ច្បាប់ថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា ឬភូមាសម្រាប់ការជីកយករ៉ែត្រូវបានគេរំពឹងថា នឹងត្រូវអនុម័ត និងដាក់ឲ្យប្រើប្រាស់ បន្ទាប់ពីការបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ហើយវានឹងទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនឡើង។
ប៉ុន្តែក្រុមអង្គការសិទ្ធិមនុស្សបារម្ភថា ច្បាប់នេះអាចធ្វើឲ្យប៉ះពាល់ដល់សហគមន៍មូលដ្ឋាន ដោយសារកង្វះការការពារផ្នែកច្បាប់រឹងមាំ។
អ្នកវិភាគនិយាយថា ក្នុងវិស័យឧស្សាហកម្មរុករករ៉ែនៅមីយ៉ាន់ម៉ា ឬភូមានៅតែជាដំណាក់កាលដំបូងនៃការអភិវឌ្ឍ ដោយពិនិត្យឃើញថា មានរ៉ែលោហៈមានតម្លៃ ដូចជាទង់ដែង ស័ង្កសី និងធាតុគីមីតង់ស្តែន។
លោក John Hancock ដែលជាមេធាវីអូស្រ្តាលី និងអ្នកពិគ្រោះយោបល់នៅក្នុងទីក្រុងយាំងហ្គូន និយាយថា យោងតាមការស្ទង់មតិលើចំនួនរ៉ែមានតម្លៃដែលមានតាំងពីសម័យអាណានិគមអង់គ្លេស បានឲ្យដឹងថា ប្រជាជនមានភាពសប្បាយរីករាយយ៉ាងខ្លាំង។
«ខ្ញុំគិតថា នរណាៗក៏រំពឹងទុកយ៉ាងខ្ពស់ដែរសម្រាប់ជោគវាសនារបស់ប្រទេសមីយ៉ាន់ជាមួយនឹងការស្ទង់មតិអំពីរ៉ែ និងការងារដែលបានធ្វើរួចនៅក្នុងពេលកន្លងមក។ វាហាក់ដូចជាបង្ហាញថា ធនធានរ៉ែមានកម្រិតខ្ពស់ ហើយមានរ៉ែច្រើនប្រភេទ។ មីយ៉ាន់ម៉ាមានសង្ឃឹមច្រើនខាងភូគព្ភសាស្ត្រ»។
ប៉ុន្តែក្រុមហ៊ុនមួយចំនួនបាននិយាយថា មីយ៉ាន់ម៉ាមិនបានផ្តល់ការការពារផ្លូវច្បាប់គ្រប់គ្រាន់សម្រាប់វិនិយោគិនបរទេសទេ ហើយវាបានធ្វើឱ្យការវិនិយោគពីខាងក្រៅមានចំនួនតិចប៉ុណ្ណោះ។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មីអាចផ្លាស់ប្តូរបញ្ហានេះ ព្រោះវាអាចបញ្ជាក់ការទទួលខុសត្រូវផ្នែកច្បាប់ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនតូចៗនៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចចូលទៅក្នុងការបណ្ដាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនសហគ្រាសបរទេស និងផ្តល់អំណាចដល់បណ្តារដ្ឋក្នុងតំបន់ដើម្បីត្រួតពិនិត្យបន្ថែមលើធនធាននេះ។
រ៉ែខ្លះនៃធនធានរ៉ែដ៏មានតម្លៃបំផុតរបស់ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្នុងតំបន់ជនជាតិភាគតិចរស់នៅ ដូចជា រដ្ឋ Shan និង រដ្ឋ Kachin ជាកន្លែងដែលកំពុងមានការប្រយុទ្ធគ្នា ដែលរារាំងដល់ការអភិវឌ្ឍ។
ភាពចម្រូងចម្រាស និងការតវ៉ាបានធ្វើឲ្យគាំងប្រតិបត្តិការរបស់គម្រោងមួយចំនួននៅតាមកន្លែងនានា។
ចាប់តាំងពីឆ្នាំ២០១២មក ការអភិវឌ្ឍអណ្តូងរ៉ែទង់ដែងមួយរបស់ចិននៅជិតទីក្រុង Monywa នៅភាគកណ្តាលប្រទេសភូមា បានបង្កឱ្យមានការតវ៉ា និងការបង្ហូរឈាម ដោយអ្នកស្រុកដែលមានកំហឹងដោយសារតែការរឹបអូសដីធ្លី និងការបំពុលបរិស្ថាន។
លោកស្រី Meghna Abraham ជាអ្នកនាំពាក្យរបស់ក្រុមសិទ្ធិមនុស្សមួយឈ្មោះអង្គការលើកលែងទោសអន្តរជាតិ ឬ Amnesty International។ លោកស្រីបានថ្លែងថា រ៉ែនៅក្រុង Monywa បានគូសបញ្ជាក់បញ្ហានៅទូទាំងឧស្សាហកម្មនេះ។
«អ្នកខ្លះបានរាយការណ៍ពីគម្រោងរុករករ៉ែផ្សេងទៀត ដែលជាបញ្ហាដែលយើងកំពុងមើលឃើញ។ មិនមានដំណើរការពិគ្រោះយោបល់ត្រឹមត្រូវណាមួយសម្រាប់សហគមន៍ដែលរងផលប៉ះពាល់នោះទេ។ នេះជាការគូសបង្ហាញមួយដែលទទួលខុសត្រូវចំពោះបញ្ហាជាច្រើនដែលកើតមានឡើងនៅក្នុងទីក្រុង Monywa។ ប្រជាជនខ្វះការជឿជាក់ទៅលើក្រុមហ៊ុន និងអាជ្ញាធរ ដោយសារតែអ្វីដែលក្រុមហ៊ុន និងអាជ្ញាធបានធ្វើក្នុងប្រតិបត្តិការរុករករ៉ែទាំងអស់កន្លងមក»។
ក្រុមហ៊ុន Wanboa ដែលជីករ៉ែស្ពាន់ បានសរសេរនៅលើគេហទំព័ររបស់សាជីវកម្មថា ក្រុមហ៊ុនទទួលស្គាល់ថា ត្រូវមានការទទួលខុសត្រូវសង្គម ការធ្វើផែនការ និងការគ្រប់គ្រងធនធាន។ ប៉ុន្តែក្រុមហ៊ុននេះបានបន្ថែមទៀតថា ក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមផលិតរ៉ែក្នុងឆ្នាំ២០១៥។
លោក Aung Zaw ជានិពន្ធនាយកនៃកាសែត The Irrawaddy ដែលផ្សាយតាមគេហទំព័រ។ លោកនិយាយថា ការយករ៉ែនៅក្រុង Monywa បានគូសបញ្ជាក់ពីបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើននៅក្នុងឧស្សាហកម្មរុករករ៉ែនេះ។
«លោកអ្នកអាចមើលឃើញថា ប្រជាជនកាន់តែច្រើនកំពុងត្រូវបានចាប់ខ្លួន ហើយសកម្មជនត្រូវបានដាក់ពន្ធនាគារ។ រឿងដែលកាន់តែគួរឱ្យចាប់អារម្មណ៍ទៅទៀតនោះគឺកសិករដែលបាត់បង់ដីធ្លី និងសកម្មជនជាច្រើនដែលមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការរឹបអូសយកដីធ្លី និងការខូចខាតបរិស្ថានផ្សេងទៀត ក៏ត្រូវគេចាប់ដាក់ពន្ធនាគារដែរ។ គួរឲ្យឈឺចាប់ខ្លាំងណាស់»។
ក្រុមអ្នកវិភាគបាននិយាយថា ឧស្សាហកម្មយករ៉ែនៅប្រទេសមីយ៉ាន់ម៉ាគួរតែមានការគ្រប់គ្រងតាមក្របខណ្ឌច្បាប់រឹងមាំ ដើម្បីគ្រប់គ្រងក្រុមហ៊ុនជាច្រើន ហើយរៀបចំស្តង់ដារ សម្រាប់ទិញដី និងផ្ដល់សំណង ព្រមទាំងមានច្បាប់ការពារកម្លាំងពលកម្ម និងការពារបរិស្ថានផងដែរ៕