ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ចិន​កំពុង​ជួយ​យោធា​មីយ៉ាន់ម៉ា​​បង្កើត​ជញ្ជាំង​ការពារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​


ក្រុមបាតុករបានកាន់បដានានាចូលរួមបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា នៅទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។
ក្រុមបាតុករបានកាន់បដានានាចូលរួមបាតុកម្មតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា នៅទីក្រុងរ៉ង់ហ្គូន មីយ៉ាន់ម៉ា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​រឹតត្បិត​ប្រព័ន្ធ​អ៊ីនធឺណិត​តឹងរ៉ឹង​ជាង​មុន ដែល​ការណ៍​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ប្រឆាំង​តវ៉ា​យ៉ាង​ច្រើន​ទាំង​ក្នុង​ស្រុក​និង​ពី​ក្រៅ​ប្រទេស។

អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ក្រុង​រ៉ង់ហ្គូន​ បាន​ប្រាប់ VOA ថា ​ចិន​បាន​ផ្តល់​ជំនួយ​បច្ចេកទេស ដើម្បី​ឲ្យ​យោធា​មីយ៉ាន់ម៉ា​អាច​បង្កើត​ «ជញ្ជាំង​ការពារ» តាម​ប្រព័ន្ធ​អ៊ីនធឺណិត ឬ Firewall ស្រដៀង​ទៅ​នឹង​ជញ្ជាំង​ការពារ​របស់​ចិនដែល​គេ​តែង​ស្គាល់​ថា Great Firewall ដែល​រឹតត្បិត​សកម្មភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ពលរដ្ឋ​ចិន។

អ្នក​ជំនាញ​រូប​នេះ​ ដែល​ VOA ស្គាល់ បានសុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​ការ​ព្រួយ​បារម្ភ​ពី​សន្តិសុខ។

អ្នកជំនាញ​ផ្នែក​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខាង​លើ​នេះ​ បាន​និយាយ​ថា អ្នក​បច្ចេកទេស​ព័ត៌មានវិទ្យា​ចិន និង​គ្រឿង​សម្ភារៈ​បាន​មក​ដល់​មីយ៉ាន់ម៉ា​ តាមសំណើ​របស់​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​ ដើម្បី​ជួយ​ឲ្យ​យោធា​អនុវត្ត​ច្បាប់​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក្នុង​គោលបំណងបំបិទ​សំឡេងក្រុម​អ្នក​រិះគន់ និង​បាតុកម្ម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

អ្នក​ជំនាញ​រូប​នេះ​បាន​បន្ត​ថា៖ «ទាំង​នេះ​ជា​[បច្ចេកវិជ្ជា]​ជញ្ជាំង​ការពារ Firewall ពី​ប្រទេស​ចិន។ ជញ្ជាំង​ការពារ​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត និង​ក្រុមហ៊ុន​ទូរគមនាគមន៍​ដូច​ជា Ooredoo និង​T elenor ជា​ដើម។ ហើយ​បច្ចេកវិទ្យាទាំង​នេះគ្រោង​នឹង​មាន​ដំណើរការ​ មុន​ថ្ងៃ​ទី១៥ ខែ​កុម្ភៈ»។

យោង​ទៅ​តាម​សេចក្តី​ចម្លង​នៃ​សេចក្តីព្រាង​ច្បាប់​រឹតត្បិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ចំនួន ៣៦​ ទំព័រ​ ដែល​ត្រូវ​បាន​ស្នើ​ឡើង និង​ទទួល​បាន​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters និង​ត្រូវ​បាន​ប្រែសម្រួល​ដោយ​សារព័ត៌មាន Financial Times សេចក្តី​ព្រាង​ច្បាប់​នេះ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​នៅ​មីយ៉ាន់ម៉ា​ រក្សា​នូវ​ទិន្នន័យ​អ្នក​ប្រើប្រាស់​នៅ​ឯ​ទីតាំង​មួយ​កំណត់​ដោយ​រដ្ឋាភិបាល​រយៈពេល​បី​ឆ្នាំ។

ច្បាប់​ថ្មី​ក៏​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​ផ្តល់​នូវ​ព័ត៌មាន​ទៅ​ឲ្យ​ក្រុម​អាជ្ញាធរ​នៅ «ក្រោម​ច្បាប់​ដែល​មាន​ស្រាប់​ទាំង​ឡាយ» និង​ផ្តល់​អំណាច​ដល់​រដ្ឋ​ដើម្បី​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ករណី ​ដែល​មាន​ការ​គំរាមកំហែង​ដល់ «បូរណភាព​និងអធិបតេយ្យភាព​ដែនដី» របស់​មីយ៉ាន់ម៉ា។ ប្រសិន​បើ​រក​ឃើញ​ថា ខកខាន​នៅ​ក្នុង​ការ​គ្រប់គ្រង​ទិន្នន័យ​ស្រប​តាម​ច្បាប់​កំណត់​ឲ្យ បុគ្គល​រូប​នោះអាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​បី​ឆ្នាំ ឬត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ចំនួន ៧.៥០០​ដុល្លារ ឬ​ទាំង​ពីរ។

អ្នក​ជំនាញ​ផ្នែក​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​រូបនោះ និយាយបន្ត​ថា ការ​តម្រូវ​ខាង​លើ​នេះ​នឹង​ត្រូវ​តាម​ដាន​ដោយ​គ្រឿង​សម្ភារៈ​ផ្គត់ផ្គង់​ជា​ជញ្ជាំង​ការពារ​ Firewall ផ្តល់​ឲ្យ​ដោយ​ប្រទេស​ចិន។

អ្នក​ជំនាញ​រូប​នេះ​បាន​បន្ថែម​ថា៖ «បច្ចេកវិទ្យា​ជញ្ជាំង​ការពារ Firewall ចុងក្រោយ​មានមុខងារ​អាចត្រួតពិនិត្យដោយ​លម្អិត។ ជញ្ជាំង​ការពារនេះ​អាច​ចូល​តាមដាន​ចរាចរណ៍​ទិន្នន័យ ហើយ​អ្នក​អាចមើល​ឃើញថា​ ទិន្នន័យ​អ្វី​ខ្លះ​កំពុង​ត្រូវ​បាន​បញ្ជូន។ ដូច្នេះ ខ្ញុំ​គិត​ថា ពួកគេ​ព្យាយាម​គ្រប់គ្រង​អ៊ីនធឺណិត​ដោយ​ប្រើ​បច្ចេកវិទ្យាថ្មី​បំផុត»។​

អ្នកជំនាញ​ដែល​ VOA ​បាន​សម្ភាស​ក៏​បាន​និយាយ​ថា គ្រឿង​សម្ភារៈ​ទាំង​នោះ​ប្រហែល​មក​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ចិន Huawei ប៉ុន្តែ VOA មិន​អាច​បញ្ជាក់រឿង​នេះ​បាន​នោះ​ទេ។ កន្លង​មក​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​បម្រាម​លើ​ក្រុមហ៊ុន​អាមេរិក​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​នឹង​ក្រុមហ៊ុន Huawei ដោយសារ​បញ្ហា​សន្តិសុខ។

រូបថតនានា​លេច​ចេញ​តាម​បណ្តាញ​សង្គម Twitter និង Facebook បង្ហាញ​ពី​មនុស្ស​កំពុង​ដាក់​តម្រៀប​ប្រអប់​ទំនិញ​ចេញ​ពី​ជើង​យន្តហោះ​ពី​ប្រទេស​ចិន​មក​កាន់​មីយ៉ាន់ម៉ា។ ពលរដ្ឋ​មីយ៉ាន់ម៉ា​ជា​ច្រើន​ជឿ​ថា ប្រអប់​ទាំងនោះ​មាន​ផ្ទុក​នូវ​គ្រឿង​សម្ភារៈ​ ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ចិន​ ដើម្បី​ដាក់​កំហិត​លើ​សកម្មភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

ចិន​បាន​បដិសេធ​ការ​ចោទប្រកាន់​ទាំង​នេះ។ លោក Wang Wenbin អ្នក​នាំពាក្យក្រសួង​ការបរទេសចិន​ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ កាល​ពី​ថ្ងៃ​ទី​១០ ​ខែ​កុម្ភៈ​ថា លោក​មិន​ធ្លាប់​ដែល​បាន​ឮ​ដំណឹង​ថា ចិន​ផ្គត់ផ្គង់​នូវ​គ្រឿង​សម្ភារៈ និង​អ្នក​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​ទៅ​កាន់​ប្រទេស​មីយ៉ាន់ម៉ា​នោះ​ទេ។

លោក​ក៏​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ឈប់​យក​ចិត្ត​ទុកដាក់​លើ​អ្វី​ ដែល​លោក​ហៅ​ថា​ «ការ​លើកឡើង​មិន​ពិត និង​ពាក្យ​ចចាមរាម​» ជុំវិញ​ការ​ពាក់ព័ន្ធ​របស់​ចិន​នៅ​មីយ៉ាន់ម៉ា។

រូបឯកសារ៖ កម្មវិធីតាមទូរសព្ទទំនើបរបស់ក្រុមហ៊ុនបណ្តាញសង្គមមួយចំនួនដូចជា Facebook, Twiiter និង Instagram ត្រូវបានថតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
រូបឯកសារ៖ កម្មវិធីតាមទូរសព្ទទំនើបរបស់ក្រុមហ៊ុនបណ្តាញសង្គមមួយចំនួនដូចជា Facebook, Twiiter និង Instagram ត្រូវបានថតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។

រដ្ឋាភិបាល​ចិន​មាន​បទពិសោធន៍​ទូលំទូលាយ​នៅ​ក្នុង​ផ្នែក​ការ​រឹតត្បិត​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។ ដោយសារ​តែ​មាន​ «ជញ្ជាំង​ការពារ​ Firewall នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត» ប្រជាជន​នៅ​ចិន​ដីគោក​មិន​អាច​ប្រើប្រាស់បណ្តាញ​សង្គម​របស់​បស្ចិមលោក​ ដូចជា Facebook, Twitter និង Instagram ជាដើម ហើយ​កម្មវិធី​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​នៅក្នុង​ប្រទេស​ចិន ​ត្រូវ​រង​ការ​រឹតត្បិត​តឹងរ៉ឹង។

ចិន​មាន​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​ភូមិសាស្រ្ត​នយោបាយ​ធំធេង​នៅ​មីយ៉ាន់ម៉ា។ ចិន​ធ្លាប់​ជា​ដៃគូ​បរទេស​សំខាន់​បំផុត​ជា​យូរយារ​ណាស់​មក​ហើយជាមួយ​មីយ៉ាន់ម៉ា ហើយ​មីយ៉ាន់ម៉ា​ចាត់​ទុក​ចិន «ជា​ប្រភព​ចម្បង​នៃ​ការ​វិនិយោគ ការ​ការពារ​ផ្នែក​ការទូត និង​ទម្ងន់​គាំទ្រទៅ​លើក្រុម​កុលសម្ព័ន្ធ​ប្រដាប់​អាវុធដែលប្រយុទ្ធ​នឹង​យោធា​នៅ​ក្នុង​ប្រទេស​[មីយាន់ម៉ា]»។ នេះ​បើ​យោង​ទៅ​តាម​អង្គការ​ដោះស្រាយ​វិបត្តិ​អន្តរជាតិ (International Crisis Group)។​

​ទោះបី​ជា​មាន​ការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ពី​សំណាក់​សហគមន៍​អន្តរជាតិ​ជុំវិញ​ការ​ប្រព្រឹត្ត​របស់​មីយ៉ាន់ម៉ា​មក​លើ​ជនភាគតិច​រ៉ូហ៊ីងយ៉ា​ (Rohingya) ក៏ដោយ ក៏​ចិន​បន្ត​គាំទ្រ​មីយ៉ាន់ម៉ា​ដូច​ដែល​ខ្លួន​បាន​គាំទ្រ​យោធា​ចាប់​តាំង​ពី​រដ្ឋ​ប្រហារ ​កាល​ពី​ថ្ងៃ​ទី០១ ខែ​កុម្ភៈ​មក។

លោក Christopher Ankersen សាស្រ្តាចារ្យ​រងនៅ​មជ្ឈមណ្ឌល​កិច្ចការ​អន្តរជាតិ​នៃសាកលវិទ្យាល័យ New York បាន​ប្រាប់ VOA ថា រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​មាន​ទំនោរ​ងាក​ទៅ​រក​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នៅ​ពេល​ប្រឈម​នឹង​ការ​ដាក់ទណ្ឌកម្ម​ពី​សហរដ្ឋ​អាមេរិក និងពេល​ត្រូវ​បាន​កាត់ផ្តាច់​ពី​បណ្តា​ប្រទេស​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ​ដទៃ​ទៀត។

លោក​បាន​ថ្លែង​ថា៖ «ទណ្ឌកម្ម និង​ការ​បង្កក​ទ្រព្យ​ដែល​ត្រូវ​បាន​ប្រកាស​ឡើង​ដោយ​លោក​ប្រធានាធិបតី Biden អាចជំរុញ​ឲ្យ​យោធា​មីយ៉ាន់ម៉ា​ងាក​ទៅ​ចិន​សម្រាប់​ជំនួយ​បន្ថែម»។

កាល​ពី​ថ្ងៃ​ពុធ​ទី១០ ខែ​កុម្ភៈ លោក Biden បាន​អនុម័ត​នូវ​បទបញ្ជា​ «ជួយ​ជ្រោមជ្រែង​ការ​ដាក់​ទណ្ឌកម្ម​មក​លើ​មេដឹកនាំ​យោធា​[មីយ៉ាន់ម៉ា] ​ដែលបាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ» ចំពោះ​ផលប្រយោជន៍​ផ្នែក​ធុរកិច្ច​និង​សាច់ញតិ​របស់​មេដឹកនាំ​យោធា​ទាំង​នោះ។

​ក្រុមហ៊ុន​ផ្តល់សេវាកម្មតាម​អ៊ីនធឺណិត​ធំៗ​បំផុត​មួយ​ចំនួន​របស់​ពិភពលោក​ កំពុង​ចូលរួម​ជាមួយ​នឹង​ក្រុម​សង្គម​ស៊ីវិល​នៅ​មីយ៉ាន់ម៉ា​ នៅ​ក្នុង​ការ​ប្រឆាំង​នឹង​សេចក្តីព្រាង​ច្បាប់​លើ​សន្តិសុខ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​ត្រូវ​បាន​ស្នើ​ឡើង ដោយ​លើកឡើង​ថា ច្បាប់​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​សេដ្ឋកិច្ច។ ​រដ្ឋប្រហារដោយ​យោធា​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ជ្រើសតាំង​ដោយ​ការ​ឆ្នោត​ពី​អំណាច​បាន​បង្ក​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្មយ៉ាង​ខ្លាំង​តាម​ដង​ផ្លូវ។

ក្រុម​ចម្រុះ​ការពារ​សិទ្ធិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​អាស៊ី (Asian Internet Coalition) កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី១១ ខែ​កុម្ភៈ បាន​ចេញ​នូវ​សេចក្តី​ថ្លែងការណ៍​មួយ ដោយ​និយាយ​ថា សំណើ​ច្បាប់​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នេះបាន​ផ្តល់​ឲ្យ​មេដឹកនាំ​យោធា​នូវ «អំណាច​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ការ​រឹតត្បិត​លើ​ពលរដ្ឋ និង​រំលោភ​បំពាន​ឯកជនភាព​ក៏​ដូច​ជា​ខុស​នឹង​បទដ្ឋាន​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​ជា​មូលដ្ឋាន។ សមាជិក​នៃ​ក្រុម​ចម្រុះ​នេះ​រួម​មាន​ក្រុមហ៊ុន Apple, Facebook, Amazon និង​ Google​ ជា​ដើម។

សេចក្តី​ថ្លែង​ការណ៍​បាន​និយាយ​ថា សេចក្តី​ព្រាង​ច្បាប់​នឹង​ «ប៉ះពាល់​យ៉ាងខ្លាំង​ទៅ​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ និង​តំណាង​ឲ្យ​ការ​ដើរថយ​ក្រោយ​ពី​ការ​ជឿនលឿន​ទៅ​មុខ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ»។

ក្រុម​ចម្រុះ​ក៏​បាន​អំពាវនាវ​ឲ្យមេដឹកនាំ​យោធា​ពិចារណា​ពី «ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ» ដែល​សេចក្តីព្រាង​ច្បាប់​នោះ​ នឹង​មាន​ទៅ​លើ​ប្រជាជន​មីយ៉ាន់ម៉ា និង​សេដ្ឋកិច្ច​ផង​ដែរ។

អង្គការ​សង្គមស៊ីវិល​មីយ៉ាន់ម៉ា​ជាង ១៥០ បាន​លើកឡើង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា «មាត្រា​ចែង​នៅ​ក្នុង​សេចក្តីព្រាង​ច្បាប់​នោះ​គឺ រំលោភ​បំពាន​សិទ្ធិ​មនុស្ស​រួម​មាន​សេរីភាព​នៅ​ក្នុង​ការ​បញ្ចេញ​មតិ​ការ​ការពារ​ទិន្នន័យ និង​ឯកជនភាព​ ក៏​ដូច​ជា​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ផ្សេង​ទៀត»។

​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា​បាន​បង្អាក់​សេវាកម្ម​ផ្គត់ផ្គង់​អ៊ីនធឺណិត បន្ទាប់​ពី​រដ្ឋប្រហារ និង​បាន​បញ្ជា​ឲ្យ​បិទ​ការ​ចូល​ទៅ​កាន់​បណ្តាញ​សង្គម​ដូចជា Facebook និង​ Twitter កាល​ពី​ពេល​ថ្មីៗ​នេះ នៅ​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​បង្រ្កាប​លើ​ក្រុម​ប្រឆាំង។ ក្រោយ​មក សេវាកម្ម​អ៊ីនធឺណិត​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​ដោយ​ផ្នែក។

ក្រុមហ៊ុន Facebook មាន​អ្នកប្រើប្រាស់​ជាង ២១ ​លាន​នាក់​ នៅ​មីយ៉ាន់ម៉ា ដែល​មាន​ជិត ៤០​ភាគរយ​នៃ​ប្រជាជន​សរុប ហើយ​ជា​មធ្យោបាយ​ចម្បង​សម្រាប់​ពលរដ្ឋ​មីយ៉ាន់ម៉ា​ជា​ច្រើន​ ដើម្បីទាក់ទងទៅ​កាន់​ពិភពលោក៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG