ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden នឹង​ធ្វើ​ដំណើរ​ទៅ​រដ្ឋ Hawaii ពិនិត្យ​ស្ថានភាព ក្រោយពី​ភ្លើង​ឆេះ​ព្រៃ


រូបឯកសារ៖ សមាជិក​នៃ​ក្រុម​ស្វែងរក និង​ជួយសង្គ្រោះ​ធ្វើការ​នៅក្នុង​តំបន់​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង Lahaina រដ្ឋ Hawaii កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។
រូបឯកសារ៖ សមាជិក​នៃ​ក្រុម​ស្វែងរក និង​ជួយសង្គ្រោះ​ធ្វើការ​នៅក្នុង​តំបន់​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ភ្លើង​ឆេះ​ព្រៃ​នៅ​ក្រុង Lahaina រដ្ឋ Hawaii កាលពី​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នឹង​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​ចន្ទ​នេះ​ទៅ​កាន់​រដ្ឋ Hawaii ដើម្បី​ជួប​ជាមួយ​មន្ត្រី​និង​អ្នក​រស់រាន​មាន​ជីវិត និង​ពិនិត្យ​មើល​ការ​ខូចខាត​ដែល​បណ្ដាល​មកពី​ភ្លើង​ឆេះ​ព្រៃ​ដែល​បាន​បំផ្លិចបំផ្លាញ​កោះ Maui។

សេតវិមាន​បាន​បញ្ជាក់​ថា លោក Biden និង​អ្នកស្រី Jill Biden ដែល​ជា​ភរិយា​នឹង«មើល​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ផល​ប៉ះពាល់​នៃ​ភ្លើង​ឆេះ​ព្រៃ​ដ៏​មហន្តរាយ ក៏​ដូចជា​នឹង​ពិភាក្សា​អំពី​កិច្ច​ប្រឹងប្រែង​ស្តារឡើង​វិញ​ផង​ដែរ»។

ភ្លើង​ឆេះ​ព្រៃ​កាលពី​ដើម​ខែ​នេះ​បាន​បន្សល់​ទុក​ការ​បំផ្លិចបំផ្លាញ​ជា​ទូទៅ​នៅ​ផ្នែក​ភាគ​ខាង​កើត​នៃ​ក្រុង Lahaina ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១១៤ នាក់។ អភិបាល​រដ្ឋ Hawaii លោក Josh Green បាន​និយាយ​ថា គេ​រំពឹង​ថា​ ចំនួន​អ្នក​ស្លាប់​នឹង​កើនឡើង​នៅ​ពេល​ដែល​កិច្ច​ប្រឹងប្រែង​ស្វែងរក​អ្នក​ដែល​បាត់​ខ្លួន​នៅ​បន្ត​ធ្វើ។

លោក Green បាន​បញ្ជាក់​ក្នុង​កម្មវិធី «Face the Nation» របស់​ទូរទស្សន៍ CBS កាលពី​ថ្ងៃ​អាទិត្យ​ថា ក្រុម​រុករក​បាន​ធ្វើ​ការ​រុករក​បាន ៨៥% នៃ​តំបន់​រុករក​ទាំង​មូល​ហើយ ប៉ុន្តែ​ថា ផ្នែក​ដែល​នៅ​សេសសល់​គឺ​អាច​ត្រូវការ​ពេល​រាប់​សប្ដាហ៍​ទៀត​ដើម្បី​រុករក។ លោក​បាន​និយាយ​ថា មនុស្ស​ជាង ១.០០០ នាក់​នៅ​បាត់​ខ្លួន​នៅ​ឡើយ។

លោក​ក៏​បាន​លើកឡើង​អំពី​ក្ដី​បារម្ភ​ទាក់ទិន​នឹង​ការ​កសាង​ឡើង​វិញ​ក្នុង​ក្រុង Lahaina និង​ការ​គោរព​វប្បធម៌​ជនជាតិ​ដើម​កោះ Hawaii ផង​ដែរ ដោយ​លោក​បាន​និយាយ​ថា រដ្ឋបាល​របស់​លោក «នឹង​ស្ដាប់​តាម​ពលរដ្ឋ​ក្រុង Lahaina អំពី​របៀប​និង​ពេល​វេលា​ដែល​យើង​កសាង​ឡើង​វិញ»៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

XS
SM
MD
LG