ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កោះ Maui បង្ហាញ​សញ្ញា​ងើបឡើង​វិញ​ជា​លើកដំបូង ខណៈ​អ្នកស្លាប់​សរុប​កើន​ដល់​ចំនួន​១១០នាក់


លោក Vicente Ruboi ទទួល​ការឱប បន្ទាប់ពី​លោក​បាន​សម្តែង​ការជូនពរ​ដើម្បី​ទទួល​ស្វាគមន៍​ថ្ងៃ​ថ្មី​កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅ​តំបន់ Kihei រដ្ឋHawaii។
លោក Vicente Ruboi ទទួល​ការឱប បន្ទាប់ពី​លោក​បាន​សម្តែង​ការជូនពរ​ដើម្បី​ទទួល​ស្វាគមន៍​ថ្ងៃ​ថ្មី​កាលពី​ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅ​តំបន់ Kihei រដ្ឋHawaii។

សាលារៀន​រដ្ឋនានា​ក្នុង​ទី​ប្រជុំជន ​Maui រដ្ឋ​ហាវ៉ៃ​ សហរដ្ឋ​អាមេរិក​ កំពុង​ចាប់ផ្តើម​បើកដំណើរ​ការឡើង​វិញ​ហើយ​។ រីឯចរាចរណ៍​រថយន្ត​ក៏​កំពុង​ចាប់ផ្តើមឡើង​វិញដែរ​ ដែល​នេះជា​សញ្ញា​មួយនៃ​ការ​ងើប​ឡើងវិញ​ គឺ​មួយ​សប្តាហ៍​ក្រោយ​ពី​មាន​ការឆេះព្រៃ​យ៉ាង​ខ្លាំង ដែលបាន​បំផ្លាញ​ទីប្រជុំជន​ប្រវត្តិសាស្ត្រ​មួយ​នេះ និងបាន​សម្លាប់​មនុស្សយ៉ាង​តិចក៏​ចំនួន​១១០​នាក់​ផង​ដែរ។​ នេះ​បើតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន ​AP។

ទន្ទឹម​នឹង​នេះ​ដែរ​ ក្រុម​ឆ្កែ​ហិត​ក្លិនត្រូវ​បាន​បញ្ជូន​មក​កាន់​កោះ​នេះ​បន្ថែម​ទៀតកាល​ពី​ថ្ងៃ​ពុធ​ ដើម្បីជួយដល់​ក្រុម​អ្នក​រុករក​ជា​ច្រើន​នាក់​ ​ក្នុង​ការ​ស្វែងរក​អដិ្ឋធាតុ​ជន​រងគ្រោះ​ ដែល​បាន​ស្លាប់​ក្នុងអណ្តាត​ភ្លើង​ ​ដែល​បាន​ឆេះ​នៅ​លើ​កោះ​ដ៏​ធំ​បំផុត​ទី២​របស់​រដ្ឋ​មួយនេះ។ ​

ក្រុម​អ្នក​ដែល​បាន​រួច​ផុតជីវិត​ពី​ការ​ឆេះ​ព្រៃ​នេះ​ ​កំពុង​រស់​នៅប្រឈម​នឹង​ការ​ដាច់​ភ្លើង​ជា​ញឹកញាប់ និងគ្មាន​សេវាទូរសព្ទ​ប្រើប្រាស់​ ខណៈពេលពួក​គេ​កំពុង​ព្យាយាមស្វែង​រកជំនួយ​ ដើម្បី​កសាង​ជីវិត​ជា​ថ្មីឡើង​វិញ​។ ​

អភិបាល​រដ្ឋហាវ៉ៃ​ បាន​ព្រមាន​ថា​ ​ព្យុះថ្មី​មួយអាច​នឹង​ធ្វើ​ឱ្យ​ការ​រុករក​សាកសព​ជនរងគ្រោះ​និងការ​ងើប​ឡើងវិញ​របស់​កោះនេះ​ ជួប​ការ​លំបាក​កាន់​តែ​ខ្លាំង​ថែម​ទៀត។​

សេតវិមាន​បាន​ប្រកាស​កាលពី​ថ្ងៃពុធ​ថា ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden​ និង​ភរិយា​លោកស្រី​ Jill Biden ​គ្រោង​នឹង​ទៅ​កោះ​ Maui ​នៅ​ថ្ងៃចន្ទ​សប្តាហ៍​ក្រោយ​ ដើម្បី​មើល​ដោយ​ផ្ទាល់​នូវ​ការបំផ្លិច​បំផ្លាញ​ដែល​បាន​បន្សល់​ទុក​បន្ទាប់ពី​ភ្លើងឆេះព្រៃ​កាលពី​សប្តាហ៍​មុន​នៅលើ​កោះហាវ៉ៃ៕​

XS
SM
MD
LG