ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

បាតុករ​មីយ៉ាន់ម៉ា​ឃាំង​ផ្លូវ​រថភ្លើង ខណៈ​អង្គការ​សហប្រជាជាតិ​ព្រមាន​​ប្រឆាំង​ការ​បង្រ្កាប


ប៉ូលិសកុបកម្មឈរទល់មុខនឹងក្រុមបាតុករមួយក្រុម ដែលបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធា នៅរដ្ឋធានីណៃពិដោ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុម​បាតុករ​ប្រឆាំង​រដ្ឋប្រហារ​យោធា​នៅ​មីយ៉ាន់ម៉ា បាន​បិទ​ផ្លូវ​រថ​ភ្លើងរវាង​ទីក្រុងរ៉ង់ហ្គូន និង​ទី​ក្រុង​មួយ​ទៀត​នៅ​ភាគ​ខាង​ត្បូង​នៅ​ថ្ងៃ​អង្គារ​នេះ ប៉ុន្មាន​ម៉ោង​ក្រោយ​ប្រេស៊ីត​អង្គការ​សហប្រជាជាតិ​បានព្រមាន​ក្រុម​យោធា​ពី «ផលវិបាក​ធ្ងន់ធ្ងរ» បើ​សិន​ជា​មាន​ការ​បង្រ្កាប​ឃោរឃៅ​ណា​មួយ​ទៅលើ​ក្រុម​បាតុករ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ។ ​នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។

ទោះ​បី​ជា​មាន​ការ​ដាក់​ពង្រាយ​រថពាស​ដែក​និង​ទាហាន​ជា​ច្រើន នៅ​តាមទីក្រុង​សំខាន់ៗ​មួយ​ចំនួន​តំាង​ពី​ចុង​សប្ដាហ៍​មុន​មក ក៏​ក្រុម​អ្នក​តវ៉ា​នៅ​តែធ្វើ​យុទ្ធនាការ​តវ៉ា​ប្រឆំាង​នឹង​រដ្ឋ​ប្រហារ​ថ្ងៃ​ទី១​ ខែ​កុម្ភ: និង​ទាមទាម​ឲ្យ​ដោះលែង​អ្នកស្រី Aung San Suu Kyi និង​អ្នក​នយោបាយ​ផ្សេងៗ​ទៀត។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​បង្ហាញ​រូបភាព ក្រុម​អ្នកតវ៉ារុល​ទៅ​បិទផ្លូវ​រថភ្លើង លើកកាន់​បដាគាំទ្រ​ចលនា​តវ៉ា​ដោយ​អហិង្សា ដោយ​បាន​បញ្ឈប់សេវា​រថភ្លើង​រវាង​ទីក្រុង​រ៉ង់ហ្គូន និងទីក្រុង Maylamyine (ម៉ឡាំយ៉ែន) នៅ​ភាគ​ខាង​ត្បូង​ប្រទេស។

ក្រុម​អ្នក​តវ៉ា​បាន​ស្រែក​ថា៖ «ដោះ​លែង​មេដឹក​នាំ​របស់​ពួក​យើង​ឥឡូវ​នេះ» និង «ផ្ដល់អំណាច​ប្រជាជន​មក​វិញ»។

ប្រេស៊ីត​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​អ្នកស្រី Christine Schraner Burgener បាន​និយាយ​ទៅ​អនុប្រធាន​មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃច័ន្ទ​ដែល​ជាមធ្យោបាយ​ទាក់ទងដ៏​កម្រ​មួយ​រវាង​របប​យោធា និង​ពិភពលោក​ខាង​ក្រៅ ដោយ​អ្នកស្រី​ជំរុញ​ឲ្យ​មាន​ការ​អត់ធ្មត់ និង​ស្ដារ​ទំនាក់ទំនង​ឡើង​វិញ។​

អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​បានបញ្ជាក់​ពី​ការ​សន្ទនា​នោះ​ថា៖ «អ្នកស្រី Schraner Burgener បាន​សង្កត់​ធ្ងន់​ថា សិទ្ធិ​នៃ​ការជួប​ជុំ​ដោយ​សន្តិវិធី​ត្រូវ​តែ​គោរព​យ៉ាង​ពេញ​លេញ ហើយ​ក្រុមបាតុករ មិនត្រូវ​ទទួល​រង​ការ​សង​សឹក​នោះ​ទេ»។

អ្នក​នាំ​ពាក្យ​រូប​នោះ​បន្ថែម​ថា៖ «អ្នកស្រី​បានផ្ញើ​សារ​ទៅ​កាន់​ក្រុម​យោធា​មីយ៉ាន់ម៉ា​ថា ពិភពលោក​កំពុង​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុកដាក់ ហើយ​ការ​ឆ្លើយតប​តាម​ទម្រង់​ហិង្សា​ធ្ងន់ធ្ងរណា​មួយទំនង​ជា​នឹង​ប្រឈម​មុខ​នឹង​ផលវិបាក​ធ្ងន់ធ្ងរ»៕

XS
SM
MD
LG