ​មុខ​ក្រុម​និស្សិត ​លោក ​មហាធា ដែល​បាន​ត្រឡប់​មក​កាន់​តំណែង​ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី​កំពុង​កាន់​តំណែង​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក​ក្រោយ​ការ​ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ បាន​ឆ្លៀត​រំឭក​ពី​ការ​ជាប់ឆ្នោត​របស់​លោក​ ដោយ​បាន​ផ្តួល​គណបក្ស​ចម្រុះ Barisan Nasional របស់​នាយករដ្ឋមន្ត្រី Najib Razak​ ដែល​ញាំញី​ដោយ​អំពើ​ពុករលួយ៖

«ប្រជាពលរដ្ឋ​បានគាំទ្រ​គណបក្ស​នោះ​ឲ្យ​ធ្វើ​ជា​រដ្ឋាភិបាល​អស់​រយៈពេល​៦១​ឆ្នាំ។ ប៉ុន្តែ​នៅ​ពេល​ពួកគេធ្វើ​ផ្ទុយ​ពីការងារ​របស់​ពួកគេ​ ហើយ​នៅ​ពេល​ដែល​ពួកគេភ្លេច​ពី​តួនាទី​ចំពោះ​សាធារណ​ជន​ ពួកគេ​ត្រូវ​បាន​ដក​ចេញ​ដោយ​សាធារណជន»។

លោក មហាធា មហាម៉ាត់ បាន​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ចំនួន​បី​ថ្ងៃ​របស់​លោក​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ តាម​គម្រោង​ លោក​ត្រូវ​ជួប​ជាមួយ​សមភាគី​កម្ពុជា​ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ​ស្អែក។ កិច្ច​សន្ទនា​ទ្វេភាគី​ដែល​នឹង​ផ្តោត​លើ​ការ​ពិភាក្សា​អំពី​កិច្ច​សហការ​និង​ពង្រឹង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរ រួម​ទាំង​កិច្ច​ពិភាក្សា​អំពី​ស្ថានភាព​តំបន់​និង​អន្តរជាតិ​ផង​ដែរ។ នេះ​បើ​ផ្អែក​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។

កិច្ច​ព្រម​ព្រៀងមួយ​ចំនួន​គ្រោង​នឹង​ត្រូវ​ចុះ​ហត្ថលេខា។ ហើយប្រទេស​ទាំង​ពីរ​គ្រោង​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួម​ក្រោយ​ពី​ជំនួប​នៃ​ប្រមុខ​ដឹក​នាំ​ទាំង​ពីរ។

កញ្ញា​ថោង​ សេរីបុត្រ ​វ័យ​២០ឆ្នាំ​ ជា​និសិ្សត​ឆ្នាំ​ទី​៣ខាង​ផ្នែកទំនាក់​ទំនងអន្តរជាតិ​ បានប្រាប់​ VOA ក្រោយ​ការ​បញ្ចប់​កិច្ច​សន្ទនានោះ​ថា​ លោក​មហាធា​ បាន​ចែករំលែក​បទពិសោធន៍​ និង​ចំណេះដឹង​ជាច្រើន​ ដើម្បី​ជា​ទុន​សម្រាប់​ពង្រឹង​សមត្ថភាព​ឈាន​ទៅក្លាយ​ជាអ្នកដឹកនាំ​នៅថ្ងៃ​ខាង​មុខ។

«បើ​ខ្ញុំបាន​ចាប់​បាន​ហ្នឹង​គឺ​ថា​ គាត់បាន​និយាយថា​ យុវជនហ្នឹង​ប្រៀបបាន​ដូច​ជា​សរសៃ​ឈាម​របស់​ប្រទេស​ជាតិ​អ៊ី​ចឹង​ ហើយ​អ្វី​ដែល​យុវជន​សម្រេច​ហ្នឹង​ គឺ​ជា​ជោគ​វាសនា​របស់​ប្រទេស​ជាតិ»។

លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជាយល់​ស្រប​នឹង​ការអធិប្បាយ​របស់​លោក​មហាធា​ក្នុងការ​គ្រប់គ្រង​រដ្ឋ។

«អ៊ីចឹង​វា​ជា​ក្រឹតក្រម​ហើយ​ កាលណា​រដ្ឋាភិបាល​មួយ​ ដឹកនាំ​ប្រទេសមិន​គិតគូរ​ ផល​ប្រយោជន៍​ជាតិ​ និង​ប្រជាជន​ទេ​ រដ្ឋាភិបាល​នោះ​ត្រូវ​តែ​ធ្លាក់ ដោយ​សារ​វា​លែង​មាន​ការ​គាំទ្រ​ពីប្រជាពលរដ្ឋ»។​

និស្សិតសួរសំណួរទៅកាន់លោកបណ្ឌិត មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកិច្ចសន្ទនារពិសេសស្តីអំពី «ការរក្សាតុល្យភាពទំនាក់ទំនងជាមួយប្រទេសមហាអំណាចនៅក្នុងបរិបទអាស៊ាន» កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩។ (Facebook/Royal University of Phnom Penh)

​លោក​ មហាធា មហាម៉ាត់​ ​អតីត​នាយក​រដ្ឋ​មន្រ្តី​ត្រូវ​គេ​ស្គាល់​ថា ជា​មេដឹកនាំ​ផ្តាច់ការ ​ហើយ​ក្រុម​ចម្រុះ​របស់​លោក​ដែល​ជា​គណបក្ស​ប្រឆាំង​ដែល​មាន​ឈ្មោះ​ថា ​សម្ព័ន្ធភាព​នៃ​ក្តី​សង្ឃឹម ឬ Alliance of Hope។​ ​លោក​បាន​កាន់​អំណាច​ពីឆ្នាំ​១៩៨១​ដល់​ឆ្នាំ​២០០៣​ គឺ​ក្នុង​រយៈ​ពលេ​២២ ឆ្នាំមុន​នឹង​ឡើង​កាន់​អំណាច​ម្តង​ទៀត​នៅ​ឆ្នាំ​២០១៨។​

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោបាយ​ខ្មែរ​មួយ​រូប​មាន​ប្រសាសន៍​ថា កម្ពុជា​គួរ​យក​គំរូ​តាម​ការ​ដឹក​នាំ​របស់​លោក​មហាធា នៃប្រទេសម៉ាឡេស៊ី ដែល​ចេះ​ទទួល​យក​មតិ​រិះគន់​ពី​ក្រុម​ជំទាស់ និង​បាន​ព្យាយាម​កែទម្រង់​យុត្តិ​ធម៌​ដើម្បី​តុលាការ​ម៉ាឡេស៊ី​មួយ​ឯករាជ្យ។ ​ជាង​នេះ​ទៅទៀត លោក មហាធា បាន​ដឹក​នាំ​ប្រទេស​ម៉ាឡេស៊ី​ឲ្យ​ក្លាយ​ជា​ប្រទេស​ឧស្សហកម្ម​ជឿនលឿន​មួយ​នៅ​អាស៊ី៕

XS
SM
MD
LG