លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បាននិយាយកាលពីថ្ងៃពុធថា សភានឹងត្រូវព្យួររហូតដល់ពាក់កណ្តាលខែតុលា ដែលជាចំណាត់ការមួយនាំឱ្យសមាជិកសភាដែលប្រឆាំងនឹងគម្រោងការរបស់លោកដកប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុបនៅថ្ងៃទី៣១ ខែតុលា ដោយគ្មានកិច្ចព្រមព្រៀងនិងកាត់បន្ថយពេលវេលាដែលពួកគេនឹងមានក្នុងការខិតខំព្យាយាមរាំងខ្ទប់លោក។
សេចក្តីប្រកាសដែលមិនបានត្រូវរំពឹងទុករបស់មេដឹកនាំអង់គ្លេសថ្មីនេះបានបណ្តាលឱ្យការជជែកដេញដោលគ្នាអំពី Brexit មានភាពខ្លាំងក្លាថែមទៀតក្នុងរយៈពេលបីឆ្នាំក្រោយពីក្រុមអ្នកបោះឆ្នោតបានសម្រេចឱ្យចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបក្នុងពេល ៤៦ឆ្នាំ ក្រោយពីខ្លួនបានចូលរួមក្នុងប្លុកនេះដែលមានប្រទេស២៨ជាសមាជិក។
ព្រះមហាក្សត្រី Elizabeth ក្នុងឋានៈជាព្រះប្រមុខរដ្ឋ បានយល់ព្រមដល់ផែនការរបស់លោក Johnson ក្នុងការព្យួរសភា។ ព្រះមហាក្សត្រីនឹងបើកការប្រជុំសភាជាថ្មីនៅថ្ងៃទី១៤ ខែតុលា ដោយព្រះមហាក្សត្រីនឹងថ្លែងសុន្ទរកថាមួយគូសបញ្ជាក់អាទិភាពនីតិបញ្ញត្តិរបស់រដ្ឋាភិបាល។
លោក Johnson បាននិយាយថា ការណ៍នេះនឹងផ្តល់ «ពេលវេលាគ្រប់គ្រាន់» ដល់សមាជិកសភា ដែលគាំទ្រនិងជំទាស់នឹង Brexit ដើម្បីជជែកដេញដោលគ្នានៅមុនសន្និសីទកំពូលនៃមេដឹកនាំសហភាពអឺរ៉ុបនៅថ្ងៃទី១៧ និងទី១៨ខែតុលា ដែលអាចសម្រេចសេចក្តីសម្រេចចិត្តមួយអំពីថាតើប្រទេសអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបដោយមានឬគ្មានកិច្ចព្រមព្រៀងចាកចេញមួយដែលមានចែងអំពីលក្ខខណ្ឌនៃការចាកចេញនេះ៕