ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទឹក​ជំនន់​ក្នុង​ពិធី Burning Man ធ្វើ​ឱ្យ​រាប់​ម៉ឺន​នាក់​ជាប់គាំង​នៅ​វាលលំហ​​អាមេរិក ខណៈ​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ការស្លាប់​ម្នាក់


ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ Burning Man នៅវាល​លំហ Black Rock ក្នុង​រដ្ឋ Nevada នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣។ (©2023 Maxar Technologies via AP)
ទិដ្ឋភាព​ទូទៅ​នៃ​ពិធី​បុណ្យ Burning Man នៅវាល​លំហ Black Rock ក្នុង​រដ្ឋ Nevada នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៣។ (©2023 Maxar Technologies via AP)

ព្យុះ​រដូវ​ក្តៅ​ខុស​ប្រក្រតីបាន​ប្រែក្លាយ​ពិធី​វប្បធម៌ Burning Man ដែល​មាន​រយៈពេល​មួយ​សប្តាហ៍​ឱ្យ​ទៅ​ជា​ភាព​រញ៉េរញ៉ៃដោយ​មាន​មនុស្សរាប់​ម៉ឺន​នាក់​ដែល​ទៅ​ចូលរួម​ពិធី​នោះបាន​ជាប់​គាំង​នៅ​ក្នុង​ភក់​ហើយ​បង្គន់​មិន​មាន​ដំណើរការ​នៅ​ក្នុង​តំបន់​វាលលំហ​ក្នុង​រដ្ឋ Neveda ភាគខាង​លិច​សហរដ្ឋ​អាមេរិក។ ក៏ប៉ុន្តែ ពួក​អ្នក​សប្បាយ​រីករាយ​ពិធី Burning Man បាន​និយាយ​ថា​ ស្មារតី​របស់​ពួកគេ​នៅតែមិន​ថមថយ។

ពួក​អ្នក​រៀបចំបាន​បិទ​ផ្លូវមិន​ឱ្យ​រថយន្ត​ចូល ​បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ថា​ មនុស្ស​ម្នាក់​បាន​ស្លាប់។ ពួក​មន្ត្រី​មិន​បាន​ផ្តល់​សេចក្តីលម្អិត​ពី​ការស្លាប់​នោះ​ទេ។

ការប្រមូល​ផ្តុំគ្នា​ប្រចាំ​ឆ្នាំ​នៅ​វាលលំហ Black Rock ស្ថិត​ចម្ងាយ១៧៧​គីឡូម៉ែត្រ​ភាគ​ខាង​ជើង​ក្រុង Reno រដ្ឋ Nevada បាន​ទាក់ទាញ​ពួក​សិល្បករ តន្ត្រីករ​ និង​សកម្មជន​ជិត​៨ម៉ឺន​នាក់​សម្រាប់​ការបោះ​ជំរំ​និង​ការ​ធ្វើ​ពិធី​សម្តែង។ កន្លង​មាន​ការ​បង្អាក់​ដំណើរការ​ពិធី​នេះ ដូច​ជា​នៅ​ឆ្នាំ​២០១៨ ពួក​អ្នក​រៀបចំពិធី Burning Man បានបិទ​ច្រក​ទ្វារ​ចេញចូល​ជា​បណ្តោះអាសន្នដោយ​សារ​មានព្យុះ​ខ្សាច់ ហើយ​ពិធី​នោះ​បាន​ត្រូវ​លុប​ចោល​ចំនួន​២លើក​ក្នុង​អំឡុង​នៃ​ការ​រាតត្បាត​ជំងឺ​កូវីដ។

ទឹក​ភ្លៀង​កម្ពស់​ជាង​១,៣សង់ទីម៉ែត្រ​បាន​ធ្លាក់​នៅ​ឯ​ទីកន្លែង​នៃ​ពិធី​នេះ​កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដែល​បាន​បង្អាក់​ពិធី​នៅ​ឆ្នាំ​នេះ។

លោក​ប្រធានាធិបតី Biden បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ក្នុង​រដ្ឋ Delaware កាល​ពី​ថ្ងៃ​អាទិត្យ​ថា​លោក​បាន​ដឹង​ពី​ពិធី Burning Man ដែល​រួមមាន​មនុស្ស​ស្លាប់​ម្នាក់​ ហើយ​សេតវិមាន​បាន​ទាក់ទង​ជាមួយ​ពួក​មន្ត្រី​មូលដ្ឋាន។ លោក Biden បាន​និយាយ​ទៀត​ថា​ លោក​មិន​បាន​ដឹង​ពី​មូលហេតុ​នៃ​ការស្លាប់​នោះ​ទេ។

ដោយ​ពិធី​របស់​ពួក​គេ​បាន​បិទ​ដល់​ចរាចរណ៍​យានយន្ត​ទាំង​អស់ ពួក​អ្នក​ចូលរួម​បាន​ដើរ​ដោយ​លំបាក​កាត់​ភក់ ដើរ​ជើង​ទទេ​ឬ​ចង​ស្បោង​កៅស៊ូ​នៅ​ជើង​របស់​ពួកគេ។ ពួក​អ្នក​ចូលរួមត្រូវ​បាន​អាជ្ញាធរ​ជំរុញ​ឱ្យ​សន្សំ​ចំណី​អាហារ​និង​ទឹក ហើយ​ពួកគេ​ភាគ​ច្រើន​មិន​បាន​ចាកចេញ​ពី​កន្លែង​ប្រារព្ធ​ពិធី​នៅជំរំ​នៅ​វាលលំហ​នោះ៕

XS
SM
MD
LG