ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សភា​ជំរុញ​ឲ្យ​មាន​ច្បាប់​អនុញ្ញាត​ថ្មី​សម្រាប់​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម


លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ បន្ទាប់​ពី​លោក John Kelly ប្រធាន​គ្រប់គ្រង​បុគ្គលិក​ថ្មី​របស់​សេតវិមាន​បាន​ស្បថ​នៅ​ក្នុង​ការិយាល័យ Oval Office កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។
លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ បន្ទាប់​ពី​លោក John Kelly ប្រធាន​គ្រប់គ្រង​បុគ្គលិក​ថ្មី​របស់​សេតវិមាន​បាន​ស្បថ​នៅ​ក្នុង​ការិយាល័យ Oval Office កាលពី​ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ត្រូវ​បន្ត​វេន​គ្រប់គ្រង​កិច្ច​ប្រតិបត្តិការ​យោធា​អាមេរិក​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក។ នា​ពេល​បច្ចុប្បន្ន​នេះ សមាជិក​សភា​មួយ​ក្រុម​មក​ពី​គណបក្ស​នយោបាយ​ទាំងពីរ កំពុង​ជំរុញ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​អំពី​លក្ខខណ្ឌ​​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ក្នុង​ការ​សម្រេច​ថា​តើ ដំណើរ​ប្រតិបត្តិការ​យោធា​ទាំង​នោះ​ត្រូវការ​បញ្ចូល​ខ្លឹមសារ​ថ្មី​ឬ​ក៏យ៉ាង​ណា។ សមាជិក​សភា​អះអាង​ថា សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​ត្រូវបាន​ផ្លាស់ប្តូរ​គួរ​ឲ្យ​កត់​សម្គាល់ ចាប់តាំង​ពី​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​​ភេរវករ ឬ​ហៅ​កាត់​ថា (AUMF) នាពេល​បច្ចុប្បន្ន​នេះ ​ត្រូវបាន​អនុម័ត​តាំង​ពី​ឆ្នាំ​២០០១​មក។

រដ្ឋបាល​ថ្មី មាន​ន័យ​ថា យុទ្ធសាស្ត្រ​ថ្មី​មួយ​នៅ​អាហ្វហ្គានីស្ថាន ហើយ​ប្រហែល​ការ​បោះឆ្នោត​អនុញ្ញាត​ឲ្យប្រើប្រាស់​កម្លាំង​យោធា​ថ្មី​មួយ​នៅ​រដ្ឋសភា​អាមេរិក។

សមាជិក​សភា​ប្រចាំ​រដ្ឋ North Carolina នៃ​គណបក្ស​សាធារណរដ្ឋ លោក Walter Jones បាន​ថ្លែង​ថា៖

«‍អស់​រយៈពេល​១៦ឆ្នាំ​មក​នេះ​សម្រាប់​ប្រតិបត្តិការ​យោធា​នៅ​អាហ្វហ្គានីស្ថាន រដ្ឋសភា​ចាំបាច់​ត្រូវ​មាន​ការ​បោះឆ្នោត​មួយ​ទៀត​សម្រាប់​ប្រតិបត្តិការ​នេះ»។

ក៏ប៉ុន្តែ ប្រតិបត្តិការ​យោធា​នៅ​អាហ្វហ្គានីស្ថាន​ គឺជា​ប្រតិបត្តិការ​យោធា​អាមេរិក​តែមួយ​ក្នុង​ចំណោម​ប្រតិបត្តិការ​យោធា​ផ្សេងៗ ​ដែល​សមាជិក​សភា​មក​ពី​គណបក្ស​ទាំងពីរ ចង់​ឲ្យ​មាន​ការ​ពិចារណា​ឡើង​វិញ។ ក្នុង​រយៈពេល​១៦ឆ្នាំ​ចាប់តាំង​ពី​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្លាំង​យោធា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវករ​ ឬ​ហៅ​កាត់​ថា (AUMF) ត្រូវបាន​អនុម័ត​មក ច្បាប់ AUMF ដែល​ត្រូវបាន​រៀបរៀង​ឡើង​ដែល​មាន​ខ្លឹមសារ​ជា​ពាក្យ​ពេចន៍​ចំនួន​៦០ ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ធ្វើ​សេចក្តី​សម្រេច​ឲ្យ​ត្រឹមត្រូវ​សម្រាប់ប្រតិបត្តិការ​យោធា​អាមេរិក​យ៉ាង​ហោច​ណាស់​ចំនួន​៣៧ នៅក្នុង​ប្រទេស​ចំនួន​១៤ រួមទាំង​ប្រទេស​អាហ្វហ្គានីស្ថាន​ អ៊ីរ៉ាក់ និង​ស៊ីរី។

នា​ពេល​បច្ចុប្បន្ន​នេះ ច្បាប់ AUMF ដែល​ត្រូវបាន​អនុម័ត​ក្រោយ​ព្រឹត្តិការណ៍​ភេរវកម្ម​នៅ​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០០១ ត្រូវបាន​យក​ទៅ​អនុវត្ត​សម្រាប់​ការ​គំរាម​កំហែង​ថ្មីៗ​ ដូចជា​ពួក​រដ្ឋ​ឥស្លាម និង​សង្គ្រាម​ស៊ីវិល​នៅ​ប្រទេស​ស៊ីរី។

នា​ពេល​នោះ សមាជិក​សភា​ប្រមាណ​២៥​ភាគរយ​ប៉ុណ្ណោះ មាន​វត្តមាន​នៅ​រដ្ឋសភា​ ហើយ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ មាន​តែ​លោកស្រី Barbara Lee សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​រដ្ឋ​កាលីហ្វ័រញ៉ា​តែ​ម្នាក់​គត់ ដែល​បាន​បោះឆ្នោត​ប្រឆាំង​នឹង​ការ​អនុម័ត​ច្បាប់ AUMF នេះ។

លោកស្រី Barbara Lee បាន​ថ្លែង​ថា៖

«‍ច្បាប់​នេះ​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់ ហើយ​វា​ជា​ផ្តល់​អំណាច​ធំធេង​ពេក»។

លោក Paul Ryan ប្រធាន​សភាតំណាង​រាស្ត្រ​អាមេរិក បាន​ច្រានចោល​កិច្ច​ខំប្រឹងប្រែង​របស់​លោកស្រី Lee ក្នុងការ​ជំរុញ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​សារជា​ថ្មី​ម្តងទៀត​អំពី​ច្បាប់​នេះ តាមរយៈ​ការ​ធ្វើ​វិសោធនកម្ម​មួយ ដោយ​លោក​បាន​លើក​ឡើង​ថា កិច្ច​ខំ​ប្រឹងប្រែង​នេះ​គួរតែ​មាន​ការ​ពិភាក្សា​ដាច់​ដោយ​ឡែក​ពី​នេះ។​

ក៏ប៉ុន្តែ លោកស្រី Barara Lee នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ​កាលីហ្វ័រញ៉ា បាន​ថ្លែង​ថា៖

«‍យើង​គឺជា​តំណាង​ឲ្យ​ប្រជា​ពលរដ្ឋ ដូច្នេះ​ការ​បដិសេធ​សិទ្ធិ​ក្នុង​ការ​ជជែក​ដេញដោល​សម្រាប់​ការ​បោះឆ្នោតលើ​ច្បាប់​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​កម្លាំង​យោធា​នេះ មាន​ន័យ​ថា អ្នក​កំពុង​តែ​ច្រានចោល​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ»។

អ្នក​វិភាគ​ម្នាក់​បាន​និយាយ​ថា ដំណើរការ​ធ្វើ​សេចក្តី​សម្រេច​មួយ​ស្តី​អំពី​សង្គ្រាម និង​សន្តិភាព ​មិន​គួរ​ត្រូវ​ទុក​ឲ្យ​ប្រធានាធិបតី​ជា​អ្នក​សម្រេច​តែ​ម្នាក់​ឯង​នោះ​ទេ។

លោកស្រី Kathleen Hicks អ្នក​ជំនាញ​ប្រចាំ​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ និង​កិច្ចការ​អន្តរជាតិ (CSIS) បាន​ឲ្យ​ដឹង​ថា៖

«‍រដ្ឋសភា​កំពុង​តែ​បញ្ជូន​សារ​ទៅ​កាន់​ពិភពលោក​ថា សភា​អាមេរិក​មិនមែន​ជា​អ្នក​ដើរ​តួនាទី​យ៉ាង​សកម្ម​មួយ​នៅ​ក្នុង​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​ ទាក់ទង​នឹង​គោលនយោបាយ​ការបរទេស​ទេ។ យើង​គាំទ្រ​រដ្ឋសភា​មួយ ដែល​ជា​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​អាមេរិក»។

ក៏​ប៉ុន្តែ បើសិន​ជា​សភា​តំណាង​រាស្ត្រ​មាន​ឱកាស​ក្នុង​ការ​ពិចារណា​ឡើង​វិញ​លើ​ច្បាប់ (AUMF) នេះ នោះ​ការ​អនុម័ត​លើ​ច្បាប់​នេះ​មិនមាន​ភាព​ងាយ​ស្រួល​នោះ​ទេ។

លោក Ed Royce ប្រធាន​គណៈកម្មាធិការ​ស្តីពី​គោលនយោបាយ​ការបរទេស​ប្រចាំ​រដ្ឋសភា បាន​លើក​ឡើង​ថា៖

«‍បញ្ហា​ប្រឈម​គឺ​ការ​សម្រេច​ឲ្យ​មាន​ការ​ព្រមព្រៀង​គ្នា​លើ​ខ្លឹមសារ​នៃ​ច្បាប់​នេះ។ សមាជិក​សភា​ខ្លះ​អាច​នឹង​ពង្រឹង​អំណាច​ដល់​ប្រធានាធិបតី ហើយ​សមាជិក​ផ្សេង​ទៀត​អាច​នឹង​រារាំង​ប្រធានាធិបតី។ អ្នក​ខ្លះ​អាច​នឹង​វាយ​ប្រហារ​លើ​ក្រុម​មក​ពី​គណបក្ស​នយោបាយ​ផ្សេង ហើយ​អ្នក​ផ្សេង​ទៀត​អាច​នឹង​វាយ​ប្រហារ​លើ​មនោគមវិជ្ជា។ អ្នក​ខ្លះ​អាច​នឹង​ត្រូវបាន​កំណត់ពេល​វេលា និង​ទីកន្លែង និង​ប្រភេទ​នៃ​កម្លាំង​យោធា​សម្រាប់​ប្រតិបត្តិការ ហើយ​អ្នក​ខ្លះ​ទៀត​អាច​នឹង​មិន​ត្រូវបាន​កំណត់​អ្វី​ឡើយ»។

ទាំង​នេះ​គឺជា​សំណួរ​ដ៏​ស្មុគស្មាញ​អំពី​សង្គ្រាម​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ដែល​គ្មាន​សញ្ញា​នៃ​ទី​បញ្ចប់​នា​ពេល​ឆាប់ៗ​នេះ​ទេ៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត

វីដេអូថ្មីៗបំផុត

XS
SM
MD
LG