ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Biden ថា សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​លើ​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​រឿង​ធ្វើ​រដ្ឋប្រហារ


ប្រធានាធិបតីសហរដ្ឋអាមេរិលោក Joe Biden ថ្លែងនៅក្នុងសន្និសីទមួយនៅក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​លើ​ថ្នាក់​ដឹកនាំ​រដ្ឋប្រហារ​យោធា​ នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ នេះ​បើ​តាម​ការ​ប្រកាស​របស់​លោក​ប្រធានាធិបតី Joe Biden កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ។

លោក Biden បាន​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ថា យោធា​មីយ៉ាន់ម៉ា​ត្រូវតែ​បោះបង់​ចោល​នូវ​អំណាច​ដែល​ខ្លួន​បាន​ដណ្តើម​យក «និង [ត្រូវ] បង្ហាញ​នូវ​ការ​គោរព​ចំពោះ​តួនាទី​របស់​ប្រជាពលរដ្ឋ» ដូច​ដែល «បាន​បង្ហាញ​ឡើង​នៅ​ក្នុង​ការ​បោះឆ្នោត​របស់​ប្រទេស​មីយ៉ាន់ម៉ា​ កាលពី​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ឆ្នាំ​មុន»។

លោក Biden បាន​ប្រកាស​ថា រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក «នឹង​ចាត់​វិធានការ​ដើម្បី​រារាំង​ក្រុម​ឧត្តមសេនីយ៍​នានា [របស់​ប្រទេស​មីយ៉ាន់ម៉ា] មិន​ឲ្យ​មាន​លទ្ធភាព​មិន​ត្រឹមត្រូវ​ នៅ​ក្នុង​ការ​ប្រើប្រាស់​ថវិកា​របស់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ចំនួន ១ ពាន់​លាន​ដុល្លារ»។

លោក Biden ក៏​បាន​អនុម័ត​ផងដែរ​លើ​បទបញ្ជា​នីតិ​ប្រតិបត្តិ​មួយ «ដែល​អាច​ឲ្យ​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​បាន​ភ្លាមៗ​ លើ​ថ្នាក់​ដឹកនាំ​រដ្ឋ​ប្រហារ​យោធា [មីយ៉ាន់ម៉ា] លើ​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​របស់​ពួកគេ និង​លើ​សមាជិក​ក្រុម​គ្រួសារ​ជិតសិ្នទ្ធ​របស់​ពួកគេ»។

គោលដៅ​នៃ​ការ​ដាក់​ទណ្ឌកម្ម​ជុំ​ទី​មួយ​នឹង​ត្រូវ​កំណត់​នៅ​សប្តាហ៍​នេះ។ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក Biden នៅ​ក្នុង​ការ​លើកឡើង​របស់​លោក​អំពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

លោក Biden បាន​បន្ថែម​ថា៖ «យើង​ក៏​នឹង​ដាក់​កំហិត​ផងដែរ​លើ​ការ​ត្រួតពិនិត្យ​ការ​នាំ​ចេញ​ដ៏​តឹងតែង​ សម្រាប់​ទ្រព្យសម្បត្តិ​បង្កក​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទាំង​ឡាយ​ណា ​ដែល​ផ្តល់​ប្រយោជន៍​ដល់​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ខណៈ​រក្សា​ការ​គាំទ្រ​របស់​យើង​ចំពោះ​ផ្នែក​សុខាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ផ្នែក​ផ្សេងៗ​ទៀត ​ដែល​ផ្តល់​ប្រយោជន៍​ដោយ​ផ្ទាល់​ដល់​ប្រជាពលរដ្ឋ​មីយ៉ាន់ម៉ា»។

ការ​ធ្វើ​រដ្ឋប្រហារ​របស់​យោធា​មីយ៉ាន់ម៉ា ​កាលពី​ថ្ងៃ​ទី ១ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ បាន​ជំរុញ​ឲ្យ​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នៅ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​ រយៈពេល ៦ ថ្ងៃ​ជាប់ៗ​គ្នា​ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-២០២០

XS
SM
MD
LG