ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី ​ម៉ាឡេស៊ី ​ចាប់​ផ្តើម​ទស្សនកិច្ច​ជា​ផ្លូវ​ការ​នៅ​កម្ពុជា


កញ្ចក់អេក្រង់បង្ហាញនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Mahathir Mohamad ថ្លែងសុន្ទរកថានៅក្នុងពិធីបើកវេទិកាក្រវាត់ផ្លូវពាណិជ្ជកម្មលើកទី២ នៅជាប់នឹងរូបចម្លងនៃផ្លូវរថភ្លើងល្បឿនលឿនរបស់ចិនក្នុងទីក្រុងប៉េកាំងប្រទេសចិនថ្ងៃទី ២៦ ខែមេសាឆ្នាំ ២០១៩ ។ (REUTERS/Jason Lee)

ក្នុង​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​រយៈពេល​២ថ្ងៃ ​ក្នុង​ប្រទេស​កម្ពុជា ​លោក ​មហាធា មហាម៉ាត់ ​នាយក​រដ្ឋមន្ត្រី ​ម៉ាឡេស៊ី ​នឹង​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​សម​ភាគី​របស់ លោក​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ លើ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេភាគី​ បញ្ហា​តំបន់ បញ្ហា​សកល ​មួយ​ចំនួន​ចាប់ពី​ថ្ងៃ​ចន្ទ​ទី២ ​ដល់​ថ្ងៃ​ទី​៤ ​ខែ​កញ្ញា​នេះ។ ​នេះ​បើ​តាម​សេចក្ដី ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការ​បរទេស​កម្ពុជា។

សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល នោះ​បាន​បញ្ជាក់​តាម​ខ្លឹមសារ​ដើម​ថា៖

«នាយក​រដ្ឋមន្ត្រី​ទាំងពីរ​នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​ទ្វេ ភាគី។​ នាយក​រដ្ឋមន្ត្រី​ទាំងពីរ​ក៏​នឹង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ ដែល​មាន​ប្រយោជន៍​រួម​ផង​ដែរ‍»។

គេ​មិន​ឃើញ​ការ​បញ្ជាក់​ឲ្យ​ដឹង​ថា​តើ​បញ្ហា​អ្វីខ្លះ​ដែល​ភាគី​ទាំងពីរ​នឹង​ត្រូវ​ពិភាក្សា​គ្នា​ទេ ទាំង​បញ្ហា​ទ្វេភាគី​ បញ្ហា​តំបន់​ បញ្ហា​អន្តរជាតិ​ តែ​ក្រសួង​ការ​បរទេស​កម្ពុជា ​គ្រាន់​តែ បាន​បន្ថែម​ថា ​លោក​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួមគ្នា។

ដំណើរ​ទស្សនកិច្ច​មក​កម្ពុជា​របស់​នាយក​រដ្ឋមន្ត្រី​ ម៉ាឡេស៊ី​ពេល​នេះ ​គឺជា​ទស្សនកិច្ច លើក​ដំបូង​ចាប់តាំង​ពីលោក​មហាធា​ បាន​ជាប់ឆ្នោត​ឡើងវិញ​ហើយ​បាន​ចូល​កាន់​មុខ តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជាថ្មី​កាលពី​ថ្ងៃទី​១០ ​ខែ​ឧសភា​ ឆ្នាំ ​២០១៨។ ប្រទេស​ម៉ាឡេស៊ី​គឺជា​សមាជិក​អាស៊ាន​សំខាន់​មួយ​ដែល​មាន​បញ្ហា​វិវាទ​ដណ្តើម​ដែន អធិបតេយ្យ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ចិន​ដែល​ជា​មិត្ត​ជិត​ដិត​របស់​កម្ពុជាផង​ដែរ។ ​លោក ​មហាធា មហាម៉ាត់​ នាយក​រដ្ឋមន្ត្រី ​ម៉ាឡេស៊ី ​គ្រោង​នឹង​ចូល​ជួប​ជាមួយ លោក ​សាយ ឈុំ​ប្រមុខ​រដ្ឋ​ស្តី​ទី លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា​ក្រៅពី​មាន គម្រោង​ការ​ដាក់​កម្រង​ផ្កា​នៅ​វិមាន​ឯករាជ្យ​ និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះករុណា​ព្រះបាទ សម្ដេច​ព្រះ នរោត្ដម ​សីហនុ​ ព្រះ​បរម​រតន​កោដ្ឋ ​អតីត​ព្រះមហាក្សត្រ​កម្ពុជា​ផង​នោះ។

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG