រដ្ឋាភិបាលនៃប្រទេសប៊ូរុនឌី (Burundi) នៅទ្វីបអាហ្វ្រិកនិយាយថា ប្រធានាធិបតីយូរអង្វែងរបស់ប្រទេសនេះគឺលោក Pierre Nkurunziza បានស្លាប់ដោយសារការគាំងបេះដូងកាលពីថ្ងៃច័ន្ទក្នុងអាយុ៥៦ឆ្នាំ។
លោក Nkurunziza ត្រូវគេបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃច័ន្ទ ដោយក្រុមផ្សាយ VOA ផ្នែកអាហ្វ្រិកកណ្តាលបានរាយការណ៍ថា មានការយាមកាមដោយយោធាយ៉ាងខ្លាំងនៅមន្ទីរពេទ្យនោះ។
លោក Nkurunziza បានកាន់អំណាចជាប្រធានាធិបតី ប៊ូរុនឌី អស់៣អាណត្តិ ហើយការសម្រេចរបស់លោកនឹងឈរឈ្មោះអាណត្តិទី៣កាលពីឆ្នាំ២០១៥បាននាំឲ្យផ្ទុះបាតុកម្មនិងអំពើហិង្សាដែលបង្កឲ្យពលរដ្ឋប៊ូរុនឌីរាប់សែននាក់រត់ភៀសខ្លួនពីប្រទេសនេះ។
ការស្លាប់របស់លោកប្រធានាធិបតីនេះកើតឡើងតែប៉ុន្មានខែមុនពេលពេលដែលលោកត្រូវចុះចេញពីតំណែងនៅខែសីហាខាងមុខ ដើម្បីផ្ទេរតំណែងទៅលោកឧត្តមសេនីយ៍ Evariste Ndayishimiye ដែលបានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែឧសភាកន្លងទៅនេះ៕