អភិបាលរដ្ឋញូវយ៉កលោក Andrew Cuomo បានជិះរថភ្លើងក្រោមដីនៅសង្កាត់ Manhattan កណ្តាលក្រុងញូវយ៉កកាលពីថ្ងៃអង្គារ និងអះអាងថា «ញូវយ៉កបើកវិញហើយ» ខណៈទីក្រុងធំជាងគេរបស់សហរដ្ឋអាមេរិកមួយនេះបានបើកសកម្មភាពឡើងវិញ ក្រោយត្រូវបានបិទដោយវិបត្តិកូវីដ១៩អស់ជាង២ខែ។
លោក Cuomo ថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកជិះរថភ្លើងក្រោមដី (Subway) នោះ ដើម្បីបង្ហាញពលរដ្ឋថា ការជិះនេះមានសុវត្ថិភាព ដោយលោកថាលោកនឹងមិនឲ្យគេជិះប្រសិនបើខ្លួនលោកផ្ទាល់មិនហ៊ានជិះនោះទេ។
ទីក្រុងញូវយ៉ក ត្រូវបានចាត់ទុកថាជាចំណុចកណ្តាលនៃការផ្ទុះរាតត្បាតជំងឺកូវីដ១៩ ហើយកាលពីថ្ងៃច័ន្ទបានបើកសកម្មភាពឡើងវិញជាដំណាក់កាលដោយអនុញ្ញាតឲ្យពលរដ្ឋក្នុងក្រុងអាចចូលធ្វើការវិញក្រោយការដាក់បម្រាមរយៈពេល៧៨ថ្ងៃ។ អ្នកធ្វើការក្នុងវិស័យសំណង់ រោងចក្រ និងលក់ដុំ និងហាងលក់រាយ អាចបើកវិញដែរ ដែលកន្លងមកត្រូវចាត់ទុកជាអាជីវកម្មមិនចាំបាច់។
ប៉ុន្តែអភិបាលរដ្ឋលោក Cuomo បានទទូចថាវិបត្តិកូវីដ១៩មិនទាន់ផុតទេ និងឲ្យពលរដ្ឋញូវយ៉កមានការប្រយ័ត្នប្រយែង លាងដៃនិងពាក់ម៉ាស់ ជាថ្នូរនឹងអាចឲ្យទីក្រុងនេះដំណើរការនិងគ្រប់គ្រងជំងឺរាតត្បាតនេះបាន។
ក្នុងអំឡុងពេលផ្ទុះរាតត្បាតធ្ងន់ធ្ងរបំផុតកាលពីខែមេសា ជំងឺកូវីដ១៩បានសម្លាប់មនុស្សនៅទីក្រុងញូវយ៉ករហូតដល់៥០០នាក់ក្នុងមួយថ្ងៃ។ ប៉ុន្តែចំនួនអ្នកស្លាប់នេះបានធ្លាក់ចុះវិញមកត្រឹមក្រោម១០នាក់ក្នុងមួយថ្ងៃកាលពីសប្តាហ៍មុន និងអ្នកឆ្លងថ្មីពី២០០ទៅ៣០០នាក់ក្នុងមួយថ្ងៃ៕